អានតួអត្ថបទ
ចិន-កូរ៉េខាងជើង-កូរ៉េខាងត្បូង

កូរ៉េខាងត្បូងអះអាងថា ចិនបានចាប់​ជនភៀសខ្លួន​កូរ៉េខាងជើងជាច្រើនរយនាក់ បញ្ជូន​ទៅស្រុកវិញ

ថ្លែងនៅក្នុងសន្និសីទកាសែត ថ្ងៃទី​១៣តុលា​ លោក Koo Byong-Sam អ្នកនាំពាក្យ​ក្រសួងកូរ៉េខាងត្បូង ​ដើម្បី​ការ​​បង្រួបបង្រួមកូរ៉េទាំង២ បាន​លើកឡើងថា យោងតាមប្រភពច្បាស់ការ គឺ​ទំនងជាមាន​​មានជនភៀសខ្លួន​​កូរ៉េខាងជើង ជាច្រើនរយនាក់ ដែល​ត្រូវ​បាន​អាជ្ញា​ធរចិនចាប់បញ្ជូនយកទៅកូរ៉េខាងជើង​វិញ​។​ ការលើកឡើងរបស់​អ្នកនាំពាក្យ​កូរ៉េខាងត្បូងនេះ គឺ​ស្របជាមួយនឹង​ដំណឹង​ ដែល​អង្គការសិទ្ធិមនុស្សជាច្រើនបាននាំគ្នាអះអាង​ ប៉ុន្មានថ្ងៃចុងក្រោយនេះ​។

ស្ពានមិត្តភាព ចិន-កូរ៉េខាងជើង ​ឆ្លងទន្លេ​ ច្រកព្រំដែន​រវាង​កូរ៉េខាងជើង និង​ទីក្រុង Dandong ខេត្ត​ Liaoning របស់ចិន។ ថ្ងៃទី ៩ កញ្ញា ២០១៧
ស្ពានមិត្តភាព ចិន-កូរ៉េខាងជើង ​ឆ្លងទន្លេ​ ច្រកព្រំដែន​រវាង​កូរ៉េខាងជើង និង​ទីក្រុង Dandong ខេត្ត​ Liaoning របស់ចិន។ ថ្ងៃទី ៩ កញ្ញា ២០១៧ AP - Emily Wang
ផ្សាយពាណិជ្ជកម្ម

អ្នកនាំពាក្យ​កូរ៉េខាងត្បូង បាន​ថ្លែងថា ប្រជាជនកូរ៉េខាងជើងជាច្រើនម៉ឺននាក់ បានសម្រេច​ចិត្តប្រថុយជីវិត រត់ឆ្លងព្រំដែន​ចូលទៅកាន់ខេត្តចំនួន​៣របស់ចិន ដែលស្ថិតនៅជាប់ព្រំដែន​កូរ៉េខាងជើង ដើម្បីគេចចេញពីការជិះជាន់ ព្រមទាំងជីវភាព​ក្រីក្រលំបាក​។ ក្នុងករណីដែល​ពួកគេ ត្រូវគេចាប់បញ្ជូន​ចូលស្រុកវិញ នោះពួកគេ អាចប្រឈមនឹងទោសដ៏ធ្ងន់ ដាក់ដោយ​របបផ្តាច់ការព្យុងយ៉ាង ដែលវា​អាចជាទោសប្រហារជីវិតផង។

លោក Koo Byong-Sam បានថ្លែងបន្តថា រដ្ឋាភិបាលកូរ៉េខាងត្បូង មានការសោកស្តាយ​ខ្លាំងណាស់ ចំពោះស្ថានការណ៍នេះ នឹងសូមទទូចអំពាវនាវឲ្យអាជ្ញាធរចិន មេត្តាពិចារណាឲ្យ​បាន​ច្បាស់លាស់ជាសាជាថ្មី​។ លោក​សង្កត់បន្ថែមថា សម្រាប់កូរ៉េខាងត្បូង​ ទោះក្នុងករណីណាក៏ដោយ​ គឺប្រជាជនកូរ៉េខាងជើង​ដែល​បានរត់​គេចឆ្លងព្រំដែនទៅដល់​ប្រទេសផ្សេង មិនអាចត្រូវបានគេចាប់បញ្ជូន​ដោយ​បង្ខំ យកទៅ​កូរ៉េខាងជើងវិញ បានជាដាច់ខាត។

ដោយឡែក កាលពីថ្ងៃព្រហស្បតិ៍ ​អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វេនពីន បាន​អះអាងថា គ្មានជនភៀសខ្លួនកូរ៉េខាងជើង នៅលើទឹកដីចិនទេ។ លោក​បានបន្តទៀតថា រដ្ឋាភិបាល​ចិន តែងតែមានគោលជំហរទទួលខុសត្រូវ​ជានិច្ច ចំពោះជនជាតិ​កូរ៉េខាងជើង ​ដែលបាន​រត់ចូល​មកក្នុងទឹកដីចិនដោយខុសច្បាប់ ដោយ​សារតែ​មូលហេតុជីវភាពសេដ្ឋកិច្ច ដោយ​អាជ្ញាធរចិន​ គោរព​តាមគោលការណ៍ច្បាប់ជាតិ និងអន្តរជាតិ​មិនដែលខានទេ​​។

សូមបញ្ជាក់ថា ការលើកឡើងខាងលើ របស់​តំណាងរដ្ឋាភិបាល​កូរ៉េខាងត្បូង គឺបានធ្វើឡើង បន្ទាប់ពីសារព័ត៌មានកូរ៉េខាងត្បូងមួយ ឈ្មោះ Chosun Ilbo បានចុះផ្សាយ​ ដោយ​ផ្អែកលើប្រភពក្រុម​សកម្មជន​ការពារសិទ្ធិមនុស្ស ថាមានជនភៀសខ្លួនកូរ៉េខាងជើង ជិត​៦០០នាក់ ដែល​ត្រូវបាន​គេចាប់បញ្ជូន​ចេញពីចិន យកទៅកូរ៉េខាងជើងវិញ កាលពីយប់ថ្ងៃទី​៩តុលា​។ ចំណែកអង្គការ​ Human Rights Watch វិញ បានអះអាងថា អាជ្ញាធរចិនបានចាប់បញ្ជូនដោយ​បង្ខំ នូវជនភៀសខ្លួនកូរ៉េខាងជើង​ចំនួន​ប្រមាណ​៥០០នាក់។

គួរបញ្ជាក់ថា យោងតាម​លោកស្រី Elizabeth Salmon អ្នករាយការណ៍​ពិសេស​នៃ​អង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួនកូរ៉េខាងជើង គឺយ៉ាងហោចណាស់​ មាន​ជនភៀសខ្លួនកូរ៉េខាងជើង ចំនួន​២០០០នាក់ ដែលកំពុងជាប់ឃុំនៅក្នុងប្រទេសចិន​។​

ផ្អែកតាមអង្គការ​​ Human Rights Watch គឺចិននឹងកូរ៉េខាងជើង បានចុះកិច្ចព្រមព្រៀងនឹងគ្នា​កាលពីឆ្នាំ​១៩៨៦ ដែល​យោងតាមកិច្ចព្រមព្រៀងនេះ គឺប្រជាជនកូរ៉េខាងជើងណា ដែល​រត់គេចចេញពីប្រទេស ចូលទៅក្នុងទឹកដីចិន គឺមិនអាចសុំសិទ្ធិជ្រកកោននៅចិនបានទេ ហើយត្រូវតែចាប់បញ្ជូនចូលស្រុកវិញ។ អង្គការសិទ្ធិមនុស្ស​នេះ បាន​ចេញ​លិខិតប្រកាសមួយ អំពាវនាវឲ្យរដ្ឋាភិបាលចិន ត្រូវ​តែ​បើកផ្លូវអនុញ្ញាតឲ្យមន្ត្រីអង្គការសហប្រជាជាតិ ចូលទៅជួប​ជនភៀសខ្លួនកូរ៉េខាងជើងដែលកំពុងជាប់ឃុំ ហើយត្រូវតែ​ប្រគល់​សិទ្ធិជ្រកកោនឲ្យពួក ឬក៏ធានាឲ្យ​ពួកគេ អាចធ្វើដំណើរទៅ​កូរ៉េខាងត្បូង ឬប្រទេសផ្សេងទៀត ដោយ​សុវត្ថិភាព៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ