អានតួអត្ថបទ
បារាំង ភេរវកម្ម អ៊ីស្លាមជ្រុលនិយម

បារាំង៖ ការវាយប្រហារដោយចាក់នឹងកាំបិត ស្លាប់២នាក់ របួសច្រើននាក់

នៅភាគខាងត្បូងបារាំង ចំងាយប្រមាណ​១០០គីឡូម៉ែត្រ ពីទីក្រុងលីយ៉ុង បុរសម្នាក់ បាន​យកកំបិតចាក់​សំលាប់​មនុស្សនៅតាមហាងទំនិញ កាលពីព្រឹកថ្ងៃសៅរ៍ ទី៤មេសា បណ្តាលឲ្យស្លាប់មនុស្ស​២នាក់ និងរបួសច្រើននាក់។ អាជ្ញាធរបារាំង មិនទាន់សន្និដ្ឋានទេ​ ថាអំពើនេះ មានលក្ខណៈជាអំពើភេរវកម្មបែបអ៊ីស្លាមជ្រុលនិយម​ឬយ៉ាងណា។ លោកប្រធានាធិបតីបារាំង បានមានប្រតិកម្មភ្លាមៗថា អំពើយកកាំបិតចាក់សម្លាប់មនុស្សដោយមិនរើសមុខ ក្នុងកាលៈទេសៈដែលបារាំង កំពុងស្ថិតក្នុងការគម្រាមកំហែង ដោយការឆ្លងរាលដាលកូវីដ១៩នេះ គឺជាអំពើព្រៃផ្សៃជាពន់ពេកណាស់​។

ស​មត្ថិកិច្ចស៊ើបអង្កេត កំពុងស្ថិតនៅទីកន្លែងកើតហេតុ ក្នុងឃុំ Romans-sur-Isère ថ្ងៃទី​៤ មេសា ២០២០
ស​មត្ថិកិច្ចស៊ើបអង្កេត កំពុងស្ថិតនៅទីកន្លែងកើតហេតុ ក្នុងឃុំ Romans-sur-Isère ថ្ងៃទី​៤ មេសា ២០២០ JEFF PACHOUD / AFP
ផ្សាយពាណិជ្ជកម្ម

ទីប្រជុំជនឃុំ Romans-sur-Isère មានសភាពស្ងាត់ជ្រងំ នៅព្រឹកថ្ងៃសៅរ៍ទី៤មេសា ដោយសារតែប្រទេសបារាំងទាំងមូល ត្រូវស្ថិតនៅក្នុងបំរាមឲ្យសំងំក្នុងផ្ទះ ដើម្បីបង្ការ​ការឆ្លងរាលដាលនូវមេរោគកូវីដ១៩។ ម៉ោងប្រមាណជា១១ព្រឹក មនុស្សប្រុសម្នាក់ បានស្ទុះចូលទៅក្នុងហាងលក់បារី និងកាសែតមួយកន្លែង ហើយបានយកកាំបិត ចាក់បុរសម្ចាស់ហាងបណ្តាលឲ្យស្លាប់ និងបានចាក់​ឲ្យរបួសស្ត្រីជាប្រពន្ធរបស់ម្ចាស់ហាង។

ក្រោយមកទៀត ជនដៃដល់បានរត់ទៅក្រៅ ហើយចូលទៅក្នុងហាងលក់សាច់មួយកន្លែង ដោយបាន​ស្ទុះយកកាំបិត ចាក់សម្លាប់អតិថិជនម្នាក់ និងបង្កឲ្យរបួសមនុស្សផ្សេងទៀត។ ជាសរុប មានជនរងគ្រោះ២នាក់ បានស្លាប់នៅនឹងកន្លែង និងរបួស​សុរប៧នាក់ ក្នុងនោះម្នាក់កំពុងស្ថិតក្នុងការ​សង្រ្គោះបន្ទាន់។

ភ្លាមៗក្រោយហេតុការណ៍នេះ ជនដៃដល់ ត្រូវបានសមត្ថកិច្ចនគរបាលបារាំង ស្ទាក់ចាប់បាន។  ​ជនដៃដល់ មានភេទប្រុស កើតឆ្នាំ១៩៨៧ ជាជនភៀសខ្លួន មកពីប្រទេសស៊ូដង់ ហើយមិនមានជាប់ក្នុងបញ្ជីរខ្មៅរបស់សមត្ថកិច្ចបារាំង​ទេ។។ អាជ្ញាធរបារាំង នៅមិនទាន់កំណត់ពីកម្មវត្ថុ​របស់ជន​ដៃដល់ ដែលធ្វើសកម្មភាព​នេះ ថាជាអំពើភេរវកម្មបែបអ៊ីស្លាមជ្រុលនិយមឡើយ។

ប៉ុន្តែបើផ្អែកតាមសាក្សីម្នាក់ ឆ្លើយ​ប្រាប់វិទ្យុ France Bleu បានអះអាងថា ជនដៃដល់បានស្រែក ឃ្លា​ថា « Allah Akbar ! »​ ក្នុងពេលធ្វើសកម្មភាព ស្ទុះយកកាំបិតចាក់មនុស្ស។ ចំណែកលោកអនុលេខាសហជីពនគរបាលជាតិបារាំង បានប្រាប់ទូរទស្សន៍ BFMTV ថា នៅពេលប្រគល់ខ្លួនឲ្យសមត្ថិកិច្ច ជនដៃដល់បានសំណូម​ពរសុំឲ្យ​សមត្ថកិច្ច បាញ់សម្លាប់ខ្លួន។ យោងតាម​មន្ត្រីនគរបាល​បារាំងរូបនេះ វាមានកត្តារួមផ្សំគ្រប់គ្រាន់ហើយ ដែលអាចសន្មត់ថា ជនដៃដល់​បានប្រព្រឹត្តិអំពើភេរវកម្ម បែបសាសនាអ៊ីស្លាមជ្រុលនិយម។

គួរកត់សំគាល់ថា ប្រមាណ​ជាង២សប្តាហ៍ហើយ ដែលប្រទេសបារាំងទាំងមូល ត្រូវបិទខ្ទប់ទាំងស្រុង​ ដោយសារ​តែ​មេរោគកូវីដ១៩។​ ហេតុការណ៍ជនអនាមិក យកកាំបិតចាក់សម្លាប់មនុស្សនេះ បានធ្វើឲ្យលោកប្រធានាធិបតីបារាំង មានប្រតិកម្មភ្លាមៗ។ នៅលើទំព័រTwitter លោកម៉ាក្រុង បានសរសេរថា អំពើយកកាំបិតចាក់សម្លាប់មនុស្ស ក្នុងកាលៈទេសៈដែល​ប្រទេសមានទុក្ខម្លឹងទៅ​ហើយ គឺជាអំពើដ៏ព្រៃផ្សៃហួសថ្លែង។ លោកសន្យាថា សមត្ថកិច្ច នឹងស្វែងរកការពិត នឹងរកយុទ្ធធម៌ជូនរងគ្រោះ​ឲ្យខាងតែបាន។

សូមរំលឹកថា ប៉ុន្មានឆ្នាំមកនេះ បារាំងត្រូវស្ថិតនៅក្រោម​ការគំរាមកំហែងភេរវកម្ម ​ជាប្រចាំ។ កាល​ពីដើមខែមករា មានករណីជនវិកលចរិក លង់ជឿទ្រឹស្តីអ៊ីស្លាមជ្រុលនិយម បានយកកាំបិតចាក់មនុស្សនៅតាមសួនសាធារណៈ បង្កឲ្យស្លាប់ម្នាក់។ ចំចែកកាលខែតុលា ចុងឆ្នាំ២០១៩ នាយនគរបាលទីក្រុងប៉ារីស កាន់សាសនាអ៊ីស្លាមជ្រុលនិយម បានបាញ់រះនៅក្នុងស្នាក់ការនគរបាលក្រុងបារីស ស្លាប់មនុស្ស៤នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ