អានតួអត្ថបទ

ទុយនីស៊ី៖អាមេនីប្រគល់ប្រធានប្តូរវេនហ្រ្វង់កូហ្វូនីទៅឲ្យទុយនីស៊ី ហើយអគ្គលេខាធិការផុតអាណត្តិបន្តអាណត្តិថ្មី

ថ្ងៃ​អាទិត្យ ទី២០ វិច្ឆិកានេះ ជា​ថ្ងៃ​ទី២ និង​ជា​ថ្ងៃចុងក្រោយ​នៃ​កិច្ចប្រជុំកំពូលលើកទី១៨​របស់​អង្គការ​អន្តរជាតិ​នៃ​ក្រុមប្រទេស​និយាយភាសាបារាំង​ហ្រ្វង់កូហ្វូនី​រៀបចំ​លើ​កោះ​ជែរបាស្ថិតប៉ែកខាងត្បូង ប្រទេស​ទុយនីស៊ី។ ចាប់​ពី​ពេល​នេះ​ទៅ ទុយនីស៊ី​នឹង​ធ្វើ​ជា​ប្រធានប្តូរវេនហ្រ្វង់កូហ្វូនីរយៈពេល ២ឆ្នាំ​ដោយ​បន្ត​ពី​ប្រទេស​អាមេនី។ អគ្គលេខាធិការផុតអាណត្តិ​បន្ត​អាណត្តិថ្មី​ចំនួន ៤ឆ្នាំ​បន្ថែម​ទៀត

អគ្គលេខាធិការ​ថ្មីរបស់​អង្គការហ្រ្វង់កូហ្វូនីជាអគ្គលេខាធិការផុតអាណត្តិលោក​ស្រីល្វីស មូស្ហ៊ីគីវ៉ាបូ។
អគ្គលេខាធិការ​ថ្មីរបស់​អង្គការហ្រ្វង់កូហ្វូនីជាអគ្គលេខាធិការផុតអាណត្តិលោក​ស្រីល្វីស មូស្ហ៊ីគីវ៉ាបូ។ LUDOVIC MARIN / AFP
ផ្សាយពាណិជ្ជកម្ម

អគ្គលេខាធិការ​ថ្មីរបស់​អង្គការហ្រ្វង់កូហ្វូនីជាអគ្គលេខាធិការផុតអាណត្តិលោក​ស្រីល្វីស មូស្ហ៊ីគីវ៉ាបូ។ នេះ​ក៏​ដោយសារ​តែ​លោកស្រី​បាន​ឈរឈ្មោះជា​ថ្មី និង​គ្មាន​បេក្ខជនគូប្រជែង។ ក្រុមប្រទេស​សមាជិក​បាន​​បោះឆ្នោត​ជ្រើសតាំង​លោកស្រីល្វីស មូស្ហ៊ីគីវ៉ាបូឲ្យ​កាន់​តំណែង​អាណត្តិថ្មី​សម្រាប់ ៤ឆ្នាំ​បន្ថែម​ទៀត។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្តីលោកស្រី​មូស្ហ៊ីគីវ៉ាបូមិន​ភ្លេច​ផ្សព្វផ្សាយ​នូវ​របាយការណ៍​មួយ​ស្តីពី​តុល្យការនៃ​ការ​កាន់តំណែងអាណត្តិទី១ រយៈពេល ៤ឆ្នាំ​ពី​ឆ្នាំ ២០១៩ ដល់​ឆ្នាំ ២០២២។

នៅ​ក្នុង​របាយការណ៍​កម្រាស់ ៤៨ទំព័រ លោកស្រី​មូស្ហ៊ីគីវ៉ាបូ​បាន​លើកឡើង​ពី​សមិទ្ធិផល​ដែល​លោកស្រី​សម្រេច​បាន​ក្នុង​រយៈពេល ៤ឆ្នាំ​កន្លង​ទៅ​ និង​បញ្ហា​ប្រឈម រួម​ទាំង​កម្មវត្ថុ​ដែល​អង្គការហ្រ្វង់កូហ្វូនីត្រូវ​បន្តដោះស្រាយ និងបន្តអនុវត្ត​នា​ពេល​អនាគត។ លោកស្រី​មូស្ហ៊ីគីវ៉ាបូ​បាន​បញ្ជាក់​ច្បាស់ៗនៅ​ក្នុង​របាយការណ៍​​ថា ការផ្លាស់ប្តូរដែលលោកស្រី​ចង់​បាននៅ​ក្នុង​កំណែទម្រង់ផ្ទៃក្នុង​របស់​អង្គការ​ហ្រ្វង់កូហ្វូនី​​បានក្លាយជាការពិត និង​ថា គេត្រូវ​ធ្វើ​ឲ្យ​បាន​ច្រើន​ និង​ត្រូវ​ទៅ​ឲ្យ​បាន​ឆ្ងាយ​ជាង​នេះ។

កំណែទម្រង់​ដែល​​លោកស្រី​មូស្ហ៊ីគីវ៉ាបូ​ធ្វើ​បាន​សម្រេច  គឺ​កំណែទម្រង់​លើ​ប្រព័ន្ធ​ហិរញ្ញវត្ថុ ឬ​ការ​លុប​ចោល​នូវ​កម្ម​វិធី​មួយ​ចំនួន​​ដែល​មិន​ចាំ​បាច់ដោយផ្តោតសំខាន់លើការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពវិញ។ សម្រាប់​អាណត្តិថ្មី​នៅ ៤ឆ្នាំ​ខាង​មុខ ​លោកស្រី​មូស្ហ៊ីគីវ៉ាបូចង់​ទៅ​ឲ្យ​បាន​កាន់​តែ​ឆ្ងាយ​ជាមួយ​នឹង​គម្រោងសំខាន់ៗ ដូច​ជា​ការ​បង្កើត​មូលនិធិ​សម្រាប់​ជួយ​ពង្រឹង​សេដ្ឋកិច្ច​របស់​ស្រ្តី​នៅ​តាម​ទីជនប​ទ ការ​បង្កើត​វិទ្យុ​សម្រាប់​ក្រុម​យុវជន​នៅ​តំបន់​សាហ៊ែលដែល​អាច​ស្តាប់​បាន​នៅ​ក្នុង​ ៥ប្រទេសអា​ហ្រ្វិកក្នុង​គោលដៅ​បង្កើត​ឲ្យ​មាន​ការ​ដោះដូរ​រវាង​ក្រុម​យុវជន​ដែល​ចែករំលែកវាសនាដូច​គ្នា។

គួរ​រម្លឹក​ថា អង្គការហ្រ្វង់កូហ្វូនីជា​លំហ​ប្រមូល​ផ្តុំ​ដោយ​ប្រទេស​សមាជិក​ពេញសិទ្ធិ មិនពេញសិទ្ធិ និង​សង្កេតការណ៍​ចំនួន ៨៨ប្រទេស និងមាន​អ្នកនិយាយ​ភាសា​បារាំង​ចំនួន ៣២១លាននាក់​គិត​ត្រឹម​ឆ្នាំ ២០២២។ ​ចំណែកកម្មវត្ថុ​របស់ហ្រ្វង់កូហ្វូនីនៅ​ឆ្នាំ ២០៥០ គឺ​ចង់​បង្កើន​ឲ្យ​មាន​អ្នកនិយាយ​ភាសាបារាំងរហូតដល់​ចំនួន ៧៥០លាននាក់។

ជំនួប​ជា​លក្ខណៈ​ទ្វេភាគី និង​ព្រឹត្តិការណ៍មិន​បាន​រង់ចាំ​

ជំនួប​ជា​លក្ខណៈ​ទ្វេភាគី​ដែល​គេ​បាន​ឃើញ​នា​ឱកាស​កិច្ចប្រជុំកំពូល​អង្គការ​ហ្រ្វង់កូហ្វូនី​ច្រើន​ជាជំនួប​រវាង​ប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង​ជាមួយ​ថ្នាក់ដឹកនាំ​អាហ្រ្វិក ពិសេស​ជាមួយ​ប្រធានាធិបតី​ទុយនីស៊ី​លោក​កាអ៊ីស សៃអ៊ីដដែល​ជា​ម្ចាស់ផ្ទះ។ ចូរកុំ​ភ្លេច​ថា ចំនួន​​អ្នក​និយាយ​ភាសា​បារាំងភាគ​ច្រើន​នៅ​ក្នុង​លំហហ្រ្វង់កូហ្វូនី​ស្ថិត​នៅ​ក្នុង​ទ្វីបអាហ្រ្វិក។ លោក​ម៉ាក្រុង​បាន​យល់​ឃើញ​ថា ​នៅ​ទ្វីប​អាហ្រ្វិក ភាសាបារាំង​ជា​ភាសា​សកល​ពិតៗ។ ដោយឡែក​នៅ​ក្នុង​ជំនួប​ជាមួយ​សមភាគី​ទុយនីស៊ីលោក​កាអ៊ីស សៃអ៊ីដ លោក​ម៉ាក្រុង​បាន​បញ្ជាក់​ជា​ថ្មី​ពី​ការ​គាំទ្ររបស់​បារាំង​ចំពោះ​ប្រទេស និង​ប្រជាជន​ទុយនីស៊ី​នៅ​ចំពោះ​បញ្ហា​ដែល​ទុយនីស៊ី​បាន និងកំពុង​ជួប​ប្រទះ។

នៅ​ក្នុង​ន័យ​នេះ លោក​ម៉ាក្រុង​បាន​ប្រកាស​ផ្តល់​ប្រាក់​កម្ចី​ឲ្យ​ទុយនីស៊ី​ចំនួន​ ២០០លានអឺរ៉ូ និង​សាទរ​ពី​កិច្ចសន្ទនាបើក​ចំហ​ប្រកប​ដោយ​លក្ខណៈ​ស្ថាបនា​រវាង​ទុយនីស៊ី និង​អង្គការ​មូលនិធិរូបិយវត្ថុ​អន្តរជាតិ។ គួរ​រម្លឹកថា តាំង​ពី​ក្រោយ​បដិវត្តន៍អារ៉ាប់​ក្នុង​ឆ្នាំ ២០១១ ទុយនីស៊ី​បានធ្លាក់ក្នុង​វិបត្តិសេដ្ឋកិច្ច និង​​បានផុងខ្លួន​កាន់​តែ​ជ្រៅដែល​បង្ក​ដោយវិប​ត្តិ​កូវីដ១៩។ ឥឡូវ​នេះទៀត សង្រ្គាម​អ៊ុយក្រែន​បាន​រុញ​ទុយនីស៊ី​ឲ្យ​កាន់​តែ​ពិបាកដកដង្ហើម ព្រោះ​ប្រទេសអារ៉ាប់​មួយ​នេះ​បានពឹង​ខ្លាំង​លើ​ការ​នាំ​ចូលគ្រាប់ធញ្ញជាតិ និង​ប្រេងឥន្ធនៈ។

ទាក់ទង​នឹង​ព្រឹត្តិការណ៍​ដែលគ្រប់​គ្នា​ហាក់​មិន​បាន​រង់ចាំ​នៅ​ក្នុង​កិច្ចប្រជុំកំពូល​របស់​អង្គការ​ហ្រ្វង់កូហ្វូនី​ពេល​នេះ គឺមាន​ប្រទេស​ខ្លះ​បាន​ឆ្លៀត​ប្រើ​វេទិកាហ្រ្វង់កូហ្វូនី​ដើម្បី​ជម្រះបញ្ជី​រវាង​គ្នា។ ជាក់ស្តែង នាយករដ្ឋមន្រ្តី​សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោបាន​បដិសេធ​មិន​ឈរថតរូប​ក្បែរ​ប្រធានាធិបតី​រវ៉ាន់ដា​ដើម្បី​សម្តែង​ការ​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​រវ៉ាន់ដា។ ចំណែក​នាយករដ្ឋមន្រ្តី​អាមេនីដែល​ជា​ប្រធានប្តូរវេនផុតអាណត្តិរបស់​អង្គការហ្រ្វង់កូហ្វូនីបាន​បរិហារលើ​ការ​ដាក់​សម្ពាធ​មិនសមហេតុផល​របស់​​​អាហ្សែបៃហ្សង់ដែល​ជា​ប្រទេស​ក្បែរខាង។ បន្ទាប់​មក នាយករដ្ឋមន្រ្តី​អាមេនីរូបនេះ​ដដែល​ក៏​បាន​អំពាវនាវឲ្យ​សហគមន៍​អន្តរជាតិ​ថ្កោលទោស​អាហ្សែបៃហ្សង់​ដែល​បាន​កាន់កាប់​ទឹកដីមួយ​ភាគ​របស់​អាមេនី និង​ទាមទារ​ឲ្យ​កម្លាំងទ័ពអាហ្សែបៃហ្សង់​វិល​ត្រឡប់​ទៅ​ឈរ​ជើង​នៅ​ទីតាំង​ដើម​របស់​ខ្លួន​វិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ