អានតួអត្ថបទ

ស៊ូដង់ យល់ព្រម​ទម្លាក់​អាវុធឈប់​បាញ់​គ្នា​ រយៈពេល ៣ ថ្ងៃ

នៅ​ប្រទេស​ស៊ូដង់ ក្រោម​ការ​ចរចា​សម្របសម្រួល​របស់​សហរដ្ឋអាមេរិក​ កិច្ចព្រម​ព្រៀង​​ឈប់​បាញ់ ​រយៈ​ពេល​៧២ម៉ោង​ បាន​ចូល​ជា​ធរមាន​ នៅ​ថ្ងៃ​អង្គារ៍​។ នេះបើតាម​ការ​បញ្ជាក់​របស់​ រដ្ឋមន្រ្តីក្រសួងការបរទេស អង់តូនី ប្ល៊ីងកិន និងដែលលើកឡើង​​ទៀត​ថា សហរដ្ឋអាមេរិក ​ព្រមទាំង​ដៃគូ​សម្ព័ន្ធ​មិត្ត​ផ្សេងទៀត នឹង​យក​ឱកាស​ទម្លាក់​អាវុធ​ឈប់​បាញ់គ្នា​នេះ ដើម្បី​​ជជែក​ពិភាក្សា​គ្នា​​ ​​រៀបចំបង្កើត​ គណៈកម្មធិការទទួល​បន្ទុក​ចរចា​បញ្ចប់​ជម្លោះ​ជា​អចិន្ត្រៃ​នៅ​ស៊ូដង់​​។

ពលរដ្ឋ​ដែល​ជម្លៀស​ចេញពី​ស៊ូដង់ ទៅដល់​ព្រលានយន្តហោះ​របស់​អារ៉ាប៊ីសាអូឌីត។​
ពលរដ្ឋ​ដែល​ជម្លៀស​ចេញពី​ស៊ូដង់ ទៅដល់​ព្រលានយន្តហោះ​របស់​អារ៉ាប៊ីសាអូឌីត។​ AP - Raad Adayleh
ផ្សាយពាណិជ្ជកម្ម

សូមជម្រាបថា​ សង្គ្រាម​ស៊ីវិលស៊ូដង់​​ រវាង ​ឧត្តមសេនីយ៍​យោធា ២ រូប បាន​អូស​បន្លាយ​ ចំនួន ១០ថ្ងៃ និងបាន​បណ្តាល​ធ្វើ​ឲ្យ​មនុស្ស ជាង​ ៤០០នាក់ ​ស្លាប់​បាត់​បង់​ជីវិត ហើយ​មាន​អ្នក​របួស ជាង ៣ ៧​០០ នាក់​។ នេះបើតាម​ទិន្នន័យ​របស់ការិយាល័យ​កិច្ច​ការមនុស្ស​ធម៌ នៃ ​អង្គការ​សហប្រជាជាតិ​។​ ក្រុម​ប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ​​ ក៏​នឹងត្រូវជួប​ជុំ​គ្នា​ថ្ងៃ​អង្គារ៍ ដើម្បី​ពិភាក្សាគ្នា​ពី​ស្ថានភាព​ជម្លោះ​នៅ​ស៊ូដង់ បន្ទាប់​ពី​ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ អំពាវនាវ​ពីថ្ងៃច័ន្ទ​ ឲ្យ​ឈប់​បាញ់​គ្នា​ទាំង​ស្រុង​​។

ក្នុង​រយៈ​ពេល៣ថ្ងៃដែល​ក្រុមយោធា​​ត្រូវ​​ទម្លាក់អាវុធឈប់បាញ់គ្នា ប្រទេស​ចំនួន​ ១៤ ​បាន​ចូលរួម​ប្រតិបត្តិការ​ជម្លៀស​ប្រជាជន​ចេញពី​ស៊ូដង់។ អារ៉ាប៊ីសាអូឌីត​ បាន​ចាប់ផ្តើម​តាំង​ពី​ប៉ុន្មាន​ថ្ងៃមកហើយ ក្នុង​ការ​ប្រឹង​ជម្លៀស​ប្រជាជន​តាម​ផ្លូវ​ទឹក និង​ផ្លូវ​អាកាស​។ ជាសរុប​ អារ៉ាប៊ីសាអូឌីត​ ជួយ​ជម្លៀស​មនុស្ស បាន ៣៥៦ នាក់​ ក្នុងនោះ ២៥៥ នាក់ គឺ​ជាជន​បរទេស​ ដែល​មកពី ​២០ ប្រទេស​ផ្សេងគ្នា​។

ថ្ងៃ​អង្គរទី២៥​​ ប្រធានាធិបតី ម៉ាក្រុង​ បញ្ជាក់ថា ​បារាំងបាន​ជួយ​ជម្លៀស​មនុស្ស​ ៥៣៨នាក់ ក្នុង​នោះ មាន​ពលរដ្ឋបា​រាំង ២០៩នាក់។​ ចំណែក អង់គ្លេស បញ្ជាក់ថា​ ពលរដ្ឋ​របស់​ខ្លួន​ជាង ​២ ពាន់​នាក់ មាន​ចេតនា​ចង់​ចាកចេញពី​ស៊ូដង់។ ក្រសួង​ការបរទេស​អង់គ្លេស សរសេរ​ក្នុង​សេចក្តីថ្លែងការណ៍ថា ជើង​ហោះហើរ​របស់​អង់គ្លេស បើកចំហ​សម្រាប់ពលរដ្ឋ​កាន់​លិខិត​ឆ្លង​ដែន​អង់គ្លេស​ ហើយជា ​អាទិភាព​សម្រាប់គ្រួសារ​មាន​សមាជិក​​​ចាស់​និងកូន​ក្មេង​ និង​អ្នក​មា​នបញ្ហា​សុខភាព​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ