អានតួអត្ថបទ
បារាំង-ម៉ាលី

ទាហាន​បារាំង​ពីរ​នាក់​ត្រូវ​បាន​សម្លាប់​ក្នុង​ប្រតិបត្តិការ​នៅ​ប្រទេស​ម៉ាលី

ទាហាន​បារាំង​ចំនួន​ពីរ​នាក់​បាន​ស្លាប់​នៅពេល​ដែល​រថយន្ត​របស់​ពួកគេ​បើក​ទៅ​បុក​នឹង​គ្រឿង​ផ្ទុះ​ដែល​កែច្នៃ​មួយ​នៅ​ភាគ​ឦសាន​ប្រទេស​ម៉ាលី​ កាលពី​ថ្ងៃ​សៅរ៍​ ទី២ មករាម្សិលមិញ​។ ជាសរុប​ មាន​ទាហាន​បារាំង​ ៥​នាក់​ហើយ​បាន​បាត់បង់​ជីវិត​ក្នុង​សប្តាហ៍​នេះ​នៅ​តំបន់​សាហេល​ ក្រោយ​ការ​ស្លាប់​របស់​ទាហាន​ ៣​ នាក់​ផ្សេងទៀត​កាល​ពី​ថ្ងៃ​ចន្ទ​ នៅក្នុង​ការ​វាយ​ប្រហារ​មួយ​ដែល​អះអាង​ទទួល​ខុស​ត្រូវ​ដោយ​ក្រុម​ជីហាត​។

ទាហានបារាំងលោកស្រី Yvonne Huynh និងលោក Loic Risser បានស្លាប់ក្នុងពេលបំពេញបេសកកម្មស៊ើបការណ៍នៅប្រទេសម៉ាលី នាថ្ងៃសៅរ៍ ទី២ មករា ឆ្នាំ២០២១។
ទាហានបារាំងលោកស្រី Yvonne Huynh និងលោក Loic Risser បានស្លាប់ក្នុងពេលបំពេញបេសកកម្មស៊ើបការណ៍នៅប្រទេសម៉ាលី នាថ្ងៃសៅរ៍ ទី២ មករា ឆ្នាំ២០២១។ - AFP
ផ្សាយពាណិជ្ជកម្ម

តាមរយៈ​សេចក្តី​ថ្លែងការណ៍​មួយ​ វិមាន​ប្រធានាធិបតី​បារាំង​អេលីហ្សេ​បាន​ឲ្យ​ដឹង​ថាហេតុ​ការណ៍​ផ្ទុះ​ខាងលើបាន​កើតឡើង​នៅ​វេលា​ព្រឹក​ថ្ងៃ​សៅរ៍​នៅ​ឯ​តំបន់​មេណាកា (Menaka) នៃ​ប្រទេស​ម៉ាលី​។ ទាហាន​បារាំង​ដែល​រង​គ្រោះថ្នាក់​ទាំងពីរ​ រួមមាន​លោកស្រី Yvonne Huynh​ និង​លោក​ Loic Risser ត្រូវ​បាន​សម្លាប់​ក្នុង​ពេល​បំពេញ​បេសកកម្ម​ស៊ើបការណ៍​នៅក្នុង​តំបន់នោះ​។

លោកស្រី​ Huynh មានអាយុ ៣៣ ឆ្នាំ ជាស្ត្រីមាន​កូន​តូចមួយ​ និង​ជា​ទាហាន​ស្រី​ដំបូង​គេ​ដែល​ត្រូវ​បាន​សម្លាប់​ ចាប់តាំង​ពី​ប្រតិបត្តិការ​របស់​បារាំង​បាន​ចាប់ផ្តើម​នៅក្នុង​តំបន់​សាហេល​។ ចំណែក​លោក​ Risser មាន​អាយុ​ ២៤ ឆ្នាំ​។ អ្នកទាំងពីរ​គឺជា​សមាជិក​នៃកង​វរសេនាធំ​ជំនាញ​ខាង​ការងារ​ស៊ើបការណ៍​។

ក្រៅពីនេះ​ ក៏មាន​ទាហាន​បារាំង​ម្នាក់​ទៀតដែរ​បាន​រង​របួស​នៅ​ក្នុង​ហេតុការណ៍​ផ្ទុះ​ ប៉ុន្តែ​មិន​រង​គ្រោះ​ថ្នាក់​ប៉ះពាល់​ដល់​អាយុជីវិតឡើយ​។ នេះ​បើ​តាម​វិមាន​ប្រធានាធិបតី​បារាំង​អេលីហ្សេ​។

ដោយឡែក​ ក្រោយបាន​ឮ​អំពី​ដំណឹង​មរណភាព​របស់​ទាហាន​បារាំង​នេះ​ដែរ​ លោក​ប្រធានាធិបតី​អេម៉ានុយអែល​ ម៉ាក្រុង​ មាន​សម្តែង​ការ​សោកសៅ​ជាខ្លាំង​។ យ៉ាងណា​ក៏​ដោយ​លោក​ប្រមុខ​រដ្ឋ​រូបនេះ​ នៅតែ​បញ្ជាក់​ពី​ការ​ប្តេជ្ញាចិត្ត​ខ្ពស់​របស់​បារាំង​ក្នុងការ​បន្ត​តួនាទី​របស់​ខ្លួន​នៅក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម​ បន្ទាប់ពី​ការ​វាយប្រហារ​កាល​ពី​ថ្ងៃសៅរ៍​។

ជួបជ្រាបថា​ ការ​ស្លាប់​ទាហាន​បារាំង​ទាំងពីរ​កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​ បាន​ធ្វើ​ឲ្យ​ចំនួន​ទាហាន​បារាំង​សរុប​ទាំងអស់​ចំនួន​ ៥០​ នាក់​ បាន​បាត់បង់​ជីវិត​នៅក្នុង​ប្រទេស​អាហ្វ្រិក​ខាងលិច​មួយនេះ​ ចាប់តាំង​ពី​ប្រទេស​បារាំង​ចូល​ធ្វើ​អន្តរាគមន៍​ក្នុង​ឆ្នាំ​ ២០១៣ មក​។ ជា​អន្តរាគមន៍​ដែល​បារាំង​ចូលរួម​ដើម្បី​ជួយ​បណ្តេញ​ក្រុម​ប្រដាប់​អាវុធ​ដែល​មាន​ទំនាក់​ទំនង​ជាមួយ​ពួក​អាល់កៃដា​ចេញពី​ប្រទេស​ម៉ាលី​។

ម៉ាលី​ ដែល​គ្រាន់​តែ​ពេញមួយ​ឆ្នាំ​ ២០១៩​ មានមនុស្ស​ប្រមាណ​បួន​ពាន់​នាក់​ ត្រូវបានសសម្លាប់​ ដោយ​សារ​អំពើហិង្សា​ បង្ក​ឡើង​ដោយពួកជីហាត​ និង​ជម្លោះ​ជនជាតិភាគតិច​បំបែក​ខ្លួន ​នៅទូទាំង​ប្រទេសម៉ាលី ​បួគីណាហ្វាសូ​ និងនីហ្សេរីយ៉ា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ