អានតួអត្ថបទ
ចិន-អាមេរិក

លោកស៊ី ជីនពីង ប្រាប់ទៅលោកប្លីងកិន​ថា អាមេរិក​គួរធ្វើខ្លួនជាដៃគូសហការ ជាជាងធ្វើជាគូប្រជែងចិន

លោកអង់តូនី ប្លីងកិន ប្រមុខការទូតអាមេរិក​ បានទៅ​បំពេញទស្សនកិច្ច​នៅប្រទេសចិន តាំងតែពី​ថ្ងៃពុធ​ ទី​២៤មេសា។ សំណុំរឿងដ៏តានតឹង​ជាច្រើន ដែល​អាមេរិក​និងចិន​ត្រូវនិយាយគ្នា តួយ៉ាងបញ្ហារុស្ស៊ី តៃវ៉ាន់ បញ្ហាពាណិជ្ជកម្ម​ និង​ការ​ជួញដូរ​សារធាតុញៀន Fentanyl ជាដើម​។​ ​កាលពីថ្ងៃសុក្រ២៦មេសា​ ​លោក​ប្រធានាធិបតីចិន ស៊ី ជីនពីង ទទួល​ជួប​លោក​អង់តូនី ប្លីងកិន​​ នៅប៉េកាំង​ ដែល​ក្នុងជំនួប​នេះ លោក​ស៊ី​ ជីនពីងបាន​អំពាវនាវ​ប្រាប់ទៅ​ភាគីអាមេរិក​ថា សូមធ្វើខ្លួន​ឲ្យក្លាយ​​​ជាដៃគូសហការ ជាជាង​ជាគូប្រជែង​នឹងចិន​។

លោក​ប្រមុខការទូត​អាមេរិក អង់តូនី ប្លីងកិន ថតរូបជាមួយ​លោក​ប្រធានាធិបតីចិន ស៊ី ជីនពីង នៅវិមានប្រជាជនចិន ក្រុងប៉េកាំងថ្ងៃទី ២៦ មេសា ២០២៤
លោក​ប្រមុខការទូត​អាមេរិក អង់តូនី ប្លីងកិន ថតរូបជាមួយ​លោក​ប្រធានាធិបតីចិន ស៊ី ជីនពីង នៅវិមានប្រជាជនចិន ក្រុងប៉េកាំងថ្ងៃទី ២៦ មេសា ២០២៤ via REUTERS - Mark Schiefelbein
ផ្សាយពាណិជ្ជកម្ម

លោក​ប្រមុខការទូតអាមេរិក អង់តូនី ប្លីងកិន មានវត្តមាននៅចិនតាំងតែពីថ្ងៃពុធ ទី​២៤មេសា។ តែ​ជំនួបរវាងលោក​និង​លោកស៊ី ជីនពីង ត្រូវបានភាគីចិន​ប្រកាសភ្លាម​ៗនៅនាទីចុងក្រោយ ដោយ​មិនបានគ្រោងទុកមុនទេ។ យោងតាមរូបភាពផ្សាយ​ដោយ​ទូរទស្សន៍រដ្ឋចិន CCTV លោកស៊ី ជីនពីង បានទទួលជួប​លោក​អង់តូនី ប្លីងកិន​ នៅឯវិមាន​ប្រជាជន​ចិន ថ្ងៃសុក្រ​ទី​២៦​មេសា ដែលក្នុងជំនួប​នោះ លោក​ស៊ី ជីនពីង បាន​​លើកឡើងថា ប្រទេសទាំង​២បាន​បោះជំហាន​ បន្ធូរបន្ថយ​​បញ្ហា​បាន​ក្រែលហើយ​ បើគិតចាប់ពីពេល​ដែល​លោក​ និ​ងលោក​ចូ បៃដិន បានជួបគ្នា​​កាលពី​ខែ​វិច្ឆិកា។

លោក​ ប្រធានាធិបតីចិន បានបន្ថែមថា ចិននិងសហរដ្ឋអាមេរិក​ ត្រូវតែធ្វើជាដៃគូសហការនឹងគ្នា មិនត្រូវធ្វើជាគូ​​ប្រជែង​នឹងគ្នានោះទេ។ លោក​ស៊ី ជីនពីងបានប្រាប់ទៅលោក​​ប្លីងកិនថា​ មានបញ្ហា​ជាច្រើនដែលត្រូវដោះស្រាយបន្តទៀត ហើយ​ប្រទេសទាំង២ ត្រូវប្រឹងប្រែងបន្ថែម ព្រោះថានៅមានរឿងដែលនៅអាចធ្វើបានបន្ថែមទៀត។ មិនត្រឹមតែប៉ុណ្ណោះ លោកស៊ី ជីនពីង បាន​លើកឡើងថា លោកសង្ឃឹមថាសហរដ្ឋអាមេរិកនឹងមើលឃើញ​ចិនក្នុងក្រសែរភ្នែកល្អ ហើយ​ប្រកាន់​គោលគំនិតវិជ្ជមាន​ ដែលឃើញចិន​រីកចម្រើនមានការអភិវិវឌ្ឍន៍​។ នៅពេល​ណា​បញ្ហាទាំងនេះ ត្រូវបាន​ដោះស្រាយ​អស់ នោះ​ទំនាក់ទំនង​នឹង​មានស្ថិរភាព​ពិតប្រាកដ ឈានទៅកាន់តែល្អប្រសើរ​។

ដោយឡែក លោក​ប្រមុខការទូតអាមេរិក​បានប្រាប់អ្នកកាសែតថា ពេលជួបគ្នា លោក​បាន​ប្រាប់ទៅលោក​ប្រធានាធិបតី​​​ចិន​ អំពីការព្រួយបារម្ភរបស់ភាគីអាមេរិក ទាក់ទិននឹងការជួយ​ទំនុកបម្រុងរបស់ចិនទៅលើរុស្ស៊ី ដើម្បីធ្វើសង្គ្រាមនៅអ៊ុយក្រែន​។ លោក​ប្លីងកិនបាន​ថ្លែងថា បើគ្មានចិនជួយ​ នោះអ្វីៗនឹងពិបាកខ្លាំងសម្រាប់រុស្ស៊ី​។ លោក​ប្លីងកិន ក៏បាន​ប្រាប់ទៅលោក​ស៊ី ជីនពីងដែរ ថាអាមេរិក​ប្រឆាំងដាច់ខាតចំពោះសកម្មភាពដ៏គ្រោះថ្នាក់របស់ចិន នៅក្នុងតំបន់សមុទ្រចិនខាងត្បូង។ លោក​ប្រមុខការទូតអាមេរិក​បានអះអាងប្រាប់អ្នកកាសែតថា លោក​បាននិយាយថា អាមេរិក​ប្រកាន់ជំហរជួយការពារ​ហ្វីលីពីនជានិច្ច​ ប្រសិនបើមានរឿងកើតឡើង។ ចំណែក​បញ្ហាតំបន់ដើមបូព៌ាវិញ លោក​ប្លីងកិន បាន​សំណូមពរឲ្យ​ចិន​ជួយដើរតួនាទី​សម្របសម្រួល ដោយ​ប្រើ​ឥទ្ធិពលដែលចិនមានទៅលើអ៊ីរ៉ង់​។

គួរ​បញ្ជាក់ដែរថា ជំនួបរវាងលោកស៊ី ជីនពីង និង​លោកអង់តូនី ប្លីងកិន បានអនុញ្ញាត​ឲ្យ​មានការ​សម្រេច​កាលបរិច្ឆេទ​ប្រជុំរវាងភាគីទាំង២ អំឡុងប៉ុន្មានសប្តាហ៍ខាងមុខ ស្តីអំពី​សំណុំរឿងបញ្ញាសិប្បនិម្មិត​ និង​បញ្ហា​សារធាតុញៀន Fentanyl ដែលអាមេរិក​បានចោទថាអាជ្ញាធរចិន បានបើកដៃឲ្យ​នាំចេញ​ទៅលក់​នៅអាមេរិក​។​

គួររំលឹកដែរថា មុននឹងចូល​ទៅជួប​លោក​ស៊ី ជីនពីង លោក​ប្លីងកិន បានជួប​ជាមួយ​លោក​ប្រមុខការទូតចិន វ៉ាង យី រយៈពេល​ជាង​៥ម៉ោង នៅព្រឹកថ្ងៃសុក្រ​។ លោកវ៉ាង យី បានប្រាប់ទៅលោក​ប្លីងកិនថា ការដាក់សំពាធទាំងអម្បាលម៉ាន​របស់​អាមេរិក​មកលើចិន អាចនឹងបំផ្លាញទំនាក់ទំនងរវាងប្រទេសទាំង២។ ជាងនេះទៀត សម្រាប់ចិន សំណុំរឿងកោះតៃវ៉ាន់ គឺជាបន្ទាត់ក្រហមដែល​ចិន ​មិនអាចអនុញ្ញាតឲ្យ​នរណា​ឈានជើងរំលងបានឡើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ