អានតួអត្ថបទ
បារាំង-អាហ្រ្វិក

ប្រធានាធិបតីបារាំងលោកម៉ាក្រុងចង់ផ្តល់កម្លាំងថ្មីឲ្យប្រតិបត្តិការបារកាននៅតំបន់សាហ៊ែល

នៅ​ថ្ងៃ​សុក្រ ទី២០ ធ្នូ ប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង​បាន​ចូលរួម​ប្រារព្ធ​បុណ្យ​ណូអែល​នៅ​លើ​មូលដ្ឋានទ័ពបារាំង​ក្នុង​ប្រទេស​កូដឌីវ័រ។ ថ្លែង​នៅ​ចំពោះ​មុខ​ទាហាន​បារាំង លោក​ម៉ាក្រុង​បាន​បញ្ជាក់​ពី​តួនាទី​របស់​កងទ័ព​នៃ​យុទ្ធនាការ​អន្តរជាតិ​ប្រឆាំង​នឹង​ពួក​ជីហាត​នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ​បារកាន​នៅ​តំបន់​សាហ៊ែល។ នៅ​ក្នុង​ន័យ​នេះ ប្រមុខរដ្ឋ​បារាំង​បាន​ប្រកាស​ពី​បំណង​ចង់​ផ្តល់​កម្លាំង​ថ្មី​ឲ្យ​​ប្រតិបត្តិការ​បារកាន​នៅ​តំបន់​សាហ៊ែល។ លោក​ម៉ាក្រុង​យល់​ថា បារកាន​ជា​បេសកកម្ម​សំខាន់​សម្រាប់​ប្រទេស​បារាំង។

ប្រធានាធិបតីបារាំងលោកម៉ាក្រុងនៅលើមូលដ្ឋានទ័ពបារាំងក្នុងប្រទេសកូដឌីវ័រ ថ្ងៃទី២០ ធ្នូ ២០១៩
ប្រធានាធិបតីបារាំងលោកម៉ាក្រុងនៅលើមូលដ្ឋានទ័ពបារាំងក្នុងប្រទេសកូដឌីវ័រ ថ្ងៃទី២០ ធ្នូ ២០១៩ Ludovic MARIN / AFP
ផ្សាយពាណិជ្ជកម្ម

« បារកាន​ជា​បេសកកម្ម​សំខាន់​សម្រាប់​បារាំង។ យើង​នឹង​បន្ត​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ពួក​ភេរវជន និង​ពួក​ជីហាត។ យើង​នឹង​បន្ត​យុទ្ធនាការ​មួយ​នេះ​ជាមួយ​នឹង​ក្រុម​ដៃគូ​អាហ្រ្វិក​របស់​យើង ក្រុម​ដៃគូ​អឺរ៉ុប​របស់​យើង និង​អន្តរជាតិ។ នៅ​ក្នុង​ន័យ​នេះ ខ្ញុំ​ចង់​ឲ្យ​ប្រមុខរដ្ឋ​ទាំង​អស់​នៅ​ក្នុង​តំបន់​អញ្ជើញ​ទៅ​ចូលរួម​នៅ​ក្នុង​ជំនួបកំពូល​រៀបចំ​ក្នុង​ប្រទេស​បារាំង​នា​ថ្ងៃទី១៣ មករា ឆ្នាំ ២០២០ ខាង​មុខ។ គឺ​ជា​ជំនួបកំពូល​មួយ​ដែល​មាន​គោលដៅ​ពិនិត្យ​មើល​ឡើង​វិញ​នូវ​នយោបាយ និង​យុទ្ធសាស្រ្ត​នៃ​កិច្ចសហប្រតិបត្តិការ​បារកាន។

បើ​គ្មាន​កិច្ចសន្យា​នយោបាយ​ពី​ប្រមុខរដ្ឋ​ទាំង​អស់​នៅ​ក្នុង​តំបន់​ទេ យើង​មិន​អាច​ធ្វើ​សកម្មភាព​ដោយ​មាន​ប្រសិទ្ធិភាព​បាន​ឡើយ។ បន្ទាប់​មក​ទៀត ខ្ញុំ​ចង់​ផ្តល់​កិច្ចសន្យា​ថ្មី និង​ផ្តល់​សន្ទុះ​បន្ថែម​ឲ្យ​ដល់​កិច្ចសហប្រតិបត្តិការ​បារកាន​ដើម្បី​ឈ្នះ​ទាំង​ស្រុង​លើ​ពួក​ភេរវជន និង​ពួក​ជីហាត។ ទទួល​ជ័យជំនះ​នៅ​ក្នុង​យុទ្ធនាការ​នេះ គឺ​ដើម្បី​សន្តិសុខ និង​ស្ថិរភាព​នៅ​ក្នុង​តំបន់​សាហ៊ែល ពិសេស​នៅ​ក្នុង​តំបន់​ទាំង​មូល។ តែ​ក៏​មាន​ដែរ​សន្តិសុខ និង​ស្ថិរភាព​សម្រាប់​អឺរ៉ុប ព្រោះ​ថា​បើ​យើង​ទុក​ឲ្យ​មាន​ការ​គំរាមកំហែង យើង​ក៏​ទទួល​រង​ការ​គំរាមកំហែង​នោះ​ដែរ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ