អានតួអត្ថបទ
បារាំង

បារាំង និងអាមេរិក​យល់ព្រម​ផ្អាក​ជម្លោះ ក្នុង​រឿង​យកពន្ធ​លើ​ក្រុមហ៊ុន​បច្ចេកវិទ្យា

បារាំង និង​អាមេរិក កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ម្សិលមិញ បាន​យល់ព្រមព្រៀង គ្នា ស្តី​ពី​ការងារ​ជា​មូលដ្ឋាន ដែល​គេ​ត្រូវ​ជជែក សម្រាប់​សំណុំរឿង​យកពន្ធ​លើ​ក្រុមហ៊ុន​អ៊ីនធ័រនែត និង​ឌីជីថល ដែល​រហូតមក ជា​ចំណុច ខ្វែងគំនិត​គ្នា​ខ្លាំង រវាង​ប៉ារីស និង​វ៉ាស៊ីនតោន។ តាម​ការប្រកាស​របស់​រដ្ឋមន្រ្តី​សេដ្ឋកិច្ច បារាំង ការជជែក​ស្តីពី​ច្បាប់ពន្ធ​ជាទូទៅ លើ​ក្រុមហ៊ុន​ឌីជីថល នឹង​រៀបចំ​ឡើង ដោយ​អង្គការ​សហប្រតិបត្តិការ​និង​អភិវឌ្ឍ​សេដ្ឋកិច្ច ហៅកាត់ថា OCDE ចាប់​ពីពេលនេះ រហូត​ដល់​ដំណាច់ឆ្នាំ ២០២០។ 

បារាំង​បង្កើត​ច្បាប់​ពន្ធ​GAFA ដើម្បី​យកពន្ធ​លើ​ក្រុមហ៊ុន​អ៊ីនធ័រនែត និង​ក្រុមហ៊ុន​ឌីជីថល​អាមេរិកាំង កាលពី​ខែ​កក្កដា ២០២០
បារាំង​បង្កើត​ច្បាប់​ពន្ធ​GAFA ដើម្បី​យកពន្ធ​លើ​ក្រុមហ៊ុន​អ៊ីនធ័រនែត និង​ក្រុមហ៊ុន​ឌីជីថល​អាមេរិកាំង កាលពី​ខែ​កក្កដា ២០២០ REUTERS
ផ្សាយពាណិជ្ជកម្ម

បារាំង និង​អាមេរិក នៅទីបំផុត​ទៅ បាន​រកឃើញ​កិច្ចព្រមព្រៀង​គ្នាមួយ ដើម្បី​ជៀសវាង ជម្លោះ​ពាណិជ្ជកម្ម រវាង​គ្នា។ តាមការប្រកាស​របស់​រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច​បារាំង លោក​Bruno Le Maire នៅក្រោយ​កិច្ចប្រជុំ ជាមួយ​រដ្ឋមន្រ្តី​សេដ្ឋកិច្ច អាមេរិក និង អគ្គលេខាធិការ​អង្គការ​OCDE នៅក្រៅ​ក្របខ័ណ្ឌ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក ក្រុង​ដាវ៉ូស Davos ប្រទេស​ស្វ៊ីស ភាគី​បារាំង និង​អាមេរិក​បាន​យល់ស្របគ្នា​ថា នឹង​ចរចា​ដើម្បី​បង្កើត​ច្បាប់ពន្ធ​ទូទៅ​មួយ លើ​ក្រុមហ៊ុន​ឌីជីថល ក្នុង​ក្របខ័ណ្ឌ​អង្គការ​OCDE។

សម្រាប់​រដ្ឋមន្រ្តី​សេដ្ឋកិច្ច​បារាំង ការយល់ព្រមព្រៀងគ្នា កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ជា​ដំណឹង​ល្អ​មួយ​សម្រាប់​ភាគី​បារាំង ព្រោះ​វា​ធ្វើ​ឲ្យ​បារាំង អាច​រួច​ជៀស​ផុត ពី​ទណ្ឌកម្ម​សេដ្ឋកិច្ច ដែល​រដ្ឋបាល​លោកដូណាល់ ត្រាំ ធ្លាប់​បាន​គំរាម នៅ​ក្រោយពេល​ដែល​បារាំង បង្កើត​ច្បាប់ពន្ធ GAFA ដើម្បី​​យក​ពន្ធ​ពី​ក្រុមហ៊ុន អ៊ីនធ័រនែត និង​ឌីជីថល​អាមេរិកាំង ធំៗ ដូចជា Google Amazon Facebook និង​Apple កាលពី​ខែ កក្កដា ឆ្នាំមុន។

ដូចជា​ប្រទេស​អឺរ៉ុប​ផ្សេងទៀត ដូចជា អង់គ្លេស និងអ៊ីតាលី រដ្ឋាភិបាល​បារាំង បាន​បង្កើត​ច្បាប់​យក​ពន្ធ ៣ភាគរយ ពី​ក្រុមហ៊ុន​ឌីជីថល​ណា ដែល​អាច​រក​ប្រាក់ចំណូល​ចាប់ពី ៧៥០​លាន​អឺរ៉ូ នៅ​ក្នុង​ពិភពលោក និង ២៥​លាន​អឺរ៉ូ នៅក្នុង​ទឹកដី​បារាំង។ ខឹងសម្បារ​នឹង​ច្បាប់ពន្ធ​បារាំង លោកប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​គំរាម​ ចង់​សងសឹក​យក​ពន្ធ​លើ​ផលិតផល​បារាំង នាំចូល​ទៅ​អាមេរិក ដែល​មាន​តម្លៃ ជាង ២ពាន់លាន​អឺរ៉ូ ដែលនៅក្នុង​នោះ មាន​ផងដែរ ស្រា និង​Fromage បារាំង។

រដ្ឋមន្រ្តី​សេដ្ឋកិច្ច​បារាំង បាន​បញ្ជាក់​ថា ច្បាប់​ពន្ធ​បារាំង លើ​ក្រុមហ៊ុន អ៊ីនធ័រនែត ឬ​ច្បាប់ GAFA​នឹង​ត្រូវ​ផ្អាក​មួយរយៈ ក្នុង​ពេល​ចរចា រង់ចាំ​ឲ្យ​មាន​កិច្ចព្រមព្រៀង​ជាទូទៅ ស្តីពី​ពន្ធ​លើ​ក្រុមហ៊ុន​ឌីជីថល​ក្នុង​ក្របខ័ណ្ឌ អង្គការ​OCDE ដែល​មានចូលរួម​ពី ប្រទេស​១៣២​នៅក្នុង​ពិភពលោក។ ប៉ុន្តែ យ៉ាងណាក៏ដោយ រដ្ឋមន្រ្តី​បារាំង​បាន​ព្រមាន​ថា នឹង​អនុវត្ត​ច្បាប់​យក​ពន្ធ​ពី​ក្រុមហ៊ុន​អាមេរិក ធំៗ​ទាំង​៤ នៅ​ឆ្នាំ ២០២០ ក្នុង​ករណី​ដែល​គេ​មិនអាច​រកឃើញ​កិច្ចព្រមព្រៀង បង្កើត​ច្បាប់ពន្ធ​ជា​លក្ខណៈ សកល លើ​ក្រុមហ៊ុន​អ៊ីនធ័រនែត នៅដំណាច់ឆ្នាំ ២០២០នេះ។ សម្រាប់​រដ្ឋមន្រ្តី​បារាំង នៅក្នុង​សម័យ​បច្ចេកវិទ្យា​ទំនើប សម័យ ដែល​ក្រុមហ៊ុន​ឌីជីថល​អាច​រក​ប្រាក់ចំណេញ ដ៏ងាយ និង ច្រើន ជាងគេ នៅក្នុង​ពិភពលោក​នោះ គេ​មិនអាច​អនុវត្ត​ប្រព័ន្ធ​យក​ពន្ធចាស់ តទៅទៀត​នោះទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ