អានតួអត្ថបទ
កូវីដ១៩

ស្វីសអនុញ្ញាត​ឱ្យ​ប្រើថ្នាំ​បង្ការ​របស់ Pfizer/BioNTech​ អ៊ីតាលីបិទ​ខ្ទប់​ប្រទេស​ជា​ថ្មី

នៅថ្ងៃសៅរ៍ទី ១៩​ធ្នូ​​នេះ ស្វីស​បានក្លាយ​ជា​ប្រទេសទីមួយ ​ប្រចាំដែនដី​អឺរ៉ុប​ ដែលបាន​​ផ្តល់​ការ​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ថ្នាំ​បង្ការ​ប្រឆាំង​នឹង​កូវីដ១៩ របស់​ក្រុមហ៊ុន​ Pfizer/BioNTech។ ចំណែក​អ៊ុតាលី​ដែលធ្លាប់​​រង​គ្រោះ​យ៉ាង​ធ្ងន់ធ្ងរ​ជាង​គេ និងមុន​គេ​​​បំផុតនោះ បានសម្រេច​បិទ​ខ្ទប់​ប្រទេស​ជា​ថ្មី ក្នុង​អំឡុង​ពេល​បុណ្យ​ណូអែល​និង​បុណ្យ​ឆ្លង​ឆ្នាំ ក្រែង​អាច​បញ្ចៀស​រលកចម្លង​ថ្មី​បាន។

ស្វីស​បាន​ផ្តល់​ការ​អនុញ្ញាត​ឱ្យប្រើប្រាស់​ថ្នាំវ៉ាក់សាំង របស់​ក្រុមហ៊ុន Pfizer and BioNTech
ស្វីស​បាន​ផ្តល់​ការ​អនុញ្ញាត​ឱ្យប្រើប្រាស់​ថ្នាំវ៉ាក់សាំង របស់​ក្រុមហ៊ុន Pfizer and BioNTech AFP
ផ្សាយពាណិជ្ជកម្ម

ក្រោយ​ពី​បាន​ធ្វើ​ការ​ត្រួត​ពិនិត្យ​និង​វិភាគ​យ៉ាង​ល្អិតល្អន់ អាជ្ញាធរ​សុខាភិបាលស្វីស​បាន​ផ្តល់​សេចក្តី​សន្និដ្ឋាន​ថា ថ្នាំ​វ៉ាក់សាំង​ប្រឆាំង​កូវីដ១៩​របស់ក្រុមហ៊ុន​ Pfizer/BioNTech ជា​ថ្នាំ​ដែល​មានប្រសិទ្ធភាព​ជាក់ច្បាស់ ផ្តល់​ប្រយោជន៍ច្រើន​ខ្លាំង​ជាង​បង្ក​ផលរំខាន។ នេះតាម​សេចក្តី​ថ្លែងការណ៍​របស់​អាជ្ញាធរ​ស្វីស ក្នុង​ថ្ងៃសៅរ៍​ទី ១៩ ធ្នូ ២០២០ ​ដោយ​បញ្ជាក់​ថា នេះ​ជា​សេចក្តី​សម្រេច​ចិត្តយ៉ាង​ឆាប់រហ័ស​ តែ​ថ្នាំ​បង្ការ​របស់​ Pfizer/BioNTech ពិត​ជា​ឆ្លើយ​តប​បាន​ទាំង​ស្រុង​នូវ​លក្ខខណ្ឌ​ចាំបាច់​បី គឺ ជា​ថ្នាំ​មាន​ប្រសិទ្ធភាព សុវត្ថិភាព និង​ គុណភាព។

មាន​ប្រជាជន​សរុប​ជាង​៨,៦លាននាក់ និង​ជា​ប្រទេស​ដែល​មានអត្រា​ប្រេវ៉ាឡង់​ចម្លង​ខ្ពស់​ជាង​គេមួយ​នៅ​អឺរ៉ុប (មានឆ្លង​ថ្មី​បួន​ពាន់​នាក់ក្នុង​មួយ​ថ្ងៃៗ និង​ស្លាប់​ជាង​៦ពាន់​នាក់​គិត​ចាប់​តាំង​ពី​ផ្ទុះ​កូវីដ១៩មក) ស្វីស​បាន​បញ្ជា​ទិញ​ថ្នាំ​វ៉ាក់សាំង​ប្រឆាំង​កូវីដ​១៩ ចំនួន ១៥,៨លាន​ដូស ពីក្រុមហ៊ុន​បី ៖​ Pfizer/BioNTechចំនួន​៥លាន​ដូស Moderna ៧,៥លានដូស និង៥,៣លាន​ដូស ពី​AstraZeneca។ ទន្ទឹម​គ្នា​នេះ ដើម្បី​ទប់​ស្កាត់​កុំ​ឱ្យ​រលកចម្លង​កូវីដ១៩ ដែល​បន្ត​​ស្ទុះឡើង​ខ្លាំង រដ្ឋាភិបាល​ស្វីស​បានប្រកាស​ចាត់​វិធានការ​ថ្មី​បន្ថែម​ បិទ​ភោជនីដ្ឋាន មណ្ឌល​វប្បធម៌ កីឡា ព្រមទាំង​កន្លែង​កំសាន្ត​ផ្សេងៗ ចាប់​ពី​ថ្ងៃ​ទី ២២​ធ្នូ​ទៅ​សម្រាប់​រយៈ​ពេលយ៉ាង​ហោច​មួយ​ខែ។ ហាង​ទំនិញ​ផ្សេងៗ​នៅ​បើក​លក់​ជា​ធម្មតា​តែ​ត្រូវ​គោរព​លក្ខខណ្ឌ​សុខាភិបាល​ខ្លាំង​ជាមុន។ ជា​វិធានការ​នៅ​ខ្សោយ​ណាស់​សម្រាប់​ក្រសែ​ភ្នែក​របស់​ក្រុម​អ្នក​វិទ្យាសាស្ត្រ។

ចំណែកនៅ​អ៊ីតាលី​ជិត​ខាង​វិញ រដ្ឋាភិបាល​បាន​សម្រេច​ពង្រឹង​វិធានការ​យ៉ាង​តឹង​តែង​ ដោយបាន​ចេញក្រិត្យ​នៅ​ថ្ងៃសៅរ៍​ទៅ​១៩​ធ្នូ ​បិទ​ខ្ទប់​ប្រទេស​ជាថ្មី​ បន្ថែម​ពី​លើ​បម្រាមគោចរដែល​មានស្រាប់​ពី ១០យប់​ដល់ម៉ោង​៥ភ្លឺ។ ចាប់​ពី​ថ្ងៃទី ២១​ធ្នូ​ទៅ រហូត​ដល់​ថ្ងៃទី ៦​មករា​២០២១ ប្រជាពលរដ្ឋ​អ៊ីតាលី​មានសិទ្ធិ​ជួប​ជុំ ប្រារព្ធពិធី​បុណ្យ​ណូអែល​ជា​ក្រុម​គ្រួសារ​តូចៗដោយ​អាច​អញ្ជើញ​ភ្ញៀវ​ពីរនាក់​យ៉ាង​ច្រើន (មិនឱ្យ​លើស​ពី​១៤​នាក់​រាប់​ទាំង​ក្មេងៗ​ផង) មាន​សិទ្ធិ​ចេញ​ពី​ផ្ទះ​ទៅ​សួរ​សុខទុក្ខ​ញាតិមិត្តម្តង​ក្នុង​មួយ​ថ្ងៃ​ក្នុង​តំបន់​រស់​នៅ​របស់​ខ្លួន តែ​គ្មានសិទ្ធិ​ធ្វើ​ដំណើរ​ឆ្លងស្រុកឆ្លង​ខេត្ត​ទេ។ ជាប្រទេស​រងគ្រោះ​ខ្លាំង​ជា​ងគេបំផុត​មួយ​ អ៊ីតាលី​រាប់​ឃើញ​អ្នក​ស្លាប់​ដោយ​កូវីដ១៩​ ជាង​៦៨០០០នាក់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ