អានតួអត្ថបទ

ស្លាប់ទាហានបារាំងម្នាក់នៅក្នុងការវាយប្រហារដោយគ្រាប់កាំភ្លើងត្បាល់នៅក្នុងប្រទេសម៉ាលី

នៅ​ក្នុង​ប្រទេស​បារាំង វិមាន​ប្រធានាធិបតី​បាន​ប្រកាស​ក្នុង​ថ្ងៃ​អាទិត្យ ទី២៣ មករា​ពី​ការ​ស្លាប់​ទាហាន​បារាំង​ម្នាក់​ឈ្មោះ​អាឡិចសង់ ម៉ាតាំង​នៅ​ក្នុង​ប្រទេស​ម៉ាលី។ នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន ប្រធានាធិបតី​លោក​ម៉ាក្រុង​បាន​សម្តែង​ភាព​ក្តុកក្តួល​យ៉ាង​ខ្លាំង​ចំពោះ​មរណភាព​លោក​អាឡិចសង់ ម៉ាតាំង និង​បាន​បញ្ជាក់​ពី​ការ​ប្តេជ្ញាចិត្ត​របស់​បារាំង​ក្នុង​ការ​បន្ត​យុទ្ធនាការ​ប្រឆាំង​ភេរវនិយម​នៅ​ក្នុង​តំបន់​ជា​មួយ​ក្រុម​ប្រទេស​ដៃគូ​ផ្សេង​ទៀត។ លោក​អាឡិចសង់ ម៉ាតាំង​បាន​ទៅ​បំពេញ​បេសកកម្ម​នៅ​ម៉ាលី​តាំង​ពី​ឆ្នាំ ២០១៣ ក្នុង​ក្របខណ្ឌ​នៃ​បេសកកម្ម « បាកាន » នៅ​តំបន់​សាហ៊ែល។

ស្លាប់ទាហានបារាំងម្នាក់នៅក្នុងការវាយប្រហារដោយគ្រាប់កាំភ្លើងត្បាល់នៅក្នុងប្រទេសម៉ាលីកាល​ពី​ថ្ងៃ​សៅរ៍ ទី២២ មករា ២០២២។
ស្លាប់ទាហានបារាំងម្នាក់នៅក្នុងការវាយប្រហារដោយគ្រាប់កាំភ្លើងត្បាល់នៅក្នុងប្រទេសម៉ាលីកាល​ពី​ថ្ងៃ​សៅរ៍ ទី២២ មករា ២០២២។ AP - Jerome Delay
ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​រសៀល​ថ្ងៃ​សៅរ៍ ទី២២ មករា​ដែល​ទាហាន​បារាំង​លោក​អាឡិចសង់ ម៉ាតាំង​បាន​បាត់បង់​ជីវិត និង​មាន​ទាហាន​បារាំង​ចំនួន ៩នាក់​ផ្សេង​ទៀត​បាន​រងរបួស​ស្រាល។ សេនាធិការដ្ឋាន​កងទ័ព​បារាំង​បាន​បញ្ជាក់​ដោយ​ធានា​នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ថា ស្ថានភាព​របស់​ទាហាន​រងរបួស​ទាំង ៩នាក់​មិន​មាន​អ្វី​គួរ​ឲ្យ​បារម្ភ​ទេ។ តាម​ពិត ការ​ស្លាប់ និង​ការ​របួស​ទាហាន​បារាំង​មិន​មែន​កើត​មាន​នៅ​ក្នុង​ពេល​ប្រយុទ្ធ ឬ​ដើរ​ល្បាត​ទេ តែ​នៅ​ពេល​ដែល​បន្ទាយ​របស់​ពួក​គេ​បាន​រង​ការ​វាយប្រហារ​ដោយ​គ្រាប់កំាភ្លើងត្បាល់​ពី​ខាង​ក្រៅ។

តាម​អ្នក​នាំ​ពាក្យ​របស់​សេនាធិការដ្ឋាន​កងទ័ព​បារាំង​លោក​ប៉ាស្កាល់ ឡានី គឺ​នៅ​មុន​ម៉ោង ៥ល្ងាច​ម៉ោង​ក្នុង​ប្រទេស​បារាំង​ដែល​បន្ទាយ​ទាហាន​បាន​រង​ការ​វាយប្រហារ​ដោយ​គ្រាប់​កាំភ្លើងត្បាល់​ជា​ច្រើន​គ្រាប់​ពី​ខាង​ក្រៅ។ គ្រាប់ភ្លើងត្បាល់​ទាំង​នោះ​បាន​បាញ់​ប្លោង​ចេញ​ពី​ទីតាំង​មួយ​ដែល​មាន​ចម្ងាយ​ពី ៥ ទៅ ៦គីឡូម៉ែត្រ​ស្ថិត​ភាគ​ឦសាន​បន្ទាយ​នោះ។ លោក​អាឡិចសង់ ម៉ាតាំង​ដែល​បាន​រងរបួស​ធ្ងន់​ជាង​គេ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ជួយ​ព្យាបាល​ភ្លាមៗ​នៅ​នឹង​កន្លែង តែ​នៅ​មិន​អាច​ជួយ​សង្រ្គោះ​ជីវិត​លោក​បាន។ ដោយឡែក ភ្លាមៗ​ក្រោយ​រង​ការ​វាយប្រហារ កម្លាំង​ឧទ្ធម្ភាគចក្រ​បារាំង​ក៏​បាន​ចេញ​ប្រតិបត្តិការ​តាម​ចាប់​ជន​ដៃ​ដល់។

លោក​ប៉ាស្កាល់ ឡានី​បាន​ឲ្យ​ដឹង​ទៀត​ថា ទាហាន​បារាំង​ក្របួច ក បាន​ជនដៃដល់​ទាំង​អស់។ ខណៈ​នេះ ការ​វាយប្រហារ​នៅ​មិន​ទាន់​មាន​ចលនា​ណា​មួយ​ចេញ​មុខ​សារភាព​ទេ។ តែ​អ្វី​ជា​ការ​កត់សម្គាល់ ការ​វាយប្រហារ​នេះ​បាន​កើត​មាន​នៅ​ក្នុង​តំបន់​មួយ​ដែល​ឧស្សាហ៍​មាន​វត្តមាន​ពួក​ជីហាត​នៃ​សាខា​របស់​អង្គការ​ភេរវនិយម​អាល់កៃដា។ កំណត់​សម្គាល់​មួយ​ទៀត ការ​ស្លាប់ និង​របួស​ទាហាន​បារាំង​នៅ​ប្រទេស​ម៉ាលី​ពេល​នេះ​បាន​កើត​មាន​ឡើង ៥ថ្ងៃ ក្រោយ​ពី​មាន​របួស​ទាហាន​បារាំង ៤នាក់​នៅ​ប្រទេស​បួគីណាហ្វាសូ​ដោយ​ឡាន​របស់​ពួក​គេ​បាន​បរ​ជាន់​គ្រាប់មីន។

គិត​ត្រឹម​ឆ្នាំ ២០២១ កន្លង​ទៅ មាន​ស្លាប់​ទាហាន​បារាំង​ចំនួន ៤នាក់​នៅ​ក្នុង​បេសកកម្ម « បាកាន » នៅ​ប្រទេស​ម៉ាលី ក្នុង​នោះ មាន ៣នាក់​ស្លាប់​នៅ​ក្នុង​ការ​ប្រយុទ្ធ និង​ម្នាក់​ស្លាប់​ដោយ​គ្រោះថ្នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ