អានតួអត្ថបទ
ចិន

ចិនដកហូតតំណែង​​​រដ្ឋមន្ត្រីការពារជាតិ​ និងរដ្ឋមន្ត្រីមួយចំនួនទៀត ដោយគ្មានបញ្ជាក់ពីមូលហេតុ

ផ្អែកតាមការផ្សាយ​របស់បណ្តាញទូរទស្សន៍រដ្ឋចិន CCTV កាលពីយប់ថ្ងៃ​អង្គារ ទី​២៤តុលា គឺ​គណៈកម្មាធិការ​​អចិន្ត្រៃយ៍​​នៃសមាជជាតិ​ប្រជាមានិតចិន បានសម្រេច ដកលោក Li Shangfu ពីមុខ​តំណែង​​​រដ្ឋមន្ត្រីក្រសួងការ​ពារជាតិចិន និងដកចេញពីសមាជិក​ក្រុមប្រឹក្សាកិច្ចការរដ្ឋ។ បន្ថែមពីនេះ លោក Li Shangfu ក៏ត្រូវបាន​ដកចេញពីមុខតំណែងសមាជិក ​នៅ​គណៈកម្មការកងទ័ព​មជ្ឈឹមនៃគណបក្សកុម្មុយនីស្តចិន ដែលគណៈកម្មាការនេះ​ ស្ថិតនៅក្រោម​ការបង្គាប់​ដោយ​ផ្ទាល់ របស់​លោក​ប្រធានាធិបតី​ ស៊ី ជីនពីង។

លោក Li Shangfu រដ្ឋមន្ត្រីក្រសួងការពារជាតិចិន ក្នុងឱកាសជំនួបកំពូល​ the 20th International Institute for Strategic Studies (IISS) Shangri-La Dialogue នៅសិង្ហបុរី ថ្ងៃទី ៤មិថុនា ២០២៣។
លោក Li Shangfu រដ្ឋមន្ត្រីក្រសួងការពារជាតិចិន ក្នុងឱកាសជំនួបកំពូល​ the 20th International Institute for Strategic Studies (IISS) Shangri-La Dialogue នៅសិង្ហបុរី ថ្ងៃទី ៤មិថុនា ២០២៣។ AP - Vincent Thian
ផ្សាយពាណិជ្ជកម្ម

បណ្តាញ​ព័ត៌មានចិន មិន​បាន​ផ្សាយអ្វីទាំងអស់ ទាក់ទិននឹងហេតុផល ដែល​បណ្តាល​ឲ្យ​លោក Li Shangfu ត្រូវគេហូតចេញពីតំណែងយ៉ាងតក់ក្រហល់បែបនេះ ហើយ​ក៏មិនបាន​​​បញ្ចេញ​ឈ្មោះថា អ្នកណា នឹងមក​កាន់​មុខងារជារដ្ឋ​មន្ត្រី​ក្រសួងការពារជាតិដែរ​។​ នៅព្រឹកថ្ងៃពុធទី​២៥តុលា នៅក្នុងសន្និសីទកាសែត លោកស្រី Mao Ning អ្នកនាំពាក្យ​​ក្រសួងការបទេសចិន បានត្រឹម​ឆ្លើយ​ថា​ គ្មាន​អ្វីត្រូវរៀបរាប់ច្រើនទេ ទាក់ទិននិងហេតុផលនៃការដកហូតតំណែងនេះ ហើយចំពោះការតែងតាំងមនុស្សថ្មី គឺរដ្ឋាភិបាលចិននឹងជូនដំណឹង​នៅពេលក្រោយ​។​

សូម​បញ្ជាក់ថា លោក Li Shangfu បានឡើងធ្វើជារដ្ឋមន្ត្រីក្រសួងការពារជាតិចិន កាលពីខែមីនា។ តែនៅរវាងចុងខែសីហា លោក​បានបាត់​មុខឈឹងតែម្តង​ បន្ទាប់ពីបានធ្វើដំណើរទៅរុស្ស៊ី និង​ទៅបេឡារុស។ កាសែតអង់គ្លេស Financial Times ដែលស្រង់ប្រភពពីមន្ត្រីរដ្ឋាភិបាលអាមេរិក៣នាក់​ផ្សេងគ្នា​​ បានចុះផ្សាយថា គឺលោក Li Shangfu ទំនងជាបានបាត់ខ្លួន​ ដោយសារតែបាន​រងការស៊ើបអង្កេតផ្ទៃក្នុង ពាក់​ព័ន្ធនឹងករណីប្រព្រឹត្តិអំពើពុករលួយ​។​

គួរបញ្ជាក់ដែរថា ការដកហូត​តំណែង​លោករដ្ឋមន្ត្រីក្រសួងកាពារជាតិចិន ដោយ​ពុំមានបញ្ជាក់ពីមូលហេតុនេះ គឺ​វាស្ថិតនៅក្នុងបរិបទមួយ ដែល​រដ្ឋអំណាចចិន ទើបតែ​បាន​រុះរើថ្នាក់ដឹកនាំ​នៃការិយាល័យ​មួយ នៅក្រសួងការពារជាតិ​​ ​ដែល​ទទួលបន្ទុក​អាវុធមីស៊ីលយុទ្ធសាស្ត្រា កាលពីខែកក្កដា​។ បណ្តាញ​ព័ត៌មានចិនបាន​ចុះផ្សាយ អតីតប្រធាន​នៃ​នាយកដ្ឋាននេះ ទំនងជាត្រូវរង​ការចោទប្រកាន់​ថាបានប្រព្រឹត្តិអំពើពុករលួយ។ ហើយទន្ទឹមគ្នានេះ ក៏មានពាក្យចចាមអារ៉ាមផងដែរ ថាករណីពុករលួយនេះ វាមានពាក់ព័ន្ធទៅដល់ លោក Li Shangfu ព្រោះលោកធ្លាប់ជាប្រធាន​អគ្គនាយកដ្ឋាន​គ្រឿងសព្វាវុធ។ នេះបើផ្អែកតាមការលើកឡើង របស់​លោកស្រី Sun Yun ប្រធានក្រុមស្រាវជ្រាវនៅមជ្ឈមណ្ឌល​ Stimsom នៅក្រុងវ៉ាស៊ីនតោន​។​

កាលពីថ្ងៃអង្គារទី​២៤តុលាដែរ រដ្ឋមន្ត្រីចិន​២នាក់ទៀត ក៏ត្រូវបាន​ដកហូតចេញពីតំណែងដែរ គឺរដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ លោក Liu Kun និងរដ្ឋមន្ត្រី​ក្រសួង​វិទ្យសាស្ត្រនិងបច្ចេកវិទ្យា លោក Wang Zhigang។ លោក Lao Fo’an នឹងឡើងមកធ្វើរដ្ឋមន្ត្រីហិរញ្ញវត្ថុថ្មី ​ចំណែករដ្ឋមន្ត្រីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា គឺលោក​ Yin Hejun។

ដោយឡែក កាលពីថ្ងៃអង្គារ​ទី​២៤តុលាដែរ លោក Qin Gang អតីតរដ្ឋមន្ត្រីក្រសួងការបរទេសចិន​ ដែលត្រូវបាន​គេដកចេញវិញកាលពីខែកក្កដា ក៏ទើបតែបាន​បាត់បង់មុខតំណែងចុងក្រោយ​មួយទៀតរបស់ខ្លួន ជាសមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋដែរ​។ យ៉ាងណាមិញ​ ដូចទៅនឹងលោក​ Li Shangfu លោកម្នាក់​នេះក៏បានបាត់​ខ្លួន​ប៉ុន្មានសប្តាហ៍ដែរ​កាលពីខែ​មិថុនា មុននឹងត្រូវគេ​ដកចេញពីកៅអីរដ្ឋមន្ត្រី​ក្រសួងការបរទេស។ បច្ចុប្បន្ន គឺលោកវ៉ាង យី ដែល​កាន់​មុខងារជាប្រមុខការទូត និងជា​អ្នកទទួលខុសត្រូវ​ជាន់ខ្ពស់​បំផុតផ្នែកទំនាក់ទំនងអន្តរជាតិ នៅក្នុង​គណបក្សកុម្មុយនីស្តចិន​។

យោងតាមការវិភាគរបស់​លោក Neil Thomas អ្នកស្រាវជ្រាវ នៅវិទ្យាស្ថាន Asia Society Policy គឺការដកហូតតំណែងចុះឡើងភ្លាមៗនេះ វាអាចជា​លទ្ធផលនៃការ​មិនចុះសម្រុង ជាមួយនឹងមន្ត្រីក្រោមឱវាទតាមក្រសួង ដែលមិនពេញចិត្តនឹង​រដ្ឋមន្ត្រីដែលលោក​ស៊ី ជីនពីងបាន​តែងតាំងមក​។ តែយ៉ាងណាក៏ដោយ ការរុះរើតំណែងនេះមិនមានអ្វីប៉ះពាល់ទៅដល់​ កម្លាំងអំណាចនយោបាយ​ដ៏ខ្លាំង​របស់​លោកស៊ី ជីនពីង ទេ ព្រោះថាទាំងលោក Qin Gang ទាំងលោក Li Shangfu មិនមែនជាមនុស្សស្ថិតនៅក្នុងក្រុម ដែល​​​កៀកខ្លាំង​នឹងលោកស៊ី ជីនពីងទេ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ