អានតួអត្ថបទ
សហភាព​អឺរ៉ុប

សហភាព​អឺរ៉ុប​បើក​ជំនួប​កំពូល​ក្នុង​បរិបទ​នៃ​ការ​ចរចាBrexit ជាប់​គាំង

សហភាព​អឺរ៉ុប​ត្រូវបើក​ជំនួប​កំពូល​របស់​ខ្លួន​ នៅ​ថ្ងៃទី ១០-​១១​ធ្នូ​នេះ ដើម្បី​រក​ដំណោះ​ស្រាយ​ឱ្យ​​​ប្រធានបទ​ជា​ច្រើន​ មាន​អាទិ៍​ ផែនការ​ផ្តល់​សន្ទុះ​សេដ្ឋកិច្ច​ក្រោយវិបត្តិ​កូវីដ១៩  បញ្ហា​អាកាសធាតុ ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវនិយម និង​អំពី​ការ​ស្វែង​រក​លទ្ធភាព​ដាក់​ទណ្ឌកម្ម​លើ​តួកគី។ល។និង។ល។ បន្ថែម​ពី​សំណុំ​រឿង​ធំៗ និង​ដ៏​ធ្ងន់ធ្ងរទាំងនេះ ជំនួប​កំពូល​អឺរ៉ុប​ ត្រូវ​ប្រឈមដោះស្រាយ​វិបត្តិ Brexit ​មួយ​ទៀត ដែល នៅ​បី​សប្តាហ៍​មុន​អង់គ្លេសផ្តាច់​​ចេញពី​អឺរ៉ុប​​ជា​ផ្លូវការ​ ការ​ចរចា​ត្រូវ​ជាប់​គាំង​ទាំង​ស្រុង។

ជំនួបកំពូល​សហភាព​អឺរ៉ុប​ថ្ងៃទី ១០ ធ្នូ ២០២០
ជំនួបកំពូល​សហភាព​អឺរ៉ុប​ថ្ងៃទី ១០ ធ្នូ ២០២០ © Olivier HOSLET / POOL / AFP
ផ្សាយពាណិជ្ជកម្ម

វិបត្តិ​ Brexit នឹង​ក្លាយ​ជា​ប្រធានបទ​នៃ​ជំនួបកំពូល​ថ្ងៃ​នេះ​ដែរ ប៉ុន្តែ​ជោគវាសនា​នៃ​ទំនាក់ទំនង​អឺរ៉ុប​ជាមួយ​អង់គ្លេស ក្រោយ​Brexit នឹង​ត្រូវ​សម្រេច​នៅ​ថ្ងៃ​អាទិត្យ​​ទី១៣ធ្នូ។ អឺរ៉ុប​និង​អង់គ្លេស​បាន​ឱ្យ​ពេល​គ្នា​ចំនួន​បី​ថ្ងៃ​ទៀត សម្រាប់​ចរចាគ្នា​ក្រែង​អាច​រក​កិច្ចព្រមព្រៀង​លែង​លះ​គ្នា​បាន។ នេះ​ជា​សេចក្តី​សម្រេច​របស់​លោក​នាយករដ្ឋមន្ត្រី​​អង់គ្លេស លោក បូរីស ចនសុន និង​លោក​ស្រី​ប្រធានគណៈកម្មការ​អឺរ៉ុប​ អួរស៊ូឡា វ៉ុនឌែរ ឡេយែន ពេល​ជួប​ទទួល​ទានអាហារ​រួម​គ្នា​នៅ​យប់​មិញ។ មានន័យថាការ​ចរចា​​ត្រូវ​ចាប់មាន​សន្ទុះ​​ថ្មី ជាមួយ​ក្តី​​សង្ឃឹម​ថា​នឹង​ទម្លាយ​ភាព​ទ័លច្រក ឱ្យបាន​មុន​ថ្ងៃទី ៣១​ធ្នូ​២០២០ ថ្ងៃ​ដែល​អង់គ្លេស​ត្រូវ​ផ្តាច់​ចេះ​ពី​សហភាពអឺរ៉ុប​ជា​ស្ថាពរ។

​ចំណែក​ផែនការ​ផ្តល់​សន្ទុះ​សេដ្ឋកិច្ច​ក្រោយ​វិបត្តិ​កូវីដ១៩ ​ទំហំ​៧៥០ពាន់​លាន​អឺរ៉ូ និង​ផែនការ​ថវិកាអឺរ៉ុប ២០២១-២០២៧ ដែល​ត្រូវ​ជាប់​គាំង​ដោយ​វេតូ​របស់​ហុងគ្រី និង​ប៉ូឡូញ ទំនង​ជា​នឹង​​រក​ឃើញ​ច្រក​ចេញ​។ រដ្ឋ​សមាជិក​ទាំង​២៧​ ត្រូវផ្តល់​ការ​ព្រមព្រៀង​នៅ​ក្នុង​ជំនួប​កំពូលនេះ លើ​យន្តការ​​ចែក​ចាយ​មូលនិធិ​អឺរ៉ុប​ដោយ​រដ្ឋ​នីមួយៗ​អាច​មាន​លទ្ធភាព​ប្តឹង​ទៅ​តុលាកា​រយុត្តិធម៌​អឺរ៉ុប ​ជា​មុន​សិន​មុន​នឹងអាច​ចាប់​អនុវត្ត​បាន។ តាមរយៈ​ការ​ព្រមព្រៀង​នេះ ផែនការ​ផ្តល់​សន្ទុះ​ត្រូវ​ទម្លាយ​ ផែនការថវិកា​អឺរ៉ុប ក៏អាច​ចេញ​ជា​រូប​រាង គ្រាន់​តែ​ត្រូវ​ការ​ប្រើពេលវេលា​បន្ថែម​ជា​ច្រើន​ខែ​ទៀតប៉ុណ្ណោះ។ តែ​ប្រមុខ​ដឹកនាំសហភាព​អឺរ៉ុប នឹង​ត្រូវ​រក​ឃើញ​ការ​ព្រមព្រៀង​គ្នា​យ៉ាង​ឆាប់​រហ័ស​លើភាព​ចាំបាច់​នៃការ​សហការ​​ប្រយុទ្ធ​ប្រឆាំង​នឹង​កូវីដ១៩ កុំ​ឱ្យ​អឺរ៉ុប​ជួប​រលក​ចម្លង​រាតត្បាត​ជា​លើក​ទី​បី។

ទណ្ឌកម្ម​លើ​តួកគី ជា​សំណុំ​រឿង​ដ៏​រសើប​មួយ​ទៀតដែល​សហភាព​អឺរ៉ុប​ត្រូវ​សម្រេច​ក្នុង​ជំនួប​កំពូ​ល​លើ​កនេះ​ដែរ។ ថ្វី​បើសមាជិក​សហភាព​អឹរ៉ុប​ទាំង​អស់ បាន​បង្ហាញ​សាមគ្គីភាព​ជា​ធ្លុងមួយ មិន​ពេញ​ចិត្ត​នឹង​​​ទង្វើ​រុក​រក​ឧស្ម័ន​ក្នុង​សមុទ្ទ​មេឌីទែរ៉ាណេ ត្រង់​តំបន់​ជាប់​ជម្លោះ​ជាមួយ​ក្រិក និង​ស៊ីបមែន ប៉ុន្តែទំហំ​នៃ​ដាក់​ទណ្ឌកម្មទំនង​ជា​ពិបាក​កំណត់ ព្រោះផលប្រយោជន៍​មាន​ខុស​គ្នា។ ​​អឺរ៉ុប​ទំនង​បាន​ត្រឹម​បង្ហាញ​ជំហរ​ដាច់​ខាត​ដាក់​តួកគី​ប៉ុណ្ណោះ ។ ប្រទេស​ជា​សមាជិក​ជា​ច្រើន មាន​អាទិ៍​ អាល្លឺម៉ង់​ អ៊ីតាលី និង​ប៉ូឡូញ បានបដិសេធ​រួច​ជា​ស្រេច​ទៅ​ហើយ​ថា​នឹង​មិន​យក​ទណ្ឌកម្ម​សេដ្ឋកិច្ច​ ឬ​បម្រាមណា​មួយ​លើ​សមាជិក​អង្គការ​អូតង់​ដូច​គ្នា​ទេ។

សហភាពអឺរ៉ុប​មិន​ភ្លេច​ទេ​បញ្ហា​អាកាសធាតុ។ ​រដ្ឋ​ជា​សមាជិក​ទាំង​អស់​ត្រូវ​បញ្ជាក់​អំពី​កម្មវត្ថុ​នៃ​ការកាត់​បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​របស់ខ្លួនពី​ពេល​នេះ​ដល់​ឆ្នាំ​២០៣០។ គណៈកម្មការ​អឺរ៉ុប បានស្នើ​​បង្កើន​កម្មវត្ថុ​ ​កាត់​បន្ថយ​ឧស្ម័ន​ពុល ដល់​៥៥% នៅ​២០៣០ បើប្រៀប​ទៅនឹង​ឆ្នាំ​១៩៩០ ទល់​នឹង​កម្មវត្ថុ​មុន​ដែលកំណត់​ត្រឹម​៤០%៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ