អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តើក្រុមប្រទេសអាហ្រ្វិកខាងលិចត្រៀមខ្លួនផ្ទុះសង្រ្គាម ដោយសាររដ្ឋប្រហារនៅនីហ្សេ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

សម្ពាធលើរបបសឹកនីហ្សេកើនឡើងខ្លាំង នៅថ្ងៃអាទិត្យទី​៦​សីហា ថ្ងៃដាក់​ឱសានវាទ​របស់​សហគមន៍សេដ្ឋកិច្ច​អាហ្វ្រិកខាងលិច CEDEAO ដែលព្រមានថា នឹងធ្វើ​អន្តរាគមន៍​យោធា បើសិន​របបសឹក​មិនព្រម​ប្រគល់អំណាច​ទៅ​ឲ្យ​ប្រធានាធិបតីនីហ្សេ។ នៅ​៤ថ្ងៃ​ក្រោយ​កងទ័ព ដឹកនាំ​ដោយ​មេក្រុមអង្គរក្ស​ការពារ​ប្រធានាធិបតី ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​របស់​លោកប្រធានាធិបតី​បាហ្ស៊ូម សហគមន៍​សេដ្ឋកិច្ច អាហ្វ្រិកខាងលិច ដែលមាន​នីហ្សេ​ជា​សមាជិក បាន​ប្រកាសទុកពេល ៧ថ្ងៃ​ឲ្យ​របបសឹកដោះលែង​ប្រធានាធិបតី និងស្តារឡើងវិញ លទ្ធិប្រជាធិបតេយ្យនៅនីហ្សេ។

នៅក្នុងក្របខ័ណ្ឌអន្តរាគមន៍យោធា​របស់​CEDEAO កងទ័ពសេណេហ្កាល់​ត្រូវ​បញ្ជូនទៅក្នុងប្រទេស​ហ្កំប៊ីដើម្បី​ទាមទារ​ដាក់សម្ពាធលើប្រធានាធិបតី​ហ្កំប៊ីដែលមិនព្រមចុះចេញពីតំណែង នៅក្រោយ​ចាញ់ឆ្នោត នៅ​ឆ្នាំ ២០១៧
នៅក្នុងក្របខ័ណ្ឌអន្តរាគមន៍យោធា​របស់​CEDEAO កងទ័ពសេណេហ្កាល់​ត្រូវ​បញ្ជូនទៅក្នុងប្រទេស​ហ្កំប៊ីដើម្បី​ទាមទារ​ដាក់សម្ពាធលើប្រធានាធិបតី​ហ្កំប៊ីដែលមិនព្រមចុះចេញពីតំណែង នៅក្រោយ​ចាញ់ឆ្នោត នៅ​ឆ្នាំ ២០១៧ AP - Jerome Delay
ផ្សាយពាណិជ្ជកម្ម

តាំងពីសុក្រនៅប៉ុន្មានថ្ងៃ​មុនផុតឱសានវាទរបស់​សហគមន៍សេដ្ឋកិច្ចអាហ្វ្រិកខាងលិច របបសឹកនីហ្សេបានអំពាវនាវ​ឲ្យប្រជាជន​យាមប្រចាំការ តាមដានក្រែងមាន​កម្លាំងបរទេស បន្លំខ្លួន​ចូលក្នុងទឹកដីនីហ្សេ ដើម្បី​ធ្វើសកម្មភាពយោធា ប្រឆាំង​របបសឹក។

តើសហគមន៍សេដ្ឋកិច្ច​អាហ្វ្រិកខាងលិច​CEDEAO ប្រុងនឹង​ប្រើកម្លាំងយោធា​ក្នុងរូបភាពណា?

បន្ទាប់ពីដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច ផ្អាកការដោះដូរពាណិជ្ជកម្ម ហិរញ្ញវត្ថុ កាត់ផ្តាច់ភ្លើង និង​បិទព្រំដែនគោក ព្រំដែនអាកាស​ជាមួយ​នីហ្សេ សហគមន៍​សេដ្ឋកិច្ច​អាហ្វ្រិកខាងលិច CEDEAO​ដែលមាន​សមាជិក​១៥​ប្រទេស​បានទុក​ពេល ១សប្តាហ៍ រហូតដល់ថ្ងៃអាទិត្យទី ៦​សីហា ដើម្បី​ឲ្យ​របបសឹក​នីហ្សេ​ប្រគល់អំណាច​ទៅ​ឲ្យ​លោកប្រធានាធិបតី បាហ្ស៊ូម។ ហួសកំណត់​ថ្ងៃឱសានវាទ សហគមន៍​សេដ្ឋកិច្ច អាហ្វ្រិកខាងលិច​ព្រមានធ្វើ​អន្តរាគមន៍​យោធា​នៅនីហ្សេ។ នៅថ្ងៃ​សុក្រទី ៣​សីហា ២ថ្ងៃ​មុន​ផុតឱសានវាទ សេនាធិការកងទ័ព​របស់​ប្រទេស​សមាជិក​CEDEAO​ដែលបាន​កោះប្រជុំបន្ទាន់ នៅ​ទីក្រុង Abuja រដ្ឋធានី​ប្រទេស​នីហ្សេរីយ៉ា បាន​ប្រកាសថា គេ​បាន​រៀបចំ​ ផែនការជាស្រេច ក្នុងករណី​មាន​អន្តរាគមន៍យោធា​នៅ​នីហ្សេ។ ប្រធានក្រុមទទួលបន្ទុកកិច្ចការនយោបាយ និង​សន្តិសុខ​របស់​ CEDEAO មិន​បាន​លម្អិត​តើ​ផែនការនោះជាអ្វីទេ ប៉ុន្តែ គ្រាន់តែថា វា​មាន​និយាយ​ពី​ប្រភពធនធាន វិធីសាស្រ្ត ពេលវេលា និង​ទីកន្លែង ដែល​គេ​ត្រូវ​ពង្រាយកងទ័ពរបស់ CEDEAO។

ប្រភពមន្រ្តីយោធា​របស់​ CEDEAO​ម្នាក់​បាន​និយាយ​ថា កងទ័ពប្រមាណ ៥ម៉ឺននាក់ ពីប្រទេស​សមាជិក​ CEDEAOនឹង​អាចត្រូវ​គេ​បញ្ជូន​ទៅធ្វើអន្តរាគមន៍យោធា​នៅ​នីហ្សេ។

តើប្រទេស​ណាខ្លះដែគាំទ្រ​អន្តរាគមន៍យោធា​របស់​CEDEAO នៅនីហ្សេ?

នៅក្នុងចំណោម​ប្រទេស​សមាជិក​ទាំង​១៥​របស់​​សហគមន៍សេដ្ឋកិច្ច​អាហ្វ្រិកខាងលិច CEDEAO​មានតែ៣ប្រទេស ដែលចេញមុខ​ជាងគេ ក្នុងការប្រើកម្លាំងទ័ព ធ្វើអន្តរាគមន៍​យោធា នៅ​នីហ្សេ។ នីហ្សេរីយ៉ា​ដែលជា​ប្រធានផ្លាស់វេន​របស់​ CEDEAO​បាន​និយាយ​ថា ខ្លួន​នឹង​ចូលរួម​នៅក្នុងអន្តរាគមន៍​យោធា​នៅនីហ្សេ។ នៅប៉ុន្មានថ្ងៃ​មកនេះ កងទ័ពនីហ្សេរីយ៉ា​ត្រូវ​បាន​ពង្រាយ​នៅតាមច្រកព្រំដែន​មួយចំនួន ជាមួយប្រទេស​នីហ្សេ។ ចំណែក កូឌីវ័រ និង​សេណេហ្កាល់ ដែលជា​សមាជិក​របស់​សហគមន៍សេដ្ឋកិច្ច​អាហ្វ្រិកខាងលិច CEDEAO ក៏​បាន​អះអាង ត្រៀមខ្លួន បញ្ជូន​កងទ័ពទៅ​ធ្វើអន្តរាគមន៍យោធា នៅ​នីហ្សេ។

តាមអ្នកវិភាគ នីហ្សេរីយ៉ា​ដែល​មានសេដ្ឋកិច្ច​ល្អប្រសើរ និងមានប្រជាជន​ច្រើនជាងគេ ក្នុងតំបន់ (ជាង ២៣០លាននាក់) និង​មាន​ព្រំដែនជាប់ ប្រទេស​នីហ្សេ ប្រវែង ១៥០០គីឡូម៉ែត្រ​ដើរតួសំខាន់ ក្នុងករណី​មាន​អន្តរាគមន៍​យោធា​នៅ​នីហ្សេ។ គេអាច​និយាយបានថា បើសិន នីហ្សេរីយ៉ា​សម្រេចបញ្ជូន​ទ័ពទៅ​នីហ្សេ នោះប្រទេស​សមាជិក​ CEDEAO​នឹងអាច​បញ្ជូន​ទ័ពទៅនីហ្សេដែរ។ ផ្ទុយទៅវិញ បើ​នីហ្សេរីយ៉ា​នៅស្ងៀម មិន​កម្រើក នោះ គ្មានទេ អន្តរាគមន៍​យោធា​របស់​ CEDEAO​នៅនីហ្សេ។ នៅថ្ងៃ​សៅរ៍ ព្រឹទ្ធសភា​នីហ្សេរីយ៉ា​បាន​ចេញលិខិត​អំពាវនាវ​កុំ​ឲ្យប្រធានាធិបតី បញ្ជូនទ័ពទៅអន្តរាគមន៍​នៅ​នីហ្សេ ព្រោះថា សង្រ្គាមប្រយុទ្ធគ្នា​នៅនីហ្សេមែន ប៉ុន្តែ វា​នឹងជះឥទ្ធិពលអាក្រក់ មក​បង្កបញ្ហា​ដល់​សេដ្ឋកិច្ច សន្តិសុខ និង​ស្ថិរភាព​សង្គម​នីហ្សេរីយ៉ា។

អន្តរាគមន៍​យោធា ជា​ជម្រើសចុងក្រោយបំផុត របស់​ CEDEAO នៅពេល​ដែល​ការចរចានយោបាយ​បរាជ័យ មិនអាច​រកច្រកចេញ​សម្រាប់​វិបត្តិ​នីហ្សេ។ សហគមន៍​សេដ្ឋកិច្ច​ប្រទេស​អាហ្វ្រិកខាងលិច CEDEAOលើកឡើង​ពីវិធានការចាំបាច់ ដើម្បីទប់ស្កាត់​និន្នាការរដ្ឋប្រហារនិយម​នៅទឹកអាហ្រ្វិក។ បន្ទាប់ពី​ប្រទេស​សមាជិក២​របស់ខ្លួន គឺ​ម៉ាលី និង​បួគីណាហ្វាសូ កើតមានរដ្ឋប្រហារយោធា កាលពី​ឆ្នាំ ២០២០ និងឆ្នាំ ២០២២ CEDEAO​មិនអាចបិទភ្នែក ធ្វើមិនដឹងមិនលឺ ពីរឿងធ្វើ​​រដ្ឋប្រហារ នៅ​នីហ្សេ ដែល​ជា​សមាជិកមួយទៀត របស់ខ្លួន។

សម្រាប់​ CEDEAO​បើសិនគេ​បណ្តោយ​ឲ្យពួកយោធា ធ្វើរដ្ឋប្រហារ​បានសម្រេច ចូលកាន់អំណាចនៅនៅ​នីហ្សេ នោះ វា​ជា​គ្រោះថ្នាក់ធំ ផ្តល់គំរូ​មិនល្អ ធ្វើឲ្យ​​ពួកយោធា​នៅ​ប្រទេស​សមាជិក​ផ្សេងទៀត របស់​ CEDEAO មានទឹកចិត្ត ​ផុះគំនិតចង់ធ្វើរដ្ឋប្រហារ ចូលកាន់អំណាចដែរ។

បារាំង​ដែលមាន​ទ័ពប្រចាំការ ១៥០០នាក់ នៅមូលដ្ឋានទ័ពក្នុងទីក្រុង​នីអាម៉េ​របស់​នីហ្សេ បានអះអាង​កាលពីថ្ងៃ​សៅរ៍ ថា គាំទ្រគ្រប់ចំណាត់ការ​របស់​សហគមន៍សេដ្ឋកិច្ច​ CEDEAO​ប៉ុន្តែ បារាំង​មិនបាន​បញ្ជាក់ពីការចូលរួម​នៅក្នុង​អន្តរាគមន៍យោធា​របស់​ CEDEAO​នៅនីហ្សេ។ ឆាតដែលជាសម្ព័ន្ធមិត្តរបស់បារាំង និងមានកម្លាំងទ័ពសំខាន់​នៅ​អាហ្រ្វិកខាងលិច បាន​បដិសេធ​មិនចូលរួម​ក្នុង​អន្តរាគមន៍​យោធា​របស់​ CEDEAO។

ប្រទេស​ណាខ្លះ​ដែល​ចេញមុខ​ប្រឆាំង?

ម៉ាលី និង​បួគីណាហ្វាសូ ប្រទេស​ជាប់ព្រំដែន​ជាមួយ​នីហ្សេ និង​ ជា​សមាជិក​របស់​ CEDEAO​ដែរនោះ បាន​ចេញមុខ ប្រឆាំងដាច់ខាត នឹងការធ្វើអន្តរាគមន៍យោធា​របស់​សហគមន៍​សេដ្ឋកិច្ច​អាហ្វ្រិកខាងលិច នៅនីហ្សេ។ ម៉ាលី និង​បួគីណាហ្វាដែលត្រូវ CEDEAO​ព្យួរសមាជិកភាព ជាមួយ​នីហ្សេ​របស់​របបសឹក បាន​ព្រមានថា អន្តរាគមន៍យោធា​ណាមួយ​របស់​ CEDEAO​ត្រូវ​ចាត់ទុក​ជា​ការប្រកាសសង្រ្គាម ព្រោះថា ម៉ាលី និង​បួគីណាហ្វាសូ​នឹង​បញ្ជូនទ័ព​ទៅជួយ​របបសឹក​នីហ្សេ។

អាល់ហ្សេរី ​មិនមែនជា​សមាជិករបស់​របស់​ CEDEAO ក៏​បានចេញមុខ​ប្រឆាំង​ដែរ​នឹងការធ្វើអន្តរាគមន៍យោធា​របស់​ CEDEAO។ នៅកញ្ចក់ទូរទស្សន៍ជាតិ​អាល់ហ្សេរី កាលពីថ្ងៃ​សៅរ៍ ប្រធានាធិបតី​អាល់ហ្សេរី បាន​និយាយ​ថា អន្តរាគមន៍យោធា​នៅ​នីហ្សេ​ជាការគំរាមកំហែងផ្ទាល់ សម្រាប់​អាល់ហ្សេរី ដែលមានព្រំដែនជាមួយ នីហ្សេប្រវែង ១ពាន់គីឡូម៉ែត្រ។

សម្រាប់​មេដឹកនាំ​អាល់ហ្សេរី គេមិនអាច​រកដំណោះស្រាយ​សម្រាប់​នីហ្សេ ដោយ​គ្មានការចូលរួម​របស់ប្រទេស​អាល់ហ្សេរី។ ប្រធានាធិបតីអាល់ហ្សេរី​បាន​ព្រមានផងដែរ ពីគ្រោះថ្នាក់​នៃ​អន្តរាគមន៍​យោធា ព្រោះថា ឧទាហរណ៍កន្លងមក ដូចជា​នៅលីប៊ី ស៊ីរី បាន​បង្ហាញថា អន្តរាគមន៍យោធា​មិនបាន​ដោះស្រាយបញ្ហា ផ្ទុយទៅវិញ មានតែ ការបំផ្លិចបំផ្លាញ ខូចខាត និងការបាត់បង់ជីវិតមនុស្ស។ អ្នកដែលរងគ្រោះមុនគេ គឺ​ប្រជាជន។

នឹង​មានរឿងអ្វី​កើតឡើង បើសិន​CEDEAO លូកដៃ​ធ្វើអន្តរាគមន៍យោធា​នៅ​នីហ្សេ?

ប្រធានាធិបតី​អាល់ហ្សេរីបាន​ព្រមានហើយថា បើសិន​ CEDEAO​ធ្វើអន្តរាគមន៍យោធា​នៅ​នីហ្សេ នោះភ្លើងសង្រ្គាមនឹងផ្ទុះកើតឡើង ពេញ​តំបន់សាហ៊ែល តំបន់​អាហ្វ្រិក​ខាងលិច។ គ្រប់គ្នា​ដឹងថា សង្រ្គាម​ប្រយុទ្ធគ្នា​រវាង​បណ្តាប្រទេស​អាហ្រ្វិក នឹងរុញច្រាន​ឲ្យតំបន់ទាំងមូល​ធ្លាក់ទៅក្នុង​រណ្តៅអសន្តិសុខ ព្រោះ វា​នឹង​ទៅ​បើកផ្លូវ​ឲ្យ​ក្រុមភេរវនិយម ក្រុមជីហាត ក្រុមអាល់កៃដា កាន់តែសកម្ម មាន​ឱកាស ពង្រីកដែន​ឥទ្ធិពល​របស់ខ្លួន នៅក្នុង​តំបន់។

អ្នកជំនាញ​មួយចំនួន​បាន​វាយតម្លៃដែរថា ការផ្ទុះសង្រ្គាម​រវាង​ប្រទេស​សមាជិក​ CEDEAO​នឹង​ផ្តល់​ឱកាសដល់​ក្រុមទាហាន​ស៊ីឈ្នួល​រុស្ស៊ី វ៉ាក់ណែរ​កាន់តែ មាន​ឬទ្ធិអំណាច បុកគ្រឹះ ក្នុង​ទឹកដីអាហ្វ្រិក ដែលនេះមិនមែនជា​រឿងល្អទេ​សម្រាប់​យុទ្ធសាស្រ្តកងទ័ពរបស់​ប្រទេស​លោកខាងលិច ដូចជា​បារាំង អាមេរិក ជាពិសេស នៅក្នុង​បេសសកម្ម​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមភេរវនិយម​នៅ​តំបន់សាហ៊ែល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ