អានតួអត្ថបទ
កុងហ្គោ-អង់ហ្គោឡា

អង់ហ្កោឡា​ប្រកាស​បញ្ជូន​ទ័ព​ទៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ

នៅប្រទេស​អង់ហ្គោឡា ប្រធានាធិបតី​បាន​ប្រកាស​កាលពីថ្ងៃសៅរ៍​ថា នឹង​បញ្ជូន​កងទ័ពទៅ​កាន់សាធារណរដ្ឋប្រជាធិបតេយ្យ កុងហ្គោ បន្ទាប់​ពី​បទឈប់បាញ់ ដែល​អង់ហ្គោឡា​ប្រឹងប្រែងចរចា ក្នុងនាមជា​អ្នកសម្របសម្រួល ត្រូវគេរំលោភ នៅថ្ងៃ​ដែលត្រូវចូលជាធរមាន នៅថ្ងៃអង្គារ ដើមសប្តាហ៍នេះ។ នៅ​តំបន់ភាគខាងកើត​របស់​កុងហ្គោ ដែលមាន​ព្រំដែនជាប់ប្រទេស​រវ៉ាន់ដា ទាហាន​រដ្ឋាភិបាល​កុងហ្គោ​កំពុង​ជាប់ដៃប្រយុទ្ធ​នឹង​ពួក​ឧទ្ទាម M23​ដែលកំពុងគំរាម​វាយដណ្តើម​យកGoma ​ទីក្រុង​ធំមួយទៀត​របស់​សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ ជាមួយ ការបញ្ជូនទ័ព​របស់​ប្រធានាធិបតី​អង់ហ្គោឡា តើ​សង្រ្គាម​ស៊ីវិល នៅ​ប្រទេស​កុងហ្គោ​នឹង​អាច​ប្រែក្លាយទៅជា​សង្រ្គាមថ្នាក់តំបន់​សាជាថ្មី?

ទាហាន​រដ្ឋាភិបាលកុងហ្គោ នៅ​ប្រចាំការ​ជាយក្រុង​Goma មិនឆ្ងាយប៉ុន្មានពីទីតាំង​របស់​ក្រុមឧទ្ទាមM23ដែលជា​ក្រុមប្រដាប់អាវុធ​ប្រឆាំង​រដ្ឋាភិបាលកុងហ្គោ
ទាហាន​រដ្ឋាភិបាលកុងហ្គោ នៅ​ប្រចាំការ​ជាយក្រុង​Goma មិនឆ្ងាយប៉ុន្មានពីទីតាំង​របស់​ក្រុមឧទ្ទាមM23ដែលជា​ក្រុមប្រដាប់អាវុធ​ប្រឆាំង​រដ្ឋាភិបាលកុងហ្គោ AP - Joseph Kay
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សេចក្តីប្រកាស​កាលពីថ្ងៃ សៅរ៍ ប្រធានាធិបតីរបស់​ប្រទេស​អង់ហ្គោឡា​បញ្ជាក់​ពីហេតុផល​ដែល​ត្រូវ​បញ្ជូន​កងទ័ព​អង់ហ្គោឡា ទៅ​កាន់​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ។

សម្រាប់​ប្រធានាធិបតី​អង់ហ្គោឡា បទឈប់បាញ់ នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ ដែល​អង់ហ្គោឡា​សម្របសម្រួល ជំរុញ ឲ្យមាន នៅ​ដើមសប្តាហ៍នេះ ត្រូវ​បាន​គេរំលោភ នៅថ្ងៃ​ដែលត្រូវ​បទឈប់បាញ់​ត្រូវ​ចូល​ជាធរមាន នៅថ្ងៃអង្គារ។ តាម​ប្រមុខដឹកនាំ​អង់ហ្គោឡា​ដដែល ការសម្រេច​បញ្ជូនទ័ព​អង់ហ្គោឡា​ទៅ​កុងហ្គោ ធ្វើឡើង​នៅក្រោយ​ការពិភាក្សា​ផ្ទាល់ ជាមួយ​រដ្ឋាភិបាល​កុងហ្គោ និងការជូនដំណឹង​ទៅកាន់​អង្គការ​សហប្រជាជាតិ និងប្រទេស​នៅក្នុងតំបន់។ ម្យ៉ាង វត្តមាន​របស់​កងទ័ពអង់ហ្គោឡា នៅ​ទឹកដី​កុងហ្គោ​នឹង​មាន​នាទី​ធានា​សន្តិសុខ​សម្រាប់​ក្រុមអ្នកតាមដាន ការគោរពបទឈប់បាញ់ ដែលកំពុង​មាន​វត្តមាន​នៅក្នុង​តំបន់​ដែល​មាន​ទាហាន​របស់​ក្រុមឧទ្ទាម M23។

នៅប៉ុន្មានថ្ងៃនេះ ក្រុមឧទ្ទាម M23​ដែលមាន​ឈ្មោះពេញ​ថា ចលនា ២៣​មីនា ដែលប្រមូលផ្តុំដោយ​ភាគច្រើន​ដោយ​ជនជាតិ​ពិន្ធុ ទុតស៊ីស និងជាក្រុមប្រឆាំង​រដ្ឋាភិបាល​កុងហ្គោ បានបន្ត​វាយប្រហារ​ទៅលើ​កាត់ផ្តាច់​ផ្លូវសំខាន់ៗ ទៅ​ទីក្រុង​Goma ទីក្រុង​ធំសំខាន់​របស់​កុងហ្គោ ក្បែរ​ព្រំដែន​រវ៉ាន់ដា។

តំបន់​ភាគខាងកើត​កុងហ្គោ បាន​ក្លាយជា​សមរភូមិ​ប្រយុទ្ធគ្នា​ដ៏ហិង្សា​រវាង​កងទ័ពរដ្ឋាភិបាល និង​ពួកឧទ្ទាម M23 បន្ទាប់ពី​ក្រុមនេះ ចាប់ផ្តើម​កាន់អាវុធ​សាជាថ្មី នៅឆ្នាំ ២០២១ ដើម្បីវាយប្រហារ​ទៅលើ​ផលប្រយោជន៍​របស់​រដ្ឋាភិបាលកុងហ្គោ ដែលពួកគេ​ចោទប្រកាន់​ថា គ្មានយុត្តិធម៌ និង​រើសអើង​មិន​បញ្ចូល​គ្នីគ្នា​របស់ពួកគេ​ទៅក្នុង​ជួរ​កងទ័ព​រដ្ឋាភិបាល។

រដ្ឋាភិបាល​កុងហ្គោ​ធ្លាប់​បាន​ចោទប្រកាន់ប្រទេស​រវ៉ាន់ដាថា ជាអ្នកនៅពីក្រោយ ផ្តល់ជំនួយយោធា​ដល់​ក្រុមឧទ្ទាម​M23 ដើម្បីបង្កអសន្តិសុខ សង្រ្គាមប្រដាប់អាវុធ ក្នុងទឹកដីកុងហ្គោ។ រដ្ឋាភិបាលរវ៉ាន់​បដិសេធ​ការចោទប្រកាន់ ប៉ុន្តែ វាយបកទៅវិញ ថា គឺ​រដ្ឋាភិបាល​កុងហ្គោ ដែល​ចិញ្ចឹម​ក្រុមប្រដាប់អាវុធ ហ៊ូទូ ដែលមួយចំនួន​ធ្លាប់​ចូលរួម​ប្រព្រឹត្ត​អំពើ​ប្រល័យពូជសាសន៍សម្លាប់ប្រជាជនទុតស៊ីស នៅ​រវ៉ាន់ដា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ