អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើការប្រឈមមុខដាក់គ្នារវាងរុស្ស៊ី និងតួកគីនៅស៊ីរីបន្តមានរហូតដល់ពេលណា?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​កងទ័ព​តួកគី និង​កងទ័ព​ស៊ីរី​បាន​លេច​កាន់​តែ​ច្បាស់​ឡើងៗ។ នៅ​ថ្ងៃ​អាទិត្យ ទី១ មីនា តួកគី​បាន​ប្រកាស​បើក​ប្រតិបត្តិការ​យោធា​លើ​តំបន់​អ៊ីដឡិប​ស្ថិត​ប៉ែក​ពាយ័ព្យ​ប្រទេស​ស៊ីរី។ ប្រតិបត្តិការ​សឹក​មួយ​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​មាន​ទាហាន​តួកគី​ចំនួន ៣៣នាក់​បាន​បាត់បង់​ជីវិត​ក្រោម​គ្រាប់កាំភ្លើង​ទាហាន​ស៊ីរី​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី ២៧ កុម្ភៈ។ គួរ​រម្លឹក​ថា​តាំង​ពី​ខែ​ធ្នូ ឆ្នាំ ២០១៩ ទ័ពស៊ីរី​ដែល​មាន​ការ​គាំទ្រ​ពី​រុស្ស៊ី​បាន​បើក​ការ​វាយប្រហារ​លើ​តំបន់​អ៊ីដឡិប​របស់​ក្រុម​ប្រឆាំង​ស៊ីរី​ដែល​គាំទ្រ​ដោយ​តួកគី។ ពិត​ណាស់ ក្រុង​មូស្គូ និង​ក្រុង​អង់ការ៉ា​មិន​ចង់​ប៉ះទង្គិច​គ្នា​ដោយ​ផ្ទាល់​ទេ។ តែ​អ្វី​ដែល​កំពុង​មាន​នៅ​ស៊ីរី​ពេល​នេះ​ជា​សក្ខីកម្ម​មួយ​បញ្ជាក់​ថា ការ​ប្រឈម​មុខ​គ្នា​ដោយ​ផ្ទាល់​រវាង​មូស្គូ និង​អង់ការ៉ា​ប្រហែល​មិន​អាច​ចៀស​រួច។ តើ​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​រុស្ស៊ី និង​តួកគី​នៅ​ស៊ីរី​បន្ត​មាន​រហូត​ដល់​ពេល​ណា និង​ថា តើ​អ្វី​ទៅ​ជា​កម្មវត្ថុ​ពិត​របស់​រុស្ស៊ី និង​តួកគី​នៅ​ស៊ីរី?

ប្រធានាធិបតីតួកគី​លោក​អ៊ែរដូហ្កាន (រូបឆ្វេង) និង​សមភាគី​រុស្ស៊ី​លោក​ពូទីន
ប្រធានាធិបតីតួកគី​លោក​អ៊ែរដូហ្កាន (រូបឆ្វេង) និង​សមភាគី​រុស្ស៊ី​លោក​ពូទីន Reuters/Mustafa Kamaci/Turkish Presidential Press Office/
ផ្សាយពាណិជ្ជកម្ម

មិន​ថា​ពី​មុន និង​ឥឡូវ​ទេ ទំនាក់ទំនង​រវាង​តួកគី និង​រុស្ស៊ី​មិន​ដែល​រលូន និង​តែង​រកាំរកូស​ជានិច្ច។ ពី​មុន អាណាចក្រ​អូតូម៉ង់ និង​អាណាចក្រ​សារ​បាន​ផ្ទុះ​សង្រ្គាម​ជា​ច្រើន​នឹង​គ្នា​ដើម្បី​ត្រួតត្រា​តំបន់​មជ្ឈិមបូព៌ា និង​ដើម្បី​គ្រប់គ្រង​តំបន់​បាល់កង់។ ឥឡូវ​នេះ តួកគី និង​រុស្ស៊ី​បាន​ប្រឈម​មុខ​ដាក់​គ្នា​នៅ​តំបន់​បាល់កង់ គ្រីមេ លីប៊ី ពិសេស​គឺ​ស៊ីរី។ ស៊ីរី​ដែល​ក្រុង​មូស្គូ​បាន​គាំទ្រ​រដ្ឋាភិបាល​របស់​ប្រធានាធិបតី​អាសាដ និង​តួកគី​បាន​គាំទ្រ​ក្រុម​ប្រឆាំង​រដ្ឋាភិបាល​ស៊ីរី។ ក្នុង​ឆ្នាំ ២០១៥ តួកគី និង​រុស្ស៊ី​វិះ​នឹង​ផ្ទុះ​សង្រ្គាម​រវាង​គ្នា ក្រោយ​ពី​មាន​យន្តហោះចម្បាំង​រុស្ស៊ី​មួយ​គ្រឿង​ត្រូវ​បាន​ទ័ពអាកាស​តួកគី​បាញ់​ទម្លាក់​ក្នុង​ដែនអាកាស​ស៊ីរី។ តែ​នៅ​ក្រោយ​ឧប្បត្តិហេតុ​កាល​ណោះ ប្រធានាធិបតី​រុស្ស៊ី​លោក​ពូទីន​បាន​ជ្រើស​យក​ផ្លូវ​មិន​សងសឹក​តួកគី​វិញ​ទេ។

តាំង​ពី​ពេល​នោះ​មក រុស្ស៊ី និង​តួកគី​បាន​ផ្តើម​កាត់​បន្ថយ​ភាព​តានតឹង​រវាង​គ្នា និង​ថែម​ទាំង​បាន​ក្លាយ​ជា​ដៃគូ​ភូមិសាស្រ្តនយោបាយ​ជាមួយ​គ្នា​ទៀត​ផង។ លោក​ពូទីន និង​សមភាគី​តួកគី​លោក​អ៊ែរដូហ្កាន​បាន​ចាប់​ដៃ​បង្កើន​ឥទ្ធិពលនយោបាយ​នៅ​មជ្ឈិមបូព៌ា និង​រួម​កម្លាំង​គ្នា​ប្រឆាំង​នឹង​សណ្តាប់ធ្នាប់ពិភពលោក​តាក់តែង​ដោយ​បស្ចិមលោក​សព្វថ្ងៃ។ លើស​ពី​នេះ មេដឹកនាំ​ផ្តាច់ការ​ទាំង​ពីរ​ថែម​ទាំង​ចែក​ប្រយោជន៍​ការទូត យោធា និង​សេដ្ឋកិច្ច​រវាង​គ្នា​ទៀត​ផង។ ក៏​ប៉ុន្តែ ទំនាក់ទំនង និង​ការ​រំកិល​រក​គ្នា​របៀប​នេះ​មិន​ដែល​មាន​រយៈពេល​យូរ​ឡើយ ព្រោះ​នៅ​ទីបំផុត​ទៅ ម្នាក់ៗ​សុទ្ធ​តែ​ចង់​បាន​ឥទ្ធិពល និង​ចង់​បាន​ប្រយោជន៍​ផ្តាច់​មុខ​រៀងៗ​ខ្លួន។ ចូរ​កុំ​ភ្លេច​ថា ការ​គាំទ្រ​ឥត​លក្ខខណ្ឌ​របស់​រុស្ស៊ី​ចំពោះ​របបស៊ីរី​សព្វថ្ងៃ​ជា​មូលដ្ឋានគ្រឹះ​នៃ​កម្មវត្ថុ​ដែល​លោក​ពូទីន​បាន​កំណត់​រួច​ហើយ គឺ​ដណ្តើម​យក​ឥទ្ធិពល​នៅ​តំបន់​ដើមបូព៌ា​ត្រឡប់​វិញ។

នៅ​ក្នុង​ន័យ​នេះ លោក​ពូទីន​មិន​ញញើត​នឹង​ប្រើ​កម្លាំងទ័ព​ដើម្បី​ជួយ​រដ្ឋាភិបាល​ស៊ីរី​ក្នុង​ការ​ដណ្តើម​យក​វិញ​នូវ​ដែនដី​ដែល​កំពុង​ស្ថិត​ក្នុង​ដៃ​ក្រុមប្រឆាំង​ទេ ពិសេស​ខេត្ត​អ៊ីដឡិប​ដែល​ជា​ជម្រក​ចុងក្រោយ​របស់​ពួក​ប្រឆាំង។ ក៏​ប៉ុន្តែ យុទ្ធនាការ​របស់​ទ័ព​រដ្ឋាភិបាល​ស៊ីរី​ដោយ​មាន​ជំនួយ​ពី​ទ័ពរុស្ស៊ី​ពេល​នេះ​កំពុង​រំខាន​ដោយ​ការ​លូកដៃ​របស់​តួកគី​គាំទ្រ​ពួក​ប្រឆាំង។ រុស្ស៊ី​ពិត​ជា​មិន​សប្បាយចិត្ត​នឹង​ទង្វើ​របស់​តួកគី​ដែល​លោក​អ៊ែរដូហ្កាន​កំពុង​បំផ្លាញ​កម្មវត្ថុ​របស់​លោក​ពូទីន​ពេល​នេះ​ទេ។ ដូច្នេះ​ចង់​ឬ​មិន​ចង់​ពេល​នេះ អ្នក​ដែល​កំពុង​ប្រឈម​មុខ​គ្នា​ដោយ​ផ្ទាល់​មិនមែន​តួកគី និង​ស៊ីរី​ទេ តែ​គឺ​តួកគី និង​រុស្ស៊ី។ ការ​ស្លាប់​ទាហាន​តួកគី​ចំនួន ៣៣នាក់​ក្បែរ​ខេត្ត​អ៊ីដឡិប​ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ទី២៧ កុម្ភៈ​កន្លង​ទៅ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ស្នាដៃ​របស់​រុស្ស៊ី​ដែល​ចង់​ផ្តល់​មេរៀន​ឲ្យ​តួកគី។

ចំណែក​ការ​ប្រកាស​បើក​ប្រតិបត្តិការ​យោធា​របស់​តួកគី​ក្រោម​ឈ្មោះ « ខែលនិទាឃរដូវ » លើ​ទ័ពរដ្ឋាភិបាល​ស៊ីរី​នា​ថ្ងៃ​អាទិត្យ ទី១ មីនា​ក៏​តួកគី​ជា​ចង់​ព្រមាន​រុស្ស៊ី​វិញ​ដោយ​ប្រយោល​ដែរ។ គួរ​រម្លឹក​ថា តាំង​ពី​ស៊ីរី​បាន​ធ្លាក់​ក្នុង​បដិវត្តអារ៉ាប់​កាល​ពី​ខែ​មីនា ឆ្នាំ ២០១១ តួកគី​បាន​សម្រេច​គាំទ្រ​ក្រុមប្រឆាំង​ដោយ​សង្ឃឹម​ថា​មិន​យូរ មិន​ឆាប់ របបស៊ីរី​របស់​លោក​អាសាដ​នឹង​ត្រូវ​ដួលរលំ។ តែ​ផ្ទុយ​ពី​ការ​គិត​ទុក អន្តរាគមន៍​របស់​រុស្ស៊ី​គាំទ្រ​លោក​អាសាដ​តាំង​ពី​ឆ្នាំ ២០១៥ បែរ​ជា​កំពុង​ពង្រឹង​អំណាច​របស់​លោក​អាសាដ​ទៅ​វិញ។ គ្រប់​គ្នា​កំពុង​រង់ចាំ​មើល​ថា តើ​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​រុស្ស៊ី និង​តួកគី​នៅ​ស៊ីរី​នឹង​បន្ត​មាន​រហូត​ដល់​ពេល​ណា?។ ពិត​ណាស់ រុស្ស៊ី និង​តួកគី​ដែល​មាន​ជំហរ និង​មាន​ការ​គាំទ្រ​មិន​ដូច​គ្នា​ចំពោះ​ភាគី​ជម្លោះ​នៅ​ស៊ីរី​ពិត​ជា​មិន​ចង់​ប្រឈម​ផ្លូវ​អាវុធ​ដាក់​គ្នា​ដោយ​ផ្ទាល់​នៅ​លើ​ទឹកដី​ស៊ីរី​ឡើយ។

តែ​គេ​ត្រូវ​ហ៊ាន​ទទួល​ស្គាល់​ថា តំបន់​មជ្ឈិមបូព៌ា​ដែល​កំពុង​ស្គាល់​អស្ថិរភាព និង​ដែល​កំពុង​មាន​ការ​លូកដៃ​ពី​គ្រប់​មហាអំណាច​នៅ​ក្នុង​តំបន់ សង្រ្គាម​អាច​នឹង​ផ្ទុះ​ឡើង​ភ្លាមៗ​គ្រប់​ពេល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ