អានតួអត្ថបទ
ចិន-សេដ្ឋកិច្ច-អឺរ៉ុប

ក្រុមហ៊ុន​អឺរ៉ុប ​ត្អូញត្អែរពីបរិយាកាសដ៏អាប់អួរ ក្នុង​ការធ្វើជំនួញនៅចិន

ក្រុមហ៊ុនអឺរ៉ុបដែលកំពុងតែរកស៊ីនៅចិន បានថ្លែងការត្អូញត្អែរ អំពី​បរិយាកាសដ៏អាប់អួរ ពោរពេញដោយភាព​មិនច្បាស់ប្រាដក នៅក្នុងការធ្វើជំនួញនៅចិន​។ នេះបើផ្អែកតាមរបាយការណ៍ចុងក្រោយ​មួយ នៃសភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំនៅចិន​។ យោងតាមរបាយការណ៍នេះ បណ្តា​ក្រុមហ៊ុនអឺរ៉ុប​ដែលរកស៊ីនៅចិន ប្រឈមកាន់តែខ្លាំងឡើងនឹងហានិភ័យ​ នៅក្នុងទីផ្សារចិន ដែលវិស័យ​​នយោបាយ​កាន់តែមានឥទ្ធិពល ​មកលើវិស័យជំនួញ។​​

បុគ្គលិកសន្តិសុខចិន នៅខាងក្រៅ​ទីតាំងប្រកួត​កីឡា 19th Asian Games ​ក្នុងទី​ក្រុង​ហាងចូវ ថ្ងៃទី ១៩កញ្ញា ២០២៣
បុគ្គលិកសន្តិសុខចិន នៅខាងក្រៅ​ទីតាំងប្រកួត​កីឡា 19th Asian Games ​ក្នុងទី​ក្រុង​ហាងចូវ ថ្ងៃទី ១៩កញ្ញា ២០២៣ AP - Vincent Thian
ផ្សាយពាណិជ្ជកម្ម

សភាពាណិជ្ជកម្មអឺរ៉ុប ដែលតំណាង​ឲ្យ​ក្រុមហ៊ុនអឺរុប​​ចំនួន​ជាង​១៧០០នៅចិន បានលើកឡើងថា ការធ្វើជំនួញនៅចិន កាន់តែមានការលំបាក។ ជាយូរឆ្នាំមកហើយ ដែល​ការចូលរកស៊ីក្នុងទីផ្សារចិន វាពោរពេញដោយ​ឧបសគ្គ សម្រាប់ក្រុមហ៊ុនបរទេសរួចទៅហើយ​។​ ក៏ប៉ុន្តែ មួយរយៈចុងក្រោយនេះបញ្ហាកាន់តែមានច្រើន សម្រាប់ក្រុមហ៊ុន​អឺរ៉ុប​​ ដោយសារតែ​ច្បាប់ និងបទដ្ឋានថ្មីៗរបស់ចិន ដែលមានលក្ខណៈស្រពិចស្រពិល ព្រមទាំងបញ្ហាការអនុវត្តច្បាប់មិនដូ​ចគ្នា ទៅលើ​​ក្រុមហ៊ុនបរទេសនិងក្រុមហ៊ុនចិន​។

យ៉ាងណាមិញ នៅថ្ងៃទី​១៩កញ្ញា លោកស្រី Vera Jourova អនុប្រធានគណកម្មការអឺរ៉ុបទទួលបន្ទុក​កិច្ចការតម្លាភាព បានថ្លែងថា លោកស្រីបានជូនដំណឹងប្រាប់ភាគីចិន ឲ្យ​ប្រឹងប្រែងផ្តល់ភាពច្បាស់លាស់ នៅក្នុងខ្លឹមសារច្បាប់របស់ខ្លួន ដើម្បីបញ្ចៀសកុំឲ្យ​ក្រុមហ៊ុន​បរទេស ស្ថិតនៅក្នុងភាព​មិនប្រាកដប្រជា​។ លោកស្រីអះអាងថា គ្មាននរណារិះគន់ច្បាប់ចិនទេ តែសូម​ឲ្យតែច្បាប់នោះ ចែងច្បាស់លាស់ ងាយស្រួលយល់និងគោរពធ្វើតាម​។​

សូមបញ្ជាក់ថា ផ្អែកតាម​សភាពាណិជ្ជកម្មអឺរ៉ុប​ប្រចាំនៅ​ចិន​ គឺ “ច្បាប់សន្តិសុខជាតិចិន” ដែលបានចូលជាធរមានកាលពី​ខែ​កក្កដា បាន​បង្កការលំបាកជាខ្លាំងមកដល់វិស័យធុរកិច្ច​។ អត្ថបទច្បាប់ថ្មីរបស់ចិននេះ បានពង្រីក​អំណាចរបស់អាជ្ញាធរ ដើម្បីការពារកិច្ចការសម្ងាត់ជាតិ និងសន្តិសុខជាតិ។ តែក្រុមហ៊ុនអឺរ៉ុបចោទសួរថា តើកិច្ចការសម្ងាត់ ឬសន្តិសុខជាតិនេះ វាមានន័យយ៉ាងណាឲ្យ​ប្រាកដ។ សភាពាណិជ្ជកម្មអឺរ៉ុប​អះអាងថា ក្រុមហ៊ុនអឺរ៉ុប​ មិន​មែនមិនចង់ធ្វើឲ្យស្របតាមច្បាប់ចិននោះទេ តែគ្រាន់តែមិនដឹងថាឲ្យស្របទៅនឹងអ្វី ហើយរបៀបណា ព្រោះថាច្បាប់ចិន មានខ្លឹម​សារទូលំទូលាយជ្រុល ដែលអាជ្ញាធរចិនអាច​យកទៅ​បកស្រាយ​បានតាមតែចិត្ត​ចង់បាន​។

គួរបញ្ជាក់ដែរថា យោងតាមរបាយការណ៍ខាងលើ ប្រមាណ​ពាក់​កណ្តាលនៃ​​ក្រុមហ៊ុន​អឺរ៉ុប​ដែលរកស៊ីនៅចិន បានលើកឡើងអំពីឧបសគ្គ​ក្នុងការធ្វើជំនួញ​ ខណៈប្រមាណ​៦២% បានអះអាងថាបានខកខានឱកាសជំនួញ​។ ជាងនេះទៀត អ្នកជំនួញបរទេសមានការបារម្ភ បន្ទាប់ពី​មានក្រុមហ៊ុនមួយចំនួន ត្រូវបាន​​អាជ្ញាធរចិន ចុះទៅឆែកឆេរ រឹបអូស​សម្ភារៈ នៅក្នុងបរិបទនៃភាពតានតឹង ផ្នែក​ភូមិសាស្ត្រនយោបាយ រវាងចិននិងសហរដ្ឋអាមេរិក​។

របាយការណ៍​សភាពាណិជ្ជកម្មបាន​លើកឡើងថា​ ​ការព្យាករណ៍​ប្រមើរមើល ការវាយតម្លៃទំនុកចិត្ត និង​ប្រសិទ្ធភាពនៃទីផ្សារចិន កាន់តែចុះអន់ថយខ្លាំងទៅ​ៗ នៅក្នុងក្រសែរភ្នែករបស់​ក្រុមហ៊ុនអឺរ៉ុប។​ សភាពាណិជ្ជកម្ម​អឺរ៉ុប អំពាវនាវ ឲ្យអាជ្ញាធរចិន ផ្តាច់​វិស័យជំនួញ ឲ្យដាច់ស្រលះពី​​វិស័យ​នយោបាយ​។​ ដោយសារតែបរិយាកាសដ៏អាប់អួរនេះ ក្រុមហ៊ុន​អឺរ៉ុបប្រមាណ​១១%បានអះអាងថាកំពុងពិចារណា ដកការវិនិយោគចេញពីចិន ទៅ​ដាក់​នៅតាមប្រទេស​ផ្សេងវិញ​។

គួរកត់សំគាល់ដែរថា កាលពីខែមិថុនា អ្នក​សរសេរ​វិចារណកថា​ផ្នែក​សេដ្ឋកិច្ច ដ៏ល្បី​ម្នាក់​នៅចិន ត្រូវ​បាន​​អាជ្ញាធរ​ចិន ហាម​ឃាត់លែង​ឲ្យ​ប្រើប្រាស់បណ្តាញសង្គម បន្ទាប់​ពីបុគ្គលនេះ បានសរសេរ​ប្រៀបធៀបថា សេដ្ឋកិច្ចចិនអំឡុងពេលនេះ កំពុងជួបវិបត្តិ​ដូចកាលពីឆ្នាំ​១៩២៩។ អាជ្ញាធរចិនបានចោទអ្នកសរសេរ​វិចារណកថា​នេះ ថាបានផ្សព្វផ្សាយ​ព័ត៌មានអគតិ អវិជ្ជមាន ប៉ះពាល់មក​លើ​សេដ្ឋកិច្ច​ចិន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ