អានតួអត្ថបទ
កូតឌីវ័រ

កូតឌីវ័រធូរ​ស្បើយ​​នយោបាយ អតីត​ប្រធានាធិបតីឡូរ៉ង់ បាក់បូ បាន​ទទួល​ការ​លើក​លែង​ទោស

មានវិបត្តិ​នយោបាយ​​ហិង្សា​​ខ្លាំងកត់ត្រា​ក្នុង​ទំព័រ​ប្រវត្តិសាស្ត្រ​សម័យថ្មី​  ពេល​នេះ​ប្រទេស​កូដឌីវ័រ ចាប់​មាន​សញ្ញា​នៃ​ភាព​ធូរ​ស្បើយ។ នៅក្នុង​ថ្ងៃខួបឯករាជ្យ​ជាតិ​​លើក​ទី ៦២ឆ្នាំ​ ម្សិលមិញ លោកប្រធានាធិបតី​កូតឌីវ័រ អាឡាសាន វ៉ាត់តារ៉ា បាន​ប្រកាស​លើក​លែង​ទោស​ឱ្យ​លោក​ ឡូរ៉ង់​ បាក់បូ ​អតីត​ប្រធានាធិបតី​ដែល​ធ្លាប់​ជា​គូប្រជែង​នយោបាយ និង​ដែល​មាន​ជាប់​ពន្ធនាគារ​២០ឆ្នាំ​ នៅក្នុង​ប្រទេស។

អតីត​ប្រធានាធិបតីកូតឌីវ័រ លោក ឡូរ៉ង់ បាក់បូ និង​ប្រធានាធិបតី​កំពុង​កាន់​អំណាច អាឡាសាន វ៉ាត់តារ៉ា
អតីត​ប្រធានាធិបតីកូតឌីវ័រ លោក ឡូរ៉ង់ បាក់បូ និង​ប្រធានាធិបតី​កំពុង​កាន់​អំណាច អាឡាសាន វ៉ាត់តារ៉ា REUTERS - LUC GNAGO
ផ្សាយពាណិជ្ជកម្ម

កំពុងជាប់​ពន្ធនាគារ​នៅតុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ នា​ទីក្រុង​ឡាអេ​ប្រទេស​ហូឡង់ តុលាការ​កូតឌីវ័រ បាន​កាត់​ទោស លោក ឡូរ៉ង់ បាក់បូ ដោយ​កំបាំងមុខ កាលពី​ឆ្នាំ​២០១៨ ឱ្យ​ជាប់​ពន្ធនាគារ​២០​ឆ្នាំ ពី​បទ​បញ្ជា​ឱ្យ​គេ​បើក​ហិបលុយ​របស់​ធនាគារ​កណ្តាលនៃ​បណ្តា​រដ្ឋ​​អាហ្វ្រិក​ខាង​លិច ក្នុង​ពេល​កំពុង​មាន​វិបត្តិ​ក្រោយ​ការ​បោះឆ្នោត​ (២០១០-២០១១)។ ប៉ុន្តែ​នៅ​ល្ងាច​ថ្ងៃសៅរ៍ទី ៦ សីហា ម្សិលមិញ ប្រធានាធិបតី​កូតឌីវ័រ បាន​ចេញ​ក្រឹត្យ​​លើក​លែង​ទោស​ដល់​រូបអតីត​ប្រធានាធិបតី​​លោក​ ឡូរ៉ង់ បាក់បូ។

ជាមួយ​នឹង​​ការ​លើកលែង​ទោស​​​ដើម្បី​ពង្រឹង​ភាព​ស្រុះស្រួល​សង្គម លោក​ប្រធានាធិបតីកំពុង​កាន់​អំណាច អាឡាសាន វ៉ាត់តារ៉ា បាន​ប្រកាស​បើក​ប្រាក់​បំណាច់សម្រាប់​​ប្រមុខ​រដ្ឋ​ផុត​អាណត្តិ​ជូន​លោក​អតីត​ប្រធានាធិបតី​ ឡូរ៉ង់ បាក់បូទៀត។ លោក ឡូរ៉ង់ បាក់បូ ធ្លាប់​បាន​ទារ​ប្រាក់ខែនេះ តាំង​ពី​តុលាការព្រហ្មទណ្ឌ​អន្តរជាតិ​សម្រេចកាលពី​ឆ្នាំ​២០២១ ​​ដោះលែង​ថា​លោក​គ្មាន​កំហុស​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​នៅ​កូតឌីវ័រមក។ ជាសរុប​ លោក​ត្រូវ​បាន​ទទួល​ប្រាក់​បំណាច់​ចំនួន​៣លាន​ដុល្លារ បើ​​គិតថយ​ចាប់​តាំង​ពី​លោក​ផុត​អាណត្តិ​ជា​ប្រធានាធិបតី​មក ចំនួន​១០​ឆ្នាំ។ អ្នក​ជាប់ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​នេះ​ពីរ​នាក់​ទៀត ក៏​បាន​ទទួល​ការលើក​លែង​ទោស​ដូច​គ្នា។

​លើក​លែង​ទោស​អតីត​ប្រធានាធិបតី​ ពី​សំណាក់​ប្រធានាធិបតី​កំពុង​អំណាច​ដែល​ជា​គូប្រជែង​គ្នា ជា​កាយវិការផ្សះ​ផ្សា​​​នយោបាយ​ដ៏​សំខាន់​បំផុត​ ព្រោះតាំងពី​បាន​រួច​ខ្លួន​ពី​តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ ហើយ​ត្រលប់​ចូល​ស្រុក​វិញ ​​លោក​ឡូរ៉ង់​បាក់បូ ចង់​ជម្រះ​​​ទោសក្នុង​ស្រុក​នេះ​ណាស់ ថ្វីបើ​លោក​មិនដែល​​ទទួល​ស្គាល់​ការ​កាត់ទោស​នេះ​ និង​ក៏​មិនព្រួយ​​ខ្លាច​ទោស​នេះក៏ដោយ​។

តាំងពីចុង​​ឆ្នាំ​២០២០​មក កូតឌីវ័រ បាន​ផ្តើម​ផ្សះផ្សានយោបាយ។​ លោក​ឡូរ៉ង់​បាក់បូ បាន​ជួប​ពិភាក្សា​ដោយ​ផ្ទាល់​ជាមួយ​លោកអាឡាសាន វ៉ាត់តារ៉ា កាលពី​កក្កដា​២០២១​ម្តង និង​ម្តង​ទៀត កាលពី​ថ្ងៃទី ១៤កក្កដា ២០២២ ទើប​ឈាន​ដល់​ការ​លើក​លែង​ទោស​ថ្ងៃ​នេះ។

ជា​ការ​លើក​លែង​ទោស មិនមែន​ជា​​ការ​​លុប​លាង​ទោសដែល​​ផ្តល់​សិទ្ធិ​សេរីភាព​ស៊ីវិល​និងនយោបាយឱ្យ​វិញ​​ទាំងស្រុងទេ។ ប៉ុន្តែ​ខាង​លោក​បាក់បូ បដិសេធ​មិន​ធ្វើអត្ថាធិប្បាយ​សេចក្តី​សម្រេច​របស់​ប្រធានាធិបតី​អ្វី​ទាំង​អស់៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ