អានតួអត្ថបទ
វ៉ាក់សាំងកូវីដ១៩

អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​កំពុង​ពិចារណាអំពី​កម្មសិទ្ធិ​បញ្ញា​ថ្នាំ​វ៉ាក់សាំងប្រឆាំង​កូវីដ១៩

ថ្នាំ​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩ គួរ​តែ​ជា​ករណី​លើក​លែង “គ្មាន​​រនាំង​កម្មសិទ្ធិបញ្ញា” នេះ​ជាសំណើ​​ដែល​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ បាន​និង​កំពុង​​ជជែក​​ពិភាក្សាគ្នា​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ១០​ធ្នូនេះ។ បើ​គ្មាន​​កម្មសិទ្ធិបញ្ញា នោះ​គេ​នឹង​អាច​ចែក​ចាយ​ចំណេះ​ដឹង​ស្តី​ពីថ្នាំបង្ការ​កូវីដ​១៩ បាន​យ៉ាង​ទូលំទូលាយ និង​អា​ច​បង្កើនចំនួន​​​មណ្ឌលផលិតថ្នាំវ៉ាក់សាំង ជា​ប្រយោជន៍​បន្ទាន់​ក្នុង​ពេល​កំពុង​មាន​ការ​រាតត្បាត​ផង។

អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​កំពុង​ពិចារណា​រឿង​កម្មសិទ្ធិ​បញ្ញា​ថ្នាំ​វ៉ាក់សាំង​កូវីដ១៩
អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​កំពុង​ពិចារណា​រឿង​កម្មសិទ្ធិ​បញ្ញា​ថ្នាំ​វ៉ាក់សាំង​កូវីដ១៩ © REUTERS/Dado Ruvic
ផ្សាយពាណិជ្ជកម្ម

បើ​តាម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ គ្រូពេទ្យ​គ្មានព្រំដែន គឺ​ឥណ្ឌា និ​ង​អាហ្វ្រិក​ខាង​ត្បូង​ គាំទ្រ​ដោយ​ប្រទេស​ប្រមាណ​ជា​មួយ​រយផ្សេង​ទៀត ជា​អ្នកដាក់​សំណើ​សុំ​ ជា​ករណី​លើកលែង មិន​ឱ្យ​ថ្នាំ​វ៉ាក់សាំង​ប្រឆាំង​នឹង​កូវីដ​១៩ មាន​កម្មសិទ្ធបញ្ញា។ សំណើ​នេះ បាន​ទទួល​ការ​គាំទ្រ​ ជា​និម្មិត្តរូប​បំផុត​ពី​សំណាក់​អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក លោកតេដ្រូស អាដាណុម ហ្គេប្រេយេស៊ូស Tedros Adhanom Ghebreyesus ដែល​បាន​គូស​បញ្ជាក់​ថា បើ​​​អង្គការ​ពាណិជ្ជកម្ម​ពិភពលោកយល់ព្រមមិន​ឱ្យ​មានកម្មសិទ្ធិ​បញ្ញា​ថ្នាំ​វ៉ាក់សាំង​កូវីដ១៩ នោះអ្នក​ដែល​ត្រូវ​ការនឹង​​អាច​ប្រើ​​ថ្នាំវ៉ាក់សាំង ការ​ព្យាបាល ការ​ធ្វើ​តេស្ត​ប្រឆាំង​នឹង​កូវីដ​១៩ ក្នុង​តម្លៃសមរម្យ​។

ម្យ៉ាង​វិញ​បើ​គ្មាន​កម្មសិទ្ធិបញ្ញា គេ​នឹង​អាច​បង្កើន​ការ​ផលិត​ថ្នាំ​បង្ការ នៅ​តាម​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ជា​ច្រើន​ផ្សេង​ទៀត​ដែល​មាន​សមត្ថភាព​ ដូច​យ៉ាង​ ថៃ ប្រេស៊ីល ឬ បង់ក្លាដែស។ ​តាម​សំណើ ថ្នាំបង្ការ​កូវីដគួរ​តែ​គ្មាន​​រនាំង​កម្មសិទ្ធិបញ្ញារហូត​ទាល់​តែយុទ្ធនាការចាក់​​​ថ្នាំ​វ៉ាក់សាំង​នេះ​បាន​ដំណើរការ​​យ៉ាង​ទូលំទូលាយកំរិត​​ពិភពលោក  ហើយ​ប្រជាពលរដ្ឋ​លើ​ភពផែនដី ជាងពាក់​កណ្តាល​មាន​ប្រព័ន្ធ​អង់ទីក័រ​ការពារ​ខ្លួន។

ប៉ុន្តែ​សំណើ​នេះ​មិន​ទទួល​បានការគាំទ្រ​ពីសំណាក់​ក្រុមប្រទេស​អភិវឌ្ឍន៍​មាន​មន្ទីរឱសថ​ធំៗ​ទេ។ ក្នុង​​កិច្ចពិភាក្សា​ក្រៅ​ផ្លូវការ​នា​សប្តាហ៍​នេះ ជប៉ុន សហរដ្ឋ​អាមេរិក សហភាពអឺរ៉ុប បាន​ច្រាន​ចោល​សំណើ​នេះ ដោយ​យល់​ថា​ក្រុមហ៊ុន​ឱសថ​បាន​ចំណាយ​ថវិកាច្រើន​ណាស់​ក្នុង​ស្រាវជ្រាវ​រក​ថ្នាំ​វ៉ាក់សាំង​នេះ ហើយ​វិធាន​ច្បាប់​បច្ចុប្បន្ន​ស្តីពី​កម្មសិទ្ធិបញ្ញា តម្រូវ​ឱ្យ​មាន​ការ​សុំ​អាជ្ញាបណ្ណ “​ជា​ដាច់​ខាត”​ មាន​លក្ខណៈ​​ពិសេស​ទៅ​តាម​ស្ថានភាព​បន្ទាន់​ ដូច​ក្នុង​ករណី មាន​រោគ​រាតត្បាត​នាពេលនេះ​រួច​ទៅ​ហើយ។

សម្រាប់​ក្រុម​អ្នក​ប្រឆាំង កម្មសិទ្ធិបញ្ញា ជា​ការលើក​ទឹក​ចិត្ត​ឱ្យ​មាន​គំរូ​ពាណិជ្ជកម្ម​ទំនើប​ថ្មី​។ បើ​គ្មាន​ប្រព័ន្ធកម្មសិទ្ធិបញ្ញា​ទេ នោះ​ក៏នឹង​គ្មាន​លទ្ធភាព​អភិវឌ្ឍថ្នាំ​ព្យាបាល​និង​ថ្នាំ​វ៉ាក់សាំង​បាន​លឿន​ដែរ។ នាយក​វិទ្យាសាស្ត្រ​នៃ​ក្រុមហ៊ុន​ឱសថ Johnson & Johnson លោក Paul Stoffels ដែល​ចូល​រួម​ក្នុង​កិច្ចពិភាក្សា​បឋម​នេះ​ដែរ បាន​បំភ្លឺ​យ៉ាង​ខ្លី​ថា ក្រុមហ៊ុនកំពុង​ផ្ចង់​លើ​ការងារ​ស្រាវជ្រាវ​ស្តី​អំពី​ស្ថិរភាព​នៃ​បច្ចេកវិទ្យា​ផលិត​ថ្នាំ​វ៉ាក់សាំង ដើម្បីធានា​ថា​នឹងអាច​ផ្គត់​ផ្គង់​ជូន​ពិភពលោក​នៅឆ្នាំ​ក្រោយ បន្ទាប់​មក​ទើប​ចាប់​ផ្តើម​គិត​អំពីការ​​ផ្ទេរ​បច្ចេកវិទ្យា​និង​សមត្ថភាព​ទៅ​ឱ្យ​អ្នក​ដទៃ​តាមក្រោយ។

សេចក្តី​សម្រេច​នឹង​ត្រូវ​​ជា​បន្ទុក​របស់​ក្រុមប្រឹក្សា​អង្គការ​ពាណិជ្ជកម្មពិភពលោក​ ដែល​នឹង​បើក​ប្រជុំ​នៅ​ថ្ងៃទី ១៦-១៧ធ្នូ​សប្តាហ៍​ក្រោយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ