អានតួអត្ថបទ
បារាំង-បួគីណាហ្វាសូ

រដ្ឋប្រហារយោធា​នៅបួគីណាហ្វាសូ៖​ហេតុអ្វី​បារាំង​ក្លាយជា​ផ្ទាំងស៊ីប​របស់​ក្រុមបាតុករ?

រដ្ឋប្រហារ​នៅក្នុង​រដ្ឋប្រហារ។ នៅ​២ថ្ងៃ​ក្រោយ​រដ្ឋប្រហារ ទម្លាក់មេដឹកនាំយោធា ដែលចូលកាន់អំណាច តាមរយៈ​ការធ្វើរដ្ឋប្រហារកាលពីខែ​មករា ដើមឆ្នាំ ២០២២ ស្ថានការណ៍​នៅតែ​តានតឹង​ខ្លាំង នៅ​បួគីណាហ្វាសូ ភាគខាងលិចទ្វីបអាហ្វ្រិក។ នៅ​ថ្ងៃ​អាទិត្យ កងកម្លាំងរក្សា​សន្តិសុខ​បាញ់​ផ្សែង​បង្ហូរ​ទឹកភ្នែក ដើម្បី​បំបែក​ក្រុមបាតុករ​ដែល​បាន​ប្រព្រឹត្ត​អំពើហិង្សា ដុតបំផ្លាញ រនាំង នៅ​មុខ​ស្ថានទូត​បារាំង ក្នុង​រដ្ឋធានី អួហ្កាឌូហ្គូ Ouagadougou របស់​បួគីណាហ្វាសូ។

មេបញ្ជាការកងទ័ព លោក​Ibrahim Traoré នៅលើ​រថពាសដែក​នៅថ្ងៃ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់មេដឹកនាំរបបសឹកចាស់ អមដំណើរ​ដោយ​ក្រុមគាំទ្រ​ដែល​លើកគ្រវីបក់ទង់ជាតិ​រុស្ស៊ី កាលពីថ្ងៃ​អាទិត្យ ទី ២ តុលា ២០២២
មេបញ្ជាការកងទ័ព លោក​Ibrahim Traoré នៅលើ​រថពាសដែក​នៅថ្ងៃ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់មេដឹកនាំរបបសឹកចាស់ អមដំណើរ​ដោយ​ក្រុមគាំទ្រ​ដែល​លើកគ្រវីបក់ទង់ជាតិ​រុស្ស៊ី កាលពីថ្ងៃ​អាទិត្យ ទី ២ តុលា ២០២២ REUTERS - VINCENT BADO
ផ្សាយពាណិជ្ជកម្ម

នៅ​បួគីណាហ្វាសូ នៅ​២ថ្ងៃ​ក្រោយ ក្រុមទាហាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់ មេដឹកនាំ​របបសឹក ស្ថាប័ន​របស់​បារាំង ដូចជា ស្ថានទូត និង​វិទ្យាស្ថាន​បារាំង​បាន​ក្លាយជា​ផ្ទាំងស៊ីប​វាយប្រហារ​របស់​បាតុករ ដែលជា​ក្រុមគាំទ្រ​មេដឹកនាំ​រដ្ឋប្រហារ​យោធា​ថ្មី​ នៅ​បួគីណាហ្វាសូ។

តាម​អ្នកកាសែត​របស់​ទីភ្នាក់ងារ​ព័ត៌មាន​AFP នៅ​ថ្ងៃ​អាទិត្យ បាតុករ​បាន​លើកគ្នា​ដុតកង់ឡាន​នៅ​ជាប់របង និង​គប់ដុំថ្ម​ទៅលើ​អគារ របស់​ស្ថានទូតបារាំង បន្ទាប់ពី​មាន​ការបង្ហោះផ្សាយ​នៅលើ​បណ្តាញសង្គម​ថា មេដឹកនាំ​របបសឹកចាស់ ​លោក​Paul Henri Sandaogo Damiba បាន​រត់ទៅ​លាក់ខ្លួន ក្នុង​ស្ថានទូតបារាំង ឬ​នៅ​មូលដ្ឋាន​ទ័ព​បារាំង នៅ​បួគីណាហ្វាសូ។

នៅក្រោយ ការវាយប្រហារ​ទៅលើ​ស្ថាប័ន​របស់​ខ្លួន នៅបួគីណាហ្វាសូ ក្រសួងការបរទេស​បារាំង បាន​ចេញសេចក្តីថ្លែងការណ៍​ថ្កោលទោស​ការប្រព្រឹត្ត​អំពើហិង្សា និង​បដិសេធ ថា បារាំង​មិនបាន​ផ្តល់​កន្លែង​ជ្រកកោន ដល់​មេដឹកនាំរបបសឹក​ដែល​ទើប​ត្រូវ​ក្រុមយោធា​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ចេញពី​តំណែង កាលពីថ្ងៃ​សុក្រ។

មេដឹកនាំ​របបសឹក លោក​Paul Henri Sandaogo Damiba​ផ្ទាល់​ក៏បាន​បដិសេធ​ទាត់ចោល​ការផ្សព្វផ្សាយ​ដែល​ថា លោក​កំពុង​ជ្រកកោន​នៅ​ស្ថានទូតបារាំង។ លើសពីនោះ លោកនៅបានបដិសេធ​ដាច់ខាត មិន​ចុះចេញពីអំណាច។ ទើបចូលកាន់អំណាច​នៅ​បួគីណាហ្វាសូ តាមរយៈ​ការធ្វើ​រដ្ឋប្រហារ​ទម្លាក់រដ្ឋាភិបាល​ស៊ីវិល កាលពី៩ខែមុន (ខែ មករា​ដើមឆ្នាំនេះ) មេដឹកនាំ យោធា​លោក Paul Henri Sandaogo Damiba ត្រូវ​បាន​ទាហាន​ក្រោមបង្គាប់ រួមដៃ​គ្នា​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ពី​តំណែង កាលពីថ្ងៃ​សុក្រ ក្នុងហេតុផលថា មេដឹកនាំ​របបសឹករូបនេះគ្មានសមត្ថភាព ដឹកនាំ​ការប្រយុទ្ធប្រឆាំង ក្រុមជីហាត​ជ្រុលនិយម ដែល​កំពុង​បង្កើន​សកម្មភាព ​ធ្វើ​ភេរវកម្ម​បង្កអសន្តិសុខ កាន់តែ​ខ្លាំង​នៅ​បួគីណាហ្វាសូ។

នៅថ្ងៃ​អាទិត្យ មេបញ្ជាការ​កងទ័ព លោក​Ibrahim Traoré ដែលដឹកនាំ​ធ្វើ​រដ្ឋប្រហារ​កាលពីថ្ងៃ​សុក្រ បាន​អំពាវនាវ​ឲ្យ​បាតុករ​ស្ងប់ស្ងាត់ និង​បញ្ឈប់​ជាបន្ទាន់ គំនិត​ប៉ុនប៉ង​ចង់​វាយលុក ចូលស្ថានទូត ឬ​មូលដ្ឋានទ័ព​របស់​បារាំង នៅ​បួគីណាហ្វាសូ។ តាម ការប្រកាស​របស់​មេដឹកនាំរបបសឹក​ថ្មី គេកំពុង​រៀបចំការចរចា​ផ្ទៃក្នុង ដើម្បី​សម្រួល​ឲ្យ​ស្ថានការណ៍​បាន​ល្អប្រសើរដូចដើមវិញ។

នៅចុងសប្តាហ៍នេះ ក្រុមធ្វើ​រដ្ឋប្រហារ​យោធា​នៅ​បួគីណាហ្វាសូនិយាយថា គេ​នឹង​សហការ​ជាមួយ​​ប្រទេស​គូថ្មី​ផ្សេងទៀត ដែល​អាច​ជួយ​បួគីណាហ្វាសូ ក្នុងការប្រយុទ្ធប្រឆាំង​ក្រុមភេរវនិយម។ របបសឹកថ្មី​មិនបាន​បញ្ជាក់ចំៗ ឈ្មោះប្រទេស​រុស្ស៊ី ប៉ុន្តែ គួរបញ្ជាក់ថា នៅប៉ុន្មាន​ម៉ោង​មុន​រដ្ឋប្រហារ​យោធា​ទម្លាក់​មេដឹកនាំ​របបសឹក លោក Paul Henri Sandaogo Damiba ប្រជាជន​បួគីណាហ្វាសូ​ជាច្រើនរយនាក់​បាន​លើកបក់ទង់ជាតិរុស្ស៊ី នៅក្នុង​បាតុកម្ម​នៅ រដ្ឋធានី អួហ្កាឌូហ្កូ។ ពួកគេ​បាន​ស្រែកទាមទារ​ឲ្យ​កងទ័ពបារាំង​ចាកចេញពី បួគីណាហ្វាសូ និងបិទបញ្ចប់​ប្រតិបត្តិការយោធា​របស់ខ្លួន នៅក្នុង​តំបន់សាហែល នៅអាហ្វ្រិក។ លើសពីនោះ ក្រុមបាតុករ ដែលលើកគ្រវី​ទង់ជាតិ​រុស្ស៊ី បានទាមទារ​ឲ្យថ្នាក់ដឹកនាំ​ថ្មី បង្កើនការសហការយោធា​ជាមួយ​រុស្ស៊ី ដែល​កំពុង​បង្កើនវត្តមាន​របស់ខ្លួន នៅតាម​បណ្តាប្រទេសអាហ្វ្រិក ដែល​កំពុង​មានចំណងសហប្រតិបត្តិការ​យោធា​ជាមួយបារាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ