អានតួអត្ថបទ
នីហ្សេ

ផុត​​ឱសានវាទរបស់​Cedeao នីហ្សេ​ប្រកាស​បិទ​ដែន​អាកាស

ក្រុមយោធា​ដែល​ធ្វើ​រដ្ឋប្រហារ​​នៅ​​នីហ្សេ​គ្មាន​​ឆន្ទៈ​ដោះលែង​និង​ប្រគល់អំណាច​​ឱ្យ​ប្រធានាធិបតី​នីហ្សេវិញ​ទេ បើ​ទោះជា ​សហគមន៍​សេដ្ឋកិច្ចអាហ្វ្រិក​ខាង​លិច​​(Cédéao) កំណត់​​​ឱសានវាទធ្វើ​អន្តរាគមន៍​យោធា​ក៏ដោយ។ ផ្ទុយ​ទៅ​វិញ​ មុនផុត​ឱសានវាទ​បន្តិច របប​សឹក​បាន​លេស​ប្រកាស​បិទ​ដែន​អាកាស​របស់​ខ្លួន​ ដោយ​អះអាង​មាន​ការ​គំរាមកំហែង​ធ្វើ​អន្តរាគមន៍​យោធា​ពី​សំណាក់​ប្រទេស​ជិត​ខាង។

ផុត​​ឱសានវាទរបស់​Cedeao នីហ្សេ​ប្រកាស​បិទ​ដែន​អាកាស
ផុត​​ឱសានវាទរបស់​Cedeao នីហ្សេ​ប្រកាស​បិទ​ដែន​អាកាស © AFP
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សេចក្តី​ថ្លែងការណ៍​ចេញ​ផ្សាយប៉ុន្មាន​ម៉ោង​​មុន​ផុត​ឱសានវាទ​របស់​សហគមន៍​សេដ្ឋកិច្ច​អាហ្វ្រិក​ខាង​លិច​ដែល​តម្រូវ​ឱ្យ​យោធា​នីហ្សេ​ប្រគល់​អំណាច​ដល់​ប្រធានាធិបតី​បាហ្សូមវិញ ក្រុមប្រឹក្សា​ជាតិ​រក្សាមាតុប្រទេស​នីហ្សេ​បាន​ប្រកាស​បិទ​ព្រំដែន​អាកាស​រហូត​ដល់​មានបទ​បញ្ជា​ថ្មី។ រាល់​ការ​ប៉ុន​ប៉ង​រំលោភ​ដែនអាកាស​នឹង​ត្រូវ​ទទួល​ការ​វាយបក​ភ្លាម​និង​យ៉ាង​ខ្លាំងក្លា។ ចំណែក​ប្រទេស​ជិត​ខាង​ដែលចាប់​រៀប​ចំ​​ចូល​ធ្វើ​អន្តរាគមន៍​យោធា​លើ​នីហ្សេ​នឹង​ត្រូវ​ចាត់​ទុក​ជា​ប្រទេស​សត្រូវ។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​ដដែល ប៉ុន្តែ​ក្រុមប្រឹក្សា​យោធា​នីហ្សេ​មិន​បាន​បញ្ជាក់​ថា​តើ​ជា​ប្រទេស​ជិត​ខាង​ពី​រនោះ​ជា​នរ​ណា​ឱ្យ​ប្រាកដទេ។

នីហ្សេ​មាន​ព្រំដែន​គោក​និង​អាកាស​ជា​មួយ​៧​ប្រទេស​គឺ អាល់ហ្សេរី ម៉ាលី បួរគីណាហ្វាសូ បេណាំង នីហ្សេរីយ៉ា ​ឆាដ និងលីប៊ី​។​ ម៉ាលី​និង​បួរគីណាហ្វាសូ​ដែល​ដឹកនាំ​ដោយ​ក្រុម​យោធា​តាម​រយៈ​ការ​ធ្វើ​រដ្ឋប្រហារ​ដែរ​ ប្រកាស​ប្រឆាំង​នឹង​អន្តរាគមន៍​យោធា។ អាល់ហ្សេរី​និង​ឆាដ​មិនមែន​ជា​សមាជិក​សមាគមន៍​អាហ្វ្រិក​ខាង​លិច​មែន​តែមាន​ឥទ្ធិពល​ខ្លាំង​ក៏​មិន​​គាំទ្រ​ការ​ប្រើ​កម្លាំង​ដែរ។ មាន​តែ​នីហ្សេរីយ៉ាទេ​ដែល​ធ្លាប់​បាន​អះអាង​​ថា​នឹង​ចូល​រួម​ក្នុង​អន្តរាគមន៍យោធា​នៅ​នីហ្សេ និង​បាន​ពង្រាយ​ទ័ព​នៅ​តាម​ព្រំ​ដែន​ជា​នីហ្សេ​តាំងពី​ប៉ុន្មាន​ថ្ងៃ​មក​ហើយ។ ប៉ុន្តែ​ប្រធានាធិបតី​នីហ្សេរីយ៉ា ដែល​ជា​ប្រធាន​ផ្លាស់​វេន​សមាគមន៍​Cedeao ក៏​កំពុង​ប្រឈម​នឹង​សំឡេង​ប្រឆាំង​ជា​ច្រើន​ក្នុង​ប្រទេស​មិន​ឱ្យ​​ប្រើ​កម្លាំង​យោធា​។ អ៊ីតាលី​ក៏បាន​ជំរុញ​ឱ្យ​Cedeao ពន្យារឱសានវាទ​ ​ដើម្បី​បញ្ចៀស​កុំ​ឱ្យ​មាន​ជម្លោះ​មួយ​បន្ថែម​ទៀត។

ដូច្នេះតើ​គម្រោង​​អន្តរាគមន៍​​យោធា​​Cedeao អាច​នឹង​ចេញជា​រូបរាង​ពិត​ដែរឬទេ? ​មាន​កង​ទ័ព​ និង​ធ្លាប់​ធ្វើ​អន្តរាគមន៍​យោធា​ដែរ​កន្លង​មក កងទ័ព​របស់​Cedeaoមាន​សមត្ថភាព​ប្រមូល​កម្លាំង​មិន​ជាក់លាក់​ទេ ដោយហេតុ​ឧបសគ្គបី គឺ​យុទ្ធសាស្ត្រ​ នយោបាយ​និង​ផែនការ​ប្រតិបត្តិការ។ យោធា​របស់សហគមន៍​អាហ្វ្រិក​ខាង​លិច​ជួប​ការ​លំបាក​ខ្លាំង ​ខ្វះមធ្យោបាយ​ទើប​​បង្វែរ​ទិស​រក្សា​សន្តិសុខ​តែ​ក្នុង​ដែនដី​ខ្លួន​រៀង​ៗ​ខ្លួន​ និងគ្មាន​ចំណាត់ការ​លើ​​វិបត្តិ​ក្រៅ​ព្រំដែន​ទេ។ នេះ​បើ​តាម​អ្ន​កវិភាគ។

នៅក្នុង​ពេល​រង់ចាំនឹង​ជោគវាសនា​មិន​ជាក់លាក់​​ ប្រជាពលរដ្ឋ​​នីហ្សេក្នុង​ប្រទេសប្រមាណ​៣ម៉ឺ​ន​នាក់​ បាន​ប្រមូល​ផ្តុំ​គ្នាកាលពី​រសៀល​ថ្ងៃអាទិត្យនៅ​ក្នុង​ស្តាត ដើម្បី​សម្តែង​ការ​​គាំទ្រក្រុមយោធា​ធ្វើ​​រដ្ឋប្រហារ​ ដោយ​លើក​គ្រវី​ទង់ជាតិ​នីហ្សេ បួរគីណាហ្វាសូ និង​រុស្ស៊ី ព្រមទាំង​សម្រែក​​ជ័យឃោស “ជា​ថ្ងៃ​ឯករាជ្យ​ពិតៗ​របស់​នីហ្សេ”ផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ