អានតួអត្ថបទ
បារាំង-សិទ្ធិសេរីភាព​បញ្ចេញមតិ

បារាំង៖ ​៥ឆ្នាំ​ក្រោយ​ភេរវកម្ម ​កាសែត​​​Charlie Hedo​នៅ​តែ​​ដំណើរការ តែ​​​អ្នកកាសែតកាន់​តែ​​ភ័យខ្លាច​

ថ្ងៃទី៧មករា ឆ្នាំ២០១៥ បារាំងបានជួបហេតុការណ៍អកុសលមួយ ដោយក្រុមភេរវកម្មជីហាត បានចូលទៅបាញ់រះ សម្លាប់អ្នកកាសែត នៅឯទីស្នាក់ការកាសែត ឆាកលី នៅកណ្តាលក្រុងប៉ារីស។ មនុស្ស១២នាក់បានស្លាប់ក្នុងហេតុការណ៍នេះ។ កាសែតឆាកលី គឺជាកាសែតប្រចាំសប្តាហ៍ ដែល​ចុះផ្សាយរូបត្លុកកំប្លែង បែបសើចចំអក និងពិចារណា ទៅលើព័ត៌មានសង្គម សាសនា ឬនយោបាយ។ តើ៥ឆ្នាំកន្លងមកនេះ មានការវិវឌ្ឍន៍យ៉ាងណាខ្លះ? តើអ្នកកាសែត នៅតែស្ថិតក្នុងភាពភ័យខ្លាច ដោយសារតែគំនិតចង្អៀតចង្អល់ មិនទទួលការរិះគន់ របស់ជនជ្រុលនិយមមួយចំនួនឬ?

រូបថត គេហទំព័រ កាសែត Charlie Hebdo
រូបថត គេហទំព័រ កាសែត Charlie Hebdo RFI
ផ្សាយពាណិជ្ជកម្ម

ក្នុងឱកាសខួប៥ឆ្នាំ នៃព្រឹត្តិការណ៍បាញ់រះនៅទីស្នាក់ការកាសែត Charlie Hebdo អង្គការអ្នករាយការណ៍គ្មានព្រំដែន បានរៀបចំកម្មវិធីសន្និសីទមួយ ដើម្បីស្វែងយល់ពីដំណើរវិវឌ្ឍន៍នៃសិទ្ធិសេរីភាពរបស់អ្នកកាសែត ក្នុងយុគសម័យនៃការគំរាមកំហែងភេរវកម្ម។

យោងតាមលោក Christophe Deloire មេរៀននៃព្រឹត្តិការបាញ់រះនៅស្នាក់ការកាសែត Charlie Hebdo មិនត្រូវបានគេយកមកត្រិះរិះពិចារណា ដកបទពិសោធន៍ឡើយ។ អ្នកកាសែតនៅស្ថិតក្នុងការគំរាមកំហែង មិនអាចបំពេញការងាររបស់ខ្លួន ដោយជ្រះស្រលះក្នុងចិត្តឡើយ។ សន្តិសុខរបស់ពួកគេ គឺជាបញ្ហាចំបង។

លោក Christophe Deloire អះអាងថា៖ “បច្ចុប្បន្ននេះ មានប្រទេសចំនួន​៦០ប្រទេស ដែល​នៅតែបន្តប្រើវិធានច្បាប់ ស្តីពី “ការប្រមាថមាក់ងាយបែបសាសនា” ដើម្បី​យកជាកម្មវត្ថុ នៃការផ្តន្ទាទោស លើអ្នកកាសែត។ ក្នុងចំណោមនោះមានប្រទេសខ្លះ ដូចជា​ ម៉ូរីតានី ប៊្រុយណេ ប៉ាគីស្ថាន អ៊ីរ៉ង់ អាហ្វហ្កានីស្ថាន បានកំណត់ទោសប្រហារជីវិតផង”។

នៅក្នុងប្រទេសខ្លះ ដូចជាប្រទេសបារាំង ដែល “សិទ្ធិក្នុងការនិយាយចំអកលេង បន្តុះបង្អាប់សាសនា”​ នេះ ត្រូវបានការពារដោយច្បាប់ក្តី ក៏ប៉ុន្តែអ្នកកាសែត នៅតែរស់នៅក្នុងភាពភ័យខ្លាច។ ពួកគេខ្លះ ត្រូវការកងសន្តិសុខយាមសុវត្ថិភាព ដើរតាមខ្លួនជាប្រចាំ។ ប្រការនេះ ធ្វើឲ្យសិទ្ធិសេរីភាព ក្នុងការសរសេរ ឬចុះផ្សាយរបស់ពួកគេ ជួបនឹងការលំបាកណាស់។

ដូចគ្នាដែរ លោក Ahmed Shaheed ប្រេសិទពិសេសនៃការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិសេរីភាពសាសនា បានលើកឡើងថា៖ “បច្ចុប្បន្ននេះ នៅតាមប្រទេសនីតិរដ្ឋ ជឿនលឿនមួយចំនួន ថ្វីបើមានច្បាប់ការពារសិទ្ធិសរសេរ ឬចុះផ្សាយបែបកំប្លែងចំអកលើសាសនាក៏ដោយ តែជាទូទៅគេសង្កេតឃើញថា បណ្តាញព័ត៌មានមួយចំនួន​ ហាក់ដូចបានដាក់កំហិតខ្លួនឯង មិនចង់ចុះផ្សាយ​ខ្លាំងៗទេ ដោយសារតែភ័យបារម្ភពីកត្តាសន្តិសុខ”។

លោក Richard Malka មេធាវីប្រចាំរបស់កាសែតCharlie Hebdo បានលើកឡើងថា៖ “ដរាបណាប្រទេសមួយ មានការដាក់ទោស ទៅលើអំពើសើចចំអក ឬបង្អាប់បែបសាសនា គឺប្រទេសនោះគ្មានការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យពេញលេញឡើយ”។ លោកបន្តថា៖ “សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ គឺជាគោលគ្រិះ គឺជាម្តាយនៃសិទ្ធិសេរីភាពឯទៀតទាំងអស់។ ក៏ប៉ុន្តែអ្វីដែលគួរឲ្យសោកស្តាយបំផុត គឺសិទ្ធិសេរីភាពបញ្ចេញមតិនេះ កំពុងតែត្រូវគេរំលោភបំពាន”។ លោកចោទសួរថា៖ “តើ៥ឆ្នាំក្រោយការបាញ់រះនោស្នាក់ការកាសែតCharlie Hebdo តើបច្ចុប្បន្ននេះ មាននរណា​ហ៊ានសរសេររិះគន់សាសនាទេ? គឺគ្មានម្នាក់សោះ។ មានន័យថា ការភ័យខ្លាច បានយកឈ្នះសិទ្ធិសេរីភាព បាត់ទៅហើយ!”

“ហេតុការណ៍បាញ់រះដ៏ឃោរឃៅនេះ វាគឺជាស្រមោលខ្មៅ ដែលស្ថិតនៅពីលើក្រុមការងាររបស់កាសែតយើងជានិច្ច។ តែយើងបានប្តេជ្ញាធ្វើយ៉ាងណា ឲ្យកាសែតនេះ បន្តដំណើរការទៅមុខ។ ពិតមែន ដែលយើងបានឆ្លងកាត់ រឿងរ៉ាវដ៏តក់ស្លុតមួយនេះ តែយើងក៏ត្រូវទុកវាមួយកន្លែង ដើម្បីធ្វើយ៉ាងណា បន្តធ្វើការងារ ឲ្យកាសែតយើងវិវឌ្ឍន៍ទៅមុខ។ ហើយសម្រាប់ខ្ញុំ វាជារឿងដែលមិនចង់ជឿផងទេ ដែលកាសែតនេះ នៅតែអាចបន្តឈរយ៉ាងរឹងមាំ រហូតដល់សព្វថ្ងៃ បន្ទាប់ពីបានឆ្លងកាត់រឿងរ៉ាវនេះ។បើយើងនិយាយទៅ ពួកឃាតករ វាបានសម្លាប់សមាជិកក្រុមការងារកាសែតយើង មួយចំនួនធំមែន។ ក៏ប៉ុន្តែ ដោយសារកាសែតយើង នៅតែអាចបន្តការងារបាន មានន័យថា ពួកឃាតករ វាបានបរាជ័យ។ ពេលដែលពួកឃាតករបានបាញ់រះរួចហើយ ហើយពេលចេញទៅក្រៅ ពួកវាបានស្រែកថា វាបាន “សម្លាប់ឆាកលី” ។ តាមពិតពួកវា បានសម្លាប់អ្នកធ្វើការនៅកាសែតឆាកលី។ តែពួកវាមិនបានសម្លាប់កាសែតឆាកលីទេ ព្រោះថាកាសែតនេះ នៅតែមានជីវិតរហូតរាល់ថ្ងៃនេះ។

01:35

ប្រសាសន៍​លោក Philippe Lançon អ្នកកាសែតនៅ​Charlie Hebdo ដែល​រួច​រស់​ជីវិត​ពី​ការ​បាញ់​រះ ប្រែសម្រួល​ដោយ ម៉ម ពិសី

តែយ៉ាងណាក៏ដោយ កាសែត Charlie Hebdo នៅតែបន្តចុះផ្សាយរហូតដល់សព្វថ្ងៃ ដោយផ្អែកលើស្មារតីនៃសិទ្ធិសេរីភាពសារព័ត៌មាន និងសិទ្ធិបញ្ចេញមតិត។ សម្រាប់លោក Philippe Lançon អ្នកកាសែត​នៅCharlie Hebdo ដែលបានរួចរស់ជីវិត ពីការបាញ់រះកាលពី៥ឆ្នាំមុន លោកបានលើកឡើង ក្រុមភេរវកម្ម បានសម្លាប់អ្នកកាសែតរបស់Charlie Hebdo មែន​ តែពួកឃាតករមិនបាន​សម្លាប់កាសែតនេះទេ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ