អានតួអត្ថបទ
បារាំង-ជីហាតនៅស៊ីរី អ៊ីរ៉ាក់

បារាំង​បារម្ភ​ពីការលេចមុខឡើងវិញ របស់​ក្រុមជីហាតរដ្ឋអ៊ីស្លាម​នៅស៊ីរី និង​អ៊ីរ៉ាក់

ជិត ២ឆ្នាំ​ក្រោយ ការដួលរលំ របបកាលីហ្វា របស់​ក្រុមជីហាត​រដ្ឋអ៊ីស្លាម នៅ​ទឹកដី ស៊ីរី រដ្ឋមន្រ្តីការពារ​ជាតិ​បារាំង បាន​សំដែង​ក្តីព្រួយបារម្ភ នៅចំពោះមុខ​ការលេចមុខ​ឡើង​វិញ របស់​ក្រុមអង្គការ​រដ្ឋអ៊ីស្លាម នៅ​ទឹកដី ស៊ីរី និង​អ៊ីរ៉ាក់។ នៅ ប៉ុន្មាន​សប្តាហ៍​ចុងក្រោយនេះ ក្រុម​អង្គការ​រដ្ឋអ៊ីស្លាម ហៅកាត់​ជាភាសា​អង់គ្លេស ISIS បាន​បង្កើន​ការវាយប្រហារ​កាន់តែ​ច្រើន ទៅលើ​ពួកឧទ្ទាម និង​កងទ័ព​រដ្ឋាភិបាល​ស៊ីរី នៅ​ទឹកដី​ក្បែរ​ព្រំដែន​ជាមួយ​អ៊ីរ៉ាក់។ តាមរដ្ឋមន្រ្តីការពារ​ជាតិ​បារាំង នេះជាហេតុផល​មួយ​ដែល​ធ្វើ​ឲ្យ​កងទ័ព​បារាំង​នៅតែ​បន្ត ចូលរួម នៅក្នុង​សម្ព័ន្ធ​អន្តរជាតិ ដឹកនាំ​ដោយ​អាមេរិក នៅ​ទឹកដី​ស៊ីរី។ 

រដ្ឋមន្រ្តីការពារ​ជាតិ​បារាំង លោកស្រី Florence Parly, (កណ្តាល), អមដោយ​ទាហាន​បារាំង នៅពេល​លោកស្រី ដើរពិនិត្យ​មើលការល្បាត​របស់​ទាហាន​បារាំង នៅកាលៈទេសៈ​ដែល​បារាំង​កំពុង​ប្រឈម​នឹង​ការគំរាមកំហែងវាយប្រហារ​ភេរវកម្ម​
រដ្ឋមន្រ្តីការពារ​ជាតិ​បារាំង លោកស្រី Florence Parly, (កណ្តាល), អមដោយ​ទាហាន​បារាំង នៅពេល​លោកស្រី ដើរពិនិត្យ​មើលការល្បាត​របស់​ទាហាន​បារាំង នៅកាលៈទេសៈ​ដែល​បារាំង​កំពុង​ប្រឈម​នឹង​ការគំរាមកំហែងវាយប្រហារ​ភេរវកម្ម​ AP - Thibault Camus
ផ្សាយពាណិជ្ជកម្ម

បារាំង​នៅតែ​ចាត់ទុក ថា ក្រុមជីហាត​រដ្ឋអ៊ីស្លាម នៅមានវត្តមាន និង​ចាប់កំរើក​ធ្វើ​សកម្មភាព​ឡើងវិញ នៅ​ប្រទេស​ស៊ីរី និង​អ៊ីរ៉ាក់។ តាម​លោកស្រី​រដ្ឋមន្រ្តីការពារ​ជាតិ បារាំង Florence Parly ដែល​បាននិយាយ​ប្រាប់ប្រព័ន្ធផ្សព្វផ្សាយ​បារាំង នៅថ្ងៃ អាទិត្យ នៅក្រោយ កាលីហ្វា ឬ​រដ្ឋធានី របស់​ក្រុមជីហាត​រដ្ឋអ៊ីស្លាម ត្រូវ​វាយបំបែក ខ្ចាត់ខ្ចាយ នៅ ខែ​មីនា ឆ្នាំ ២០១៩ គេ​ចាប់សង្កេត​ឃើញ ក្រុមនេះ បង្កើន​កម្លាំងទ័ព​ឡើងវិញ នៅ ជិត​ដែនដី​ចាស់របស់ខ្លួន នៅត្រង់​ព្រំដែន ស៊ីរី និង​អ៊ីរ៉ាក់។

នៅ​ថ្ងៃទី​៣០​ធ្នូ​កន្លងទៅ ក្រុមជីហាត​រដ្ឋអ៊ីស្លាម បាន​បើកការវាយប្រហារ សម្លាប់​ទាហាន​រដ្ឋាភិបាល​ស៊ីរី អស់ ៣៩នាក់។ តាម​អង្គការស៊ីរី​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ដែលមាន​ទីតាំង​នៅទីក្រុង​ឡុងដ៍ ក្រុមជីហាត​រដ្ឋអ៊ីស្លាម​បានប្រកាស ទទួល​ខុសត្រូវ​លើ​ការវាយប្រហារ ថ្មីមួយទៀត ទៅលើ​កងកម្លាំង​ការពារ​ជាតិ​ដែល​គាំទ្រ រដ្ឋាភិបាល​ស៊ីរី។ ការវាយប្រហារ​នៅ ថ្ងៃ​សៅរ៍ នៅ​ខេត្ត​Deir Ezzor ដែលនៅជាប់​ព្រំដែន​ជាមួយ​ប្រទេស​អ៊ីរ៉ាក់ បាន​សម្លាប់មនុស្ស​៧នាក់។

សម្រាប់​រដ្ឋមន្រ្តី​ការពារ​ជាតិ​បារាំង ក្រុមជីហាត​រដ្ឋអ៊ីស្លាម ដែល​ប្រកាស​ចេញមុខ ជាអ្នកទទួល​ខុសត្រូវ​លើ​ការវាយប្រហារ​ភេរវកម្ម​ក្នុង​ទឹកដី​អឺរ៉ុប ដែលនៅក្នុងនោះ​មានផងដែរ​បារាំង គឺនៅមិន​ទាន់​ផុត​រលត់រលាយ សាបសូន្យ នោះទេ។ ផ្ទុយទៅវិញ ចាប់តាំង​ពី រដ្ឋធានី​កាលីហ្វារ ដែលជា ទីតាំង​ចុងក្រោយ​របស់​ក្រុមជីហាត រដ្ឋអ៊ីស្លាម ​ដួលរលំ នៅ​ខែ មីនា ឆ្នាំ ២០១៩ ក្រុមជីហាត នៅតែ​បន្ត បើកការវាយប្រហារ ធ្វើ​ភេរវកម្ម សម្លាប់​មនុស្ស ជាង ១ពាន់នាក់ ដែលនៅក្នុង​នោះ​មាន​ទាហាន និង​សមាជិក​ទាហាន​បរទេស ដែល ជា​ក្រុម​ប្រដាប់អាវុធ​គាំទ្រ របប​ស៊ីរី។ ក្រុមជីហាត​រដ្ឋអ៊ីស្លាម ចាប់​សកម្មខ្លាំង ផងដែរ​នៅ​ទឹកដី​អ៊ីរ៉ាក់។ ដោយសារ​តែ​ហេតុផលនេះ​ហើយ ទើប បារាំង​នៅ​បន្តចូលរួម ក្នុង​សម្ព័ន្ធ​អន្តរជាតិ តាមរយៈ ការបណ្តុះបណ្តាល និង​ផ្តល់​យន្តហោះ​ចម្បាំង​Rafale ចំនួន ៤គ្រឿង ដើម្បី​ប្រយុទ្ធប្រឆាំង នឹង​ក្រុមភេរវនិយម នៅ ស៊ីរី និង​អ៊ីរ៉ាក់។

បារាំង​នៅ បន្ត​ចូលរួម​ក្នុង​បេសកកម្ម​របស់​សម្ព័ន្ធអន្តរជាតិ​ដឹកនាំ​ដោយ​អាមេរិក នៅក្នុង​ពេលអាមេរិក របស់​លោកដូណាល់ ត្រាំ បានប្រកាស​ដកកងទ័ព​អាមេរិក ប្រមាណ ៥០០នាក់បន្ថែមទៀត នៅ​ពាក់កណ្តាល​ខែ​មករានេះ ដែល​នឹង​ធ្វើ​ឲ្យ​ចំនួន​កងទ័ព​អាមេរិក​ប្រចាំ​នៅ​អ៊ីរ៉ាក់ នៅសល់​តែ ២៥០០​នាក់ប៉ុណ្ណោះ។ គេវាយតម្លៃថា កម្លាំង​របស់​ក្រុមជីហាត​រដ្ឋអ៊ីស្លាម កាន់តែ​ឡើងខ្លាំង​ឡើងវិញ ក៏ដោយសារ​ការដកកងទ័ព​របស់​អាមេរិកនេះដែរ។ ប្រទេស​ផ្សេងទៀត ដែល​ជា​សមាជិក​របស់​សម្ព័ន្ធអន្តរជាតិ​ប្រឆាំង ក្រុមជីហាត​រដ្ឋអ៊ីស្លាមក៏​បាន​ធ្វើ​តាម​អាមេរិក ដោយ បាន​ដកកងទ័ព​របស់ខ្លួន សឹង​ទាំងស្រុង​ចេញពី ទឹកដី​អ៊ីរ៉ាក់ ចាប់តាំង​ពី ជំងឺ កូវីដ​ចាប់រាតត្បាត នៅក្នុង​ពិភពលោក៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ