អានតួអត្ថបទ
អាមេរិក-COP២៧

អេហ្ស៊ីប-COP២៧៖ប្រធានាធិបតីអាមេរិកអំពាវនាវឲ្យគ្រប់ប្រទេសធ្វើបន្ថែមទៀតដើម្បីអាកាសធាតុ

សន្និសីទអន្តរជាតិ​ប្រចាំ​ឆ្នាំ​ស្តីពី​អាកាសធាតុ COP២៧ ដែល​កំពុង​រៀបចំ​ធ្វើ​នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប​បាន​ឈាន​ចូល​ដល់​សប្តាហ៍​ទី២ ក្នុង​ថ្ងៃ​សៅរ៍ ទី១២ វិច្ឆិកា។ នៅ​ថ្ងៃ​សុក្រ ទី១១ វិច្ឆិកា ប្រធានាធិបតី​អាមេរិក​លោក​ចូ បៃដិន​បាន​អញ្ជើញ​ទៅ​ចូល​រួម​ផ្ទាល់​នៅ​ក្នុង​សន្និសីទ មុន​នឹង​បន្ត​ដំណើរ​ទៅ​ចូល​រួម​កិច្ចប្រជុំកំពូលអាស៊ាន​ក្នុង​ប្រទេស​កម្ពុជា និង​កិច្ចប្រជុំកំពូល G២០ ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​នា​សប្តាហ៍​ក្រោយ។ លោក​បៃដិន​បាន​អំពាវនាវ​ឲ្យ​ប្រទេស​ទាំង​អស់​ប្រឹងប្រែង​បន្ថែម​ទៀត​ដើម្បី​អាកាសធាតុ។ តែ​លោក​បាន​រង​ការ​រិះគន់​ក្នុង​រឿង​ជំនួយ​អាមេរិក​ដើម្បី​ជួយ​ក្រុម​ប្រទេស​ក្រីក្រ។

 ប្រធានាធិបតី​អាមេរិក​លោក​ចូ បៃដិន​។
ប្រធានាធិបតី​អាមេរិក​លោក​ចូ បៃដិន​។ AP - Peter Dejong
ផ្សាយពាណិជ្ជកម្ម

« វិបត្តិ​អាកាសធាតុ​ទាក់ទង​នឹង​សន្តិសុខ​មនុស្ស សន្តិសុខ​សេដ្ឋកិច្ច សន្តិសុខជាតិ និង​ជីវិត​របស់​ផែនដី » នេះ​ជា​ការ​ថ្លែង​របស់​ប្រធានាធិបតី​អាមេរិក​លោក​ចូ បៃដិន​នៅ​ចំពោះ​មុខ​វេទិកា​នៃ​សន្និសីទអន្តរជាតិ​ស្តីពី​អាកាសធាតុ COP២៧។ តាម​លោក​បៃដិន គ្រប់​ប្រទេស​ទាំង​អស់​ត្រូវ​តែ​គិតគូរ​បន្ថែម​ទៀត​ពី​បញ្ហា​អាកាសធាតុ និង​ថា សង្រ្គាម​អ៊ុយក្រែន​ជា​សក្ខីកម្ម​ដែល​ទាញ​សញ្ញា​អាសន្ន​កាន់​តែ​ខ្លាំង​ឲ្យ​ពិភពលោក​រួសរាន់​ចាកចេញ​ពី​ការ​ពឹង​លើ​ថាមពល​ផូស៊ីល។ នៅ​ក្នុង​ន័យ​នេះ លោក​បៃដិន​បាន​អួតអាង​ពី​មហា​ផែនការ​វិនិយោគ​របស់​លោក​ដើម្បី​អាកាសធាតុ​ដែល​មាន​ទឹកប្រាក់​ជិត ៣៧០ ០០០លានដុល្លារ។

ទោះ​បី​ជា​លោក​បៃដិន​មិន​បាន​លើក​ចំ​ឈ្មោះ​ប្រទេស​ណា​មួយ​នៅ​ក្នុង​ការ​អំពាវនាវ​របស់​លោក​ក៏​ដោយ​ក៏​គេ​ដឹង​ថា លោក​ចង់​និយាយ​សំដៅ​លើ​ក្រុម​ប្រទេស​ដែល​កំពុង​មាន​សេដ្ឋកិច្ច​រីកលូតលាស់​ខ្លាំង​ដូច​យ៉ាង​ចិន និង​ឥណ្ឌា។ គួរ​បញ្ជាក់​ថា អាមេរិក និង​ចិន​ជា​ប្រទេស​ដែល​បាន​ចាក់ចោល​ឧស្ម័ន​ផ្ទះកញ្ចក់​លំដាប់ទី១ និង​ទី២ ក្នុង​លោក។ អ៊ីចឹង​ហើយ​បាន​ជា​កិច្ចសហប្រតិបត្តិការ​រវាង​ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​ប៉េកាំង​ក្នុង​រឿង​អាកាសធាតុ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​រឿង​សំខាន់​ខ្លាំង​ណាស់។ គេ​សង្ឃឹម​ថា រឿង​អាកាសធាតុ​នេះ​អាច​ជា​ប្រធានបទ​មួយ​នៃ​ជំនួប​ផ្ទាល់​រវាង​លោក​បៃដិន និង​សមភាគី​ចិន​លោក​ស៊ី ជីនពីង​នា​កិច្ចប្រជុំកំពូល G២០ ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​នៅ​សប្តាហ៍​ក្រោយ។

ដោយឡែក រឿង​ជំនួយ​សម្រាប់​ក្រុមប្រទេស​ក្រីក្រ​ដើម្បី​ឲ្យ​ពួក​គេ​សម្រប​ខ្លួន និង​ប្រយុទ្ធប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ក៏​ត្រូវ​បាន​លោក​បៃដិន​លើក​ឡើង​ដែរ។ តែ​លោក​បាន​រង​ការ​រិះគន់​នៅ​ក្នុង​រឿង​ជំនួយ​នេះ។ មូលហេតុ គឺ​មក​ពី​អាមេរិក​មិន​បាន​គោរព​តាម​ពាក្យ​សន្យា​របស់​ខ្លួន​នៅ​ក្នុង​ក្របខណ្ឌ​នៃ​ការ​សន្យា​របស់​ក្រុម​ប្រទេស​អ្នកមាន​ដែល​ត្រូវ​ផ្តល់​លុយ​ចំនួន ១០០ ០០០លានដុល្លារ​ក្នុង​មួយ​ឆ្នាំ​ទៅ​ឲ្យ​ក្រុម​ប្រទេស​ក្រីក្រ។ ជា​ថ្មី​ម្តង​ទៀត លោក​បៃដិន​បាន​សន្យា​ចូលរួម​វិភាគទាន​ចំនួន ១១ ៤០០លានដុល្លារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ