អានតួអត្ថបទ
សហភាពអឺរ៉ុប-ចិន-អ៊ុយហ្គួរ-សិទ្ធិមនុស្ស

បាតុករ​នៅ​ប៉ារីស​ទាម​ទារ​ឲ្យ​សហភាព​អឺរ៉ុប​ហាម​ឃាត់​ទំនិញ​ដែល​ប្រើ​ពលកម្ម​ជន​ជាតិ​អ៊ុយ​ហ្គួរ​ដោយ​បង្ខំ

បាតុករ​ជាច្រើន​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​ក្នុង​ទីក្រុងប៉ារីស​ប្រទេស​បារាំង​កាលពី​ថ្ងៃ​សៅរ៍​ ទី២ តុលាម្សិលមិញ​ ដើម្បី​ទាមទារ​ឲ្យ​សហភាព​អឺរ៉ុប​ចាត់​វិធានការ​ឆ្លើយតប​ទៅនឹង​សកម្មភាព​រំលោភសិទ្ធិមនុស្ស​របស់​ចិនទៅលើ​ជនជាតិ​អ៊ុយហ្គួរ​។ ក្រុម​បាតុករ​ចង់​ឲ្យ​សហភាព​អឺរ៉ុប​ដាក់​ចេញ​នូវការ​ហាមឃាត់​ចំពោះ​មុខ​ទំនិញ​ទាំងឡាយណា​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ប្រើ​ប្រាស់​កម្លាំង​ពលកម្ម​របស់​ជនជាតិ​អ៊ុយហ្គួរ​ដោយ​បង្ខំ។

កសិករម្នាក់កំពុងរើសកប្បាសពីវាលសហាមីក្នុងតំបន់ស្វយ័តស៊ីនជាំងនៃប្រទេសចិន នៅថ្ងៃទី១ ខែវិច្ឆិកាឆ្នាំ ២០១២។
កសិករម្នាក់កំពុងរើសកប្បាសពីវាលសហាមីក្នុងតំបន់ស្វយ័តស៊ីនជាំងនៃប្រទេសចិន នៅថ្ងៃទី១ ខែវិច្ឆិកាឆ្នាំ ២០១២។ © Reuters Marketplace - Reuters Foundation Online Report
ផ្សាយពាណិជ្ជកម្ម

បាតុកម្ម​ខាងលើនេះ​បាន​កើតឡើង​ប៉ុន្មាន​សប្តាហ៍​ក្រោយ​ប្រធាន​គណៈកម្មការ​អឺរ៉ុប​លោកស្រី​ អួរស៊ូឡា​ វ៉ុនឌែរ ឡេយែន​ ប្រកាសអំពី​គម្រោង​ផែនការ​របស់​សហភាពអឺរ៉ុប​ដែល​ចង់ហាមឃាត់​ការ​នាំចូល​មុខទំនិញ​ដែល​ផលិតចេញពី​ការបង្ខំ​ប្រើ​កម្លាំង​ពលកម្ម​។

នៅក្នុង​សុន្ទរកថា​កាលពីថ្ងៃទី ១៥ ខែកញ្ញាកន្លងទៅនេះ​ លោកស្រី វ៉ុនឌែរ ឡេយែន មាន​ប្រសាសន៍​ថា​ សហភាព​អឺរ៉ុប​ មិន​អាច​ទទួល​ផលិតផល​ដែល​ផលិត​ចេញពី​ការ​ប្រើ​ពលកម្ម​ដោយ​ចាប់​បង្ខំ​ ឲ្យ​លក់​ក្នុងហាងទំនិញ​នានា​នៅអឺរ៉ុបទេបានឡើយ​។

ដោយឡែក​នៅ​ឯ​បាតុកម្ម​ក្នុងទីក្រុងប៉ារីស​កាលពីម្សិលមិញ​ សមាជិក​សភា​អឺរ៉ុប​ម្នាក់គឺ​លោក Raphaël Glucksman បាន​ចោទ​ប្រកាន់​ក្រុមហ៊ុន​អឺរ៉ុប​មួយចំនួន​ថា​ប៉ុនប៉ង​រារាំងកិច្ច​ខិតខំ​ប្រឹងប្រែង​របស់​សហភាពអឺរ៉ុប​ក្នុងការ​ត្រួតពិនិត្យ​ទំនិញ​នាំចូល​ដែល​ជាប់​ពាក់ព័ន្ធនឹង​ការ​ចាប់បង្ខំ​ប្រើប្រាស់​កម្លាំងពលកម្ម​។

សមាជិក​សភា​អឺរ៉ុប​រូបនេះ​បានគូសបញ្ជាក់​ថាក្នុង​សភាអឺរ៉ុប​ នៅពេលគេចង់​ចាត់វិធានការ​ និង​អនុម័ត​ច្បាប់ថ្មី​ដើម្បី​ដាក់​សម្ពាធ​ចិន​រឿង​រំលោភសិទ្ធិមនុស្ស​លើ​ជន​អ៊ុយហ្គួរ​នៅតំបន់ស៊ីនជាំង​ អ្នក​ដែល​គេ​ត្រូវប្រឈមខ្លាំង​មិនមែន​អាជ្ញាធរចិននោះទេ​ តែ​ជា​ក្រុម​អ្នកតំណាង​ក្រុមហ៊ុន​អឺរ៉ុប​។ ក្រុមហ៊ុនអឺរ៉ុប​ដែលជា​អ្នក​ទទួល​បាន​ផលប្រយោជន៍​នៅក្នុងប្រទេសចិន​ពីការ​ផលិត​មុខទំនិញដែល​ជនជាតិ​អ៊ុយហ្គួរ​ត្រូវ​ធ្វើ​ដោយ​បង្ខំ​។

គួរបញ្ជាក់ថា​មាន​ជនជាតិអ៊ុយហ្គួរយ៉ាងតិចមួយលាននាក់​ត្រូវ​បាន​អាជ្ញាធរ​ចិន​ចាប់ឃុំខ្លួននៅ​តាម​ជំរំ​លត់ដំ​ជាច្រើន​កន្លែង​ក្នុង​តំបន់​ស៊ីនជាំង​។ នេះបើ​យោង​តាម​របាយការណ៍​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​។ ប៉ុន្តែ​ចិន​តែង​បដិសេធ​ចំពោះ​ការ​ចោទប្រកាន់នេះ​ និង​ថា​ជំរំ​ទាំងនោះ​ គឺជា​មណ្ឌល​អប់រំ​បង្កើតឡើង​ដើម្បី​បណ្តុះបណ្តាល​ជំនាញ​ដល់​ជនជាតិ​អ៊ុយហ្គួរ​ និង​ដើម្បី​ទប់ស្កាត់​កុំឲ្យ​មាន​ជន​ជ្រុលនិយម​តែ​ប៉ុណ្ណោះ​។

ជនជាតិ​អ៊ុយហ្គួរ​នៅស៊ីនជាំង​ភាគច្រើន​គឺជា​អ្នក​កាន់​សាសនា​អ៊ីស្លាម​ ហើយ​សកម្មជន​សិទ្ធិមនុស្ស​ បាន​ចោទចិនថា​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្មប្រឆាំង​មនុស្សជាតិ​លើ​សហគមន៍​ជនជាតិភាគតិច​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ