អានតួអត្ថបទ
ស៊ូដង់

ស៊ូដង់៖ការប្រឈមផ្លូវអាវុធរវាងឧត្តមសេនីយពីររូបបានបណ្តាលឲ្យស្លាប់ជនស៊ីវិលយ៉ាងតិច ៥៦នាក់ និងរបួសច្រើននាក់

នៅ​ក្នុង​ប្រទេស​ស៊ូដង់ ទីក្រុង​ការទូម​កំពុង​បន្ត​ក្លាយ​ជា​ឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​ហិង្សា​រវាង​កម្លាំង​របស់​ឧត្តមសេនីយ​ចំនួន​ពីរ​រូប​គឺ​លោក​អាប់ឌែល ហ្វាតា អាល់ បួរ៉ាន និង​លោក​ម៉ូហាម៉េដ ហាំដាន ដាហ្កាឡូ​ដែល​ហៅ​ក្រៅ « អេមេដទី »។ ការ​ប្រយុទ្ធ​គ្នា​ដែល​បាន​ឈាន​ចូល​ដល់​ថ្ងៃទី២ ក្នុង​ថ្ងៃ​អាទិត្យ ទី១៦ មេសា​នេះ​បាន​បណ្តាល​ឲ្យ​ស្លាប់​ជនស៊ីវិល​យ៉ាង​តិច ៥៦នាក់ និង​របួស​ប្រមាណ​ជា ៦០០នាក់​ផ្សេង​ទៀត។ សហគមន៍​អន្តរជាតិ​បាន​បន្ត​អំពាវនាវ​ឲ្យ​ឧត្តមសេនីយ​ទាំង​ពីរ​រូប​ទម្លាក់​អាវុធ​ចុះ។ សម្ព័ន្ធអារ៉ាប់​បាន​កោះប្រជុំ​បន្ទាន់​មួយ​ក្នុង​ថ្ងៃ​អាទិត្យ​នេះ​តាម​សំណើ​របស់​ប្រទេស​អេហ្ស៊ីប និង​អារ៉ាប៊ីសាអូឌីត។ គួរ​បញ្ជាក់​ថា​សព្វថ្ងៃ​នេះ ឧត្តមសេនីយ​អាល់ បួរ៉ាន​ជា​ប្រមុខ​កងទ័ព​ស៊ូដង់ ហើយ​ឧត្តមសេនីយ​ហាំដាន ដាហ្កាឡូ​ជា​ប្រមុខ​កម្លាំង​ប៉ារ៉ាយោធា ឬ​ហៅ​កាត់ RSF។ កម្លាំង RSF ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០១៣ នៅ​តំបន់​ដារហ្វួរ​ដោយ​អតីត​ប្រធានាធិបតី​ស៊ូដង់​លោក​អូម៉ា អ៊ែល បេសៀរ​ដើម្បី​ត ទល់​នឹង​ពួក​ឧទ្ទាម។ មួយ​វិញ​ទៀត ឧត្តមសេនីយ​អាល់ បួរ៉ាន និង​ហាំដាន ដាហ្កាឡូ​ធ្លាប់​បាន​ចាប់​ដៃ​គ្នា​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​ក្នុង​ខែ​តុលា ឆ្នាំ ២០២១។ តែ​នា​រយៈពេល​ចុង​ក្រោយ​នេះ លោក​ហាំដាន ដាហ្កាឡូ​មិន​ញញើត​ចេញ​មុខ​ប្រឆាំង​នឹង​លោក​អាល់ បួរ៉ាន​ទេ។ តើ​មក​ពី​មូលហេតុ​អ្វី​ទៅ?។ ខាង​ក្រោម​នេះ​ជា​​ការ​ពន្យល់​របស់​លោក​រ៉ូឡង់ ម៉ារស្ហាល អ្នកស្រាវជ្រាវ​នៅ​សាលាវិទ្យាសាស្រ្ត​នយោបាយ​ក្រុង​ប៉ារីស។

ឧត្តមសេនីយ​អាល់ បួរ៉ាន​ ​ប្រមុខ​កងទ័ព​ស៊ូដង់ (រូបឆ្វេង) និង​ឧត្តមសេនីយ​ហាំដាន ដាហ្កាឡូ​ ​ប្រមុខ​កម្លាំង​ប៉ារ៉ាយោធា ​ហៅ​កាត់ RSF។
ឧត្តមសេនីយ​អាល់ បួរ៉ាន​ ​ប្រមុខ​កងទ័ព​ស៊ូដង់ (រូបឆ្វេង) និង​ឧត្តមសេនីយ​ហាំដាន ដាហ្កាឡូ​ ​ប្រមុខ​កម្លាំង​ប៉ារ៉ាយោធា ​ហៅ​កាត់ RSF។ AFP - ASHRAF SHAZLY
ផ្សាយពាណិជ្ជកម្ម

« គឺ​កងទ័ព​ស៊ូដង់​ក្នុង​ជំនាន់​ប្រធានាធិបតី​លោក​អូម៉ា អ៊ែល បេសៀរជា​អ្នក​បង្កើត​កម្លាំង​ប៉ារ៉ាយោធា ឬ​ហៅ​កាត់ RFS នេះ​ឡើង។ នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ ២០១០ ហើយ​ដោយ​មាន​ការ​គាំទ្រ​ពី​ប្រទេស​អេមីរ៉ាតអារ៉ាប់រួម និង​ដោយសារ​សង្រ្គាម​នៅ​យេម៉ែន កម្លាំង​ប៉ារ៉ាយោធា​នេះ​មាន​ចំនួន​កាន់​តែ​ច្រើន និង​ទទួល​បាន​ស្វ័យភាព​កាន់​តែ​ធំ​ឡើង ពិសេស​ផ្នែក​សេដ្ឋកិច្ច។ ដោយ​មាន​ការ​យល់​ព្រម​ពី​ប្រធានាធិបតី​ស៊ូដង់​លោក​អូម៉ា អ៊ែល បេសៀរពេល​នោះ កម្លាំង​ប៉ារ៉ាយោធា​នេះ​ត្រូវ​បាន​គេ​យក​ទៅ​ប្រើ​នៅ​ក្នុង​ជម្លោះ​ផ្សេងៗ ដូច​យ៉ាង​នៅ​យេម៉ែន ពិសេស​នៅ​លីប៊ី​ដើម្បី​ជួយ​គាំទ្រ​កម្លាំង​របស់​ឧត្តមសេនីយ​ហាហ្វតា។

គឺ​ស្វ័យភាព​ផ្នែក​សេដ្ឋកិច្ច​កាន់​តែ​ធំ​នោះ​ឯង​ដែល​បាន​ធ្វើ​ឲ្យ​កម្លាំង​ប៉ារ៉ា​យោធា​មាន​គ្នា​កាន់​តែ​ច្រើន​ឡើងៗ។ មាន​ចំនួន​ទាហាន​តែ​រាប់​រយ​ពាន់​នាក់​នៅ​ពេល​ដំបូង តែ​សព្វថ្ងៃ​នេះ កម្លាំង​ប៉ារ៉ាយោធា​មាន​ចំនួន​ទាហាន​ដល់​ទៅ​ជាង ១០០ ០០០នាក់​ឯណោះ។ ដូច្នេះ​គេ​អាច​និយាយ​បាន​ថា នេះ​ជា​កម្លាំងទ័ព​ទី២ បន្ទាប់​ពី​កម្លាំងទ័ព​ស៊ូដង់។ មួយ​វិញ​ទៀត ប្រមុខ​ដឹកនាំ​កម្លាំង​ប៉ារ៉ាយោធា​ឧត្តមសេនីយ​ហាំដាន ដាហ្កាឡូដែល​មាន​ជំនាញ​ទាហាន​ឆ្អិនឆ្អៅ និង​មាន​ស្វ័យភាព​ផ្នែក​សេដ្ឋកិច្ច​កាន់​តែ​ធំ​បាន​សម្រេច​ថា ប្រហែល​ល្មម​ដល់​ពេល​ចូល​ប្រឡូក​ក្នុង​ឆាកនយោបាយ​ហើយ។

ឧត្តមសេនីយ​ហាំដាន ដាហ្កាឡូជា​មនុស្ស​ដែល​សំឡឹង​ឃើញ​លំហ​យោបាយ​របស់​ខ្លួន​កាន់​តែ​រួញ​តូច​ទៅ និង​យល់​ឃើញ​ថា ការ​រស់រាន​ក្នុង​ជីវិត​នយោបាយ និង​សេដ្ឋកិច្ច​របស់​ខ្លួន​នឹង​មាន​ជាមួយ​នឹង​ការ​ផ្ទេរ​អំណាច​ទៅ​ឲ្យ​ស៊ីវិល​ជាជាង​ការ​បន្ត​រក្សា​ទុក​របបសឹក​ដែល​មិន​ដំណើរការ និង​មិន​អនុញ្ញាត​ឲ្យ​លោក​ទទួល​បាន​អ្វី​ទាំង​អស់ »

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ