អានតួអត្ថបទ
បារាំង-ភេរវកម្ម-សាសនាឥស្លាម

តុលាការ​បារាំង​បើក​​សវនាកា​ កាត់ទោស​ជនជាប់​ចោទ ​ក្នុង​អំពើ​ភេរវកម្ម​​នៅកាសែត​Charlie ​និង​ផ្សារ​Hyper ​Cacher

តុលាការក្រុងប៉ារីស កាលពីថ្ងៃទី​២កញ្ញា បានចាប់ផ្តើមបើកសវនាកា ដើម្បីកាត់ទោសជនជាប់ចោទចំនួន​១៤នាក់ ពីបទបានចូលរួម​ប្រព្រឹត្តិអំពើភេវកម្ម សម្លាប់មនុស្ស​នៅទីស្នាក់ការកាសែតត្លុក Charlie Hebdo និងនៅផ្សារលក់ទំនិញ​ជ្វីហ្វ Hyper Cacher នៅទីក្រុងប៉ារីស កាលពីខែមករា ឆ្នាំ២០១៥។ នេះគឺជា​សវនាកាជាប្រវត្តិសាស្ត្រ ដែល​គេរំពឹងរងចាំជាទីបំផុត ខណៈដែល សេរីភាពបញ្ចេញមតិ សើចចំអកទៅលើសាសនាឥស្លាម នៅតែចោទជាបញ្ហា ក្នុងសង្គមបារាំង។

"Je suis Charlie" និងទៀនឧទ្ទិសដល់អ្នកស្លាប់ ដោយអំពើភេរវកម្ម នៅទីស្នាក់ការកាសែត Charlie Hebdo ថ្ងៃទី​៧មករា ២០១៥
"Je suis Charlie" និងទៀនឧទ្ទិសដល់អ្នកស្លាប់ ដោយអំពើភេរវកម្ម នៅទីស្នាក់ការកាសែត Charlie Hebdo ថ្ងៃទី​៧មករា ២០១៥ AFP/Archivos
ផ្សាយពាណិជ្ជកម្ម

ខែម​ករា ឆ្នាំ២០១៥ បារាំងបានរងនូវ​ អំពើភេរវកម្មឥស្លាមជ្រុលនិយម ផ្ទួនៗគ្នា​។ ក្រុមភេរវកម្ម បានចូលទៅបាញ់រះសម្លាប់អ្នកកាសែត នៅទីស្នាក់ការកាសែត Charlie Hebdo ដែលជាកាសែតរូបត្លុកដ៏ល្បី កណ្តាលក្រុងប៉ារីស។ ភេរវកម្មផ្សេងមួយទៀត ក្រុមភេរវកម្ម​បានចាប់ចំណាប់ខ្មាំង នៅក្នុងផ្សារលក់ទំនិញអ្នកកាន់សាសនាជ្វីហ្វ Hyper Cacher នៅជាយក្រុងប៉ារីស។ សរុបទាំងអស់ មានមនុស្សស្លាប់ចំនួន​១៧នាក់​ ក្នុងរយៈពេល​៣ថ្ងៃ។ 

មេក្លោងភេរវ​កម្ម ៣នាក់ ត្រូវបាន​សមត្ថកិច្ចបារាំង បាញ់សម្លាប់ គឺឈ្មោះ Amédy Coulibaly និងពីរនាក់បងប្អូន Saïd និង Chérif Kouachi។ រដ្ឋអាជ្ញាបារាំង បានចោទប្រកាន់ មនុស្សចំនួន១៤នាក់ ផ្សេងទៀត ពីបទចូលរួម ឃុបឃិត ឬសហការ ក្នុងកម្រិតផ្សេងៗគ្នា នៅក្នុងអំពើភេរវកម្មនេះ​។ ក្នុងចំណោមជនជាប់ចោទទាំង​១៤នាក់ មាន៣នាក់ គឺគ្មានមុខ​ក្នុងសវនាកាទេ ដោយបានរត់គេចខ្លួន​ទៅស៊ីរី គ្មានដំណឹងជាក់ច្បាស់ ថានៅរស់ឬស្លាប់ទេ។

គួរបញ្ជាក់ថា នេះគឺជាសវនាការជាប្រវត្តិសាស្ត្រ សម្រាប់បារាំង ដែលបានរងនូវអំពើភេរវកម្ម​ឥស្លាមជ្រុលនិយម យ៉ាងដំណំ នៅក្នុងឆ្នាំ២០១៥។ សវនាការនេះ នឹងត្រូវបិទបញ្ចប់នៅ​ថ្ងៃទី​១០វិច្ឆិកា ហើយ​សវនាកាទាំងស្រុង នឹងត្រូវថតជារូបភាពវីដេអូ ទុកជាឯកសារ។

ឆ្លៀតក្នុងឱកាស ថ្ងៃបើកសវនាកាដ៏សំខាន់នេះ កាសែត Charlie Hebdo បានបោះផ្សាយឡើងវិញ នូវរូបត្លុកព្រះអាឡា នៅលើក្របមុខកាសែតរបស់ខ្លួន។ គឺរូបថ្លុកនេះហើយ ដែលធ្វើឲ្យ​កាសែតនេះ បានក្លាយ​ជាគោលដៅនៃការវាយប្រហារ របស់​ក្រុមភេរវកម្មឥស្លាមជ្រុលនិយម ព្រោះគេចាត់ទុកថាកាសែតនេះបាន​ប្រមាថព្រះអាឡា។ លោក Richard Malka មេធាវី​ របស់កាសែត Charlie Hebdo បានថ្លែងមុនពេល​បើក​សវនាកាថា៖ ស្មារតីរបស់ Charlie គឺមិនខ្លាចការគំរាមកំហែង មិនបោះបង់ចោលសិទ្ធិសេរីភាព​ មិនខ្លាចនឹងសើចចំអក មិនខ្លាចនូវពាក្យ​ដែល​គេចោទថា « ប្រមាថ » នោះឡើយ។

លោក Christophe Deloire អគ្គលេខាធិកាអង្គការអ្នករាយការណ៍គ្មានព្រំដែន បានស្ញើចសរសើរ ចំពោះភាពក្លាហាន របស់កាសែត Charlie Hebdo ក្នុងការ​ការពារសិទ្ធិសេរីភាព​សារព័ត៌មាន និងសេរីភាពក្នុងការបញ្ចេញមតិ ដោយមិនចុះញ៉មនឹងការ​សំឡុតរបស់ក្រុមជ្រុលនិយម។

លោក Patrick Klugman មេធាវីតំណាងក្រុមគ្រួសារជនរងគ្រោះ បានលើកឡើងថា ក្នុងសំណុំរឿងនេះ គឺគ្មានជនជាប់ចោទណា ជាជនដៃដល់ ឬជាជនដែលបានចូលរួមបន្តិចបន្តួចនោះទេ។ គឺ​ពួកគេ សុទ្ធសឹងតែជាអ្នក បានរួមគ្នាធ្វើអំពើៃឃោរឃៅនេះ។

គួរកត់សំគាល់ថា ​៥ឆ្នាំមកនេះ បញ្ហា​សាសនាឥស្លាម នៅតែជាចំណោទពុះចែកសង្គមបារាំង។ ការរិះគន់ ឬសើចចំអក ទៅលើ​សាសនាឥស្លាម គឺជាចំណុចរសើប។ ទោះយ៉ាងណាក៏ដោយ គោលការណ៍របស់បារាំង គឺបារាំងជាប្រទេសមិនប្រកាន់សាសនា គ្មានសាសនាណាមួយជារបស់រដ្ឋទេ។ ឯសិទ្ធិសេរីភាពបញ្ចេញមតិវិញ គឺត្រូវបានការពារដោយច្បាប់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ