អានតួអត្ថបទ
អាហ្វ្រិក

ជំនួប​កំពូល​សហភាពអាហ្វ្រិក​លើក​ទី៣៣​ចង់​បិទ​បញ្ចប់​ជម្លោះ​ប្រដាប់អាវុធ

ជំនួប​កំពូល​សហភាព​អាហ្វ្រិក​លើក​ទី​ ៣៣ នឹង​ប្រព្រឹត្តទៅ​​ នៅក្រុង​ Addis Abeba រដ្ឋ​ធានី​ប្រទេស​អេត្យូពី នៅ​ថ្ងៃ​អាទិត្យ​និង​ចន្ទ ទី ៩-១០​កុម្ភៈ​ទេ ប៉ុន្តែក្រុម​រដ្ឋមន្ត្រី​ការបរទេស​​ទាំង​៥៥​ប្រទេស ជា​សមាជិក​សហភាព​អាហ្វ្រិក​បាន​ជួប​ប្រជុំ​គ្នា​ ​តាំង​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី ៦ កុម្ភៈនេះ​រួច​ស្រេច​ទៅ​ហើយ ដើម្បី​ត្រួសត្រាយ​ផ្លូវ។

ជំនួប​កំពូល​សហភាព​អាហ្វ្រិកលើកទី​៣៣ ចង់​បិទ​បញ្ចប់​ជម្លោះ​ប្រដាប់​អាវុធ​នៅ​លីប៊ី
ជំនួប​កំពូល​សហភាព​អាហ្វ្រិកលើកទី​៣៣ ចង់​បិទ​បញ្ចប់​ជម្លោះ​ប្រដាប់​អាវុធ​នៅ​លីប៊ី RFI/Paulina Zidi
ផ្សាយពាណិជ្ជកម្ម

ជំនួបកំពូលសហភាព​អាហ្វ្រិក​លើក​នេះ​ ក៏​នឹង​គ្រប​ដណ្តប់​ដោយ​ប្រធានបទ​ទាក់ទងនឹង​​ “ជម្លោះ​ប្រដាប់​អាវុធ” នៅ​លីប៊ី នៅ​សាហ៊ែល ឬ​នៅ​ស៊ូដង់​ខាង​ត្បូង។ សហភាព​អាហ្វ្រិក​បាន​ជ្រើសរើស​ប្រធានបទសម្រាប់​ជំនួប​លើកនេះ ថា ​“ធ្វើ​ឱ្យ​អាវុធ​ស្ងាត់​សំឡេង ជា​ការ​បង្កើត​លក្ខខណ្ឌ​ល្អ​សម្រាប់​អភិវឌ្ឍ​អាហ្វ្រិក »។

ស្តាប់​ទៅ​ដូច​ជា​ស្រមើស្រមៃ​បន្តិច ​ប៉ុន្តែ​​តាម​រយៈ​ប្រធានបទនេះ​ ​​ជំនួប​កំពូ​​ល​នឹង​បាន​ឱកាស​បំភ្លឺ​បញ្ហា​សំខាន់​មួយ​ គឺ​ការ​ស្វែងរក​ហិរញ្ញវត្ថុ​មក​គាំទ្រ​ប្រតិបត្តិការ​ទ្រទ្រង់​សន្តិភាព​។ អ្នក​ការទូត​អាហ្វ្រិក​ខាង​លិច​ម្នាក់​បាន​ទទួល​ស្គាល់​ថា ទីប្រឹក្សា​សន្តិភាព និង​សន្តិសុខ ​​កំពុង​សិក្សា​ស្វែង​រក​ហិរញ្ញវត្ថុ​នេះ ប៉ុន្តែ​ផែនការ​មិន​ទៅ​មុខ​សោះ។

ការ​​ដាក់​ដំណើរការបន្តិច​ម្តងៗ ​​តំបន់​ផ្តោះ​ប្តូរ​សេរីលើ​ទ្វីប និង​ ការ​ធ្វើ​កំណែទម្រង់​អង្គការ​សហភាព​អាហ្វ្រិក ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​និង​ចំណាយ​តិច ក៏​ស្ថិត​ក្នុង​របៀប​វារៈ​នៃ​ជំនួប​កំពូល​លើក​ទី​៣៣នេះ​ដែរ។

ដោយហេតុ​ថា​ជំនួប​កំពូល​ចាប់​បើក​ចំ​ថ្ងៃ​បិទ​បញ្ចប់​ជំនួប​ស្តីពី​ប្រទេស​លីប៊ី ​នៅ​ប៊ែរ​ឡាំង​ ប្រមុខ​រដ្ឋ​-រដ្ឋាភិបាល​អាហ្វ្រិក​ នឹង​មាន​ឱកាស​បញ្ចេញ​សំឡេងលើ​​វិបត្តិ​លីប៊ី ព្រោះ​តាំង​ពីរបប​កាដាហ្វី​ដួល​រលំ​ទៅ​ សហភាព​អាហ្វ្រិក​បាន​ត្រឹម​ឈរ​មើល​ស្ថានការណ៍លីប៊ី​ពី​ចម្ងាយ​តែ​ប៉ុណ្ណោះ។ នៅ​ឆ្នាំ​២០១៩ ក្នុង​នាម​ជា​ប្រធាន​ផ្លាស់​វេន​សហភាព​អាហ្វ្រិក អេហ្ស៊ីប ដែល​ជា​សម្ព័ន្ធមិត្ត​របស់​ភាគី​បក្សដិបក្ស​លីប៊ី​ទាំង​សង​ខាង មិន​អាច​ដើរ​តួ​ជា​អាជ្ញាកណ្តាល​បាន​ទេ។ នៅ​ឆ្នាំ​នេះ ឆ្នាំ​២០២០ អាហ្វ្រិក​ខាង​ត្បូង​នឹង​ឡើង​ជា​ប្រធាន​ផ្លាសវេន​សហភាព​ម្តង។ សង្ឃឹម​ថា​ លោក​ប្រធានាធិបតី​អាហ្វ្រិក​ខាង​ត្បូង Cyril Ramaphosa ​ដែល​ភាគី​ជម្លោះ​លីប៊ី​ទាំង​ពីរ​​គោរព​ខ្លាំង អាចរុញ​ច្រាន​សំណុំ​រឿង​លីប៊ី​បាន​ខ្លះ។

កាលពី​សប្តាហ៍​មុន អាល់ហ្សេរី ដែល​ជា​សមាជិក​សហភាព​អាហ្វ្រិក​ដែរ បាន​ប្រកាស​ទទួល​ធ្វើ​ជា​អន្តរការី​ឱ្យ​លីប៊ីហើយ។ ដូច្នេះ​បើ​អាហ្វ្រិក​ខាង​ត្បូង​និង​អាល់ហ្សេរី អាច​រុញ​ច្រាន​លីប៊ី​ក្នុង​ទិស​​តែ​មួយ នោះ​អាហ្វ្រិកនឹង​​ខ្លាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ