អានតួអត្ថបទ
Brexit

អង់គ្លេសនិងអឺរ៉ុប បង្ហាញ​ទស្សនៈ​ផ្ទុយ​គ្នា​ក្នុង​ការចរចា

គណៈកម្មការ​អឺរ៉ុប បាន​អនុម័ត​នៅ​ព្រឹក​ថ្ងៃចន្ទ​ទី ៣ កុម្ភៈ ឆ្នាំ​២០២០ ចំណុច​គោល​ដែល​សហភាព​អឺរ៉ុបត្រូវ​លើក​ទៅ​ចរចា​ជាមួយ​នឹង​អង់គ្លេស ដើម្បី​សម្រេច​កិច្ចព្រមព្រៀងថ្មី​មួយ​ស្តី​ពី​ទំនាក់ទំនង​អង់គ្លេស-អឺរ៉ុប ក្រោយ​Brexit។ ចំណែក​ខាង​អង់គ្លេស​វិញ លោក​នាយករដ្ឋមន្ត្រី បូរីស​ ចនសុន (Boris Johnson) ក៏​បាន​បង្ហាញលក្ខខណ្ឌ​ចរចា​របស់​ខ្លួន​ដែរ និង​បដិសេធ​មិន​សម្រប​ខ្លួន​តាម​សហភាព​អឺរ៉ុប​ទេ។

លោក Boris Johnson ថ្លែង​សុន្ទរកថា​ជា​លើក​ទីមួយ នៅ​ទីក្រុងឡុងដ៍ ថ្ងៃទី ៣​កុម្ភៈ ២០២០
លោក Boris Johnson ថ្លែង​សុន្ទរកថា​ជា​លើក​ទីមួយ នៅ​ទីក្រុងឡុងដ៍ ថ្ងៃទី ៣​កុម្ភៈ ២០២០ Frank Augstein/Pool via REUTERS
ផ្សាយពាណិជ្ជកម្ម

គណៈកម្មការ​អឺរ៉ុប​បាន​ស្នើ​គម្រោង​បី​ចំណុច​សម្រាប់​យក​ទៅ​ចរចា​ជាមួយ​អង់គ្លេស។ ទីមួយ និង​សំខាន់​ជាង​គេ គឺចរចា​រកកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ដោយ​ត្រូវ​កំណត់​ឱ្យ​បាន​ជាក់​លាក់​ថា ​តើ​ត្រូវ​ធ្វើ​ដូចម្តេច ដើម្បី​បន្តការ​​ផ្តោះប្តូរ​ទំនិញ និង​ផលិតផលគ្នា។ តើ​ត្រូវ​ធ្វើ​ដូចម្តេច​ទើប​អាច​ធានា​ផ្នែក​ទីផ្សារ​សេវាកម្ម។ តើ​ត្រូវ​ចាត់​ចែង​បញ្ហា​ពន្ធគយ​យ៉ាង​ណា ? ... តើ​ធ្វើ​យ៉ាងណា​ដើម្បី​ឱ្យ​គ្រប់​ភាគី​គោរព​ច្បាប់​គ្នា​ទៅ​វិញ​ទៅ​មក បញ្ចៀស​​ការ​ប្រកួត​ប្រជែង​មិន​ស្មោះត្រង់។

ចំណុច​ពី​រ​ទៀតដែល​អឺរ៉ុប​នឹង​លើក​ទៅ​ចរចា​ដែរ គឺ​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ការពារ​ជាតិ​ ​សន្តិសុខ នគរបាល និង​យុត្តិធម៌ និង​ចុងក្រោយ​បង្អស់​ អឺរ៉ុប​ចង់​ពិភាក្សាអំពី​​អភិបាលកិច្ច​​សម្រាប់​ផ្ទៀង​ផ្ទាត់​ការ​គោរព​កិច្ចព្រមព្រៀងអនាគត។

តំណាង​អឺរ៉ុប ទទួល​បន្ទុក​ចរចាBrexit លោក​ មីស្ហែល បានីញ៉េ (Michel Barnier) ​បាន​អះអាងថារយៈ​ពេល​អន្តរកាល​១១​ខែ ពិត​ជា​ខ្លី​ណាស់។ ​​វិស័យ​​​ខ្លះ ដូច​ជា​ពាណិជ្ជកម្ម​និង​នេសាទ ទំនង​ជា​មិនអាច​ចរចា​បានលទ្ធផល​​នៅ​ថ្ងៃទី ៣១​ធ្នូ​២០២០​ឡើយ។

នៅ​ក្នុង​សុន្ទរកថា​ ជា​លើក​ដំបូង​ក្រោយ​Brexit លោក​ចនសុន បានបង្ហាញ​​លក្ខខណ្ឌ​ដ៏តឹង​រ៉ឹង​នៃ​ការ​ព្រម​ចុះ​កិច្ចព្រមព្រៀងផ្តោះប្តូរ​សេរី​ជាមួយ​សហភាព​អឺរ៉ុប ថា​លោក​សុខ​ចិត្តគ្មាន​កិច្ចព្រមព្រៀង ជា​ជាង​ចុះ​ហត្ថលេខា​​លើ​ក្រដាស​ដែល​បង្ខំ​អង់គ្លេស​ឱ្យ​បន្ទន់​ខ្លួន​ទៅ​គោរព​តាម​ច្បាប់​របស់​សហគមន៍។ សម្រាប់​លោក ចនសុន ​គ្មាន​ហេតុ​ផល​អ្វី​​ដែល​​អង់គ្លេស​ត្រូវ​ទម្លាក់​ខ្លួន​ទៅ​គោរព​តាម​បទដ្ឋាន​សុខភាព បរិស្ថាន និង​សង្គម​ របស់​អឺរ៉ុប ដែល​អន់​ជាង​អង់គ្លេស​ឡើយ។ ប៉ុន្តែ​លោក​នាយករដ្ឋមន្ត្រី​មិន​បាន​លើក​ឡើងអំពី​ផល​ប៉ះពាល់ដល់​​សេដ្ឋកិច្ចនៅ​ពេល​មាន​រនាំង​ពន្ធគយ​ជាមួយ​អឺរ៉ុប​ទេ។

សូម​បញ្ជាក់​ថា​ប្រសិន​បើ​ការ​ចរចា​បរាជ័យ គ្មាន​កិច្ចព្រមព្រៀង​ នៅចុង​ឆ្នាំ​២០២០​ទេ ទំនាក់ទំនង​ពាណិជ្ជកម្ម​អង់គ្លេស​-សហភាព​អឺរ៉ុប នឹង​ត្រូវ​រំពឹង​លើ​ច្បាប់​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ដែល​​មិន​សូវ​អំណោយ​ផល​ទេ​សម្រាប់​អង់គ្លេស។ ការចរចា​ត្រូវ​ចាប់​ផ្តើម​នៅ​ខែ​មីនា។ នៅ​ចុង​ខែ​មិថុនា គេ​នឹង​អាច​ធ្វើ​ការ​សន្និដ្ឋាន​បឋម​ថា​តើ​អង់គ្លេស​និង​អឺរ៉ុប​អាច​សម្រេច​កិច្ចព្រមព្រៀង​នឹង​គ្នា​ឬ​ក៏​អត់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ