អានតួអត្ថបទ
ឥណ្ឌូប៉ាស៊ីហ្វិក

ហេតុអ្វីចិនសម្លឹងមិនប៉ប្រិចភ្នែកមើលជំនួបរវាងក្រុមមេទ័ពអាមេរិក និងសម្ព័ន្ធមិត្តនៅឥណ្ឌា?

ឥណ្ឌា​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​ថ្នាក់​មេទ័ព និង​មន្រ្តី​យោធា​រវាង​អាមេរិក និង​សម្ព័ន្ធមិត្ត​រយៈពេល ២ថ្ងៃ​ដោយ​ចាប់​ផ្តើម​ក្នុង​ថ្ងៃ​អង្គារ ទី២៦ កញ្ញា។ កម្មវត្ថុ​នៃ​កិច្ចប្រជុំ​រយៈពេល ២ថ្ងៃ​ផ្តោត​សំខាន់​លើ​សន្តិសុខ​នៅ​តំបន់​អាស៊ីប៉ាស៊ីហ្វិក ខណៈ​ដែល​តំបន់​មួយ​នេះ​កំពុង​ត្រូវ​បាន​ចិន​បង្កើន​ឥទ្ធិពល​កាន់​តែ​ខ្លាំង។

នាយសេនាធិការ​កងទ័ពជើងគោក​អាមេរិក​លោក Randy George។
នាយសេនាធិការ​កងទ័ពជើងគោក​អាមេរិក​លោក Randy George។ AP - Altaf Qadri
ផ្សាយពាណិជ្ជកម្ម

កិច្ចប្រជុំ​ថ្នាក់​មេទ័ព និង​មន្រ្តី​យោធា​រវាង​អាមេរិក និង​សម្ព័ន្ធមិត្ត ឬ​ហៅ​សន្និសីទ​រវាង​មេដឹកនាំ​យោធា​នៃ​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ១៩៩៩។ សន្និសីទ​មួយ​នេះ​បាន​ចូលរួម​ដោយ ៣០ប្រទេស រួម​មាន​អាមេរិក បារាំង អូស្រា្តលី ជប៉ុន ឥណ្ឌា វៀតណាម ឬ​មួយ​ក៏​ប្រទេស​ហ្វីលីពីន។ ឥណ្ឌូប៉ាស៊ីហ្វិក​ជា​ប្រធានបទ​ចម្បង​នៃ​កិច្ចប្រជុំ​ថ្នាក់​មេទ័ព និង​មន្រ្តី​យោធា​រវាង​អាមេរិក និង​សម្ព័ន្ធមិត្ត​រយៈពេល ២ថ្ងៃ​ក្នុង​ទីក្រុង​ញូដដែលី ប្រទេស​ឥណ្ឌា។ ថ្លែង​ទៅ​កាន់​ក្រុម​អ្នកកាសែត នាយសេនាធិការ​កងទ័ពជើងគោក​អាមេរិក​លោក Randy George ដែល​ឈរ​ក្បែរ​សមភាគី​ឥណ្ឌា​លោក Manoj Pande បាន​រម្លឹក​ពី​សារៈសំខាន់​របស់​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក និង​សន្យា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ដើម្បី​រក្សា​តំបន់​មួយ​នេះ​ឱ្យ​នៅ​សេរី និង​បើកចំហ។

ចំណែក​លោក Manoj Pande បាន​ថ្លែង​ថា តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​បាន​ប្រឈម​នឹង​បញ្ហា​សន្តិសុខ​នៅ​លើ​គោក និង​នៅ​លើ​សមុទ្រ។ តាម​សេនាធិការ​កងទ័ព​ជើងគោក​ឥណ្ឌា​រូប​នេះ​ដដែល បញ្ហា​សន្តិសុខ​នេះ​នឹង​នាំ​ឲ្យ​មាន​ជម្លោះ​ទឹកដី​ពាក់ព័ន្ធ​នឹង​ដីគោក និង​ក្នុង​ករណី​ខ្លះ​អាច​ពាក់ព័ន្ធ​នឹង​ការ​បង្កើត​ទីប្រជុំកោះសិប្បនិមិត្ម​កាន់​តែ​ច្រើន​ដើម្បី​សាងសង់​លំនៅដ្ឋាន និង​មូលដ្ឋាន​ទ័ព។ ត្រង់​ចំណុច​នេះ លោក Manoj Pande ចង់​និយាយ​សំដៅ​ប្រទេស​ចិន​ដែល​កំពុង​ទាមទារ​យក​សមុទ្រចិនខាងត្បូង​ជា​កម្មសិទ្ធិ​ផ្តាច់​មុខ​របស់​ខ្លួន។ ចូរ​កុំ​ភ្លេច​ថា នៅ​ក្នុង​រឿង​សមុទ្រចិនខាងត្បូង​នេះ ចិន​កំពុង​មាន​ជម្លោះ​ជាមួយ​ប្រទេស​អាស៊ាន​ខ្លះ ពិសេស​វៀតណាម និង​ហ្វីលីពីន។

ដូច្នេះ​សម្រាប់​ចិន ការ​និយាយ​ពី​អាស៊ីប៉ាស៊ីហ្វិក ឬ​ឥណ្ឌូប៉ាស៊ីហ្វិក​ជា​រឿង​ដែល​ខ្លួន​មិន​អាច​នៅ​ស្ងៀម​ឈរ​ឱប​ដៃ​មើល​បាន​ឡើយ។ ខណៈ​ដែល​កិច្ចប្រជុំ​ក្នុង​ប្រទេស​ឥណ្ឌា​កំពុង​ឈាន​ចូល​ថ្ងៃទី២ ក្នុង​ថ្ងៃ​ពុធ ទី២៧ កញ្ញា ចិន​តាម​រយៈ​ប្រមុខ​ការទូត​លោក​វ៉ាង យី​បាន​ធ្វើ​សន្និសីទកាសែត​មួយ​ក្នុង​ក្រុង​ប៉េកាំង។ លោក​វ៉ាង យី​បាន​ព្រមាន​នៅ​ក្នុង​សន្និសីទកាសែត​ថា ចិន​ប្រឆាំង​ដាច់​ខាត​នឹង​ការ​ពង្រីក​ដោយ​ឥត​ប្រុងប្រយ័ត្ន​នៃសម្ព័ន្ធភាព​យោធា និង​ការ​បង្រួម​ទំហំ​សន្តិសុខ​របស់​ប្រទេស​ផ្សេង។ តាម​ពិត ការ​ព្រមាន​របស់​លោក​វ៉ាង យី​នេះ​មិនមែន​ជា​ថ្មី​ទេ ព្រោះ​ចិន​ធ្លាប់​បាន​ព្រមាន​តាំង​ពី​យូរ​ថា កិច្ចខិតខំប្រឹងប្រែង​ដើម្បី​បង្កើត​សម្ព័ន្ធភាពយោធា ដូច​ជា​អង្គការ​អូតង់​នៅ​ក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក​នឹង​បង្ក​ឲ្យ​មាន​ជម្លោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ