អានតួអត្ថបទ

ប្រមុខការទូតអាមេរិក ទៅតំបន់​ដើមបូព៌ា ដោយសង្ឃឹមលក់​អាវុធ​ និងរកដៃគូឱ្យ ​អ៊ីស្រាអែល​

ចាប់ពីថ្ងៃ​ចន្ទ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក​ Mike Pompeo នឹង​ធ្វើដំណើរទស្សនកិច្ច ទៅប្រទេស​ជាច្រើន​ នៅ​ដើម​បូព៌ា។ ដំណើរ​ទស្សនកិច្ច​នេះ ធ្វើ​ឡើង​បន្ទាប់ពី សហរដ្ឋអាមេរិក​ បា​នផ្តួចផ្តើមឱ្យ​មាន​​កិច្ចព្រមព្រៀង​ភ្ជាប់​ទំនាក់ទំនង​រវាង ​អ៊ីស្រាអែល និង​អេមីរ៉ាតអារ៉ាប់រួម​ ដែលទើបតែ​​ចុះ​ហត្ថលេខា​ថ្មីៗ ក្នុង​ខែ​សីហា​នេះ។

រដ្ឋមន្រ្តីការបរទេសអាមេរិក លោក​ Mike Pompeo នឹង​ធ្វើដំណើរទស្សនកិច្ច ទៅប្រទេស​ជាច្រើន​ នៅ​ដើម​បូព៌ា។
រដ្ឋមន្រ្តីការបរទេសអាមេរិក លោក​ Mike Pompeo នឹង​ធ្វើដំណើរទស្សនកិច្ច ទៅប្រទេស​ជាច្រើន​ នៅ​ដើម​បូព៌ា។ POOL/AFP
ផ្សាយពាណិជ្ជកម្ម

ប្រមុខការទូត​អាមេរិក ចាប់ផ្តើម​ទស្សនកិច្ច នៅក្រុង​ Jérusalem ក្នុងថ្ងៃចន្ទ​ មុន​នឹងចេញទៅប្រទេស​​ អេមីរ៉ាតអារ៉ាប់រួម​, ប៉ារែន​ និង​ ស៊ូដង់។ ​តាមរយៈ​ដំណើរទស្សនកិច្ច​របស់ លោក Mike Pompeo នៅ​ដើម​បូព៌ា លើកនេះ,​  អ៊ីស្រាអែល សង្ឃឹមថា នឹង​មាន​ប្រទេស​អារ៉ាប់ផ្សេងទៀត ចុះកិច្ចព្រមព្រៀម​ជាមួយនឹងអ៊ីស្រាអែល ដោយ​យកលំនាំតាម ​អេមីរ៉ាតអារ៉ាប់រួម​​។ កិច្ចព្រមព្រៀងនេះ នាំ​ឱ្យមាន​ការដោះដូរ​ពាណិជ្ជកម្ម, ការលក់ប្រេងរបស់ ​អេមីរ៉ាតអារ៉ាប់រួម មកឱ្យ​អ៊ីស្រាអែល, ការចែកផ្ទេរបច្ចេកវិជ្ជាទំនើបពី ​អ៊ីស្រាអែល ទៅឱ្យ​ ​អេមីរ៉ាតអារ៉ាប់រួម វិញ ហើយ​និង​ការបង្កើន​ចំនួន​ភ្ញៀវទេសចរ និងជើងហោះហើរត្រង់​ផ្ទាល់ រវាង ក្រុង​ Jérusalem, តេឡាវី, ឌុយបៃ និង Abou Dhabi ជាដើម​។

ចំពោះ​សហរដ្ឋ​អាមេរិក នេះ​ជានយោបាយ​ការបរទេស​​របស់អាមេរិក​ ដែល​​បំពេញ​ចិត្ត​សម្ព័ន្ធមិត្ត​​អ៊ីស្រាអែល ហើយ​ផ្ទាប់​ចិត្ត​ពលរដ្ឋ​អាមេរិក​ដើមកំណើត​​ជ្វីហ្វ ឱ្យ​គាំទ្រ​លោក ដូណាល់ ត្រាំ សម្រាប់ការ​បោះឆ្នោត​ប្រធានា​ធិបតី​ នាពេល​ខាងមុខ ព្រោះ ក្រុម​ជ្វីហ្វ​នៅសហរដ្ឋអាមេរិក​ ភាគច្រើន សុទ្ធតែ​ជាអ្នក​មានៗផង​។

ផលប្រយោជន៍សហរដ្ឋ​​អាមេរិក មួយ​ទៀត គឺការ​លក់​យន្តហោះ​ចម្បាំង​ទៅឱ្យ​ អេមីរ៉ាតអារ៉ាប់រួម និង ​​អ៊ីស្រាអែល គឺយន្តហោះចម្បាំង​ប្រភេទ F-15 និង​ F-35 ដែល​ជាសព្វាវុធ​សង្គ្រាម​មាន​បច្ចេកវិជ្ជាទំនើប​បំផុត។ ​​ក្នុង​តំបន់​មជ្ឈិមបូព៌ា​ គឺមានតែ អ៊ីស្រាអែល មួយ​ទេ ដែលមាន​​ F-35។ ប្រទេសផ្សេង​គ្មានទេ។ ហេតុនេះ ជំហរ​ ​​អ៊ីស្រាអែល ​គឺ​ជំទាស់ ​មិន​ចង់​ឱ្យ​ អា​មេរិក លក់យន្តហោះចម្បាំង F-35 នេះ​ ទៅឱ្យ អេមីរ៉ាតអារ៉ាប់រួម នោះឡើយ​។

ក៏ប៉ុន្តែ បើតាមអ្នក​វិភាគ ប្រសិន​​បើជា​​ អេមីរ៉ាតអារ៉ាប់រួម អាច​ធ្វើ​ អ៊ីស្រាអែល សប្បាយ​ចិត្ត ឧទាហរណ៍​ដូច​ជា​ជួយ​បញ្ចុះ​បញ្ចូល​ប្រទេស​អារ៉ាប់​ផ្សេងទៀត​ ឱ្យ​មកយល់ព្រម​ទទួល​ស្គាល់ ​អ៊ីស្រាអែល គឺ​ប្រហែល​ជាអាច​មា​នសង្ឃឹម​ខ្លះ​។

បេក្ខភាពប្រទេស​ដែល អ៊ីស្រាអែល សង្ឃឹមថា​អាច​នឹងមាន​កិច្ចព្រមព្រៀង​ភ្ជាប់ទំនាក់ទំនង ជាមួយ​ខ្លួន ​ជាបន្តបន្ទាប់ នោះ គឺអាច​ជា​​ បារ៉ែន, អូម៉ង់ ឬ ស៊ូដង់​៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ