អានតួអត្ថបទ
បារាំង-ប្រជាសាស្ត្រ

បារាំង​មាន​អត្រា​កំណើត​ធ្លាក់​ចុះ​ខ្លាំង​មិន​ធ្លាប់​មាន​ ដោយហេតុកូវីដ

នៅ​ខែ​មករា​២០២១​នេះ បារាំង​បាន​បង្កើត​កូន​យ៉ាង​តិច​បំផុត មិនធ្លាប់​ទេ គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៧៥មក។ អត្រា​កំណើត​​បាន​ធ្លាក់​ចុះ​ដល់​ទៅ ១៣%​បើ​ប្រៀប​ទៅ​នឹងចំនួន​ទារក​​កើត​កាលពី​ខែ​មករា​ឆ្នាំ​២០២០ ក្នុង​រយៈ​ពេល​ដូច​គ្នា។ មូលហេតុ​ គឺ​ទំនង​ជា​បណ្តាល​មក​ពី​វិបត្តិ​កូវីដ១៩។ នេះបើ​តាម​វិទ្យា​ស្ថាន​ជាតិ​​ស្ថិតិ និង​សិក្សា​សេដ្ឋកិច្ច​​បារាំង​ ដែល​ជាម្ចាស់​​របាយការណ៍។

ដោយហេតុ​កូវីដ១៩ បារាំងបង្កើត​កូនតិច​ខ្លាំង​នៅ​ខែ​​មករា​២០២១
ដោយហេតុ​កូវីដ១៩ បារាំងបង្កើត​កូនតិច​ខ្លាំង​នៅ​ខែ​​មករា​២០២១ AFP/File
ផ្សាយពាណិជ្ជកម្ម

អត្រា​កំណើត​នៅ​ប្រទេស​បារាំង​បាន​ធ្លាក់​ចុះ​ជា​លំដាប់​តាំង​ពី​៦​ឆ្នាំ​ជាប់ៗ​គ្នា​មក ប៉ុន្តែ​ការ​ធ្លាក់​ចុះ​នៅ​ខែ​មករា​នេះ គ្មានមូលហេតុ​ពាក់​ព័ន្ធ​នឹង​ការ​ចុះ​ថយ​កន្លង​មក​ទេ។ គេ​ត្រូវ​រាប់​ថយ​ត្រលប់​ដល់​ទៅ​៤៥​ឆ្នាំមុន​ឯណោះ​ទើប​ឃើញ​មាន​ករណី​បារាំង​បង្កើត​កូន​ក្នុង​ចំនួនដ៏​​តិចខ្លាំង​យ៉ាង​ដូច្នេះ​។ ជាសរុប​​នៅ​ខែមករា​ឆ្នាំ​២០២១ ​បារាំង​រាប់​ឃើញ​មាន​ទារក​កើត​​តែ​៥៣៩០០​នាក់ ប៉ុណ្ណោះ ​ពោលគឺមួយ​ភាគ​ធំ​ជា​​កូន​ដែល​បាន​មក​ចាប់​កំណើត​ក្នុង​ផ្ទៃ​ម្តាយ​ពេល​ប្រទេស​បារាំងជាប់​​​វិធានការ​បិទ​ខ្ទប់​ប្រទេស​ជា​លើក​ទី​មួយ​ដើម្បី​ទប់​ស្កាត់​ការឆ្លង​រាតត្បាត​កូវីដ១៩​ភ្លាម។

កាល​ពី​ខែ​ធ្នូ​២០២០​ អត្រា​កំណើត​បាន​ធ្លាក់​ចុះ​៧%​ទៅ​ហើយ​បើប្រៀប​ទៅ​នឹង​ខែ​ធ្នូ​ឆ្នាំ​២០១៨ ហើយ​នៅ​ខែ​មករា២០២១ ការ​ធ្លាក់​ចុះមានកំរិត​ដល់​ទៅ ១៣% បើ​ប្រៀប​ទៅ​នឹង​ខែ​មករា​២០២០។ បើ​តាម​វិទ្យាស្ថាន​ជាតិផ្នែក​​ស្ថិតិ ​អត្រា​កំណើត​បាន​ធ្លាក់​ចុះ​​ពីរ​ខែជាប់​គ្នានេះ​ ទំនង​​ជា​មានពាក់​ព័ន្ធ​នឹង​វិបត្តិ​កូវីដ១៩។ ​ដោយ​ហេតុមាន​រោគរាតត្បាត​សកល និង​ភាព​មិន​ទុក​ចិត្ត​បង្ក​ឡើង​វិបត្តិ​សុខភាព​ វិទ្យាស្ថាន​សង្កេត​ឃើញ​ថា​មាន​​គូស្វាមី​​ជា​ច្រើន​លុប​ឬ​លើក​គម្រោង​យក​កូន។ ក្នុង​ពេល​បិទ​ខ្ទប់​ប្រទេសលើក​ទីមួយ មជ្ឈមណ្ឌល​សុខភាព​ទទួល​បន្ទុកបង្ក​កំណើតកូនដោយ​មាន​ជំនួយ​ បាន​បិទ។ ឯសេវា​ផ្អាក​កំណើត​កូន​ដោយ​ស្ម័គ្រ​ចិត្ត​ក៏​ពិបាក​រកទៀត។

ប៉ុន្តែ​​គេ​ត្រូវ​រង់ចាំមើល​លទ្ធផល​នៃស្ថិតិ​​នៅ​ខែខាងមុខ ទើប​អាចវាយ​តម្លៃបានដោ​យ​ប្រាកដ​ថា ការ​ធ្លាក់​ចុះនៃ​អត្រា​កំណើត​នៅ​ខែធ្នូ និង​មករា​នេះ ជា​បាតុភូត​ខ្លី​មួយ​បង្ក​ឡើង​ជំងឺ​រាតត្បាត ឬ ​ជាចំណុច​​ចាប់​ផ្តើម​ថ្មី​នៃ​ទិន្នាការ​ធ្លាក់​ចុះ​ជានិរន្ត​រ៍អត្រាកំណើត​នៅក្នុង​ប្រទេសបារាំង។ វិបត្តិកូវីដ​១៩ និង​សេដ្ឋកិច្ច អាច​ជំរុញ​ឱ្យ​​គូស្វាមី​លែង​ចង់​មាន​កូន និង​បោះបង់​ចោលទាំង​ស្រុង​តែ​ម្តង​ផែនការ​ចង់​មានកូន​។

សូម​បញ្ជាក់​ថា​របាយការណ៍​របស់​វិទ្យាស្ថានស្ថិតិ​ស្តី​អំពី​អត្រាកំណើត​នេះ ជា​ការ​បញ្ជាក់​បន្ថែមនូវ​ការ​ប៉ាន់ស្មាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី ១៩​មករា​២០២១​សប្តាហ៍មុន ដែល​ថា​អត្រា​កំណើត​​ក្នុង​ឆ្នាំ ២០២០​បាន​ធ្លាក់​ចុះទាប​បំផុត។ វិទ្យាស្ថានស្ថិតិព្យាករ​ថា​មាន​ទារក​តែ​ប្រមាណ​៧៣៥០០០​ប៉ុណ្ណោះបាន​កើត​នៅ​ឆ្នាំ​២០២០ (-២,៥%) ពោល​គឺ​ជា​ចំនួន​ដ៏​ទាប​បំផុត​គិត​ចាប់​តាំង​ពី​សង្គ្រាម​លោក​លើក​ទីពី​រមក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ