អានតួអត្ថបទ
បារាំង-អាហ្រ្វិក

ប្រធានាធិបតី​បារាំងប្រកាស​បិទបញ្ចប់ ប្រតិបត្តិការយោធា Barkhane នៅទឹកដីអាហ្វ្រិក

ប្រធានាធិបតី​បារាំង លោក​អេម៉ានុយអែល ម៉ាក្រុង បាន​ប្រកាស​បិទបញ្ចប់ ប្រតិបត្តិការយោធា ឈ្មោះ បារកាន ដែល​បារាំង បាន​ចាប់ផ្តើម​ធ្វើ តាំង ពី ៨ឆ្នាំមកហើយ នៅ​តំបន់​សាហ៊ែល ក្នុងទឹកដីអាហ្វ្រិក។ នៅក្នុង​សន្និសីទ​កាសែត កាលពី​ថ្ងៃព្រហស្បតិ៍​ម្សិលមិញ ប្រមុខរដ្ឋ​បារាំង បាន​លម្អិត បញ្ជាក់ថា បារាំង​នឹង​បិទ​មូលដ្ឋានទ័ព នៅ​តំបន់​សាហ៊ែល។ ពោល​គឺ​បារាំង លែង​បើក​ប្រតិបត្តិការ​ប្រឆាំង​ក្រុមជីហាត តែម្នាក់ទៀតហើយ។ បារាំង នឹងផ្ទេរ​ការងារ​ទទួល​ខុសត្រូវ​ទៅ​ឲ្យ​កម្លាំងទ័ព​អន្តរជាតិ និង​កងទ័ព​រដ្ឋាភិបាល​របស់​ក្រុមប្រទេស​អាហ្វ្រិក​ទាំង ៥ ក្នុង​តំបន់​សាហ៊ែល។

ទាហាន​បារាំង ដើរចេញពី​មូលដ្ឋានទ័ព នៅ​Gao នៅប្រទេស​ម៉ាលី នៅក្រោយ រដ្ឋាភិបាល​ប្រកាស​ផ្អាក សហប្រតិបត្តិការយោធា​ជាមួយ​កងទ័ពម៉ាលី នៅ​ក្រោយ​ម៉ាលី​ជួបរដ្ឋប្រហារ​យោធា​ ២ដង ក្នុង​រយៈពេល ២ខែ
ទាហាន​បារាំង ដើរចេញពី​មូលដ្ឋានទ័ព នៅ​Gao នៅប្រទេស​ម៉ាលី នៅក្រោយ រដ្ឋាភិបាល​ប្រកាស​ផ្អាក សហប្រតិបត្តិការយោធា​ជាមួយ​កងទ័ពម៉ាលី នៅ​ក្រោយ​ម៉ាលី​ជួបរដ្ឋប្រហារ​យោធា​ ២ដង ក្នុង​រយៈពេល ២ខែ AP
ផ្សាយពាណិជ្ជកម្ម

នៅមុន​ប្រកាស បិទបញ្ចប់ ប្រតិបត្តិការ​យោធា នៅ​សាហ៊ែល កាលពី​ថ្ងៃ​ព្រហស្បតិ៍ ម្សិលមិញ លោកប្រធានាធិបតី ម៉ាក្រុង ផ្ទាល់​ធ្លាប់​បាន​ពន្លយ ជាច្រើន​ដង​មក​ហើយ ពី​លទ្ធភាព​បិទបញ្ចប់ ប្រតិបត្តិការ​បារកាន នៅ​ទឹកដី​អាហ្វ្រិក។ នៅ​ថ្ងៃសុក្រ​ទី ១១ មិថុនា​រដ្ឋមន្រ្តី​ក្រសួងការពារ​ជាតិ​បារាំង លោកស្រី Florence Parly ក៏បាន​បញ្ជាក់សាជាថ្មី​ថា បារាំង មិនអាច​បើកប្រតិបត្តិការយោធា​តែម្នាក់ឯង ជានិច្ចនិរន្ត​ក្នុងទឹកដី​អាហ្វ្រិក​នោះទេ។ ប្រតិបត្តិការ​បារកាន នឹង​ត្រូវ​បញ្ចប់ នៅ​ថ្ងៃ​ណាមួយ ហើយ​ថ្ងៃ​នោះ ក៏បានមកដល់។

ប្រមុខរដ្ឋបារាំង បាន​សម្រេចចិត្ត បិទបញ្ចប់​ប្រតិបត្តិការ​យោធា នៅអាហ្វ្រិក ដោយសារ​អាច​មាន​ហេតុផល ២យ៉ាង។ ហេតុផល​ទី១ គឺ​អាច​ទាក់ទង​នឹង​ការបោះឆ្នោត​ប្រធានាធិបតី បារាំង ដែលត្រូវ​ប្រព្រឹត្ត​ទៅ ឆ្នាំក្រោយ។ លោក​អេម៉ានុយអែល ម៉ាក្រុង មិនទាន់​ប្រកាស​ថា លោក​នឹង​ឈរ​ឈ្មោះ ជា​បេក្ខជន​សម្រាប់អាណត្តិ​ទី២នៅឡើយទេ ប៉ុន្តែ នៅមួយ​រយៈចុងក្រោយ​នេះ រដ្ឋាភិបាល​របស់​លោក​កំពុង​បានរងការដាក់សម្ពាធ ឲ្យ ឆ្លើយបំភ្លឺ ពី ការចំណាយ​ថវិកា សម្រាប់​ធ្វើ​សង្រ្គាម ដែល​គ្មាន​ប្រយោជន៍ នៅ​ទឹកដី​អាហ្វ្រិក។ រឿងចំណាយ​លុយ​ប្រជាជន សម្រាប់​ធ្វើ​សង្រ្គាម នៅបរទេស អាច​ធ្វើ​ឲ្យ​លោក​ម៉ាក្រុង បាត់បង់ប្រជាប្រិយភាព។ ដូច្នេះ បើសិន​លោក​ចង់​ឈរឈ្មោះ សម្រាប់​អាណត្តិទី២ លោកត្រូវ​តែ​សម្រេច​ចិត្ត បិទបញ្ចប់ ប្រតិបត្តិការ​យោធា បារកាន​នៅពេលនេះ។

ហេតុផល​ទី២​ដែល​ធ្វើ​ឲ្យ​លោក​ម៉ាក្រុង សម្រេចចិត្ត បិទបញ្ចប់​ប្រតិបត្តិការ​បារកាន នៅពេល​នេះ ដែរ គឺ​អាច​មក​ពីមានការប្រែប្រួល​នយោបាយ​នៅ​ប្រទេស​ឆាត និង​ប្រទេស ម៉ាលី ដែល​ជា​សមាជិក​សំខាន់​ពីរ នៃ​ក្រុមប្រទេស ទាំង ៥ របស់​តំបន់​សាហ៊ែល។ នៅ​ឆាដ បារាំង បានបាត់បង់ ដៃគូ ប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាត នៅក្រោយ ប្រធានាធិបតី Idriss Déby ដែលជាសម្ព័ន្ធមិត្ត ស្លាប់​ក្នុង​សមរភូមិ នៅពេល​ប្រយុទ្ធ​ជាមួយ​ក្រុមឧទ្ទាម។

មួយវិញទៀត បារាំង សម្រេច​បិទបញ្ចប់​ប្រតិបត្តិការ​បារកាន នៅពេល​នេះ ក៏ដោយសារ ការវិវឌ្ឍនយោបាយ​ចុងក្រោយ​នៅប្រទេស​ម៉ាលី។ នៅ​សប្តាហ៍មុន បារាំង បាន​ប្រកាស ផ្អាក​សហប្រតិបត្តិការ​យោធា ជាមួយកងទ័ព​ម៉ាលី នៅក្រោយ ឧត្តមសេនីយ៍ អាស៊ីមី ហ្គ័យតា ធ្វើរដ្ឋប្រហារ ដល់ទៅ​២លើក នៅក្នុង​រយៈពេល​តែ ៩ខែ។ បារាំង កាន់តែ​អន់ចិត្ត ទៅទៀត នៅពេល ក្រុមប្រទេស​សេដ្ឋកិច្ច​អាហ្វ្រិក ខាងលិច​ប្រកាស​ទទួល​ស្គាល់​រដ្ឋាភិបាលរបស់​របបសឹក​ម៉ាលី។ សម្រាប់ ប្រធានាធិបតី​បារាំង តាមរយៈ​ប្រតិបត្តិការ​បារកាន បារាំង​បាន​ខំប្រឹង​ជួយ ប្រទេស​ម៉ាលី ដើម្បី ប្រយុទ្ធតទល់​នឹង​ក្រុមជីហាត។ ប៉ុន្តែ ផ្ទុយទៅវិញ រដ្ឋាភិបាល​របបសឹក​ម៉ាលី​សព្វថ្ងៃ បាន​លួច​ទៅ​ចរចា ជាមួយ​ពួកជីហាត​ទៅវិញ។

សម្រាប់​លោក​ម៉ាក្រុង រដ្ឋាភិបាល​បារាំង មិនអាច បញ្ជូន​ទាហាន​បារាំង ឲ្យ​ទៅ​ប្រយុទ្ធ​ជួយ​រដ្ឋាភិបាល របស់​ប្រទេស មួយ​ដែល​តាមពិត បាន​លួច​ទៅ​ចរចា ជាមួយ​ក្រុមជីហាត  ដែល​ជា​ឃាតករ សម្លាប់​ទាហាន​បារាំង កន្លងមក​នោះទេ។

តើអ្វីទៅ​ជា​ប្រតិបត្តិការ​បារកាន Barkhane?

បារកាន ជាប្រតិបត្តិការ​យោធា ដែល​បារាំង បង្កើតឡើង កាលពី​ឆ្នាំ ២០១៣ ដើម្បី​បន្តវេន​ពី​ប្រតិបត្តិការ Serval ដែលមាន​បេសកកម្ម ប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាត ប្រដាប់អាវុធ នៅ​តំបន់​សាហ៊ែល ក្នុងទឹកដី​អាហ្វ្រិក។ បារាំង​ចេញមុខ​ប្រឆាំង​នឹង​ពួកជីហាត​នៅ​ទឹកដីបរទេស គឺនៅ បន្ទាប់​ពី បារាំង បាន​រងគ្រោះ ផ្ទួនៗគ្នា ដោយសារ​ការវាយប្រហារ​ភេរវកម្ម របស់​ក្រុមជីហាត ក្នុង​ទីក្រុងប៉ារីស នៅ​ឆ្នាំ ២០១៣។

ជាមួយប្រតិបត្តិការ​បារកាន បារាំង មាន​គោលដៅ ចង់ជួយ ក្រុមប្រទេស​អាហ្វ្រិក​ទាំង ៥ ដែលជាប់ព្រំដែនគ្នា ​ក្នុង​តំបន់​សាហ៊ែល ដែលមាន​ដូចជា ប្រទេស ឆាត ម៉ាលី នីហ្សេ ម៉ូរីតានី និង​បួគីណាហ្វាសូ ឲ្យ​អាច​ប្រយុទ្ធ​តទល់​នឹង​ក្រុមប្រដាប់អាវុធ ជីហាត ដែលកំពុង សកម្ម វាយដណ្តើមគ្រប់គ្រង​ទឹកដី មួយចំនួនធំ ក្នុង​តំបន់​សាហ៊ែល។

ប្រតិបត្តិការ​បារកាន ជា​ប្រតិបត្តិការ​យោធា ដ៏ធំជាង គេ​របស់​បារាំង នៅ​ទឹកដី​បរទេស។ សម្រាប់​ប្រតិបត្តិការ​បារកាន​ បារាំង បញ្ជូន ទាហាន​៥១០០នាក់ យន្តហោះ​ចម្បាំង ៨គ្រឿង រថក្រោះ ៣០០គ្រឿង ឧទ្ធម្ភាគចក្រ ១៧គ្រឿង សព្វាវុធ និង​យន្តហោះដ្រូន ជាច្រើនគ្រឿង។ ដោយ​រួមសហការ​ប្រយុទ្ធ​ជាមួយ​កងទ័ព​របស់​ក្រុមប្រទេស អាហ្វ្រិក​៥​នៃ​តំបន់​សាហ៊ែល និង​ទាហានមួកខៀវ របស់​បេសកកម្ម អង្គការ​សហប្រជាជាតិ ប្រតិបត្តិការ​បារកាន របស់​បារាំង បាន​ប្រយុទ្ធប្រឆាំង​យកឈ្នះ លើ​បណ្តាញ របស់​ក្រុមជីហាត អង្គការ​រដ្ឋអ៊ីស្លាម និង​ក្រុមអាល់កៃដា នៅ​ទឹកដីអាហ្វ្រិក។

ប៉ុន្តែ បញ្ហា​មិន​ចប់ត្រឹមនេះទេ។ ថ្វីត្បិត​ថា កម្លាំងទ័ព​បារកាន​របស់​បារាំងប្រយុទ្ធ​យកឈ្នះ បំផ្លាញ បណ្តាញ​របស់​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម និង​ក្រុមអាល់កៃដា នៅទឹកដី​អាហ្វ្រិក ប៉ុន្តែ កងទ័ព​បារាំង មិនអាច​កម្ចាត់​ឲ្យ​អស់​ក្រុមជីហាត និង​អាច​ស្តារឡើងវិញ សន្តិសុខ នៅតំបន់​សាហ៊ែល​បាន​តែម្នាក់​ឯងនោះទេ។ បញ្ហាចោទ​នៅត្រង់ថា នៅ​តំបន់​សាហ៊ែល  មិនមែន​មានតែ​ក្រុមជីហាត តែ​មួយមុខ​ប៉ុណ្ណោះទេ។ វា​មានផងដែរ ក្រុមចោរប្លន់ ប្រដាប់អាវុធ និង​ក្រុមប្រដាប់​អាវុធ តូចៗ ជាច្រើន ដែល​បាន​ឆ្លៀត​វាយដណ្តើម​គ្រប់គ្រងកន្លែងណា ដែល​គ្មាន​វត្តមាន​កម្លាំងទ័ព​រដ្ឋាភិបាលឈរជើង។ តំបន់​សាហ៊ែល ជា​ទី​ដែល​បារាំង បើកប្រតិបត្តិការយោធា បារកាន ធំល្វឹងល្វើយ ស្មើ​នឹង​ទឹកដី​សហភាពអឺរ៉ុប​ទាំងមូល សំបូរ​ដោយ​វាលខ្សាច់ ក្តៅហួតហែង ដែល​មិនអំណោយផល​សម្រាប់​ទាហានបារាំង និង​សម្ភារៈយោធា​នោះទេ។ ដោយសារ តែ​ទឹកដី​សាហ៊ែល​មាន​ផ្ទៃដី​ធំ ហើយ​ក្រុមប្រដាប់អាវុធ ជីហាត ក៏មាន​ច្រើនក្រុមយ៉ាងដូច្នេះ បារាំង មិនអាច​ស៊ូ​បាន​គ្រប់មុខព្រួញនោះទេ។ នៅ​មួយរយៈចុងក្រោយនេះ ឆ្លៀត​ឱកាស​ដែល គ្មាន​វត្តមាន​កងទ័ព​រដ្ឋាភិបាល ក្រុមជីហាត បាន​បង្កើន​ការវាយប្រហារ សម្លាប់​ប្រជាជន​ស៊ីវិល ជាច្រើនរយនាក់ និង​ដុតភូមិ ដុត ផ្ទះសម្បែង របស់​ប្រជាជន នៅ​ទឹកដី​ម៉ាលី ផង នៅ​ប្រទេស នីហ្សេ និង​បួគីណាហ្វាសូ។

បរាជ័យ​របស់​បារាំង នៅ​តំបន់​សាហ៊ែល?

ចាប់តាំង​ពី​បារាំង បើកប្រតិបត្តិការ​បារកាន ៨ឆ្នាំមកនេះ បារាំង​បាត់បង់ជីវិត​ទាហាន​របស់ខ្លួន ចំនួន ៥៥នាក់ និង​ចំណាយ​ប្រាក់រាប់លាន​អឺរ៉ូ ប៉ុន្តែ​ផ្ទុយមកវិញ បារាំង នៅតែ​មិនអាចជួយ ​ប្រទេស អាហ្វ្រិក​ទាំង ៥ នៅតំបន់​សាហ៊ែល ឲ្យ​មាន​សន្តិសុខ សុវត្ថភាព ទៅតាម គោលដៅ គ្រោងទុក។ ក្រុមជីហាត នៅតែ​សកម្ម ដើរ​ប្រព្រឹត្ត​អំពើហិង្សា សម្លាប់​ប្រជាជន​ស៊ីវិល នៅ​តាម​បណ្តោយព្រំដែន​ប្រទេស អាហ្វ្រិក ទាំង​៥ ក្នុង​តំបន់​សាហ៊ែល។

កងទ័ព​បារាំង​នឹងចូលរួមប្រយុទ្ធប្រឆាំង នឹង​ក្រុមជីហាត នៅក្នុង​ក្របខ័ណ្ឌ សម្ព័ន្ធអន្តរជាតិ

បារាំង នឹង​បិទ​មូលដ្ឋានទ័ព​របស់ខ្លួន នៅសាហ៊ែល ប៉ុន្តែ មិន​ប្រកាស​ដកទ័ព​ទាំងស្រុង​ចេញពី​តំបន់​សាហ៊ែលនោះទេ។ ទ័ពបារាំង នៅតែ​បន្តមាន ដើម្បី​ចូលរួម​ជាមួយ កម្លាំងទ័ព រដ្ឋាភិបាល​អាហ្វ្រិក ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាត។ ប៉ុន្តែ ដោយ​ប្រកាស​បិទបញ្ចប់​ប្រតិបត្តិការ​យោធា បារកាន​លើកនេះ បារាំង​នឹង​អាច​កាត់បន្ថយ​ទ័ព​របស់ខ្លួន ពី​ជាង ៥ពាន់ មកនៅ​ប្រមាណ ២៥០០នាក់។ ជារួម ប្រតិបត្តិការ​យោធា​របស់​បារាំង ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាត នឹង​លែង​ផ្តាច់មុខ​តែមុខ​ម្នាក់ឯង​ដូចមុនទៀតហើយ ប៉ុន្តែ នឹង​ធ្វើឡើង​ក្នុង​ក្របខ័ណ្ឌ​ផ្សេង ពោល គឺ​អាច​ចូលរួម ក្នុង​សម្ព័ន្ធ​អន្តរជាតិ។

រដ្ឋមន្រ្តី​ការពារ​ជាតិ​បារាំង​បាន​លើកឡើង​ពី​ករណី​កងកម្លាំងទ័ព​អឺរ៉ុប Tabuka ដែល​បារាំង បាន​បណ្តុះបណ្តាល តាំង​ពី​ដើម​ឆ្នាំនេះ សម្រាប់​ជួយ​អម បណ្តុះបណ្តាល កងទ័ព​របស់​រដ្ឋាភិបាល​ប្រទេស​អាហ្វ្រិក​ទាំង ៥។ កងទ័ព​អាហ្រ្វិក ដែល​នឹង​ដើរតួ​សំខាន់​ជាងមុន នៅ​ក្នុង ជួរ​សមរភូមិ​មុខ​ប្រយុទ្ធ តទល់​នឹង​ក្រុមជីហាត នៅ​តំបន់​សាហ៊ែល។

នៅ​ក្នុង​ឱកាស​ជំនួបកំពូល​អូតង់ នៅ​សប្តាហ៍​ក្រោយ បារាំង​នឹង​លើក​សំណើ ដើម្បី សុំ​ឲ្យអាមេរិក ចូលរួម​ចំណែក ក្នុង​ប្រតិបត្តិការ​យោធា​នៅ​សាហ៊ែល ព្រោះថា ចង់ ឬ​មិនចង់ នៅក្រោយ បារាំង បិទបញ្ចប់​ប្រតិបត្តិការ​បារកាន នៅតំបន់​សាហ៊ែល កម្លាំងទ័ព​អាហ្វ្រិក នៅតែ​ទន់ខ្សោយ គ្មាន​សមត្ថភាព ទប់ទល់​នឹង​ក្រុមជីហាត ដែល​សកម្ម និង​មាន​ចំនួន​ដ៏ច្រើនបាននោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ