អានតួអត្ថបទ

ស៊ូដង់៖ យន្ត​ហោះ​ដឹកនាំជំនួយ​មនុស្ស​ធម៌ទី១​ទៅដល់​ស៊ូដង់

ថ្ងៃអាទិត្យ ទី​៣០មេសា យន្តហោះ​ដឹក​ជំនួយមនុស្សធម៌ ជាពិសេសគឺ​គ្រឿងបរិក្ខារពេទ្យ បា​ន​ទៅដល់នៅ​ស៊ូដង់ ជាលើកទី១។ អង្គការ​កាកបាទក្រហម​ស៊ូដង់ រំពឹង​ថា ជំនួយ​១ជើងយន្តហោះ​នេះ នឹង​អាចជួយ​ព្យាបាល​និងវះកាត់​អ្ន​កជំងឺ ជាង ១ ៥០០ នាក់។​ អង្គការ​ក្រុម​គ្រូពេទ្យ​គ្មាន​ព្រំដែន បញ្ជាក់​ដែរ​ថា មន្ទីរ​ពេទ្យនៅ​ស៊ូដង់ កំពុង​ធ្លាក់​ក្នុង​សភាព​ដុបដាបខ្លាំងមែនទែន។ ​ក្នុង​រដ្ឋធានី​Khartoum មន្ទីរពេទ្យ​ដំណើរការ​តែ​១៦%តែ​ប៉ុណ្ណោះ សល់​ពីនោះ ត្រូវ​បំផ្លាញ​ខ្ទេចខ្ទីព្រោះតែ​ការ​វា​យប្រហារ​ក្នុង​សង្គ្រាមស៊ីវិល​​។​​  

លំដាន​ពលរដ្ឋបែកបាក់​ដោយសារតែ​ការ​វាយប្រហារគ្នា​ក្នុងសង្គ្រាម​ស៊ីវិល​ ថ្ងៃទី ២៥មេសា។​
លំដាន​ពលរដ្ឋបែកបាក់​ដោយសារតែ​ការ​វាយប្រហារគ្នា​ក្នុងសង្គ្រាម​ស៊ីវិល​ ថ្ងៃទី ២៥មេសា។​ AP - Marwan Ali
ផ្សាយពាណិជ្ជកម្ម

ជំនួយមនុស្សធម៌ ១ជើង​យន្តហោះ​ដំបូង​នេះ ​​ទម្ងន់​ ៨ តោន ក្នុងនោះគឺមាន​សម្ភារៈបរិក្ខារពេទ្យ ដែល​គេកំពុង​ត្រូវការ​ចាំបាច់​ខ្លាំង​ជាទីបំផុត។ លោក Patrick Youssef អ្នក​តំណាង​អង្គការ​កាកបាទក្រហម​ប្រចាំ​ស៊ូដង់ បញ្ជាក់​ថា​នឹង​ប្រញាប់​ចាត់ចែង​បែង​ចែក​ ថ្នាំស្ពឹក សំឡី​រំបួស គ្រឿងឧប​ករណ៍​ វះកាត់ និង​ថ្នាំ​សង្កូវ ចែកទៅកាន់​បណ្តា​មន្ទីរពេទ្យ​នានា ឲ្យ​បាន​រហ័ស​បំផុត។ ​អង្គការកាកបាទក្រហម ក៏​សង្ឃឹមថា ជើង​យន្តហោះ​ដឹកជំនួយ​ថ្មី ​នឹង​មក​ដល់​បន្ថែមទៀត នាពេល​ឆាប់​​ៗ​​។​

​នៅ​ស៊ូដង់ សង្គ្រាម​ស៊ីវិលដណ្តើម​អំណាច​រវាង​ឧត្តម​សេនីយ៍​យោធា​ លេខ១ និងលេខ២ ចាប់ផ្ទុះ​ឡើង​នៅ​ថ្ងៃទី​១៥មេសា។ ការប៉ះទង្គិច​គ្នា​ខ្លាំង ច្រើន​មា​ននៅ​ក្នុង​រដ្ឋធានី ទីក្រុងនិងទី​ប្រជុំជន ដូចជា​នៅ Khartoum និង​Darfour ជាដើម​​។​ ជាង​២សប្តាហ៍​មកនេះ ចំនួន​មនុស្ស​ស្លាប់​ក៏​កើនឡើង​ជាលំដាប់ ហើយ​តួលេខ​អ្នក​ភៀសសឹក ក៏​កើតឡើង​ច្រើន​ដែរ​។ ក្រសួង​សុខាភិបាល​ស៊ូដង់ បាន​រាប់​ចំនួន​សា​កសពនិង​ឲ្យដឹង​ថា មនុស្ស​ស្លាប់​ចំនួន ​៥២៨ នាក់ ហើយ​អ្នក​របួស ប្រមាណ ៤ ៦០០នាក់។​ គិត​ត្រឹម​ថ្ងៃអាទិត្យ ទី​៣០មេសា។ បណ្តាញ​អង្គការ​មនុស្ស​ធម៌​នៅ​ស៊ូដង់ បញ្ជាក់ដែរ​ថា​ ចំនួន​តួលេខ​អ្នក​ស្លាប់​ គឺអាច​នៅ​តិច​ជាង​ទិន្នន័យ​ជាក់ស្តែង​ ដ្បិត​ថា គេ​នៅ​មិន​ទាន់​ប្រមូល​សាកសព​អស់​នៅឡើយទេ។ សាកសពខ្លះ​នៅតាម​ដង​ផ្លូវ​ក្នុងទីក្រុង​ និង​នៅក្នុង​គំនរ​បែកបាក់។ ម្យ៉ាងទៀត​ ការ​ផ្ទុះ​អាវុធ​ចេះតែ​ហូរហែ អ្នក​ស្លាប់​ថ្មី ក៏ចេះតែ​មាន​បន្ត​បន្ទាប់​។​

ចំណែក​ អ្នក​រស់​ភៀសខ្លួន ​វិញ អង្គការ​សហប្រជាជាតិ​ ឲ្យដឹង​ថា ប្រជាជន​ស៊ូដង់​ ភៀសខ្លួន​ក្នុង​ប្រទេស​ប្រមាណ​៧៥ ០០០ នាក់ ហើយ​អ្ន​កដែល​រត់​ចោល​ស្រុក​ ទៅកាន់​ប្រទេស​ជិតខាង កើន​ដល់​ ជាង​២៧ម៉ឺននាក់ ហើយ​និង​កើនឡើង​កាន់តែខ្លាំង បើ​សង្គ្រាម​ស៊ីវិល​នៅតែបន្ត។ ក្នុងចំណោម​អ្នកភៀសសឹក គឺ​រត់ទៅ​ប្រទេស​ ឆាត ស៊ូដង់​ខាង​ត្បូង អេត្យូពី និង​អាហ្វ្រិកកណ្តាល។​

​​អធ្រាត្រ​​ថ្ងៃអាទិត្យ បទ​ឈប់បាញ់គ្នា​ រយៈពេល​ ៣ ថ្ងៃ ​ត្រូវ​ដល់​ពេល​បញ្ចប់​។​ ក៏ប៉ុន្តែ អ្នក​នៅកន្លែង​កើតហេតុ បា​នប្រាប់​ឲ្យបណ្តា​​សារព័ត៌មានបរទេស​ ឲ្យ​ដឹង​​ថា ទោះបីជា​នៅក្នុង​អំលុង​ពេល​បទឈប់បាញ់គ្នាក្តី  ភាគី​ជ​ម្លោះទាំង២ខាង មិន​ព្រម​គោរពសោះ​​ និង​នៅតែ​ប៉ះទង្គិច​អាវុធ​ជាហូរហែ​ដែរ៕​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ