អានតួអត្ថបទ
អឺរ៉ុប ការនាំចូល ចិន ឥណ្ឌា

អនុប្រធានគណកម្មការអឺរ៉ុប​​ថា អឺរ៉ុប​ពឹងផ្អែក​លើ​បរិក្ខាពេទ្យ​នាំចូល​ពីចិន​និង​ឥណ្ឌា ជ្រុល​ហួស​ពេក

លោកស្រី អនុប្រធានគណកម្មការអឺរ៉ុប បានលើកឡើង នៅថ្ងៃចន្ទទី២០មេសានេះថា ប្រទេសសហភាពអឺរ៉ុប ពឹងផ្អែកខ្លាំងជ្រុលហួសហេតុ ទៅលើចិន និងឥណ្ឌា ក្នុងការផ្តត់ផ្គង់សម្ភារៈ បរិក្ខាពេទ្យ។ ជាការ​ពឹងផ្អែក ដែលលោកស្រី ចាត់ទុកថាជារឿងគ្រោះថ្នាក់ខ្លាំងណាស់។ វិបត្តិមេរោគឆ្លង​កូវីដ១៩​ ដែលកំពុងតែអង្រួនទ្វីបអឺរ៉ុប បានស្តែងឲ្យឃើញពីផលវិបាក ទាក់ទិននឹងបញ្ហានេះ។

បុរសពាក់ម៉ាស ដើរនៅមុខស្នាក់ការ​គណកម្មការអឺរ៉ុប ទីក្រុងព្រុចសែល ថ្ងៃទី​៩ មេសា ២០២០
បុរសពាក់ម៉ាស ដើរនៅមុខស្នាក់ការ​គណកម្មការអឺរ៉ុប ទីក្រុងព្រុចសែល ថ្ងៃទី​៩ មេសា ២០២០ REUTERS - Yves Herman
ផ្សាយពាណិជ្ជកម្ម

ថ្លែងនៅក្នុងកម្មវិធីពិភាក្សា ដោះដូរយោបល់ តាមបណ្តាញទូរទស្សន៍ឆេក លោកស្រី Vera Jourova អនុប្រធានគណកម្មការអឺរ៉ុប បាន​លើកឡើងថា សហភាពអឺរ៉ុប ពឹងផ្អែកខ្លាំងជ្រុលហួសហេតុ ទៅលើសម្ភារៈ បរិក្ខាពេទ្យ ដែលនាំចូលពីចិន និងពីឥណ្ឌា។ ការពឹងផ្អែកនេះ គឺវាធ្វើឲ្យសហភាពអឺរ៉ុប ស្ថិតនៅក្នុងភាពគ្រោះថ្នាក់ អាចជួបបញ្ហាបានគ្រប់ពេល។

លោកស្រីបន្តថា វិបត្តិមេរោគឆ្លងកូវីដ១៩ បច្ចុប្បន្ននេះ បានធ្វើឲ្យប្រទេសសមាជិកសហភាពអឺរ៉ុប​ទាំងអស់ បានភ្លឺភ្នែក បានរៀនសូត្រដកពិសោធន៍ ពីគ្រោះថ្នាក់ នៃការរំពឹងជ្រុលហួសហេតុ តែទៅលើទំនិញបរិក្ខាពេទ្យ ដែលផលិតនិងនាំចូលពីប្រទេសផ្សេង តែមួយឬ២ប្រទេស។

លោកស្រីអនុប្រធានគណកម្មការអឺរ៉ុប បានសង្កត់ធ្ងន់ថា សហភាពអឺរ៉ុប រួមទាំងប្រទេសសមាជិកទាំងអស់ ត្រូវតែមានវិធានការឆ្លើយតប ហើយជាវិធានការដែលខ្លាំងក្លា ដើម្បីរំដោះខ្លួន ចេញពីភាពពឹងផ្អែកលើទំនិញរបស់ចិននិងឥណ្ឌា។ ប្រទេសអឺរ៉ុប ត្រូវតែរៀបចំ ពង្រីកប្រភពនៃការនាំចូលទំនិញ កុំរំពឹងតែលើប្រទេសមួយឬ២ ហើយបើកាន់តែប្រសើរទៀតនោះ គឺត្រូវផលិតខ្លួនឯងឲ្យបានច្រើនតាមតែអាចធ្វើទៅបាន នៅក្នុងសហភាពអឺរ៉ុប។

យោងតាមលោកស្រីអនុប្រធានគណកម្មការអឺរ៉ុប នៅរវាងចុងខែមេសានេះ សហភាពអឺរ៉ុបនឹងបញ្ចប់​អត្ថបទគម្រោងផែនការយុទ្ធសាស្ត្រ ដើម្បីឆ្លើយតបទៅនឹងបញ្ហាពឹងផ្អែកលើទំនិញបរិក្ខាពេទ្យនាំចូលពីបរទេសនេះ។​ ផែនការនេះ គឺវាស្ថិតក្នុងគម្រោងថវិកាចំណាយ សម្រាប់ឆ្នាំ២០២១ ២០២៧ ហើយនឹងត្រូវបញ្ជូនទៅកាន់​សភាអឺរ៉ុបអនុម័ត។

គួរកត់សំគាល់ថា ជាមួយនឹងការផ្ទុះឡើង នូវការឆ្លងមេរោគកូវីដ១៩ ប្រទេសអឺរ៉ុបសឹងតែទាំងអស់ បានជួយបញ្ហាខ្វះម៉ាសប្រើប្រាស់ ដោយសារតែម៉ាសសឹងតែទាំងអស់​ គឺសុទ្ធតែនាំចូលពីចិន។ បារាំង អ៊ីតាលី បានចេញវិធានការបន្ទាន់ រៀបចំចង្វាក់ផលិតកម្មផលិតម៉ាស ដោយខ្លួន​ឯងឡើងវិញ តែយ៉ាងណាក៏នៅតែមិនគ្រប់តម្រូវការ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ