អានតួអត្ថបទ
បារាំង-សេរីភាព​សារព័ត៌មាន

ឃាតកម្មលើ​អ្នកកាសែត​​RFI​​២នាក់​​នៅ​ម៉ាលី៖ ៧ឆ្នាំ ​ស៊ើប​អង្កេត​គ្មាន​លទ្ធផល

ថ្ងៃទី២ ​វិច្ឆិកា ២០១៣ អ្នកកាសែត​វិទ្យុបារាំងអន្តរជាតិ​RFI ២នាក់ គឺលោកស្រី Ghislaine Dupont និងលោក Claude Verlon ត្រូវបានគេ​សម្លាប់ ក្នុងពេល​ដែលអ្នកទាំង២ ចុះទៅយកព័ត៌មាន នៅតំបន់គីដាល់ប្រទេសម៉ាលី។ ៧ឆ្នាំមកនេះ ការស៊ើបអង្កេតដើម្បីវែកមុខឃាតករ ដែលជាក្រុមភេរវកម្ម​អាល់កៃដានៅម៉ាលី គឺគ្មានលទ្ធផលទាល់តែសោះ។ ជាងនេះទៀត ក្រុមគ្រួសារ និង​មិត្តរួមការងារ របស់ជនរងគ្រោះទាំង២ មានអារម្មណ៍ថា កងទ័ពបារាំងដែលមានវត្តមាននៅម៉ាលី ក្នុងពេលកើតហេតុ ហាក់បានលាក់លៀមដំណឹងលំអិត ស្តីពី​អង្គហេតុ និង​បរា​ជ័យរបស់ខ្លួន​ ក្នុង​ការការពារសន្តិសុខរបស់អ្នកកាសែត។

រូបថត លោកស្រី Ghislaine Dupont និងលោក Claude Verlon អ្នកកាសែត របស់វិទ្យុបារាំងអន្តរជាតិ RFI ដែលត្រូវក្រុម​ភេរវកម្ម​សម្លាប់​នៅម៉ាលី ថ្ងៃទី ២ វិច្ឆិកា ២០១៣។
រូបថត លោកស្រី Ghislaine Dupont និងលោក Claude Verlon អ្នកកាសែត របស់វិទ្យុបារាំងអន្តរជាតិ RFI ដែលត្រូវក្រុម​ភេរវកម្ម​សម្លាប់​នៅម៉ាលី ថ្ងៃទី ២ វិច្ឆិកា ២០១៣។ RFI
ផ្សាយពាណិជ្ជកម្ម

ថ្ងៃទី២ ​វិច្ឆិកា ២០២០ គឺជាថ្ងៃខួបគំរប់​៧ឆ្នាំ នៃការ​សម្លាប់អ្នកកាសែត​វិទ្យុបារាំងអន្តរជាតិ​RFI ២នាក់ គឺលោកស្រី Ghislaine Dupont និងលោក Claude Verlon។ អ្នកទាំងពីរ ត្រូវបាន​ក្រុមភេរវកម្មអាល់កដាយដា ចាប់ខ្លួន និងសម្លាប់ចោល នៅ​តំបន់គីដាល់ ប្រទេសម៉ាលី។ ៧ឆ្នាំមកនេះ ចំងល់ជាច្រើន ស្តីពីហេតុការណ៍ឃាតកម្មនេះ នៅតែមិនទាន់មានចម្លើយ។ ក្រុមឃាតករ ក៏នៅតែមិនទាន់មាននរណា វែកមុខមកទទួលខុសត្រូវនៅឡើយ។

ការស៊ើបអង្កេត បាននៅជាប់គាំង មិនមានលទ្ធផល​ធំដំុទាល់តែសោះ។ ដំណើរវិវ្ឍន៍ចុងក្រោយ នៃការស៊ើបអង្កេត គឺនៅខែមិថុនាឆ្នាំ២០១៩ នាយទាហានម្នាក់ ដែល​ជា​សមាជិកនៃ​កងកុម្មង់ដូ​ពិសេស​របស់​បារាំង បានសារភាព​ប្រាប់ចៅក្រម​ស៊ើបអង្កេតថា នៅក្នុងថ្ងៃកើតហេតុ ក្រុមការងារខ្លួន គឺស្ថិតនៅតំបន់គីដាល់។ ចំលើយសារភាពនេះ គឺជាដំណឹងថ្មី ដែលកាលពីដំបូង មិនមានកត់ត្រា ក្នុងកំណត់ហេតុទេ។

នាយទាហានបារាំងដដែក​អះអាងថា ក្រុមខ្លួន​បានព្យាយាមតាមស្វែងរក​ក្រុមភេរវកម្ម ដែលចាប់ខ្លួនអ្នកកាសែតទាំង​២នាក់ទៅ ក៏ប៉ុន្តែកងកុម្មង់ដូពិសេសបារាំង មិនមាន​សម្ភារៈយានជំនេះគ្រប់គ្រាន់ ដើម្បីបំពេញប្រតិបត្តិការ​នេះ ឲ្យ​មាន​ប្រសិទ្ធិភាព​ទេ​ ទើបសម្រេចហៅរកជំនួយ​ពីកងកម្លាំងធម្មតាមួយ​ទៀត។ ដូច្នេះបេសកកម្មនេះ គឺបានខាតពេលវេលាច្រើនម៉ោង។

ឆ្លងកាត់៧ឆ្នាំនៃការស៊ើបអង្កេតដែលគ្មានលទ្ធផល ក្រុមគ្រួសារជនរងគ្រោះ និងមិត្តរួមការងារ របស់ជនរងគ្រោះទាំង២ មានអារម្មណ៍ថា កងទ័ពបារាំងដែលមានវត្តមាននៅម៉ាលី ក្នុងពេលកើត​ហេតុ ហាក់បានលាក់លៀមដំណឹងលំអិត ស្តីពី​អង្គហេតុ និង​បរា​ជ័យរបស់ខ្លួន​ ក្នុង​ការការពារសន្តិសុខរបស់អ្នកកាសែត។ អ្នកស្រី​Apolline Verlon កូនស្រីរបស់​លោក Claude Verlon បានសរសេរលិខិតមួយច្បាប់ផ្ញើទៅកាន់ លោកស្រី Brigitte Macron ភរិយារបស់​លោក​ប្រធានាធិបតីបារាំង នៅថ្ងៃខួប​៧ឆ្នាំនៃអំពើឃាតកម្មនេះ ដោយស្នើសុំឲ្យ​មានអន្តរាគមន៍ ក្នុង​ការស្វែងរក​យុត្តិធម៌។

គួរបញ្ជាក់ដែរថា ថ្ងៃទី២វិច្ឆិកា ក៏​គឺជាទិវាអន្តរជាតិ នៃការបញ្ចប់និទណ្ឌភាព ​ចំពោះអំពើឧក្រិដ្ឋលើអ្នកកាសែត។ យោងតាម​ អង្គការអ្នករាយការណ៍គ្មានព្រំដែន (RSF) គិតត្រឹមពីដើមឆ្នាំ​២០២០មក មានអ្នកកាសែត​ ចំនួន​២៩នាក់ និងសហការីចំនួន​៣នាក់ ត្រូវបានគេសម្លាប់​នៅទូទាំង​ពិភពលោក។ នៅក្នុងឱកាស​នេះដែរ​ អង្គការអ្នករាយការណ៍ គ្មានព្រំដែន បានស្នើជាថ្មីម្តងទៀត ទៅកាន់លោកអគ្គលេខាធិការ​ នៃអង្គការសហប្រជាជាតិ ឲ្យ​បង្កើត​មុខតំណែង « ប្រសិតពិសេស​ ទទួលបន្ទុក​សន្តិសុខ​អ្នកសារព័ត៌មាន »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ