តុលាការព្រហ្មទណ្ឌអន្តរជាតិនៅរក្សាការឃុំខ្លួន អតីតប្រធានាធិបតីកូតឌីវ័រ
អតីតប្រធានាធិបតីកូតឌីវ័រ លោកឡូរ៉ង់ បាក់បូ និងមនុស្សជំនិត ដែលរងបទចោទប្រកាន់ប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ នៅបន្តជាប់ឃុំ នៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC។ នៅ៣ថ្ងៃក្រោយ អង្គជំនុំជម្រះសាលាដំបូងរបស់តុលាការ ក្រុងឡាអេ សម្រេចឲ្យដោះលែង អតីតមេដឹកនាំកូតឌីវ័រ ដោយសារតែគ្មានភស្តុតាង គ្រប់គ្រាន់ ចៅក្រមរបស់តុលាការកំពូល វិញ កាលពីថ្ងៃសុក្រម្សិលមិញ បានសម្រេចរក្សាបន្តការឃុំខ្លួន លោកបាក់បូ រហូតដល់ថ្ងៃទី១កុម្ភៈ។
ចុះផ្សាយនៅថ្ងៃ៖
ជាមួយនឹងសំលេងភាគច្រើន (៣ ក្នុងចំណោម៥នាក់) ចៅក្រម តុលាការកំពូល ក្នុងតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC បានសម្រេចបន្តឃុំខ្លួន អតីតប្រធានាធិបតីកូតឌីវ័រ ក្នុងពេលរង់ចាំសវនការថ្មី របស់តុលាការកំពូល។ នៅថ្ងៃទី ១កុម្ភៈ តុលាការកំពូលនឹងបើកសវនការ ដើម្បី ស្តាប់បណ្តឹងឧទ្ធរណ៍របស់រដ្ឋអាជ្ញា ដែលប្តឹងជំទាស់នឹងការសម្រេចដោះលែងអតីតប្រធានាធិបតីកូតឌីវ័រ ហើយមនុស្សជំនិត កាលពីថ្ងៃអង្គារ ដើមសប្តាហ៍នេះ។
បន្ទាប់ពីសវនាការនៅថ្ងៃទី១ កុម្ភៈ តុលាការកំពូលរបស់ICC នឹងសម្រេចបន្តទៀតថា តើត្រូវបន្តឃុំខ្លួន ឬក៏ត្រូវដោះលែងជនជាប់ចោទទាំងពីរ ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន នៅក្នុងពេលដែល តុលាការកំពូលត្រូវសម្រេចបើកសវនការ នៅក្រោយបណ្តឹងឧទ្ធរណ៍របស់រដ្ឋអាជ្ញា។ ការិយាល័យរបស់រដ្ឋអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិបានអះអាងហើយថា នឹងដាក់ឯកសារ ប្តឹងជំទាស់ នៅក្រោយ សាលាដំបូង របស់ICC បានសម្រេច កាត់ឲ្យរួចទោស អតីតប្រធានាធិបតីកូតឌីវ័រ លោកឡូរ៉ង់ បាក់បូ។
ដើម្បីទាមទារឲ្យតុលាការបន្តការឃុំខ្លួន លោកឡូរ៉ង់ បាក់បូរ រដ្ឋអាជ្ញារបស់តុលាការក្រុងឡាអេបានលើកហេតុផលថា បើសិនលោកឡូរ៉ង់បាក់បូ ត្រូវដោះលែងឲ្យមានសេរីភាព នោះគេមិនប្រាកដទេថា អាជ្ញាធរកូតឌីវ័រនឹងអាចចាប់បញ្ជូនលោកបាក់បូ មកតុលាការក្រុងឡាអេសាជាថ្មី នៅក្នុងករណីមានសវនការប្រឆាំងនឹងរូបលោក នៅតុលាការកំពូល។
ក្រោមបទចោទប្រកាន់ ប្រព្រឹត្ត ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដូចជាការសម្លាប់ រំលោភ និងធ្វើទុក្ខបុកម្នេញ នៅក្នុងអំពើហិង្សា កើតឡើងដោយសារការក្រាញអំណាច នៅក្រោយការបោះឆ្នោត លោកឡូរ៉ង់ បាក់បូ ត្រូវបានរដ្ឋាភិបាលរបស់គូប្រជែង ចាប់បញ្ជូនខ្លួន ទៅឲ្យតុលាការក្រុងឡាអេ ឃុំខ្លួន កាលពីឆ្នាំ ២០១១។ រងការជំនុំជម្រះ នៅតុលាការក្រុងឡាអេ តាំងពីឆ្នាំ ២០១៦ ពោលគឺនៅ៥ឆ្នាំ ក្រោយអំពើហិង្សា ដែលបានសម្លាប់មនុស្សជាង ៣ពាន់តែក្នុង៥ខែ នៅកូតឌីវ័រ អតីតប្រធានាធិបតីកូតឌីវ័រ លោកបាក់បូ ត្រូវបានសាលាដំបូងរបស់ICC សម្រេចកាលពីថ្ងៃអង្គារ កាត់ក្តីឲ្យលោក គ្មានទោស ហើយនិងត្រូវដោះលែងជាបន្ទាន់។ ការសម្រេចរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ បានបង្កឲ្យមានការហ៊ោកញ្ជ្រៀវរបស់ក្រុមអ្នកគាំទ្ររបស់លោក ដែលមានច្រើននៅឡើយ នៅក្នុងប្រទេស។ ចំណែករដ្ឋាភិបាល ដែលដឹកនាំដោយក្រុមប្រឆាំងនឹងលោកបាក់បូវិញ បានអំពាវនាវឲ្យមានការនឹកអាណិតអាសូរដល់ជនរងគ្រោះដែលស្លាប់ នៅក្នុង ការប្រឈមមុខដាក់គ្នា រវាងគណបក្សនយោបាយ នៅក្រោយការបោះឆ្នោតប្រធានាធិបតីកាលពី៨ឆ្នាំមុន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ