អានតួអត្ថបទ
តួកគី-លីប៊ី

រដ្ឋ​មន្ត្រី​ការពារ​ជាតិ​តួកគី​​ទៅ​លីប៊ី​ដើម្បី​ពិនិត្យ​មើល​កងទ័ព​របស់​ខ្លួន​នៅ​ទី​នោះ

រដ្ឋមន្ត្រី​ការពារជាតិ​តួកគី​លោក​ ហ៊ូលូស៊ី​ អេខា​ (Hulusi Akar) បាន​ធ្វើ​ដំណើរ​ដ៏គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ​ទៅ​លីប៊ី ​នៅថ្ងៃ​សៅរ៍​ ទី២៦​ ធ្នូ​។ វត្តមាន​របស់​លោក​អម​ដោយ​មន្ត្រី​យោធា​ជាន់​ខ្ពស់​តួកគី​ផ្សេងទៀត​ ដើម្បី​ពិនិត្យ​តាមដាន​មើល​ស្ថានភាព​កង​ទ័ពរបស់​ខ្លួន​ដែល​កំពុង​ឈរ​ជើង​នៅ​ក្នុង​ទឹកដី​នៃ​ប្រទេស​លីប៊ី​។ នេះ​បើតាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​ក្រសួង​ការពារ​ជាតិ​តួកគី​។ ​

រដ្ឋមន្ត្រីការពារជាតិតួកគីលោកហ៊ូលូស៊ី អេខា និងលោកអ៊ែរដូហ្កាន ប្រធានាធិបតីតួកគី ចូលរួមសន្និសីទនៅបញ្ជាការដ្ឋានប្រតិបត្តិការក្នុងប្រទេសតួកគី កាលពីថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០១៩។
រដ្ឋមន្ត្រីការពារជាតិតួកគីលោកហ៊ូលូស៊ី អេខា និងលោកអ៊ែរដូហ្កាន ប្រធានាធិបតីតួកគី ចូលរួមសន្និសីទនៅបញ្ជាការដ្ឋានប្រតិបត្តិការក្នុងប្រទេសតួកគី កាលពីថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០១៩។ via REUTERS - PRESIDENTIAL PRESS OFFICE
ផ្សាយពាណិជ្ជកម្ម

ដំណើរ​ទស្សនកិច្ច​ដែល​ឥត​គ្រោងទុក​នេះ​ ធ្វើឡើង​បន្ទាប់ពី​លោក​ឧត្តមសេនីយ៍​ហាហ្វតារ ​គ្រប់គ្រង​តំបន់​ប៉ែកខាង​កើត​លីប៊ី​ បាន​អំពាវនាវ​ដល់​ក្រុម​សកម្មប្រយុទ្ធ​របស់​លោក​ឲ្យបណ្តេញ​កង​ទ័ព​តួកគី​ដែល​ជា​អ្នក​គាំទ្រ​រដ្ឋាភិបាល​ក្រុងទ្រីប៉ូលី​ ខណៈ​កិច្ច​ពិភាក្សា​ដើម្បី​បញ្ចប់​សង្រ្គាម​នៅបន្ត​អូស​បន្លាយ​ក្នុង​ប្រទេស​សម្បូរ​ប្រេង​មួយនេះ​។

ការគាំទ្រ​របស់​តួកគី​ បាន​ជួយ​រដ្ឋាភិបាល​ទីក្រុងទ្រីប៉ូលី​របស់​លោក​ហ្វៃយែហ្ស អាល់សារ៉ាហ្ស​ ពីការ​វាយលុកលុយ​របស់​លោកសេនា​ប្រមុខ​ហាហ្វតារ​ដែល​គាំទ្រ​ដោយ​រុស្ស៊ី​ អេហ្ស៊ីប​ និង​អេមីរ៉ាតអារ៉ាប់រួម​កាលពី​ខែ​មេសា​ ឆ្នាំ ២០១៩​។

នៅក្រោយមកទៀត​ ភាគី​ជម្លោះ​នយោបាយ​លីប៊ី​ទាំងពីរ​បាន​សម្រេច​ចុះ​កិច្ចព្រមព្រៀង​លើ​បទ​ឈប់​បាញ់​ជា​អចិន្ត្រៃយ៍​មួយ​កាលពី​ខែតុលា​ដោយ​មាន​ការ​អន្តរាគមន៍​សម្រប​សម្រួល​ពី​អ.ស.ប។ បទឈប់បាញ់នេះ​ បានទៅ​បិទ​បញ្ចប់​ការវាយ​ប្រយុទ្ធ​គ្នា​ជាផ្លូវការ​និង​ឈាន​ដល់​ការ​កណត់​ពេលវេលា​សម្រាប់​រៀបចំ​ការបោះឆ្នោត​នៅចុងឆ្នាំ​ ២០២១​ក្រោយ​។

“សន្តិភាព​ នឹង​មិន​អាច​កើតឡើង​បាន​នោះទេ​ ប្រសិនណាបើ​នៅតែ​មាន​វត្តមាន​ទាហាន​បរទេស​ក្នុង​ទឹកដី​នៃ​ប្រទេស​លីប៊ី​យើង​”។ នេះ​ គឺជា​ការ​លើកឡើង​របស់​លោក​សេនាប្រមុខ​ហាហ្វតា​ ក្នុង​ពេល​ថ្លែង​សុន្ទរកថា​មួយ​ដើម្បី​រំឭក​ខួប​៦៩​ ឆ្នាំ​នៃការ​ប្រកាស​ឯករាជ្យ​របស់​ប្រទេស​អាហ្វ្រិក​ខាងជើង​មួយនេះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។

លោកសេនាប្រមុខ​បាន​បន្តទៀត​ថា​ កងកម្លាំង​របស់​លោក​នឹង​កាន់​អាវុធ​ជាថ្មី​ម្តងទៀត​ដើម្បី​ទទួល​បាន​សន្តិភាព​ដោយ​ផ្ទាល់ដៃ​...ហើយ​ដោយសារ​តួកគី​បដិសេដ​ចំពោះ​សន្តិភាព​ ហើយ​ជ្រើសរើស​យក​សង្គ្រាម​...។

គួរ​រំឭកជូនថា​ យោងតាម​បទ​ឈប់​បាញ់​ជា​អចិន្ត្រៃយ៍​ រាល់​អង្គភាព​យោធា​និង​ក្រុម​ប្រដាប់អាវុធ​នៅជួរ​មុខ​របស់​ភាគី​ជម្លោះ​លីប៊ី ​ត្រូវ​តែវិល​ត្រឡប់​ទៅ​ជំរុំ​របស់ពួក​គេវិញ។ មិនតែប៉ុណ្ណោះ​​ទាហាន​ស៊ីឈ្នួល​ និង​ទាហាន​បរទេសត្រូវចាកចេញពី​ទឹកដី​​របស់​លីប៊ី​ក្នុង​រយៈពេល​យ៉ាង​យូរ​បំផុត​បី​ខែ ​រាប់​ចាប់តាំង​ពី​ថ្ងៃ​ចុះ​ហត្ថ​លេខាលើ​កិច្ច​ព្រម​ព្រៀង​ឈប់​បាញ់​​នាថ្ងៃ​សុក្រ​ ទី ២៣​ តុលាតទៅ។

យ៉ាងណាក៏ដោយ​ តួកគី​ហាក់​ផ្គើន​និង​មិន​គោរព​តាម​បទ​ឈប់បាញ់​សម្រប​សម្រួល​ដោយ​អង្គការ​សហប្រជាជាតិ​នេះឡើយ​។ ជាក់ស្តែង​ សភា​តួកគី​នៅ​សប្តាហ៍​នេះ​ថែមទាំង​បាន​បោះឆ្នោត​សម្រេច​ឲ្យ​ទាហាន​របស់​ខ្លួន​មានវត្តមាន​នៅ​លីប៊ី​រហូត​ដល់​ ១៨ ខែ​ទៀត​ឯណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ