អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

គូសត្រូវចាស់វស្សា កូសូវ៉ូ និង ស៊ែរប៊ី ​ចុះហត្ថលេខាសហការសេដ្ឋកិច្ច ក្រោយកិច្ចជ្រោមជ្រែងរបស់លោក ត្រាំ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្នាក់​ដឹកនាំ​ប្រទេស​កូសូវ៉ូ និង ស៊ែរប៊ី ដែល​ជា​ប្រទេសគូសត្រូវនឹងគ្នាជាច្រើនទសវត្សរ៍មកហើយ បានសម្រេចចុះហត្ថលេខា​កសាងចំណងសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយគ្នា ថ្ងៃសុក្រ ​ទី​៤កញ្ញា នៅ​រដ្ឋធានី​វ៉ាស៊ីន​តោន។ នេះគឺជាកិច្ចការសហការ​ទ្វេភាគី​ថ្មីមួយ ជាប្រវត្តិសាស្ត្រ​ ក្រោមការជួយ​ជ្រោមជ្រែងរបស់ប្រធានាធិបតីអាមេរិក​ ដូណាល់ ត្រាំ។ មិនតែប៉ុណ្ណោះ ប្រទេស​ទាំងពីរ ក៏បានសម្រេច​​ភ្ជាប់​ស្ពាន​ការទូត​ជាមួយ ​អ៊ីស្រាអែល ​ជា​សម្ព័ន្ធមិត្ត​ចាក់ទឹក​មិន​លេច​របស់ សហរដ្ឋ​​អាមេរិក​ ទៀត​ផង។ តាម​ការឱ្យ​ដឹង​ពីគ្រប់​ភាគី គឺ​ ស៊ែរប៊ី នឹង​ផ្លាស់​ប្តូរ​ស្ថានទូត​ ពីក្រុង តេឡាវី​ ទៅ​ក្រុង ​ហ្ស៊េរុយសាឡិម ដើរតាម​គន្លងរបស់ ​អាមេរិក។ ចំណែក​​ កូសូវ៉ូ​ ដែល​ជាប្រទេស​មាន​ពលរដ្ឋ​អ៊ីស្លាម​ភាគ​ច្រើន​ ក៏បាន​ប្រកាស​ភ្ជាប់​ទំនាក់ទំនងទូត​ជាមួយ ​អ៊ីស្រាអែល ​ដែរ។​

ទិដ្ឋភាពចុះកិច្ចព្រមព្រៀង​នៅ​ក្រុង​វ៉ាស៊ីនតោន ក្រោម​ការ​សម្របសម្រួល​របស់​ប្រធានាធីបតីអាមេរិក​ដូណាល់ ត្រាំ ថ្ងៃទី​៤កញ្ញា។
ទិដ្ឋភាពចុះកិច្ចព្រមព្រៀង​នៅ​ក្រុង​វ៉ាស៊ីនតោន ក្រោម​ការ​សម្របសម្រួល​របស់​ប្រធានាធីបតីអាមេរិក​ដូណាល់ ត្រាំ ថ្ងៃទី​៤កញ្ញា។ © REUTERS - LEAH MILLIS
ផ្សាយពាណិជ្ជកម្ម

ចំណងសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកូសូវ៉ូ និង ស៊ែរប៊ី ជាកិច្ចព្រមព្រៀមដែលជ្រោមជ្រែងដោយសហរដ្ឋអាមេរិករបស់លោក ដូណាល់ ត្រាំ ដែលធ្វើឡើងក្រោយប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ពីកិច្ចព្រមព្រៀងទំនាក់ទំនងជាប្រក្រតីរបស់ អ៊ីស្រាអែល និង អេមីរ៉ាតអារ៉ាប់រួម។  

ចំណោទនៅត្រង់ថា រហូត​មកទល់​ពេល​នេះ ស៊ែរប៊ី នៅ​មិន​ទាន់​ទទួល​ស្គាល់ កូសូវ៉ូ ជា​រដ្ឋ​ផ្លូវការ​នោះទេ។ ចុះហេតុអ្វី​បាន​ជា ប្រទេស​គូសត្រូវ​ទាំងពីរ  សម្រេច​ចុះ​កិច្ចព្រមព្រៀង​ផ្នែក​សេដ្ឋកិច្ច​ជាមួយគ្នា?

កូសូវ៉ូ និង​ស៊ែរប៊ី ជាគូសត្រូវ គឺ​មិន​ខុសទេ ព្រោះ​ប្រទេស​ពីរធ្លាប់ធ្វើ​សង្គ្រាម​ច្បាំង​គ្នា​ច្រើន​ទសវត្សរ៍មកហើយ ទាំង​សង្គ្រាម​សាសនា មនោគមវិជ្ជា និង​សង្គ្រាម​បំបែក​ទឹកដី។ ជម្លោះ​ធំ​នៅទសវត្សរ៍​១៩៩០ បណ្តាល​ឱ្យ​មាន​ស្លាប់​មនុស្ស​យ៉ាង​ហោច​ ១៣ ០០០នាក់​។ ​កូសូវ៉ូ  ​ពីដំបូង​ឡើយ ជា​ខេត្ត​ធំមួយ​របស់​ ស៊ែរប៊ី សម្រេច​ប្រកាស​ឯករាជ្យ​ នៅឆ្នាំ​២០០៨ តែ ​ស៊ែរប៊ី មិន​ព្រម​ទទួល​ស្គាល់​ឡើង ហើយ​ រុស្ស៊ី និង​ ចិន​ ជា​សម្ព័ន្ធមិត្ត​របស់​ ស៊ែរប៊ី ក៏​ធ្វើ​វេតូ បដិសេធ​មិន​ព្រម​ទទួលស្គាល់​ កូស៊ូវ៉ូ ជា​រដ្ឋ​ដែរ​។ ផ្ទុយ​ទៅវិញ សហរដ្ឋ​អាមេរិក ជា​មួយ​នៅក្នុង​ចំណោម​ប្រទេស​ផ្សេងទៀត បាន​ប្រកាស​ទទួល​ស្គាល់​រដ្ឋ​ថ្មី កូសូវ៉ូ នេះ។​  ជម្លោះ​ទំនាស់​គ្នា​ នៅតែ​មាន​ជាហូរហែ​មក រវាង​ កូសូវ៉ូ និងស៊ែរប៊ី ហើយ​ពីរ​បីឆ្នាំ ចុងក្រោយ​នេះ ក៏​នៅតែ​មា​នភាព​តានតឹង​នឹងគ្នាមិន​ដាច់ ពិសេស​ផ្នែក​ពាណិជ្ជកម្ម បើទោះបី​ជាមានការ​សម្រុះសម្រួល​ពី​សហភាព​អឺរ៉ុប​ក្តី។ ​គួរ​ជ្រាប​ថា​ កូសូវ៉ូ និង​ស៊ែរប៊ី គឺសុទ្ធសឹងតែ​ជាប្រទេស​ដែល​បាន​ដាក់​ចូល​បេក្ខភាព​សម្រាប់​ចូល​ជា​សមាជិក​របស់​សហភាព​អឺរ៉ុប​។​

សហរដ្ឋ​អាមេរិក ពេ​លនេះ បាន​ជួយ​ឱ្យ​ប្រទេស​ទាំង​ពីរ អង្គុយ​តុ​ចរចាគ្នា​លើ​ផ្នែក​សេដ្ឋកិច្ច តែនៅលើផ្នែក​ការទូត​និង​នយោបាយ គឺថ្នាក់ដឹកនាំ​រដ្ឋទាំងពីរ នឹង​ត្រូវ​ពិភាក្សា​បន្ថែម ជាមួយ​ប្រមុខការទូត​សហភាព​អឺរ៉ុប​នៅថ្ងៃ​ចន្ទ ​ដើមសប្តាហ៍​ក្រោយ​ជាបន្ថែមទៀត។​

សម្រាប់ពេល​នេះ កូសូវ៉ូ និងស៊ែរប៊ី បាន​សម្រេច​ចង​ស្ពា​នមានមេត្រី​ផ្នែក​សេដ្ឋកិច្ច គឺទៅលើ​ផ្នែក​ហេដ្ឋារចនា​សម្ព័ន្ធ​គមនាគម ផ្លូវថ្នល់ ផ្លូវ​ដែក និង​ផ្លូវ​អាកាស ដើម្បីបង្កើនកំណើនចរន្ត​សេដ្ឋកិច្ច​នៃប្រទេស​ទាំងពីរ។ តាម​ការ​ឱ្យ​ដឹង​របស់​នាយករដ្ឋមន្ត្រី​ កូសូវ៉ូ Avdullah Hoti គឺ​កិច្ចព្រមព្រៀម​ផ្នែក​ដឹកជញ្ជូន​នេះ​អាច​មាន​រង្វង់​ទឹក​ប្រាក់​ជាង​ ១ពាន់​លាន​អឺរ៉ូ ​ក្នុងមួយ​ឆ្នាំ​។

ភាគី​ស៊ែរប៊ី វិញ លោក​ប្រធានាធិបតី ស៊ែរប៊ី Aleksandar Vucic បានលើកឡើង​ពី​ទីផ្សារ​រួម​ដែល​ប្រទេស​ទាំង​ពីរ​នឹង​ប្រកាន់​យក ហើយ​លោក​មិន​ចង់​ឃើញ​ពន្ធគយ​ឡើង​១០០ភាគរយ​ ដែល​កូសូវ៉ូ អនុវត្ត​កន្លងមកចំពោះ​ផលិតផល​ទំនិញ​របស់ ​ស៊ែរប៊ី​ នោះទេ។

ចំពោះប្រធានាធិបតី​សហរដ្ឋអាមេរិក ដូណាល់ ត្រាំ,​ ចំណង​ស្ពានផ្នែក​សេដ្ឋកិច្ច​​នេះ​នឹង​បង្កើត​ការងារ​ដល់​យុវជន​។ ឈរ​នៅលើស្មារតី​​ជំហរ​​សេដ្ឋកិច្ច​នេះហើយ ដែល​នាំ​ភាគី​ជម្លោះ​ ឱ្យ​មក​ចូល​តុចរចា​ជួប​មុខ​គ្នា​ ហើយ​ដោយសារតែ​សេដ្ឋកិច្ច​នេះហើយ គឺ​នាំឱ្យ​មនុស្សដែល​ធ្លាប់​តែ​​ជេរគ្នាឈ្លោះ​ ពីមុន​ ឱ្យ​​មក​ស្រឡាញ់​ឱប​គ្នានៅពេល​នេះ​។ នេះបើតាម​ប្រសាសន៍​របស់​លោក ដូណាល់ ត្រាំ​។

សំណុំ​រឿង កូសូវ៉ូ និងស៊ែរប៊ី មិនមែន​ត្រឹម​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំងពីរ  តែ​វា​បាន​ផ្តល់​ចំណង​ទូត​ដល់ អ៊ីស្រាអែល និង​ផ្តល់​ចំណេញ​ខាង​នយោបាយ​ដល់លោក ដូណាល់ ត្រាំ​ ទៀត​ផង​។ ក៏ប៉ុន្តែ ​ភាគី ប៉ាឡេស្ទីន  គឺ​មុខ​ស្រពោន និង​​ក្លាយ​ជា​ជន​រងគ្រោះ​នៃនយោបាយ​ការបរទេស​របស់​លោក ត្រាំ ទៅវិញ?​

​ក្នុងទំនាក់ទំនង​អន្តរជាតិ​ គឺ​សំខាន់​ផលប្រយោជន៍​។ ទីណា​មាន​​ផលប្រយោជន៍ ថ្នាក់ដឹកនាំប្រទេស​នីមួយៗ ​តែងតែ​រត់ទៅរក​ហើយ។ តាមអ្នក​ជំនាញកិច្ចការ​អន្តរជាតិ គឺនេះ​ជានយោបាយ​ការបរទេស​​របស់អាមេរិក​ ដែល​​បំពេញ​ចិត្ត​សម្ព័ន្ធមិត្ត​​អ៊ីស្រាអែល ហើយ​ផ្ទាប់​ចិត្ត​ពលរដ្ឋ​អាមេរិក​ដើមកំណើត​​ជ្វីហ្វ ឱ្យ​គាំទ្រ​លោក ដូណាល់ ត្រាំ សម្រាប់ការ​បោះឆ្នោត​ប្រធានា​ធិបតី​ នាពេល​ខាងមុខ ព្រោះ ក្រុម​ជ្វីហ្វ​នៅសហរដ្ឋអាមេរិក​ ភាគច្រើន សុទ្ធតែ​ជាអ្នក​មាន​ៗផង​។

ក្រោយពីការ​ជជែក​ពិភាក្សាគ្នា​អស់​ពីរបីថ្ងៃមក​ ស៊ែរប៊ី  ប្រកាសប្តូរស្ថានទូតពីក្រុងតេឡាវី ទៅក្រុងហ្ស៊េរុយសាឡិម។ ការ​ផ្លាស់ប្តូរ​ចាប់​ដំណើរការ​ពីពេល​នេះ​ទៅ​ខែកក្កដាឆ្នាំក្រោយ ហើយ​ស៊ែរប៊ី ​បង្កើត​មណ្ឌល​ពាណិជ្ជកម្ម​ ចាប់ពី​ខែ​កញ្ញា​នេះតែម្តង​។ លោក ដូណាល់​ ត្រាំ បាន​អរគុណ​ប្រធានាធិបតី​ស៊ែរប៊ី​ ដែល​ទទួល​ស្គាល់​ ហ្ស៊េរុយសាឡិម​ ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល។​  សេចក្តីប្រកាស​របស់​លោក ដូណាល់ ត្រាំ បង្ហាញ​ឱ្យឃើញថា ស៊ែរប៊ី ជា​ប្រទេស​ក្នុងរង្វង់​​អឺរ៉ុប​ទី១ ដែល​ដើរ​គន្លង​តាម​អាមេរិក។

ចំណែក កូសូវ៉ូ វិញ ជា​ប្រទេស​ដែល​មាន​ពលរដ្ឋ​ភាគច្រើន​កាន់​សាសនា​អ៊ីស្លាម បាន​សម្រេ​ចចិត្ត​ភ្ជាប់​ទំនាក់​ទំនង​ការទូត​ជា​មួយ​ រដ្ឋ​ជ្វីហ្វ​-អ៊ីស្រាអែល​។ លោក ដូណាល់ ត្រាំ ​អះអាង​ថា នេះជាជោគជ័យមួយយ៉ាង​សម្បើម ហើយ​លោកសង្ឃឹមទៀតថា ប្រទេស​អ៊ីស្លាម​ផ្សេងទៀត​នៅមជ្ឈិមបូព៌ា​នឹង​យក​គំនូរ​តាម​ ដើម្បី​ឱ្យ​មាន​សន្តិភាព នៅតំបន់​​មជ្ឈិមបូព៌ា។​

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល ណេតាន់យ៉ាហ៊ូ ពីចំណែកខ្លួន ក៏​បាន​កត់សម្គាល់ដែរ ​ថា តាំងតែពីពេល​ កូសូវ៉ូ ប្រកាស​ឯករាជ្យ​នៅឆ្នាំ​២០០៨មក ប្រទេស​នេះ​មិន​ដែល​មាន​ទំនាក់ទំនង​ទូត​ជាមួយ​អ៊ីស្រាអែល​ទេ តែពេល​នេះ កូសូវ៉ូ ​ជា​រដ្ឋអ៊ីស្លាម​ទី១ ដែ​ល​នឹង​បើកស្ថានទូត​នៅ​អ៊ីស្រាអែល​។​

​ទីប្រឹក្សា​សន្តិសុខ​របស់​លោក ដូណាល់ ត្រាំ​ គឺ លោក Robert O’Brien ដែល​ជាមនុស្ស​សំខាន់​មួយ​រូប​​ជំរុញ​ឱ្យ​មាន​កិច្ចការព្រមព្រៀង​កូសូវ៉ូនិង​ស៊ែរប៊ី បានលើកឡើង​ថា ករណី កូសូវ៉ូ ដែល​ជាប្រទេស​មាន​ប្រជាជន​កាន់​អ៊ីស្លាមច្រើន ​សម្រេច​ភ្ជាប់ទូតជាមួយ​ អ៊ីស្រាអែល ជា​រដ្ឋជ្វីហ្វ គឺ​ជារឿង​សម្រាប់​សន្តិភាព ដូច្នេះ​លោក ដូណាល់ ត្រាំ គឺជា​អ្នក​កសាង​សន្តិភាព​មួយ​រូប ​ដ៏​ពិតប្រាកដ។​

ចំពោះ​ប៉ាឡេស្ទីន គឺ​ប៉ាឡេស្ទីន​ជា​ក្លាយ​ជនរងគ្រោះ​នៃ​មហិច្ចតា​នយោបាយ​អាមេរិក​ របស់​លោក ដូណាល់ ត្រាំ ដើម្បីចង់​ឈ្នះឆ្នោត​ជាថ្មី។ នេះជាការ​មើល​ឃើញ​របស់​អគ្គលេខាធិការ​នៃ​អង្គការ​រំដោះ​ប៉ាឡេស្ទីន Saëb Erakat។ ចំពោះ​ថ្នាក់ដឹកនាំ​ប៉ាឡេស្ទីន​ដដែល ក្រុម​ការងាររបស់​ប្រធានាធិបតី​អាមេរិក​ ហ៊ាន​ធ្វើ​អ្វី​ៗ​គ្រប់​យ៉ាង​ ដើម្បី​តែលោក ដូណាល់ ត្រាំ ​អាច​ឈ្នះ​ឆ្នោត​អាណត្តិ​ថ្មី បើទោះបី​ជា​ទង្វើនោះ នាំ​ឱ្យ​បំផ្លាញសន្តិភាព​ក៏ដោយ។

ក្នុងក្រសែភ្នែក​អ្នក​វិភាគ នយោបាយ​ការបរទេស​លោក​ ត្រាំ បាន​ជោគជ័យ​ច្រើន​សម្រាប់​អ៊ីស្រាអែល ក៏ប៉ុន្តែ​នៅមាន​សំណុំ​រឿង​មិន​សូវ​ជោគជ័យ​ច្រើន​ទៀត ដូចជាករណីសំណុំរឿង អ៊ីរ៉ង់, វេណេស៊ុយអេឡា, កូរ៉េខាងជើង ជាដើម​​៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ