អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សន្និសីទ​អាកាសធាតុ Cop27ចាប់ផ្តើមបើកទ្វារ ក្នុង​បរិបទ​សង្រ្គាមអ៊ុយក្រែន និង​វិបត្តិ​ថាមពល

ចុះផ្សាយ​នៅ​ថ្ងៃ៖

ចាប់ពី​ថ្ងៃអាទិត្យទី ៦វិច្ឆិកា និងនៅក្នុង​រយៈពេល ២សប្តាហ៍ អេហ្ស៊ីប​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ សន្និសីទ​អន្តរជាតិ​ស្តីពី​អាកាសធាតុ Cop27។ មនុស្ស​ជាង ៣ម៉ឺន​នាក់ ដែលអាច​ជាប្រមុខរដ្ឋាភិបាល សង្គមស៊ីវិល និង​អ្នកជំនាញអាកាសធាតុ មក​ពី​ប្រទេស​ជិត​១២០ ត្រូវ​ចូលរួម​ក្នុង​សន្និសីទដែលរៀបនៅ Sharm el-sheikh ទីក្រុង​ជាប់មាត់សមុទ្រ​របស់អេហ្ស៊ីប។ នៅក្នុង​កាលៈទេសៈ​ដែល​សកម្មភាពដើម្បីអាកាសធាតុ​សំខាន់ និងបន្ទាន់ ដើម្បី​ជៀសវាងគ្រោះមហន្តរាយពិភពលោក បញ្ហាភូមិសាស្រ្ត​នយោបាយ ជាពិសេស​សង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន ដែលកំពុង​បង្កើត​វិបត្តិស្បៀង និង​ថាមពល​ឡើងថ្លៃ កំពុង​ធ្វើ​ឲ្យ​បញ្ហា​អាកាសធាតុ ក្លាយជា​សំណុំរឿងបន្ទាន់បន្សំ។ តើគេអាចទន្ទឹងរង់ចាំបាន​អ្វីខ្លះ ពី​សន្និសីទ​អន្តរជាតិ​ស្តីពីអាកាសធាតុ នៅអេហ្ស៊ីប Cop27?

ផ្ទាំងសញ្ញា​សន្និសីទអន្តរជាតិស្តីពីអាកាសធាតុ​នៅប្រទេស​អេហ្ស៊ីប Cop27បើកសម្ពោធនៅថ្ងៃអាទិត្យ ទី ៦វិច្ឆិកា ២០២២
ផ្ទាំងសញ្ញា​សន្និសីទអន្តរជាតិស្តីពីអាកាសធាតុ​នៅប្រទេស​អេហ្ស៊ីប Cop27បើកសម្ពោធនៅថ្ងៃអាទិត្យ ទី ៦វិច្ឆិកា ២០២២ REUTERS - SAYED SHEASHA
ផ្សាយពាណិជ្ជកម្ម

ចាប់ពីថ្ងៃអាទិត្យ ទី​៦​វិច្ឆិកានេះ និងក្នុងរយៈពេល​២សប្តាហ៍ មនុស្ស​ជាង ៣ម៉ឺននាក់ នឹង​ចូលរួម​ក្នុង​សន្និសីទអន្តរជាតិ​ស្តីពីអាកាសធាតុ Cop27 នៅទីក្រុង​ជាប់មាត់សមុទ្រ របស់​អេហ្ស៊ីប។

នៅ​ថ្ងៃដំបូង ថ្ងៃអាទិត្យនេះ រដ្ឋមន្រ្តី​ការបរទេសអេហ្ស៊ីប និងជាប្រធាន​សន្និសីទ និង​លោក​ Simon Stiell មន្ត្រី​ទទួល​បន្ទុក​កិច្ចការ​អាកាសធាតុ​របស់​អង្គការសហប្រជាជាតិ​នឹង​ឡើង​ថ្លែង​សុន្ទរកថា បើកសម្ពោធជាផ្លូវការ ប៉ុន្តែ  សន្និសីទអន្តរជាតិ ស្តីពី​អាកាសធាតុ នឹង​ចាប់ផ្តើម​មែនទែន នៅ​ថ្ងៃចន្ទ ស្អែក​នៅ​ពេល​មេដឹកនាំ​នៅក្នុងពិភពលោក​ឡើង​ថ្លែងសារ ម្តងម្នាក់ៗ រយៈពេល​៥នាទី។ បន្ទាប់ពី​ការឡើង​ថ្លែងសុន្ទរកថា បន្តបន្ទាប់គ្នា​របស់​មេដឹកនាំ​ក្នុងពិភពលោក ដែលត្រូវ​ចប់​នៅថ្ងៃ​អង្គារ សន្និសីទ ការចរចា ពិភាក្សា តថ្លៃគ្នា រវាង​អ្នកជំនាញ សង្គមស៊ីវិល និង​អ្នកតំណាង​រដ្ឋាភិបាល​ប្រទេស​នៅក្នុង​ពិភពលោក ក៏ត្រូវចាប់ដំណើរការ។

សន្និសីទអាកាសធាតុ នៅអេហ្ស៊ីប Cop27 ត្រូវ​គេ​ចាត់ទុក​ជា​សន្និសីទ​អន្តរកាល រវាង​សន្និសីទCop26​នៅប្រទេស​អង់គ្លេស កាលពី​ឆ្នាំមុន និង​ Cop28​នៅប្រទេស​អេមីរ៉ាតអារ៉ាប់រួម នៅ​ឆ្នាំក្រោយ។

តាមគម្រោង Cop27 នឹង​ផ្តោតទៅលើការប្រែក្លាយ ការសន្យា ដែល​គេ​ធ្លាប់​បាន​ធ្វើ នៅ​ក្នុងសន្និសីទកាលពី​ឆ្នាំមុន នៅ​ទីក្រុង​Glasgow ឲ្យទៅជាការអនុវត្តជាក់ស្តែង។

នៅCop26 នៅ​ប្រទេស​អង់គ្លេស គេ​បានសន្យា៖

- កាត់បន្ថយ ការប្រើប្រាស់ធ្យូងថ្ម ដែលជាប្រភពបញ្ចេញឧស្ម័នកាបូនិក​ច្រើនជាងគេ។

-បញ្ឈប់​ការកាប់បំផ្លាញព្រៃឈើ យ៉ាងយូរបំផុត នៅ​ឆ្នាំ ២០៣០។

-កាត់បន្ថយ​ការបញ្ចេញឧស្ម័នមេតាន ឲ្យបាន​៣០%​ពីពេលនេះដល់​ឆ្នាំ ២០៣០ ហើយប្រទេស​នីមួយៗ​ត្រូវ​ដាក់​ផែនការ​ស្តីពីគោលដៅថ្មី ដើម្បី កាត់បន្ថយ​ឧស្ម័នផ្ទះកញ្ចក់ ទៅកាន់​អង្គការ​សហប្រជាជាតិ។

ដើម្បីប្រែក្លាយការសន្យា​ឲ្យទៅជា​ការអនុវត្ត​សកម្មភាព​ជាក់ស្តែង គេត្រូវ​និយាយ​ទៅដល់​ថវិកា។ រហូតមក ប្រទេសកំពុង​អភិវឌ្ឍ ប្រទេស​ក្រីក្រ ឬ​ក្រុមប្រទេស​ភាគខាងត្បូង ដែល​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់​តិចជាងគេ ប៉ុន្តែ រងគ្រោះខ្លាំងជាងគេ​ដោយសារការប្រែប្រួលអាកាសធាតុ តែង​ទាមទារឲ្យក្រុមប្រទេស​អ្នកមាន គោរពការសន្យាក្នុងរឿងផ្តល់ជំនួយ​ផ្នែកថវិកា។ ខុសប្លែក Cop26 កាលពីឆ្នាំ​មុន ក្រុមប្រទេស​កំពុងអភិវឌ្ឍ​នឹង​ទាមទារ ឲ្យ​គេ​យកចិត្តទុកដាក់​ពិភាក្សា​ជាពិសេសពី កញ្ចប់​ថវិកា​ សម្រាប់​ការខាតបង់ និងការខូចខាត ដោយសារ​ការប្រែប្រួលអាកាសធាតុ។ សម្រាប់​ប្រទេស​កំពុងអភិវឌ្ឍ ប្រទេស​ក្រីក្រ ដែល​រងគ្រោះ​ដោយសារ​ភាពអត់ឃ្លាន បង្កឡើង​ដោយសារ​គ្រោះទឹកជំនន់ និង​ភាពរាំងស្ងួត គេ ចង់បាន​ថវិកាភ្លាមៗ សម្រាប់​ជួយ​ពួកគេ​ដែលកំពុង​រងគ្រោះរួចទៅហើយ ប៉ុន្តែ មិនមែន​ថវិកា​សម្រាប់​ជួយ​នៅថ្ងៃ​អនាគត​នោះទេ។

សារៈសំខាន់​នៃ​សន្និសីទ​ស្តីពី​អាកាសធាតុ នៅ​អេហ្ស៊ីបCop27

ដោយមើលទៅលើ​គ្រោះមហន្តរាយធម្មជាតិ​ដែលកើតមាន​កាន់តែច្រើន និង​ញឹកញាប់​នៅក្នុង​ពិភពលោក សព្វថ្ងៃនេះ ដូចជា បញ្ហា​ទឹកជំនន់ដ៏ធ្ងន់ធ្ងរ នៅប៉ាគីស្ថាន អាកាសធាតុ​ក្តៅហួតហែង​នៅអាហ្វ្រិក ដែលកំពុង​បង្ក​ឲ្យមាន​គ្រោះអត់ឃ្លាន ជំងឺរាតត្បាត និង​ភាពរាំងស្ងួត អាកាសធាតុក្តៅខ្លាំង មិនធ្លាប់ ​នៅប្រទេស​ចិន ឥណ្ឌា និងនៅ​ទឹកដីអឺរ៉ុប សន្និសីទ​អន្តរជាតិ ស្តីពី​អាកាសធាតុ នៅអេហ្ស៊ីប​ដើរតួនាទី កាន់តែ​សំខាន់ មិនថា ក្នុង​ទិដ្ឋភាព​ហិរញ្ញវត្ថុ និងទិដ្ឋភាព​នយោបាយ ដើម្បី​កាត់បន្ថយ​ការបញ្ចេញឧស្ម័ន​ផ្ទះកញ្ចក់​ដែលជា​កត្តា​ឲ្យធ្វើផែនដី​ឡើងកំដៅ និងប្រែប្រួលអាកាសធាតុ។

ដូចបាន​និយាយ​ខាងដើម នៅ​Cop27 លើកនេះ ក្រុមប្រទេស​ក្រីក្រ ប្រទេស​កំពុង​អភិវឌ្ឍ ចង់​ទាមទារ ឲ្យ​គេ​បង្កើត​ឲ្យបាន នូវ​យន្តការ​ហិរញ្ញវត្ថុ ដើម្បី​បង់ថ្លៃជំងឺចិត្ត ដល់​ប្រទេស​ដែលបាត់បង់ ​ខូចខាត ដោយសារ​គ្រោះមហន្តរាយធម្មជាតិ ដែលជាលទ្ធផល​នៃការប្រែប្រួលអាកាសធាតុ។ សម្រាប់​អគ្គលេខាធិការអង្គការ​សហប្រជាជាតិ ការពិភាក្សា​ពី​កញ្ចប់​ថវិកា​សម្រាប់​ប្រទេស​ជួយប្រទេស​ដែលរងគ្រោះ សំខាន់​ពិតមែនហើយ ប៉ុន្តែ គេ​ក៏មិនត្រូវ​ភ្លេច ផ្តោតសំខាន់​ពី វិបត្តិ​ប្រែប្រួល​អាកាសធាតុ​នោះទេ មានន័យថា គ្រប់​ប្រទេស​នៅក្នុងពិភពលោក​មិនត្រូវភ្លេច ការប្រឹងប្រែង បន្ថែមទៀត របស់ខ្លួន ដើម្បី​កាត់បន្ថយ ឧស្ម័នផ្ទះកញ្ចក់ និងលុបបំបាត់​ការកាប់បំផ្លាញព្រៃឈើនោះទេ។

នៅមុន​សន្និសីទអាកាសធាតុ​នៅអេហ្ស៊ីប ទៅទៀត អ្នកជំនាញ​ផ្នែក​អាកាសធាតុ​បាន​ចេញរបាយការណ៍ ដែលថា ពិភពលោកត្រូវតែកាត់បន្ថយ​កម្រិត​បញ្ចេញឧស្ម័ន​កាបូនិក​ចំនួន ៤៥% ពីនេះដល់ឆ្នាំ​២០៣០ ទើបអាច​ទប់សីតុណ្ហភាពផែនដី​កុំ​ឲ្យ​ឡើងលើសពី ១,៥°c។ ប៉ុន្តែ ផ្ទុយទៅវិញ យោងតាម​តួលេខបច្ចុប្បន្ននេះ ការបញ្ចេញ​ឧស្ម័ន​កាបូនិក មិនបានចុះថយទេ គឺមានតែ​កើនឡើង ចំនួន ១០,៦%។ គេវាយតម្លៃដែរថា​ត្រឹម​កម្រិត​ប្រឹងប្រែងសព្វថ្ងៃនេះ សីតុណ្ហភាពរបស់ផែនដីយើង អាចនឹង​ឡើងរហូតដល់ ២,៥°c បន្ថែមទៀត នៅរវាងដំណាច់សតវត្សទី​២១។ សម្រាប់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ តួលេខនេះ ជាសញ្ញាអាសន្ន​ដល់​ជីវិត​មនុស្ស​នៅលើ​ផែនដី ព្រោះថា សព្វថ្ងៃនេះ សីតុណ្ហភាព​លើ​ផែនដី កើនឡើង​ត្រឹម ១,២​អង្សា គ្រោះមហន្តរាយធម្មជាតិ ដូចជាគ្រោះទឹកជំនន់ អាកាសធាតុក្តៅស្ងួតហួតហែង កើតមាន​កាន់តែច្រើន និង​មានកម្លាំងខ្លាំងជាងមុន ចុះទម្រាំ កំដៅផែនដីកើនឡើង ដល់​ទៅ ២,៥ អង្សា តើអនាគត​មនុស្សជាតិ​នឹងទៅជាយ៉ាងណា។

កាលពី​ថ្ងៃ​ព្រហស្បតិ៍ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ បានរំលឹកសាជាថ្មីថា Cop 27ជា​ឱកាស​កាន់តែ​កម្រ ដើម្បី ឲ្យមេដឹកនាំ​ក្នុងពិភពលោក ភ្ញាក់រលឹក ដាក់គោលដៅ អនុវត្តបន្ទាន់ សកម្មភាពជាក់ស្តែង កាត់បន្ថយ​ឧស្ម័នកាបូនិក ដើម្បី​ ជៀសវាង​គ្រោះមហន្តរាយ រលត់​ជីវិតមនុស្ស​ នៅលើ​ផែនដី។

សង្រ្គាមរុស្ស៊ីឈ្លានពាន​អ៊ុយក្រែនជំរុញឲ្យប្រទេស​អឺរ៉ុប​ត្រលប់ទៅប្រើថាមពលធ្យូងថ្ម 

ដូចសន្និសីទ​មុនៗ គេ​ប្រហែល​មិន​សង្ឃឹម​ច្រើន​ពីលទ្ធផល​វិជ្ជមាន​នៃ​សន្និសីទ​អាកាសធាតុ​នៅ​ប្រទេស​អេហ្ស៊ីប។ មានហេតុផល និង​កត្តា​ជាច្រើន​ដែលធ្វើ​ឲ្យ​គេ​មិនអាច​សង្ឃឹមច្រើន។

ទី១ ប្រទេសមហាអំណាច​ឧស្សាហកម្ម ទាំង ២០ ដែល​តំណាង​ឲ្យការបញ្ចេញ​ឧស្ម័ន​កាបូនិក ចំនួន​៨០%​នៅក្នុងពិភពលោក អវត្តមាននៅក្នុង​សន្និសីទអាកាសធាតុ​នៅអេហ្ស៊ីប។ តាម​អ្នករៀបចំ​អេហ្ស៊ីប មេដឹកនាំ​ប្រទេស​ចិន ឥណ្ឌា កូរ៉េខាងត្បូង ជប៉ុន កាណាដា អូស្ត្រាលី ម៉ិចស៊ិក ជាដើម គ្មានវត្តមាន​នៅក្នុង​សន្និសីទ​នៅអេហ្ស៊ីប។

ទី ២ សង្រ្គាម​រុស្ស៊ី ឈ្លានពាន​អ៊ុយក្រែន និង​វិបត្តិថាមពល ដែលធ្វើ​ឲ្យកើតមាន​បញ្ហា​ទំនិញឡើងថ្លៃ កំពុង​ធ្វើ​ឲ្យពិភពលោក​វក់វី មិន​សូវ​យកចិត្ត​ទុកដាក់​នឹង​រឿង​អាកាសធាតុ​តទៅទៀត។ ក្រុមប្រទេស​អ្នកមាន ដែលជា​អ្នកទទួលខុសត្រូវ​បញ្ចេញឧស្ម័នពុល​ច្រើនជាងគេ ធ្លាប់បាន​សន្យា​ជួយ​ក្រុមប្រទេស​ក្រីក្រ ដែលរងគ្រោះដោយសារ​ការប្រែប្រួលអាកាសធាតុ ប៉ុន្តែ ដោយសារ​តែ​ស្ថានការណ៍​នយោបាយ សេដ្ឋកិច្ច​ក្នុង​ស្រុក ជាពិសេស​នៅអឺរ៉ុប​ដែលកំពុង​ជួប​បញ្ហា ដោយសារ​តែសង្រ្គាម​អ៊ុយក្រែន អឺរ៉ុប និង​អាមេរិក​ជាដើម​ហាក់ភ្លេច​ហើយ​ការសន្យារបស់​ខ្លួន​ទាក់ទង​នឹង​បញ្ហា​អាកាសធាតុ។

កុំ​ថា​ឡើយ​រឿង​ថវិកាជួយប្រទេសក្រីក្រ សូម្បី​ការសន្យា​កាត់បន្ថយ​ការបញ្ចេញឧស្ម័ន​កាបូនិក ក៏ត្រូវ​បាន​ក្រុមប្រទេស​អ្នកមាន​ខ្ជីខ្ជា លែង​គោរពដែរ។ ឧទាហរណ៍ ដោយសារ​តែ​សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន ដែល​ធ្វើ​ឲ្យ​អឺរ៉ុប​លែង​ទិញ​ប្រេង និង​ឧស្ម័ន​របស់​រុស្ស៊ី ប្រទេស​នៅអឺរ៉ុប​ជាច្រើន​បានបង្កើន​ការទិញឧស្ម័នពីប្រទេស​ឆ្ងាយៗ និង​ងាក​បែរទៅ​ប្រើថាមពល​បាន​មកពីធ្យូងថ្មវិញ ដើម្បី​ជំនួសថាមពល​រុស្ស៊ី ទាំងដឹងថា ធ្យូងថ្ម​បញ្ចេញ​ឧស្ម័នកាបូនិកខ្លាំងជាងគេ និង​គ្រោះថ្នាក់ធ្វើ​ឲ្យ​មានការប្រែប្រួលអាកាសធាតុ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ