អានតួអត្ថបទ
សហរដ្ឋ​អាមេរិក-អាហ្វ្រិក

ប្រមុខ​ការ​ទូត​អាមេរិក​ទៅ​ល្បួង​ចែចង់ទាញ​​​អាហ្វ្រិក​ពី​ចិន

ក្នុងដំណើរ​​ទស្សនកិច្ច​មួយ​ជុំ​នៅ​ទ្វីបអាហ្វ្រិក ដែល​ចាប់​ផ្តើម​ពី​ប្រទេស​កេនយ៉ា ដោយ​ឆ្លង​កាត់​ប្រទេស​នីហ្សេរីយ៉ា និង​ត្រូវ​បញ្ចប់​នៅ​ប្រទេស​សេណេហ្កាល់ លោកប្រមុខ​ការ​ទូត​អាមេរិក អង់តូនី ប្លីងកិន បាន​ធានា​អះអាង​ថា ក្នុង​បរិបទ​នៃ​ការ​ប្រកួត​ប្រជែង​គ្នា​រវាង​អាមេរិក​និង​ចិន អាហ្វ្រិក​គ្មាន​អ្វី​ត្រូវគិត​​ជ្រើសរើស​ទេ។ អាមេរិក​អាច​ផ្តល់​ជូន​អាហ្វ្រិក​ច្រើន​ប្រកប​ដោយ​តម្លាភាព និងមាន​សិទ្ធិ​ស្មើ​​​តាម​បែបប្រជា​ធិបតេយ្យ​ទៀត។

លោក ប្លីងកិន រដ្ឋមន្ត្រីការបរទេស​អាមេរិក និង​ប្រធានាធិបតី​នីហ្សេរីយ៉ា
លោក ប្លីងកិន រដ្ឋមន្ត្រីការបរទេស​អាមេរិក និង​ប្រធានាធិបតី​នីហ្សេរីយ៉ា © Nigeria presidency
ផ្សាយពាណិជ្ជកម្ម

​បី​ថ្ងៃ​មុន​​​បើក​ជំនួបកំពូល​អាហ្វ្រិក​-ចិន នៅប្រទេស​សេណេហ្កាល់ ​ ប្រមុខ​ការទូត​អាមេរិក បាន​អះអាង​ប្រាប់អាហ្វ្រិក​ថា ប្រធានាធិបតី​អាមេរិក ចូ បៃដិន ក៏​គ្រោង​នឹង​រៀប​ចំ​ជំនួប​កំពូល​តាម​អនឡាញ​ជាមួយ​អាហ្វ្រិក​ដែរ នៅ​ខែ​ធ្នូខាង​មុខ ដើម្បី​បញ្ជាក់​អំពី​​សាមគ្គីភាពអាមេរិក​ប្រឈម​នឹងការ​ស្ទុះ​ឡើង​នៃ​ភាព​​ផ្តាច់​ការ​និយម​នៅលើ​ពិភពលោក។

ក្នុង​សុន្ទរកថា​នៅ​ចំពោះ​មុខ​សហគមន៍​សេដ្ឋកិច្ច​រដ្ឋ​អាហ្វ្រិក​ខាង​លិច​ហៅកាត់​ថា Cédéao ពីទីក្រុង​អាប៊ូហ្សា ប្រទេស​នីហ្សេរីយ៉ា លោក ប្លីងកិន មិន​បាន​និយាយ​ចំ​ឈ្មោះ​ប្រទេស​ចិន​ទេ តែ​លោក​បាន​សន្យា​ ​ពង្រឹង​ភាព​ជា​ដៃគូជាមួយ​អាហ្វ្រិក​ដោយ​ស្មើភាពគ្នា មិនមែន​ចាត់​ទុក​អាហ្វ្រិក​ជា​ដៃគូក្មេងខ្ចី​ឬ​អន់​ជាង ដូច​ប្រទេសខ្លះឡើយ។ អាមេរិក​ចង់​​ ផ្តល់សំណាង​​ឱ្យ​អាហ្វ្រិក ក្នុង​ការសម្រេចរើស​​យក​កិច្ចព្រមព្រៀង មាន​តម្លាភាព ជា​និរន្តន៍ និង​​គោរព​តម្លៃ​ប្រជាធិបតេយ្យ​ មិនដូច​កិច្ចព្រមព្រៀង​សាង​សង់​ហេដ្ឋារចនា​សម្ព័ន្ធ​ជាមួយ​រដ្ឋ​ផ្សេង​ដែលមាន​គំនួច ដែល​មាន​លក្ខណៈ​បង្ខិតបង្ខំ និង​ដែល​នាំ​ឱ្យ​ជាប់​បំណុលជាតិ​វណ្ឌក ហើយ​បំផ្លាញ​បរិស្ថាន និង​គ្មាន​ផ្តល់​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋទេ។ អាមេរិក​ដឹង​ច្បាស់​ថា​ អាហ្វ្រិក​ធ្លាប់​មិន​ទុក​ចិត្ត​លើ​ពាក្យ​ប្តេជ្ញា​​របស់​បរទេស ប៉ុន្តែ​ពេល​នេះ​អាហ្វ្រិក​គ្មាន​អ្វី​ត្រូវ​គិត​រើស​ទៀតទេ។

បើ​តាម​លោក​ប្រមុខ​ការទូត​អាមេរិក រដ្ឋាភិបាល​លោក​បៃដិនមាន​ជំនឿជាក់​ថា​ដល់​វេលា​ដែលត្រូវបញ្ឈប់​ការ​យក​ចំណេញ​ពី​​អាហ្វ្រិក​ ហើយ​ត្រូវ​​ចាត់​ទុក​អាហ្វ្រិក​ថា​ជា​តួអង្គ​ភូមិសាស្ត្រ​នយោបាយ​ដ៏​សំខាន់​មួយ​។ អាមេរិក​នឹង​មាន​ទំនាក់ទំនង​ថ្មី​ជា​អាហ្វ្រិក និង​ដើម្បី​លទ្ធិប្រជាធិបតេយ្យ ព្រោះ​លទ្ធិប្រជាធិបតេយ្យ​កំពុង​ធ្លាក់​ចុះ​នៅ​គ្រប់​ទិសទី មិនមែន​ជា​បញ្ហា​របស់អាហ្វ្រិក​តែ​ម្នាក់​ឡើយ។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោកប្លីងកិន ដែល​ទទួល​ស្គាល់​ថា​សូម្បី​តែ​អាមេរិក​ខ្លួន​ឯង​ក៏​មិន​ល្អ​ខ្ចោះ​ក្នុង​វិស័យ​ប្រជាធិបតេយ្យ​ដែរ។ ហើយ​បន្ថែម​ពី​លើ​នេះទៀត លោក​ប្រមុខ​ការទូត​បាន​សន្យា​បង្កើត​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំ​ងនឹង​ការ​ប្រែប្រួល​អាកាសធាតុ​និង​កូវីដ​១៩​ជាមួយ​អាហ្វ្រិក​ទៀត។

សូម​បញ្ជាក់​ថា​ នារយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​មក​នេះ ក្រៅ​អំពី​បង្កើន​ឥទ្ធិពល​និង​ជា​តំណាង​ការ​គំរាម​កំហែង​សន្តិភាព​និង​ស្ថិរភាព​តំបន់​អាស៊ី​សម្រាប់​ក្រសែភ្នែក​អាមេរិក ចិន​បាន​បង្កើន​ការ​វិនិយោគ​សម្បើម​ណាស់​លើ​ទ្វីប​អាហ្វ្រិក​ ជា​ពិសេស​ក្នុង​វិស័យ​សាង​សង់​ហេដ្ឋារចនា​សម្ព័ន្ធ​និង​ផលិតកម្ម​វត្ថុធាតុដើម រ៉ែមាស​ ឬ​ព្រៃឈើ។ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​នីហ្សេរីយ៉ា បាន​អះអាងប្រាប់​អាមេរិក​ថា ចិន​បាន​ផ្តល់​ឱកាស​ធំណាស់​ដល់​ប្រទេស​ មិនមែន​ជា​តំណាង​ការ​ព្រួយ​បារម្ភ​ទេ តែនីហ្សេរីយ៉ា នឹង​សហការ​ជាមួយ​គ្រប់​ប្រទេស​ផ្សេង ដែល​ផ្តល់​ការ​ប្រកួត​ប្រជែងខ្លាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ