អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អង់គ្លេស​ថា​មិន​ខ្លាច​នឹង​ដើរ​ចេញ​ពី​តុ​ចរ​ចា​ដោយ​គ្មាន​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ជាមួយ​អឺរ៉ុប

ចុះផ្សាយ​នៅ​ថ្ងៃ៖

កិច្ចចរចា​ Brexit​ ជុំទី៨​ និង​ដែល​ជាជុំ​ចុងក្រោយ​រវាង​សហភាព​អឺរ៉ុប​ និង​អង់គ្លេស​ គ្រោងនឹង​ប្រព្រឹត្ត​ធ្វើទៅ​នៅ​សប្តាហ៍​ក្រោយនេះ​។ នៅក្នុង​ការ​ចរចា​លើកមុនៗ​ មាន​ចំណុច​ជាច្រើន​ដែល​អឺរ៉ុប​ និងអង់គ្លេស​ មានការ​ខ្វែងគំនិតគ្នា​ និង​ប្រកាន់​ជំហរ​រឹង​រៀងៗខ្លួន​ មិនព្រម​ធ្វើសម្បទាន​ឲ្យគ្នា​សោះឡើយ​។ ដោយឡែក​ អង់គ្លេស​ នៅថ្ងៃ​អាទិត្យ​ ៦ កញ្ញា​នេះ​ បាន​បញ្ជាក់​សាជាថ្មី​ថានឹង​មិន​បន្ទន់​ខ្លួន​ទៅ​គោរព​តាម​ច្បាប់​របស់​សហភាពអឺរ៉ុប​ឡើយ​ និង​ថាមិន​ខ្លា​ចនឹងដើរចេញ​ បើទោះបី​គ្មាន​កិច្ចព្រមព្រៀ​ងពាណិជ្ជកម្មថ្មី​ជាមួយគ្នា​យ៉ាងណាក្តី​។

អង់គ្លេសថាមិនខ្លាចនឹងចាកចេញពីការចរចាស្តីពីទំនាក់ទំនងអង់គ្លេស-អឺរ៉ុប ក្រោយBrexit ប្រសិនណាបើអឺរ៉ុបនៅតែចង់ចាប់តម្រូវឲ្យអង់គ្លេសគោរពតាមច្បាប់របស់សហភាពអឺរ៉ុបពេកនោះ។
អង់គ្លេសថាមិនខ្លាចនឹងចាកចេញពីការចរចាស្តីពីទំនាក់ទំនងអង់គ្លេស-អឺរ៉ុប ក្រោយBrexit ប្រសិនណាបើអឺរ៉ុបនៅតែចង់ចាប់តម្រូវឲ្យអង់គ្លេសគោរពតាមច្បាប់របស់សហភាពអឺរ៉ុបពេកនោះ។ REUTERS - Dado Ruvic
ផ្សាយពាណិជ្ជកម្ម

ចំណុច​ខ្ទាស់​ដែល​ធ្វើឲ្យ​កិច្ច​ចរចា​Brexitរវាង​អឺរ៉ុប​និង​អង់គ្លេស​ជាប់គាំង

ការចរចា​ Brexit​ ជាផ្លូវការ​ជុំទី ៨​ និងដែល​ជាជុំចុង​ក្រោយ​ គ្រោងនឹង​ចាប់ប្រព្រឹត្ត​ធ្វើទៅ​នៅថ្ងៃអង្គារ​ ទី៨​ កញ្ញា​ សប្តាហ៍ក្រោយនេះ​។ អឺរ៉ុប និងអង់គ្លេស​ ប្រាថ្នា​ចង់​សម្រេចឲ្យបាន​នូវ​កិច្ចព្រមព្រៀងនឹង​គ្នានៅខែ​តុលាក្រោយ​ ដើម្បីឲ្យ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នេះ​ចប់​រួចរាល់សព្វគ្រប់​ និង​អាច​ចុះហត្ថលេខា​យល់ព្រម​ជាស្ថាពរ​ដោយភាគីទាំងពីរ​នៅមុនកាលកំណត់​នៃ​រយៈពេល​អន្តរកាល​មកដល់​នា​ថ្ងៃទី ៣១ ខែធ្នូ ចុង​ឆ្នាំ២០២០​។

យ៉ាងណាក៏ដោយ​ គេ​មាន​ការព្រួយបារម្ភ​ច្រើនថា​ សេណារីយ៉ូ​ “គ្មានកិច្ចព្រមព្រៀង​” រវាង​ទីក្រុងឡុងដ៍​ និងព្រុចសែល​ដោយសារតែកិច្ច​ចរចា​ជាប់គាំងខ្លាំង​ ហើយថ្ងៃ​ផុត​កំណត់នៃ​កិច្ចពិភាក្សា​ក៏នឹងជិតមកដល់​ទៅហើយ​ទៀត។

មាន​ចំណុចខ្ទាស់​ជាច្រើន​ ដែល​ធ្វើឲ្យ​ការចរចា​ Brexit​ រវាង​សហភាពអឺរ៉ុប​ ហើយនិង​អង់គ្លេស​បន្ត​ជាប់គាំង​រហូតមកទល់នឹងពេលនេះ​។ ការខ្វែងគំនិតគ្នា​ទាំងនោះ​ មានជាអាទិ៍​ ស្តីអំពីការ​ធ្វើ​យ៉ាងណា​ដើម្បី​ឲ្យ​គ្រប់​ភាគី​ គោរព​ច្បាប់​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​បញ្ចៀស​ការ​ប្រកួត​ប្រជែង​ពាណិជ្ជកម្ម​ដែលមិន​ស្មើភាពគ្នា​។

កិច្ចព្រមព្រៀង​ពាណិជ្ជកម្មទាំងអស់​ តម្រូវឲ្យភាគី​ទាំងសងខាង​ គោរព​ច្បាប់គ្នា​ទៅវិញទៅមក​។ ក៏ប៉ុន្តែ​ សហភាពអឺរ៉ុប​ ចង់ឲ្យ​ចក្រភព​អង់គ្លេស​ គោរពតាម​ច្បាប់​របស់​អឺរ៉ុប​លើ​ចំណុច​ពាក់ព័ន្ធនឹង​សិទ្ធិកម្មករ​ បទបញ្ជាបរិស្ថាន​ និងជាពិសេស​ជំនួយរដ្ឋ​ (ជំនួយ​ហិរញ្ញវត្ថុ​ដែល​ផ្តល់ដោយ​រដ្ឋាភិបាល​ដល់​ធុរកិច្ច​)។

ដោយឡែក​ សម្រាប់​អង់គ្លេសវិញ​ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ Brexit គឺត្រូវផ្តាច់ចេញ​ពីការអនុវត្ត​តាមច្បាប់​សហភាពអឺរ៉ុប​។ នៅគ្រាកន្លងមក​ លោកនាយករដ្ឋមន្ត្រី​អង់គ្លេស​ បូរីស ចនសុន​ ធ្លាប់បាន​បង្ហាញ​​លក្ខខណ្ឌ​ដ៏តឹង​រ៉ឹង​នៃ​ការ​ព្រម​ចុះ​កិច្ចព្រមព្រៀង​ផ្តោះប្តូរ​សេរី​ជាមួយនឹង​អឺរ៉ុប។ ជាមួយគ្នានេះ​លោកចនសុន ធ្លាប់ទាំង​បាន​ប្រកាសទៀតថា​សុខ​ចិត្ត​ចេញពី​អឺរ៉ុបទាំងគ្មាន​កិច្ចព្រមព្រៀង​ជា​ជាង​ចុះ​ហត្ថលេខា​លើ​ក្រដាស​ដែល​ចាប់បង្ខំ​អង់គ្លេស​ឲ្យ​គោរព​តាម​ច្បាប់​របស់​អឺរ៉ុប​ទៀតផង​។

បន្ទាប់មកទៀត​ គឺបញ្ហា​ទាក់ទងនឹង​ការនេសាទ​។ ចក្រភពអង់គ្លេស​ ចង់​ទទួលបាន​សិទ្ធិពេញ​ទំហឹង​ចូលទៅកាន់​ទីផ្សារអឺរ៉ុប​ ដើម្បី​អាច​លក់ត្រី​របស់ខ្លួន​នៅទីនោះបាន​។ ក៏ប៉ុន្តែ​ ជាថ្នូរមកវិញ​ សហភាពអឺរ៉ុប​ ចង់មាន​សិទ្ធិ​ពេញលេញដែរ​សម្រាប់​ទូក​របស់ខ្លួន​ក្នុងការចូលទៅ​នេសាទនៅក្នុង​ដែនទឹក​របស់​ចក្រភពអង់គ្លេស​។

អ្នកដឹកនាំកិច្ចចរចា​ Brexit របស់​អង់គ្លេស​លោកដេវីដ​ ហ្វ្រសត៍ (David Frost )បាន​ឆ្លើយតបថា​ ការចង់បាន​របស់​អឺរ៉ុប​គឺជារឿង​មិនអាចទៅរួចទេ ពីព្រោះថា​ក្រោយ Brexit ចក្រភព​អង់គ្លេស​ គឺជារដ្ឋឯករាជ្យ​មួយ​ ហើយដែនទឹក​របស់អង់គ្លេស​ក៏ឯករាជ្យ​ដូចគ្នាដែរ​។

មួយវិញទៀត​ ចំណុច​ពាក់ព័ន្ធ​នឹង​វិធីសាស្ត្រ​ ដែល​ចក្រភព​អង់គ្លេស​រក្សា​ព្រំដែនដី​នៅអៀរឡង់​ខាងជើង​ក៏នៅតែ​មាន​ភាពរសើបខ្លាំង​បំផុត​ដែរ​នៅក្នុង​ដំណើរការ​នៃកិច្ចចរចា Brexit​។

អៀរឡង់​ គឺជាព្រំដែន​រវាង​ចក្រភពអង់គ្លេស​ និង​សហភាពអឺរ៉ុប​។ នៅត្រង់​ចំណុចនេះ មាន​សំណួរលើកឡើង​ស្តីពី​ការអនុវត្តន៍​របស់​ចក្រភពអង់គ្លេស​សម្រាប់​អៀរឡង់ខាងជើង​ ជុំវិញ​ការនាំចូល​-នាំចេញ​មុខ​ទំនិញ​ និង​ការត្រួតពិនិត្យ​លើមុខទំនិញ​ទាំងនោះ​នៅច្រកព្រំដែន​។

ចំណែកឯ​ចំណុច​មិនចុះសម្រុងគ្នា​ខ្លាំងចុងក្រោយ​គេមួយទៀត​ គឺ​ស្តីអំពី​អភិបាលកិច្ច​​សម្រាប់​ផ្ទៀង​ផ្ទាត់​ការ​គោរព​កិច្ចព្រមព្រៀង​នាពេលអនាគត​។ បញ្ហា​សំខាន់​នៅត្រង់ចំណុចនេះ​ ក៏មានផងដែរ​ ថាតើ​កិច្ចព្រមព្រៀងថ្មី​ នឹងត្រូវ​អនុវត្តតាមរបៀបណា​ និង​អំពីតួនាទី​របស់តុលាការយុត្តិធម៌អឺរ៉ុប​។

តើ​អឺរ៉ុប និង​អង់គ្លេស​អាច​ឈានដល់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី​ជាមួយគ្នា​បាន​ដែរឬទេ​?

នាកាលៈទេសៈ​តានតឹង​ដូចពេលបច្ចុប្បន្ននេះ​ កាលៈទេសៈ​ដែល​ទាំង​អឺរ៉ុប​ ទាំងអង់គ្លេស​នៅតែ​ប្រកាន់​មាំ​ចិត្តរឹង​ មិនព្រម​លះបង់​ មិនព្រម​ធ្វើសម្បទាន​ឲ្យ​គ្នា​ខ្លះសោះ​នោះ​ សេណារីយ៉ូ​ គ្មាន​កិច្ចព្រមព្រៀង​រវាងភាគីទាំងពីរ​មាន​ខ្ពស់ណាស់​។

ការបារម្ភអំពី​ បរាជ័យ​នៃ​កិច្ចចរចា​ Brexit ក៏​រឹងរឹត​កាន់តែ​មានខ្ពស់ឡើង​ទៀត​នៅក្រោយ​ដែល​អ្នក​ដឹកនាំ​កិច្ចចរចា​ Brexit របស់​អង់គ្លេស​លោកដេវីដ ហ្វ្រសត៍ (David Frost ) បានព្រលយ​សម្តី​នៅថ្ងៃ​អាទិត្យ ទី៦ កញ្ញានេះថា​ រដ្ឋាភិបាល​ក្រុងឡុងដ៍​ មិនខ្លាច​សោះឡើយនឹង​ដើរចេញ​ពីតុពិភាក្សា​ដោយគ្មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដែលត្រៀម​ចូល​ជាធរមាននៅឆ្នាំ​ ២០២១ នោះទេ​។

ថ្លែង​ប្រាប់​កាសែត the Mail លោកដេវីដ ហ្វ្រសត៍​ ថា​ចក្រភព​អង់គ្លេស​នឹង​ចាកចេញ​ពីការ​ចរចា​ស្តីពី​ទំនាក់ទំនង​អង់គ្លេស-អឺរ៉ុប ក្រោយ​Brexit ប្រសិនណា​បើ​អឺរ៉ុប​នៅតែ​ចង់​ចាប់តម្រូវ​ឲ្យអង់គ្លេស​គោរពតាម​ច្បាប់​របស់​សហភាព​អឺរ៉ុប​ពេក​នោះ​។

សរុបមក​ នៅតែ​ពីរថ្ងៃទៀត​ប៉ុណ្ណោះ​ដែល​ការចរចា​ Brexit ជាផ្លូវការ​ជុំទី ៨​ និងដែលជាជុំចុងក្រោយ​រវាងអឺរ៉ុប​ និងអង់គ្លេស​ត្រូវប្រព្រឹត្ត​ធ្វើឡើង​។ ឃើញថា ពេលវេលា​នៅសេសសល់​ខើចខ្លី​ខ្លាំងណាស់​ សម្រាប់​ទីក្រុងឡុងដ៍​និងព្រុចសែល​ដើម្បីចរចាគ្នា​។ ក៏ប៉ុន្តែ​ បញ្ហាខ្វែង​គំនិតគ្នា​មានច្រើន​ បូករួម​ទាំងភាសា​មិនសូវ​ចេះអត់ធ្មត់​យោគយល់​របស់​អង់គ្លេស​ទៀតនោះ​ សរបង្ហាញថា​ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម Brexit​ រវាងអឺរ៉ុប​ និងអង់គ្លេស​ អាចនៅបន្តជាប់គាំងយូរ​ និងទំនងជា​ពិបាកនឹង​ឈានដល់​ការព្រមព្រៀងគ្នា​មុន​ថ្ងៃកំណត់​នៃ​រយៈពេល​អន្តរកាល​ថ្ងៃទី៣១​ ធ្នូ ចុង​ឆ្នាំ ២០២០​ នេះណាស់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ