អានតួអត្ថបទ
អាល្លឺម៉ង់-អឺរ៉ុប

ក្លាយ​​ជា​ប្រធាន​ផ្លាស់​វេន​សហភាព​អឺរ៉ុប អាល្លឺម៉ង់ព្រមាន​ពី​រឿង​ Brexit

ចាប់​ពី​ថ្ងៃទី ១​ កក្កដា ដល់​ថ្ងៃទី ៣១​ធ្នូ​២០២០ អាល្លឺម៉ង់​ ត្រូវ​ធ្វើ​ជា​ប្រធាន​ផ្លាស់​វេន​សហភាព​អឺរ៉ុប។ ក្នុង​​នាម​ជា​ប្រធាន​ដែល​គេ​គិត​ថា​មាន​ឥទ្ធិពល​ខ្លាំង លោកស្រី មែរកិល ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់​ ត្រូវប្រឈម​នឹង​ប្រធានបទ​សំខាន់​ពីរ គឺ​Brexit និង​ផែនការ​សង្គ្រោះ​អឺរ៉ុប​ក្រោយ​កូវីដ។ លោកស្រី​បាន​​ព្រមាន​អំពី​គ្រោះ​នៃ​បំបែក​អង់គ្លេស​ចេញ​ពី​អឺរ៉ុប​ដោយ​គ្មាន​កិច្ចព្រមព្រៀង ថា​អាច​នឹង​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​អឺរ៉ុប​ដែល​ដុនដាប​ស្រាប់​ដោយ​ហេតុ​វិបត្តិកូរ៉ូណាវីរុស កាន់​តែ​ទន់​ជ្រាយ​ថែម។

លោកស្រី​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់  Angela Merkel
លោកស្រី​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ Angela Merkel Hayoung JEON / POOL / AFP
ផ្សាយពាណិជ្ជកម្ម

ថ្លែង​ទៅ​កាន់​សភា​អាល្លឺម៉ង់​ នៅ​ថ្ងៃ​ពុធ​ទី ១​កក្កដា​២០២០ ក្នុង​ថ្ងៃ​ឡើង​កាន់​តំណែង​ជា​ប្រធាន​ផ្លាស់​វេន​សហភាព​អឺរ៉ុបថ្ងៃ​​ដំបូង លោកស្រី មែរកិល បាន​ប្រកាសថា​កំពុង​​ប្រឹង​ស្វែង​រក​ដំណោះស្រាយ​ល្អ​ជូន​អឺរ៉ុប ប៉ុន្តែ​​អឺរ៉ុបត្រូវ​​ត្រៀម​លក្ខណៈ​ឱ្យ​ហើយ​ នៅ​ពេល​គ្មាន​កិច្ចព្រមព្រៀង​ជាមួយ​នឹង​អង់គ្លេស។ ឡុងដ៍​និង​សហភាព​អឺរ៉ុប​បាន​ចាប់​ផ្តើម​ចរចា​អំពី​ទំនាក់ទំនង​ទ្វេ​ភាគី​ក្រោយ​Brexit ក្នុង​ឆន្ទៈ​រួម​បញ្ចៀស​ឱ្យ​បាន​ ការ​បែក​បាក់​ដែល​គ្មាន​កិច្ចព្រមព្រៀង នៅ​ថ្ងៃទី ៣១​ធ្នូ​២០២០។

បើ​សម្រេច​កិច្ចព្រមព្រៀង​ទ្វេ​ភាគី​មិន​បានទេ ទំនាក់ទំនង​ពាណិជ្ជកម្ម​ត្រូវ​អនុវត្ត​តាម​ច្បាប់​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ដោយ​ពន្ធក៏​ខ្ពស់ ការ​ត្រួត​ពិនិត្យ​ទំនិញ​ក៏​ខ្លាំង អង់គ្លេស​ត្រូវ​ព្រម​ទទួល​យក​នូវ​ផលវិបាក​ទាំង​ឡាយ​នេះ​។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោកស្រី​មែរកិល​ ទៅ​កាន់​អ្នក​សារព័ត៌មាន។

ក្នុង​រយៈ​ពេល​៦​ខែ​នេះ ក្រៅ​ពី​សំណុំ​រឿងអង់គ្លេស​បែក​ពីអឺរ៉ុប ​ប្រធាន​ផ្លាស់​វេន​សហភាព​ត្រូវ​ដោះស្រាយ សំណុំ​រឿង​ដ៏​ក្តៅ​គគុក​មួយ​ទៀត ​គឺ​ចរចា​សម្រេច​ផែនការ​ផ្តល់​សន្ទុះ​សេដ្ឋកិច្ច​អឺរ៉ុប ដែល​រងគ្រោះ​ខ្លាំង​មិន​ធ្លាប់​ដោយ​វិបត្តិ​កូរ៉ូណាវីរុស។​

ជា​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាលដ៏​យូរ​អង្វែង​ជាង​គេ តែ​មួយ​គត់​​នៅអឺរ៉ុប (​១៥​ឆ្នាំ​ជាប់​គ្នា) លោកស្រី​មែរកិល ទំនង​ជា​អាច​មាន​ឈ្មោះ​ក្នុង​ប្រវត្តិ​សាស្ត្រ​អឺរ៉ុប និង​លុប​​ចោល​រូប​ភាព​អាក្រក់​អឺរ៉ុប​មិន​សាមគ្គី​គ្នា​កាលពី​វិបត្តិ​ក្រិក​ឆ្នាំ​២០១១។ ជា​លើក​ទីមួយ​អាល្លឺម៉ង់ខ្លួន​ឯង​​ព្រម​​គាំទ្រ​ផែនការ​ផ្តល់​សន្ទុះ​សេដ្ឋកិច្ចក្រោយ​វិបត្តិ​កូវីដ បង្កើត​មូលនិធិកម្ចី​​អឺរ៉ុប​រួម​តម្លៃ​៧៥០ពាន់​លាន​អឺរ៉ូ។ មូលនិធិនេះ​នឹង​សម្រេច នៅ​ថ្ងៃ​ទី ១៧-១៨​កក្កដា ក្នុង​​ជំនួប​កំពូល​ នៅ​ទីក្រុង​ព្រុចសែល​។ អាល្លឺម៉ង់ប្រធានផ្លាស់​វេន​អឺរ៉ុប ​ត្រូវ​ប្រឹង​បញ្ចុះ​បញ្ចូល​​សមាជិក​បួន​ប្រទេស (អូទ្រីស​ ស៊ុយអែត ដាណឺម៉ាក និង​ហូឡង់)ដែល​និយម​ការ​រិតត្បិត​ថវិកា ឱ្យ​ព្រម​ទទួល​យក​​​ផែនការ​ដែល​សំដៅ​ជួយ​ជា​ដំបូង​ក្រុមប្រទេសរង​គ្រោះ​កូវីដ​ខ្លាំង​នៅភាគ​ខាង​ត្បូង។ កាលពី​ថ្ងៃ​ចន្ទទី​២៩​មិថុនា​២០២០​ ជា​មួយ​​ប្រធានាធិបតី​បារាំង លោកស្រី មែរកិល​ បាន​ដាក់​សម្ពាធ​លើ​ដៃ​គូ ​ឱ្យ​សម្រេច​កិច្ចព្រមព្រៀង​ថវិកា​នេះ​ឱ្យ​បាន​មុន​នឹង​ចេញ​ទៅ​សម្រាក​វិសមកាល៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ