អានតួអត្ថបទ
ប៉ូឡូញ-បេឡារុស-អន្តោប្រវេសន៍

ប៉ូឡូញ​​ចោទ​​លោក​​ពូ​ទីន​​ថា​​ជា​​មេ​ខ្លោង​​នៅ​ពី​​ក្រោយ​​វិបត្តិ​​ជន​​អន្តោប្រវេសន៍

ក្រោយ​វិបត្តិ​ជនអន្តោប្រវេសន៍​នៅព្រំដែន​ជាប់​បេឡារុស​រីកកាន់តែធំ​ខ្លាំង​ នាយករដ្ឋ​មន្ត្រី​ប៉ូឡូញលោក ម៉ូរ៉ាវីតស្គី​ បាន​ចេញ​មុខ​ចោទ​មេដឹកនាំរុស្ស៊ី​លោក ពូទីន​ ពីបទ​រៀបចំ​ឲ្យ​មានរលក​ជន​អន្តោប្រវេសន៍​។ ជន​អន្តោប្រវេសន៍​ដែលបាននិងកំពុង​ព្យាយាម​សម្រុក​ចូល​ប៉ូឡូញ​ដោយ​ខុសច្បាប់​ពី​ប្រទេស​បេឡារុស​ និង​ដែល​កំពុង​បង្ក​ជា​ការ​គំរាម​កំហែង​ដល់​ស្ថិរភាព​សហភាពអឺរ៉ុប​។

ជនអន្តោប្រវេសន៍នៅឯព្រំដែនបេឡារុស-ប៉ូឡូញ កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១។
ជនអន្តោប្រវេសន៍នៅឯព្រំដែនបេឡារុស-ប៉ូឡូញ កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១។ Leonid Shcheglov BELTA/AFP/File
ផ្សាយពាណិជ្ជកម្ម

សម្រាប់​លោក​នាយករដ្ឋមន្ត្រី​ប៉ូឡូញ​ ម៉ាតេអ៊ូស ម៉ូរ៉ាវីតស្គី(Mateusz Morawiecki)វិបត្តិ​ជនអន្តោ​ប្រវេសន៍​ដែល​កំពុង​តែ​រីករាល​ដាល​ធំ​គឺជា​គម្រោងផែនការ​វាយប្រហារ​មួយ​រៀបចំ​ឡើងដោយប្រធានាធិបតី​រុស្ស៊ី​។

ប្រតិកម្ម​របស់​លោកនាយករដ្ឋមន្ត្រីប៉ូឡូញ​នេះ​ បានកើតឡើង​នៅក្រោយ​មាន​ការ​បារម្ភថាកាន់តែខ្លាំងថា​វិបត្តិ​ជន​អន្តោប្រវេសន៍​នឹងអាចធ្វើឲ្យ​ការប្រឈមមុខដាក់គ្នា​ផ្ទុះឡើងដោយហេតុថា​ទាំងកងទ័ព​ប៉ូឡូញ​និងបេឡារុស​សុទ្ធតែ​មានវត្តមាន​នៅតំបន់​ព្រំដែន​ជាប់នឹងគ្នា​។

នាយករដ្ឋមន្ត្រី​ប៉ូឡូញ ដែល​បាន​ទៅសួរសុខ​ទុក្ខឆ្មាំ​ ទាហាន​ និង​ប៉ូលិស​នៅព្រំដែន​កាលពីថ្ងៃអង្គារ​ទី ៩ វិច្ឆិកា​ បាន​ងាក​មក​វាយប្រហារ​រុស្ស៊ី​ដែល​ជា​ខ្នង​បង្អែក​ដ៏សំខាន់​របស់​ប្រទេសបេឡារុស​។ “ការ​វាយប្រហារ​ដែល​បេឡារុស​កំពុង​ប្រើ​ជនអន្តោប្រវេសន៍​ជាអាវុធនេះ​មានមេខ្លោង​នៅម៉ូស្គូ​។ ហើយមេខ្លោងនោះ​គឺ​លោកពូទីន​"។ នេះគឺជាការលើកឡើង​របស់លោក​នាយករដ្ឋមន្ត្រីប៉ូឡូញ​ នៅក្នុង​កិច្ចប្រជុំសភា​ ដោយ​បន្ថែមទៀតថា​ជន​អន្តោប្រវេសន៍​ត្រូវ​បាន​គេ​ប្រើ​ជា​ខែល​ដើម្បី​បង្ក​អស្ថិរភាព​ក្នុង​ប្រទេស​ប៉ូឡូញ និង​សហភាព​អឺរ៉ុប។

ពីខាងទីក្រុងប៊ែរឡាំងវិញ​ អាល្លឺម៉ង់​ដែល​កំពុង​បារម្ភ​ពី​វិបត្តិ​ជន​អន្តោប្រវេសន៍​បាន​ស្នើសុំអន្តរាគមន៍​ពី​មេដឹកនាំរុស្ស៊ី​។ បើយោង​តាម​អ្នកនាំពាក្យ​រដ្ឋាភិបាលអាល្លឺម៉ង់​ កាលពីថ្ងៃពុធម្សិលមិញ​ លោក​ស្រី​អធិការបតីមែរគែល​ បានហៅ​ទូរសព្ទទៅ​លោកពូទីន​ ដើម្បីស្នើសុំ​ឲ្យលោក​បញ្ឈប់​បេឡារុស​ពីការ​ប្រើ​ប្រាស់ជន​អន្តោប្រេវេសន៍​ជា​ឧបករណ៍​សងសឹក​អឺរ៉ុប​។

យ៉ាងណាក៏ដោយ​ គេនៅមិនទាន់​ដឹងនោះទេថាតើ​មេដឹកនាំ​រុស្ស៊ី​នឹង​ចូល​ជួយ​ធ្វើអន្តរាគមន៍​ក្នុងសំណុំ​រឿង​ជនអន្តោប្រវេសន៍​ តបទៅតាម​សំណូមពរ​របស់​អាល្លឺម៉ង់ឬក៏អត់​។ ដោយឡែក​ ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុកសិទ្ធិមនុស្ស​ អ្នកស្រី មីស្ហែល បាស្ហឺឡេ​ កាលពីថ្ងៃ​ពុធម្សិលមិញ​បាន​ចាត់​ទុក​វិបត្តិ​ជនអន្តោប្រវេសន៍​នៅតាម​ព្រំដែន​រវាងប្រទេស​ប៉ូឡូញ​ និង​បេឡារុសថាជារឿងមិនអាច​អត់ឱនបាន​ និងថា​គេមិនគួរបណ្តោយឲ្យ​អ្នក​ស្វែង​រក​សិទ្ធិជ្រកកោន​ចំណាយពេលច្រើន​បន្តទៀត​នៅទីនោះឡើយ​ ពីព្រោះថា​អាកាសធាតុចាប់ចុះ​ត្រជាក់ខ្លាំង​ហើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ