អានតួអត្ថបទ
អៀរឡង់-ទិន្នន័យ​ឯកជន-បច្ចេកវិទ្យា

WhatsApp ត្រូវ​អាជ្ញាធរអៀរឡង់ ពិន័យ​២២៥លាន​អឺរ៉ូ ពីបទ​គ្មាន​តម្លាភាព ក្នុងការ​គ្រប់គ្រង​ទិន្នន័យ​​​ឯកជន​​របស់​​អ្នក​ប្រើប្រាស់

ក្រុមហ៊ុន WhatsApp ដែល​ជាសាខាមួយរបស់ Facebook ត្រូវបានអាជ្ញាធរ​គ្រប់គ្រងទិន្នន័យបច្ចេកវិទ្យា របស់​ប្រទេសអៀរឡង់ ពិន័យជា​ប្រាក់ ចំនួន២២៥លានអឺរ៉ូ ដោយ​ចោទថាគ្មាន​តម្លាភាព​ ទាក់ទិននឹងការពារ និង​គ្រប់គ្រងទិន្នន័យឯកជន របស់អ្នក​ប្រើប្រាស់​។ នេះគឺជាការពិន័យ​ធ្ងន់បំផុតមិនធ្លាប់មាន ដែលអាជ្ញាធរអៀរឡង់ ដាក់ទៅលើក្រុមហ៊ុន​បច្ចេកវិទ្យា ខណៈដែលប្រទេសនេះ គឺជាទីស្នាក់ការធំប្រចាំអឺរ៉ុប របស់​ក្រុមហ៊ុនបច្ចេកវិទ្យាអន្តរជាតិជាច្រើន។

ផ្លាកសញ្ញា WhatsApp និង Facebook
ផ្លាកសញ្ញា WhatsApp និង Facebook REUTERS - Dado Ruvic
ផ្សាយពាណិជ្ជកម្ម

នេះគឺជា​ការពិន័យ​ធ្ងន់ធ្ងរបំផុត លំដាប់ទី២ ដែល​អាជ្ញាធរប្រទេសអឺរ៉ុប បាន​ដាក់ទៅលើ​ក្រុមហ៊ុន​បច្ចេកវិទ្យា បន្ទាប់ពី​ប្រទេសលុចហ្សំបួរ ដែលបានដាក់ពិន័យក្រុមហ៊ុន​ Amazon ចំនួន​៧៤៦លានអឺរ៉ូ កាលពីខែកក្កដា។ ឆ្លងកាត់ការស៊ើបអង្កេត ដែលបានចាប់ផ្តើមតាំងតែពី​ឆ្នាំ​២០១៨ ទីបំផុត​ អាជ្ញាធរគ្រប់គ្រងទិន្នន័យ​បច្ចេកវិទ្យាអៀរឡង់ បាន​សន្និដ្ឋាន​ថា ក្រុមហ៊ុន​WhatsApp មិនបាន​គោរពគោលការណ៍​គ្រិះនៃ​ច្បាប់របស់សហភាពអឺរ៉ុប ដែលតម្រូវឲ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា គោរព​លក្ខខណ្ឌតម្លាភាព ក្នុងការគ្រប់គ្រង និងការពារ​ទិន្នន័យឯកជនរបស់អ្នក​ប្រើប្រាស់។

មួយវិញទៀត ដោយហេតុតែ ​WhatsApp គឺជាផ្នែកមួយ​របស់​ Facebook បញ្ហាកាន់តែចោទឡើង ដោយ​សារទិន្នន័យឯកជនប្រមូលដោយ​​WhatsApp អាចត្រូវយកទៅចែករំលែក ឲ្យ​Facebook រួមទាំងសាខាផ្សេងៗទៀតរបស់ Facebook។ ក្រៅពីពិន័យជាប្រាក់ចំនួន ២២៥លានអឺរ៉ូ អាជ្ញាធរអៀរឡង់ បានតម្រូវឲ្យ ​WhatsApp ត្រូវទទួលស្គាល់កំហុស និងសុំទោសជាសាធារណៈ ព្រមទាំងត្រូវ​ចាត់វិធានការ​ កែលំអកង្វះខាតទាំងឡាយ ឲ្យបានត្រឹមត្រូវ។

នៅថ្ងៃព្រហស្បតិ៍ទី ២កញ្ញា អ្នកនាំពាក្យក្រុមហ៊ុន WhatsApp បានចាត់ទុកការពិន័យនេះ ថាធ្ងន់ធ្ងរហួសប្រមាណ និងបាន​បញ្ជាក់ថា គេនឹងធ្វើការប្តឹងឧទ្ធរណ៍។ WhatsApp អះអាងថា ក្រុមហ៊ុនគេ បានព្យាយាម ការពារទិន្នន័យឯកជនរបស់អ្នកប្រើប្រាស់ ជានិច្ច ប្រកបដោយតម្លាភាព។

សូមបញ្ជាក់ថា អៀរឡង់គឺជាភ្នែកជាច្រមុះ សម្រាប់សហភាពអឺរ៉ុប នៅក្នុង​វិស័យការ​ពារទិន្នន័យឯកជនរបស់អ្នកប្រើប្រាស់​បណ្តាញ​បច្ចេកវិទ្យា ដោយសារក្រុមហ៊ុនបច្ចេកវិទ្យាធំៗភាគច្រើន គឺមាន​ទីតាំងធំប្រចាំអឺរ៉ុបស្ថិតនៅក្នុងប្រទេសអៀរឡង់។ យ៉ាងណាមិញ រដ្ឋាភិបាលអៀរឡង់ ធ្លាប់ត្រូវបាន​គេរិះគន់ជារឿយៗ ថាបានបិទភ្នែក​ បណ្តោយ​ឲ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យាទាំងនោះធ្វើតាមចិត្ត ដោយសារតែប្រទេសអៀរឡង់ បានទទួល​ផលចំណូលច្រើនសន្ធឹក ពីការបង់ពន្ធ ពីសំណាក់​​ក្រុមហ៊ុនទាំងនោះ។ យ៉ាងណាមិញ ពីដំបូងអាជ្ញាធរ​អៀរឡង់ មានគម្រោង​ចង់ពិន័យ​ ក្រុមហ៊ុន WhatsApp តែ៥០លាន​​អឺរ៉ូ​តែប៉ុណ្ណោះ។ ក៏ប៉ុន្តែ អាជ្ញាធរអឺរ៉ុប គ្រប់គ្រង​ទិន្នន័យបច្ចេកវិទ្យា បានជំទាស់ និងបានជំរុញឲ្យ​អាជ្ញាធរ​ប្រទេស​អៀរ​ឡង់ ត្រូវដាក់ការពិន័យឲ្យធ្ងន់ជាងនេះ ទៅលើ WhatsApp។

គួរបញ្ជាក់ថា ទាក់ទិននឹងករណី​ក្រុមហ៊ុន WhatsApp នេះ គឺមានពាក្យបណ្តឹងជាច្រើន នៅតាមប្រទេសផ្សេង​ៗ​​នៅ​អឺរ៉ុប ជាក់ស្តែង​នៅក្នុងប្រទេសអាល្លឺម៉ង់។​ យោងតាម​លោក Max Schrems ស្ថាបនិកអង្គការ​ការពារទិន្នន័យឯកជន​ ឈ្មោះ « NOYB » (Non of your business) បានឲ្យដឹងថា អង្គការលោក​បាន​ទទួលពាក្យ​បណ្តឹង របស់អ្នកប្រើប្រាស់ យ៉ាងហោច​១ម៉ឺនករណី ជារៀងរាល់ឆ្នាំ គិតចាប់ពី​ឆ្នាំ​២០១៨មក។ សកម្មជនរូបនេះ បានអបអរ ចំពោះទឹកប្រាក់ពិន័យ​ដ៏ធ្ងន់ ដែលអៀរឡង់ បានសម្រេចដាក់ទៅលើ WhatsApp៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ