អានតួអត្ថបទ
ឥណ្ឌូប៉ាស៊ីហ្វិក-បារាំង

កងទ័ពអាកាស​បារាំងបញ្ជូនយន្តហោះជាង២០គ្រឿង ទៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក

ចាប់ពីថ្ងៃទី២៥មិថុនា រហូតដល់ថ្ងៃទី​៣សីហា កងទ័ព​អាកាស​បារាំង នឹងបញ្ជូន​យន្តហោះចំនួនជាង​២០គ្រឿង ធ្វើដំណើរទៅកាន់​តំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដើម្បីធ្វើហាត់សមផង និងដោះដូរបទពិសោធន៍ ជាមួយ​ប្រទេសជាដៃគូផង​។ នេះបើផ្អែកតាម​ការបញ្ជាក់ ពីក្រសួងការពារជាតិ​បារាំង​ កាលពីថ្ងៃពុធម្សិលមិញ។ វត្តមានរបស់កងទ័ពអាកាសបារាំង នៅក្នុងតំបន់នេះ គឺជា​ផ្នែកមួយ​នៃ​​ចេតនាយុទ្ធសាស្ត្រ របស់​លោក​ប្រធានាធិបតី​ម៉ាក្រុង ដែល​ចង់ឲ្យ​បារាំង ក្លាយ​ជាជម្រើសកណ្តាល រវាងអាមេរិក និងចិន សម្រាប់​ប្រទេសនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

លោក​ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ដើរកាត់​ខាងមុខយន្តហោះចម្បាំង Rafale ដ៏ទំនើបរបស់បារាំង នៅក្នុងឱកាសអបអរបុណ្យចូលឆ្នាំថ្មី ២០ មករា ២០២៣ នៅមូលដ្ឋានទ័ពអាកាសបារាំង Mont-de-Marsan
លោក​ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ដើរកាត់​ខាងមុខយន្តហោះចម្បាំង Rafale ដ៏ទំនើបរបស់បារាំង នៅក្នុងឱកាសអបអរបុណ្យចូលឆ្នាំថ្មី ២០ មករា ២០២៣ នៅមូលដ្ឋានទ័ពអាកាសបារាំង Mont-de-Marsan AP - Bob Edme
ផ្សាយពាណិជ្ជកម្ម

បេសកកម្ម​នេះមានឈ្មោះ Pégase 23 ដែលមានការចូលរួមវត្តមាន ដោយ​កងទ័ពជំនាញ​បើកយន្តហោះ ចំនួន​៣២០នាក់ អមដោយ​ទំនិញសម្ភារៈចំនួន ៥៥តោន យន្តហោះចម្បាំងប្រភេទ Rafale ចំនួន​១០គ្រឿង យន្តហោះដឹកសម្ភារៈកងទ័ព ប្រភេទ A330 MRTT Phénix ៥គ្រឿង និង​ប្រភេទ A400M ៤គ្រឿង។ ក្រុមការងារបេសកកម្មនេះ នឹងចុះចតចំនួន​១១ដង នៅ​តាមប្រទេសដៃគូ ចំនួន​១០​ប្រទេស និ​ងផ្លាស់​ប្តូរបទពិសោធន៍ ជាមួយ​កងទ័ពចំនួន​១៤ប្រទេស។

បន្ទាប់ពីចុះចតបច្ចេកទេស នៅ​មូលដ្ឋានទ័ពបារាំង នៅ​​អេមីរ៉ាតអារ៉ាប់រួម បេសកកម្មនេះនឹងបន្ត ទៅចូលរួម​ក្នុង​សមយុទ្ធយោធា ​នៅឯកោះ Guam និង​កោះ Hawaï នៅដើមខែកក្កដា មុននឹងបន្តដំណើរទៅ​កាន់​ ដែនដីនាយសមុទ្ររបស់​បារាំង កណ្តាល​មហាសាគរប៉ាស៊ីហ្វិក គឺ តំបន់ Nouvelle-Calédonie និង​ Polynésie française។ ចេញដំណើរត្រលប់មកវិញ ចាប់ពីថ្ងៃទី​២៤កក្កដា​ ដល់ថ្ងៃទី​៣សីហា បេសកកម្មទ័ពអាកាសបារាំង នឹងចុះចតនៅ​កូរ៉េខាងត្បូង នៅជប៉ុន ឥណ្ឌូណេស៊ី កាតា និង​ជីប៊ូទី។ ក្នុងពេលចុះចតទាំងនេះ នឹងមានការ ហាត់សមរួមគ្នា ព្រមទាំង​ការ​ជួបជជែក ដោះដូរបទពិសោធន៍​ការងារ ទាក់ទិននឹង​វិស័យអវកាស អន្តរាគមន៍​មនុស្សធម៌ នឹងការគ្រប់គ្រងគ្រោះមហន្តរាយជាដើម​។

សូម​បញ្ជាក់ថា តំបន់ឥណ្ឌូប៉ាស៊ីហ្វិក កំពុងតែក្លាយជាទីប្រជែង​ឥទ្ធិពល ខ្លាំងទៅៗ រវាងចិន និង​ សហរដ្ឋអាមេរិក​។ អាមេរិក អង់គ្លេស និងអូស្ត្រាលី បានរួមកម្លាំងគ្នាបង្កើតសម្ព័ន្ធភាព AUKUS ដើម្បី​ការពារសន្តិសុខតំបន់នេះ ទប់ទល់នឹងការគំរាមរបស់ចិន។ គឺសម្ព័ន្ធភាពនេះហើយ ដែលបានប្លន់កិច្ចសន្យាលក់នាវាបាតសមុទ្ររបស់បារាំងទៅឲ្យ​អូស្ត្រាលី កាលពី​ខែ​កញ្ញាឆ្នាំ​២០២១។

នៅក្រោយ​ការខកចិត្តនេះ លោក​ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង បាន​ប្រកាសអំពី​គោលគំនិតយុទ្ធសាស្ត្រការបរទេសថ្មី ​ដើម្បី​ធ្វើ​យ៉ាងណា ឲ្យ​បារាំងមានវត្តមាន​នៅក្នុងតំបន់​ឥណ្ឌូប៉ាស៊ីហ្វិកដ៏ធំល្វឹងល្វើយ ដោយ​រាប់ពីមហាសមុទ្រឥណ្ឌា ដល់មហាសមុទ្រប៉ាស៊ីហ្វិក​។ ក្នុងនាម ជាមហាអំណាច​ ​ ដែលមានដែនទឹកធំជាងគេបង្អស់លំដាប់ទី​២ បារាំងមាន​ដែនសមុទ្រផ្តាច់មុខ មួយផ្នែកធំនៅក្នុង​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​ ជាទីដែល​មាន​ប្រជាជនបារាំង រស់នៅ ប្រមាណ​ ១,៦៥លាននាក់។ កត្តាទាំងនេះ បញ្ជាក់ពីភាព​ស្របច្បាប់ នៃវត្តមានរបស់កងទ័ពបារាំងនៅក្នុងតំបន់នេះ ក្នុងនាមជាមហាអំណាចតំណាងឲ្យ​តុល្យភាព ជាជាងការជ្រើសរើស​យកខាងអាមេរិក ឬ ខាង​ចិន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ