អានតួអត្ថបទ
លីប៊ី-នុយក្លេអ៊ែរ

ទីភ្នាក់ងារ AIEAថា អ៊ុយរ៉ាញ៉ូម ​២តោនកន្លះ​បាត់ខ្លួន​​ពីទីតាំងមួយ នៅក្នុងប្រទេស​លីប៊ី

ទីភ្នាក់ងារ​ថាមពលនុយក្លេអ៊ែរ​អន្តរជាតិ ហៅកាត់ថា AIEA បាន​ជូនដំណឹង​ទៅ​កាន់​ប្រទេស​សមាជិក កាលពីថ្ងៃ​ពុធទី ១៥​មីនាថា អ៊ុយរ៉ាញ៉ូម ចំនួន​២,៥​តោន​បាន​បាត់ខ្លួន​ពីទីតាំង​មួយកន្លែង នៅក្នុងទឹកដី លីប៊ី។ នៅក្នុង​សេចក្តីថ្លែងការណ៍ កាលពីថ្ងៃ​ពុធ ទីភ្នាក់ងារ​ថាមពល​នុយក្លេអ៊ែរ​អន្តរជាតិ បង្ហាញ​ក្តីបារម្ភ​ពីការរីកសាយភាយ​សារធាតុវិទ្យុសកម្ម និង​សន្តិសុខ​នុយក្លេអ៊ែរ នៅក្រោយ​អ៊ុយរ៉ាញ៉ូម​ជាង​២តោន​បាត់ខ្លួន​ពីទីតាំង នៅលីប៊ី។

អ៊ុយរ៉ាញ៉ូម ដែល​បាត់​ពី​កន្លែងស្តុក​នៅ​លីប៊ី ជា​ប្រភេទ​អ៊ុយរ៉ាញ៉ូម Yellow cake
អ៊ុយរ៉ាញ៉ូម ដែល​បាត់​ពី​កន្លែងស្តុក​នៅ​លីប៊ី ជា​ប្រភេទ​អ៊ុយរ៉ាញ៉ូម Yellow cake © Energy Fuels Inc./Flickr Nuclear Regulatory Commission/CC BY 2.0
ផ្សាយពាណិជ្ជកម្ម

ទីភ្នាក់ងារ​ថាមពល​បរិមាណូអន្តរជាតិ AIEA​បាន​ទាញ​សញ្ញាអាសន្ន ពីការបាត់អ៊ុយរ៉ាញ៉ូម ជាង​២​តោន នៅ​ប្រទេស​លីប៊ី។ នៅក្នុង​សេចក្តីថ្លែងការណ៍ ទៅកាន់​ប្រទេស​សមាជិក ទីភ្នាក់ងារ​AIEA បានបញ្ជាក់ថា នៅពេល​ក្រុមអធិការកិច្ច​របស់​AIEA ចុះ​ទៅ​ពិនិត្យផ្ទាល់ នៅ​ទីតាំង ស្តុកទុកអ៊ុយរ៉ាញ៉ូមក្នុង​ទឹកដី​លីប៊ី កាលពីថ្ងៃ​អង្គារ គេ​រកឃើញ​ថា កុងតឺណឺ​ចំនួន​១០ ដែល​ផ្ទុក​ធាតុ​អ៊ុយរ៉ាញ៉ូម ២,៥តោន​បាន​បាត់ខ្លួន ពី​ទីតាំង ដែល​រដ្ឋាភិបាល​លីប៊ី​ធ្លាប់​រាយការណ៍​ប្រាប់​ទៅ​AIEA។

តាម​ទីភ្នាក់ងារAIEA ក្រុមអ្នកជំនាញ​របស់​AIEA ទើប​ធ្វើដំណើរ​ទៅត្រួតពិនិត្យ​ធាតុអ៊ុយរ៉ាញ៉ូម នៅលើ​ទីតាំងមួយ ក្នុង​ទឹកដី​លីប៊ី កាលពីថ្ងៃ​អង្គារ បន្ទាប់ពី​ត្រូវ​លើកពេល មិនបាន​ចុះទៅត្រួតពិនិត្យ កាល​ពី​ឆ្នាំមុន ដោយសារ​បញ្ហា​អសន្តិសុខ​ក្នុង​ប្រទេស​លីប៊ី។

តាម​ទីភ្នាក់ងារAIEA អ៊ុយរ៉ាញ៉ូម ២តោនកន្លះ ដែល​បាត់ខ្លួន ពីទីតាំងស្តុកទុក នៅលីប៊ី​ជា​ប្រភេទ​អ៊ុយរ៉ាញ៉ូម (Yellow Cake) ដែល​ធ្លាប់​ឆ្លងកាត់​ដំណាក់កាល​បន្សុទ្ធ សម្រាប់កម្មវិធីនុយក្លេអ៊ែរ។ ដូច្នេះ ការបាត់ខ្លួន​របស់​អ៊ុយរ៉ាញ៉ូម នៅលីប៊ី​ធ្វើ​ឲ្យ​ទីភ្នាក់ងារAIEA​ព្រួយបារម្ភ​ខ្លាំង​ពី​ការសាយភាយ​សារធាតុ​វិទ្យុសកម្ម និង​ជាពិសេស អសន្តិសុខ​នុយក្លេអ៊ែរ។

នៅក្នុង​សេចក្តីថ្លែងការណ៍ ទីភ្នាក់ងារAIEA​អះអាងថា គេ​នឹង​បន្ត​ស្រាវជ្រាវតទៅទៀត ដើម្បី​កំណត់​ឲ្យ​បាន​ថា តើ​កុងតឺណឺរ​ដែល​ផ្ទុក អ៊ុយរ៉ាញ៉ូម ២តោនកន្លះ បាន​បាត់ខ្លួន ទៅ​នៅ​កន្លែងណា​ឲ្យប្រាកដ។

ទីភ្នាក់ងារAIEA​មិនបាន​បញ្ជាក់​ឈ្មោះទីតាំង ដែល​គេ​បាត់​អ៊ុយរ៉ាញ៉ូម ២តោនកន្លះ ប៉ុន្តែ គ្រាន់​តែ​ថា ទីតាំង​គេ​បាត់​កុងតឺណឺ​ដាក់​អ៊ុយរ៉ាញ៉ូម មិន​ស្ថិតក្នុង​តំបន់គ្រប់គ្រង​របស់​រដ្ឋាភិបាល​លីប៊ី ដែលទទួលស្គាល់​ដោយ​អង្គការ​សហប្រជាជាតិ។

នៅក្រោមការគ្រប់គ្រង​របស់​មេដឹកនាំ​ផ្តាច់ការ​កាដាហ្វី លីប៊ី​ធ្លាប់​មាន​មហិច្ឆតា​ចង់​ផលិត​អាវុធ​នុយក្លែរ ដោយ​បាន​ទិញ​ម៉ាស៊ីន​ចម្រើន​ធាតុអ៊ុយរ៉ាញ៉ូម​ពីបរទេស។ ប៉ុន្តែ កម្មវិធី​នុយក្លេអ៊ែរ​របស់​លីប៊ី មិន​សូវ​រីកចម្រើនទៅមុខ។ មេដឹកនាំលីប៊ី លោក​កាដាហ្វី​បាន​ប្រកាស​បោះបង់​ចោល​កម្មវិធី​ផលិតអាវុធ​នុយក្លេអ៊ែរ នៅ​ឆ្នាំ ២០០៣ នៅមុន​ពេល​ត្រូវ​បដិវត្តន៍​ប្រជាជន​ផ្តួលរំលំ​អំណាច និង​ប្រហារជីវិត នៅ​ឆ្នាំ ២០១១។ តាំងពីពេលនោះមក លីប៊ី​ធ្លាក់​ទៅក្នុង​អសន្តិសុខ សង្រ្គាមស៊ីវិល។ ចាប់តាំង​ពី​ឆ្នាំ ២០១៤ លីប៊ី​ត្រូវ​ពុះ​ចែក​ជា​ពីរចំណែក ដោយ​ទឹកដីផ្នែកខាងលិច​ស្ថិតក្រោមការគ្រប់គ្រង​របស់រដ្ឋាភិបាល​ស៊ីវិល ដែល​ទទួលស្គាល់​ដោយ​អង្គការ​សហប្រជាជាតិ ចំណែក ទឹកដី​ភាគខាងកើត ត្រូវ​កាន់កាប់​ដោយ​មេទ័ព​ដ៏មានអំណាច ខាលីហ្វា ហាហ្វតា។ ក្រៅពី​ជម្លោះប្រដាប់អាវុធ​រវាង​ភាគី​ទាំងពីរ លីប៊ី​ត្រូវ​ញាំញី ជួប​បញ្ហា​អសន្តិសុខ ដោយសារ​ការប្រយុទ្ធគ្នា​របស់​ក្រុមប្រដាប់អាវុធ ជាច្រើន​ផ្សេងទៀត ជាពិសេស​ក្រុមទាហាន​បរទេស ដែលលូកដៃ​ក្នុង​ប្រទេស​លីប៊ី ដើម្បី​ចង់​បាន​ផលប្រយោជន៍​ប្រេង​របស់​លីប៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ