អានតួអត្ថបទ
តួកគី​-ស៊ីរី-រុស្ស៊ី

រុស្ស៊ី​និង​តួកគី​ ប្រកាសព្រមព្រៀង​ កាត់បន្ថយភាពតានតឹងនៅស៊ីរី

ក្រោយ​ពី​ការស្លាប់​​​ទាហាន ​៣៤នាក់​កាលពី​​ថ្ងៃព្រហស្បតិ៍​ទី ២៧កុម្ភៈ​មក​ ​តួកគីបាន​បង្កើន​សកម្មភាព​ការទូតច្រើន និង​ថែម​ទាំង​បាន​ដាក់​គំនាប​លើ​សហភាព​អឺរ៉ុប ដោយ​ប្រកាស​បើក​ព្រំដែន​តួកគី​បណ្តោយ​ឱ្យ​ជនភៀស​ខ្លួន​ស៊ីរី​ឆ្លង​មក​អឺរ៉ុប​ផង។ ប៉ុន្តែ​គឺ​ជាមួយ​ភាគី​រុស្ស៊ី​ដែល​ជាអ្នក​​ឃុំ​គ្រង​របប​ក្រុង​ដាម៉ាស ដែល​តួកគី​ត្រូវ​ចរចា​​ស្វែង​រក​ច្រក​ចេញ​ពី​វិបត្តិ។ ប្រមុខ​ដឹកនាំ​រុស្ស៊ី​និង​សមភាគី​តួកគី​ត្រូវ​ជួប​ពិភាក្សា​គ្នា​នៅ​ដើម​សប្តាហ៍​ក្រោយ។ មុន​ជំនួប​ថ្នាក់កំពូល​មក​ដល់ នៅ​​ព្រឹក​ថ្ងៃ​សៅរ៍​ទី ២៩​កុម្ភៈ​នេះ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​រុស្ស៊ី​បាន​ប្រកាស​រួច​ជា​ស្រេច​ថា រុស្ស៊ី​និង​តួកគី​ បាន​​ព្រមព្រៀង​​កាត់​បន្ថយ​ភាព​តាន​តឹង​នៅ​ស៊ីរី។

ម៉ូស្គូ​និង​អង់ការ៉ា ព្រម​ព្រៀង​បន្ធូ​បន្ថយ​ភាព​តាន​តឹង​នៅ​ស៊ីរី។ ប្រមុខ​ដឹកនាំ​ទាំង​ពីរ​ប្រទេស​នឹង​ជួប​គ្នា​នៅ​សប្តាហ៍​ក្រោយ
ម៉ូស្គូ​និង​អង់ការ៉ា ព្រម​ព្រៀង​បន្ធូ​បន្ថយ​ភាព​តាន​តឹង​នៅ​ស៊ីរី។ ប្រមុខ​ដឹកនាំ​ទាំង​ពីរ​ប្រទេស​នឹង​ជួប​គ្នា​នៅ​សប្តាហ៍​ក្រោយ Alexey DRUZHININ / SPUTNIK / AFP
ផ្សាយពាណិជ្ជកម្ម

“រុស្ស៊ី​និង​តួកគី​បាន​ព្រមព្រៀង​​​កាត់​បន្ថយ​ភាព​តាន​តឹង​នៅ​លើ​ទឹក​ដី​ស៊ីរី និងបន្ត​សកម្មភាព​ប្រយុទ្ធ​ប្រឆាំង​នឹងក្រុម​ដែល​​អង្គការ​សហប្រជាជាតិ ចាត់​ទុក​ពួក​​ភេរវនិយម”​ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​ការបរទេស​រុស្ស៊ី ចេញ​ផ្សាយ​នៅ​ថ្ងៃ​សៅរ៍​ទី ២៩​កុម្ភៈ ដោយ​អះអាង​ទៀត​ថា អ្នក​ទទួល​ខុស​ត្រូវ​​ប្រទេស​ទាំង​ពីរ ក៏​បាន​ឯកភាព​គ្នា ការពារ​ជន​ស៊ីវិល ទាំង​នៅ​ខាង​ក្នុង​ និង​នៅ​ខាង​ក្រៅ តំបន់​ដែល​កំពុង​ប្រឈម​គ្នា​ខ្លាំង ( Idleb) ព្រមទាំង​សម្រេច​​ផ្គត់​ផ្គង់​ជំនួយ​មនុស្ស​ធម៌​ជា​បន្ទាន់​ ដល់​ពលរដ្ឋ​ដែល​ត្រូវ​ការ។

បើតាម​ប្រភព​មូស្គូ​ដដែល អន្តរការី​រុស្ស៊ី​ទទួល​បន្ទុក​កិច្ចការ​ស៊ីរី អនុរដ្ឋមន្ត្រី​ក្រសួង​ការបរទេស​រុស្ស៊ី និង​តំណាង​ក្រសួងការពារ​ជាតិ​រុស្ស៊ី បាន​ជួប​ប្រជុំ​ជាមួយ​ប្រតិភូ​តួកគី​ ចំនួន​ពីរ​លើក កាលពី​ថ្ងៃ​ពុធ​ និង​ថ្ងៃ​សុក្រ​ ទើប​សម្រេច​បាន​លទ្ធផល​នេះ។

សូម​បញ្ជាក់​ថា ភាព​តាន​តឹង​បាន​ឡើ​ងដល់កំរិត​កំពូល នៅ​តំបន់​អ៊ីដលិប ជង្រុក​ចុងក្រោយ​របស់​ពួក​ឧទ្ទាម​ជីហាតអង្គការ​​រដ្ឋ​អ៊ីស្លាម ក្រោយ​ពី​ទាហាន​តួកគី ៣៤នាក់​បាន​ស្លាប់​ដោយ​ការ​វាយប្រហារ​របស់​កងទ័ព​រដ្ឋាភិបាល​ស៊ីរី គាំទ្រ​ដោយ​រុស្ស៊ី។ ជា​ការ​សង​សឹក​តប​វិញ ប្រធានាធិបតី​តួកគី​ ​ក៏​បាន​ទម្លាក់​គ្រាប់​បែក​លើ​ទីតាំង​ជា​ច្រើន​របស់​រដ្ឋាភិបាល​ក្រុង​ដាម៉ាស។ ទីតាំង​ស្តុក​អាវុធ​គីមី​មួយ​របស់​ស៊ីរី ត្រូវ​បាន​បំផ្លាញ នៅ​យប់​ថ្ងៃ​សុក្រ​ឆ្លង​ចូល​ថ្ងៃ​សៅរ៍ទី​២៩កុម្ភៈ​នេះផង។ នេះ​បើ​តាម​ការ​អះអាង​របស់​កងកម្លាំង​តួកគី​ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ។

ទន្ទឹម​នឹង​ប្រតិកម្ម​ដោយ​ប្រើ​កម្លាំង​ តួកគីក៏​ផ្តើម​យុទ្ធនាការ​ការទូតទៀត​ ដើម្បី​គ្រប់គ្រង​ស្ថានការណ៍​នៅ​ស៊ីរី។ មុន​នឹងឈាន​ដល់​​​ជំនួប​ដោយ​ផ្ទាល់​នៅ​សប្តាហ៍​ក្រោយ លោក​ប្រធានាធិបតីតួកគី អ៊ែរដូហ្កាន បានជួប​​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​លោក ពូទីន​ នៅ​ល្ងាច​ថ្ងៃសុក្រ​ទី ២៨​កុម្ភៈ​២០២០ ដោយ​បាន​​ស្នើ​ឱ្យ​រុស្ស៊ី កុំ​នៅ​បាំង​ផ្លូវ​តួកគី ពោល​គឺ​ទុក​ឱ្យ​តួកគី​ចាត់ការ​ជាមួយ​នឹង​ស៊ីរី​តែ​ម្នាក់​ឯង។ នេះ​បើតាម​ប្រសាសន៍​របស់​អ៊ែរដូហ្កាន​នៅ​ក្នុង​សុន្ទរកថា​ពីទីក្រុង​អ៊ីស្តង់ប៊ូល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ