អានតួអត្ថបទ
រុស្ស៊ី-ផ្តាសាយបក្សី

អាជ្ញាធរ​​រុស្ស៊ី​​​អះអាង​ថា មាន​ករណី​ឆ្លង​​មេរោគ​​ផ្តាសាយ​​​បក្សី​H5N8  ពី​សត្វ​​ទៅ​​មនុស្ស​ជា​​លើក​​ដំបូង

យ៉ាងហោចណាស់ មានមនុស្ស​៧នាក់​ នៅប្រទេសរុស្ស៊ី​ដែលត្រូវបាន​គេរកឃើញថា មានផ្ទុក​មេរោគ​ ផ្តាសាយ​បក្សីប្រភេទ H5N8។ នេះបើតាមការបញ្ជាក់ ពី​ទីភ្នាក់ងារសុខភាព​សាធារណៈ​រុស្ស៊ី កាលពីថ្ងៃសៅរ៍ទី២០កុម្ភៈ។ អាជ្ញាធររុស្ស៊ី បានជូនដំណឹងនេះ ទៅអង្គការសុខភាព​ពិភពលោក​ភ្លាម ដើម្បី​ទាញសញ្ញាអាសន្ន ព្រោះនេះ​ជាលើកទីមួយហើយ ដែលមាន​ករណី​ឆ្លង​មេរោគ​ប្រភេទនេះ ពីសត្វទៅមនុស្ស។

អាជ្ញាធររដ្ឋកេរ៉ាឡា កំពុងចុះចាប់សត្វទា ក្រោយ​ឆ្លងរាលដាលមេរោគផ្តាសាយបក្សី H5N8។ រដ្ឋ​កេរ៉ាឡា ប្រទេសឥណ្ឌា ថ្ងៃទី ៥មករា២០២១
អាជ្ញាធររដ្ឋកេរ៉ាឡា កំពុងចុះចាប់សត្វទា ក្រោយ​ឆ្លងរាលដាលមេរោគផ្តាសាយបក្សី H5N8។ រដ្ឋ​កេរ៉ាឡា ប្រទេសឥណ្ឌា ថ្ងៃទី ៥មករា២០២១ AP - Prakash Elamakkara
ផ្សាយពាណិជ្ជកម្ម

មេរោគផ្តាសាយ​បក្សី H5N8 ត្រូវបាន​គេរកឃើញ ក្នុងខ្លួន​មនុស្ស​៧នាក់ ដែលធ្វើ​ការក្នុង​រោងចក្រ​កាប់សាច់បក្សីមួយកន្លែង នៅភាគខាងត្បូងប្រទេសរុស្ស៊ី ជាទីដែលមាន​ការឆ្លងរាលដាលមេរោគនេះក្នុងចំណោមសត្វស្លាប កាលពីខែធ្នូ​ឆ្នាំ​២០២០។ នេះបើតាមការបញ្ជាក់ ពីលោកស្រី Anna Popova ប្រធាន​ទីភ្នាក់ងារសុខភាពសាធារណៈរុស្ស៊ី កាលពីល្ងាចថ្ងៃសៅរ៍ទី​២០កុម្ភៈ។ តែយ៉ាងណា មន្ត្រីរុស្ស៊ីរូបនេះ អះអាងថា អ្នកជំងឺទាំង៧នាក់ មានសុខភាព​ល្អ មិនមានអាការៈធ្ងន់ធ្ងរឡើយ។

ប្រធាន​ទីភ្នាក់ងារសុខភាពសាធារណៈរុស្ស៊ី បន្ថែមថា សម្រាប់ពេលនេះ គឺមាន​ភស្តុតាងបញ្ជាក់ថា មេរោគផ្តាសាយ​បក្សី H5N8 អាចឆ្លងពីសត្វទៅមនុស្ស ក៏ប៉ុន្តែ គេមិនទាន់រកឃើញថា មេរោគនេះ អាចឆ្លងបន្ត ពីមនុស្ស​ម្នាក់ទៅកាន់មនុស្ស​ម្នាក់ទៀតទេ។ អាជ្ញាធរលោកស្រី បានជូនដំណឹងទៅ អង្គការសុខភាពពិភពលោក ដើម្បីទាញសញ្ញាអាសន្ន ឲ្យ​ធ្វើ​តាមដានទាំងអស់គ្នា ស្តីពីការវិវឌ្ឍន៍នៃមេរោគមួយនេះ។ មន្ទីរពិសោធន៍ Vektor របស់​រដ្ឋរុស្ស៊ី ដែលជាអ្នក​វិភាគរកឃើញ​ករណីនេះ បានលើកឡើងថា វាជារឿងចាំបាច់ ដែលពិភព​លោកត្រូវចាប់ផ្តើមប្រុងប្រៀបខ្លួន ស្រាវជ្រាវរកវិធីធ្វើតេស្តរកមេរោគនេះ និង​រកវ៉ាក់សាំងប្រឆាំងមេរោគនេះ នៅក្នុងករណី​ដែលវាបង្កជាជំងឺឆ្លងរាលដាល ទៅកាន់មនុស្ស។

សូមបញ្ជាក់ថា មេរោគផ្តាសាយបក្សីទំរង់ H5N8 បាននិង​កំពុងតែចល័តនៅតាម​ប្រទេសអឺរ៉ុបមួយចំនួន ក្នុងនោះមាន​ប្រទេសបារាំងជាដើម។ អាជ្ញាធរសុខាភិបាលបារាំង បានបញ្ជាក់ ​នៅល្ងាចថ្ងៃសៅរ៍ទី​២០កុម្ភៈថា គេបានស្រង់​សំណាកមេរោគនេះចំនួន១៣០ ហើយ​ឆ្លងកាត់ការពិនិត្យ​ គិតត្រឹមពេលនេះ គឺគ្មានករណី​ឆ្លងមេរោគនេះ ពីសត្វ​ទៅមនុស្សទេ នៅក្នុងប្រទេសបារាំង។ យ៉ាងណាក៏ដោយ អ្នកជំនាញបារាំង កំពុង​បន្តតាមដាន ដោយ​ប្រៀបធៀបទិន្នន័យ ជាមួយ​ករណី​នៅ​ប្រទេសរុស្ស៊ី។

ឆ្លើយ​ទៅកាន់អ្នកកាសែតបារាំង AFP​ តំណាង​អង្គការសុខភាពពិភពលោក បានបញ្ជាក់ថា ខ្លួនពិតជា​បាន​ទទួលដំណឹង ផ្តល់ឲ្យ​ដោយ​អាជ្ញាធរសុខភាពសាធារណៈរុស្ស៊ីមែន ស្តីពីការរកឃើញករណី​ឆ្លងមេរោគផ្តាសាយបក្សីប្រភេទ H5N8 ពីសត្វទៅមនុស្ស។ លោកស្រីGwenaël Vourc'h នាយកផ្នែក​ស្រាវជ្រាវ នៃ​វិទ្យាស្ថានជាតិបារាំង ដើម្បីការស្រាវជ្រាវកសិកម្ម ចំណីអាហារ និងបរិស្ថាន (INRAE) បាន​អះអាងថា មេរោគផ្តាសាយបក្សីទំរង់ H5N8 ជាប្រភេទមេរោគដែលអាចវិវឌ្ឍន៍ខ្លួនរហ័សណាស់។ ថ្វីបើពេលនេះពុំទាន់​មានករណី​ឆ្លង ពីមនុស្សទៅមនុស្សមែន តែមិនមែនមានន័យថា វាមិនអាចកើតឡើងទៅថ្ងៃមុខនោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ