អានតួអត្ថបទ
លីប៊ី-អន្តរជាតិ

សហគមន៍អន្តរជាតិកំពុងខ្នះខ្នែងអំពាវនាវឲ្យមានបទឈប់បាញ់នៅក្នុងប្រទេសលីប៊ី

នៅ​ក្នុង​ប្រទេស​លីប៊ី សហគមន៍​អន្តរជាតិ​កំពុង​រួម​សាមគ្គី​អំពាវនាវ​ឲ្យ​មាន​បទឈប់បាញ់​មួយ​រវាង​កម្លាំង​របស់​សេនាប្រមុខ​ខាលីហ្វា ហាវតារ​ដែល​កំពុង​គ្រប់គ្រង​នៅ​តំបន់​ប៉ែកខាងកើត និង​កម្លាំង​រដ្ឋាភិបាល​សហភាពជាតិ​របស់​លោក​ហ្វាយេ អាល់សារ៉ា​ដែល​កំពុង​កាន់កាប់​ទីក្រុង​ទ្រីប៉ូលី។ ការ​អំពាវនាវ​ពេល​នេះ​បាន​ធ្វើ​ឡើង​ដោយ​ប្រមុខការទូត​បារាំង អ៊ីតាលី និង​ប្រទេស​អេហ្ស៊ីប។ ម្យ៉ាង​ទៀត​នា​ថ្ងៃ​ពុធ ទី៨ មករា​ក្នុង​ជំនួប​រវាង​ប្រធានាធិបតី​រុស្ស៊ី​លោក​ពូទីន និង​សមភាគី​តួកគី​លោក​អ៊ែរដូហ្កាន ក្រុង​មូស្គូ និង​អង់ការ៉ា​បាន​អំពាវនាវ​ឲ្យ​មាន​បទ​ឈប់បាញ់​ចាប់​ពី​ថ្ងៃទី១២ មករា។ លោក​អាល់សារ៉ា​បាន​សម្តែង​ការ​សាទរ តែ​លោក​ហាវតារ​មិន​ទាន់​បាន​បញ្ចេញ​ប្រតិកម្ម​អ្វី​ទាំង​អស់។

ជំនួប​រវាង​ប្រធានាធិបតី​ទុយនីស៊ីលោក Kais Saied (រូបស្តាំ) និង​ប្រមុខការទូត​បារាំង​លោក Jean-Yves Le Drian ក្នុង​ប្រទេស​ទុយនីស៊ី ថ្ងៃទី៩ មករា ២០២០
ជំនួប​រវាង​ប្រធានាធិបតី​ទុយនីស៊ីលោក Kais Saied (រូបស្តាំ) និង​ប្រមុខការទូត​បារាំង​លោក Jean-Yves Le Drian ក្នុង​ប្រទេស​ទុយនីស៊ី ថ្ងៃទី៩ មករា ២០២០ AFP
ផ្សាយពាណិជ្ជកម្ម

មាន​ប្រទេស​ពីរ​ដែល​កំពុង​ដុតដៃ ដុតជើង​យ៉ាង​សកម្ម​ដើម្បី​ប្រឹងប្រែង​ឲ្យ​មាន​បទឈប់បាញ់​នៅ​លីប៊ី គឺ​អាល់ហ្សេរី និង​អេហ្ស៊ីប​ដែល​សុទ្ធសឹង​ជា​ប្រទេស​ដែល​មាន​ព្រំដែនគោក​ជាមួយ​លីប៊ី។ ប្រធានាធិបតី​ថ្មី​អាល់ហ្សេរី​លោក​អាប់ឌែលម៉ាឌីដ ធេប៊ូន​បាន​ទទួល​ជួប​ប្រមុខ​ការទូត​អ៊ីតាលី​លោក Luigi Di Maio ក្នុង​ទីក្រុង​អាល់ហ្សេ បន្ទាប់​ពី​លោក Maio បាន​ទទួល​ជួប​ដោយ​ប្រមុខ​ការទូត​អាល់ហ្សេរី​លោក Sabri Boukadoum។ « វា​ល្មម​ដល់​ពេល​ដែល​ប្រទេស​ទាំង​អស់ និង​មនុស្ស​ទាំង​អស់​ចូល​អង្គុយ​តុ​មួយ​រួម​គ្នា​ដើម្បី​ស្វែង​រក​ដំណោះស្រាយ​ដែល​អនុញ្ញាត​ធានា​សន្តិភាព​នៅ​ក្នុង​តំបន់ » នេះ​ជា​ការ​ថ្លែង​របស់​លោក Luigi Di Maio។ លោក Maio ដែល​ទើប​បាន​ទៅ​ទស្សនកិច្ច​ក្នុង​ប្រទេស​តួកគី អេហ្ស៊ីប និង​ទីស្នាក់ការ​អឺរ៉ុប​នៅ​ព្រុចសែល​បាន​បន្ថែម​ថា គ្រប់​គ្នា​បាន​ព្រមព្រៀង​ឲ្យ​មាន​បទឈប់​បាញ់​មួយ​សម្រាប់​លីប៊ី។

ចំណែក​ប្រមុខការទូត​អេហ្ស៊ីប​លោក Sameh Choukri ក៏​បាន​ទទួល​ជួប​ដោយ​ប្រធានាធិបតី និង​ប្រមុខ​ការទូត​អាល់ហ្សេរី​ដែរ។ រីឯ​ប្រមុខ​ការទូត​បារាំង​លោក Jean-Yves Le Drian បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទុយនីស៊ី​ដែល​ជា​ប្រទេស​ក្បែរខាង​មួយ​ទៀត​របស់​លីប៊ី។ លោក Le Drian បាន​ព្រមាន​ពី​អស្ថិរភាព​នៅ​ក្នុង​តំបន់​ទាំង​មូល​ដែល​បង្ក​ចេញ​ពី​ជម្លោះផ្ទៃក្នុង​នៅ​លីប៊ី។ កាល​ពី​ថ្ងៃ​ពុធ ទី៨ មករា ការ​អំពាវនាវ​ឲ្យ​មាន​បទ​ឈប់បាញ់​រវាង​ភាគី​ជម្លោះ​នៅ​លីប៊ី​ក៏​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​រវាង​ប្រធានាធិបតី​រុស្ស៊ី​លោក​ពូទីន និង​សមភាគី​តួកគី​លោក​អ៊ែរដូហ្កាន​ក្នុង​ប្រទេស​តួកគី​ដែរ។ លោក​ពូទីន និង​លោក​អ៊ែរដូហ្កាន​បាន​ស្នើ​ឲ្យ​មាន​បទឈប់​បាញ់​ចាប់​ពី​ថ្ងៃទី១២ មករា។ ប្រមុខ​រដ្ឋាភិបាល​សហភាពជាតិ​លោក​អាល់សារ៉ា​បាន​សាទរ តែ​មិន​បញ្ជាក់​ធ្វើ​តាម ឬ​មិន​ធ្វើ​តាម​ទេ។ ចំណែក​សេនាប្រមុខ​ហាវតារ​មិន​ទាន់​បាន​បញ្ចេញ​ប្រតិកម្ម​អ្វី​ទាំង​អស់។

ការ​ខ្នះខ្នែង​ឲ្យ​មាន​បទឈប់បាញ់​នៅ​លីប៊ី​ពេល​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​កម្លាំង​របស់​សេនាប្រមុខ​ហាវតារ​ដែល​កំពុង​គ្រប់គ្រង​នៅ​តំបន់​ប៉ែកខាងកើត​ទើប​វាយដណ្តើម​បាន​ទីក្រុង Syrte ពី​កម្លាំង​របស់​លោក​អាល់សារ៉ា និង​ក្រោយ​ពី​តួកគី​បាន​សម្រេច​បញ្ជូន​កម្លាំងទ័ព​ទៅ​ជួយ​គាំទ្រ​លោក​អាល់សារ៉ា។ គួរ​រម្លឹក​ថា លីប៊ី​បាន​ធ្លាក់​ក្នុង​វិបត្តិ​ហែកហួរ​ផ្ទៃក្នុង​តាំង​ពី​ឆ្នាំ ២០១១ ពោល​តាំង​ពី​ការ​ដួលរលំ​របប​កាដាហ្វី។ ទន្ទឹម​នឹង​វិបត្តិផ្ទៃក្នុង ប្រទេស​អាហ្រ្វិក​មួយ​ក៏​ជា​សមរភូមិ​នៃ​ការ​ប្រជែង​ឥទ្ធិពល​គ្នា​រវាង​ប្រទេស​តួកគី​ដែល​គាំទ្រ​រដ្ឋាភិបាល​លោក​អាល់សារ៉ា និង​ប្រទេស​អារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម និង​ប្រទេស​អេហ្ស៊ីប​ដែល​គាំទ្រ​សេនាប្រមុខ​ហាវតារ​ដែរ៕

(ព័ត៌មាន​ដកស្រង់ពី AFP)

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ