អានតួអត្ថបទ
អឺរ៉ុប-អន្តោ​ប្រវេសន៍-បេឡារុស

វិបត្តិអន្តោប្រវេសន៍​៖ បេឡារុស​គំរាម​​បិទ​បំពង់​បង្ហូរឧស្ម័ន បើ​អឺរ៉ុប​នៅតែ​រឹង​ចង់ដាក់​ទណ្ឌកម្ម​​លើខ្លួន

វិបត្តិអន្តោប្រវេសន៍​ រវាងសហភាព​អឺរ៉ុប និង​ប្រទេសបេឡារុស កំពុងតែឈានជ្រៅទៅៗ ដោយ​ភាគីទាំង​២បន្តគំរាម​គ្នាទៅវិញទៅមក។ សហភាពអឺរ៉ុប បាន​អះអាងថាគេនឹងពិចារណា ដាក់​ទណ្ឌកម្មសេដ្ឋកិច្ចលើ​បេឡារុស នៅដើម​សប្តាហ៍ក្រោយ ហើយភាគីបេឡារុសបានគំរាមតបវិញ ថាគេនឹង​បិទបំពង់បង្ហូរឧស្ម័ន ដែល​រុស្ស៊ីបញ្ជូន​យកទៅលក់​ឲ្យអឺរ៉ុប។ ខណៈដែលភាគីទាំងពីរ​បន្តគំរាមគ្នា ជនអន្តោប្រវេសន៍​ជាច្រើនពាន់នាក់ឯណោះវិញ កំពុង​កកកុញ រងចាំដំណោះស្រាយ ក្នុងសីតុណ្ហភាពដ៏​ត្រជាក់ នៅតាមបណ្តោយ​ព្រំដែន រវាងបេឡារុស និងប៉ូឡូញ។ បញ្ហានេះ ត្រូវបាន​ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ​ បើកការប្រជុំបន្ទាន់មួយផងដែរ កាលពីថ្ងៃព្រហស្បតិ៍ទី​១១វិច្ឆិកា​។

ជនអន្តោប្រវេសន៍ទាំងគ្រួសារ មកពីតំបន់ដើមបូព៌ា កំពុងរងចាំនៅតាមកំពតព្រៃ ព្រំដែនរវាង​បេឡារុស និង​ប៉ូឡូញ​ ក្នុងសីតុណ្ហភាពដ៏ត្រជាក់។ ថ្ងៃទី ៨ វិច្ឆិកា ២០២១
ជនអន្តោប្រវេសន៍ទាំងគ្រួសារ មកពីតំបន់ដើមបូព៌ា កំពុងរងចាំនៅតាមកំពតព្រៃ ព្រំដែនរវាង​បេឡារុស និង​ប៉ូឡូញ​ ក្នុងសីតុណ្ហភាពដ៏ត្រជាក់។ ថ្ងៃទី ៨ វិច្ឆិកា ២០២១ AP - Leonid Shcheglov
ផ្សាយពាណិជ្ជកម្ម

នៅចំពោះមុខអង្គសភាអាល្លឺម៉ង់ ព្រឹកថ្ងៃព្រហស្បតិ៍ទី​១១វិច្ឆិកា លោក Heiko Maas រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ បានថ្លែងថា អាល្លឺម៉ង់ ព្រមទាំងដៃគូទាំងអស់ក្នុងក្របខណ្ឌអឺរ៉ុប នឹងពិភាក្សាគ្នា នៅថ្ងៃចន្ទ ដើមសប្តាហ៍ក្រោយនេះ ដើម្បី​អនុម័ត​នូវទណ្ឌកម្ម ដាក់​ទៅលើ​របបដឹកនាំ របស់​លោក​ប្រធានាធិបតីបេឡារុស លូកាឆិនកូ។

សូមបញ្ជាក់ ភាគីអឺរ៉ុប បានចោទ​រដ្ឋាភិបាលបេឡារុស ថាបានយក​ជនអន្តោប្រវេសន៍​ជាអាវុធ ដើម្បី​បង្កបញ្ហា និងសងសិក​មក​លើ​សហភាពអឺរ៉ុប។ យោងតាម​ប្រភពជាច្រើន​ បានអះអាងថា រដ្ឋាភិបាលបេឡារុស បាន​បើកដៃប្រគល់ទិដ្ឋាការ ឲ្យ​ជនអន្តោប្រវេសន៍​ជាច្រើន​ម៉ឺននាក់ ដែលភាគច្រើន មកពីតំបន់ដើម​បូព៌ា និង​បានដឹកជញ្ជូនពួកគេ យកទៅដាក់នៅព្រំដែនរវាងបេឡារុស និង​ប្រទេសប៉ូឡូញ ដែលជាសមាជិកអឺរ៉ុប ថែមទៀតផង។

កាលពីដើមសប្តាហ៍នេះ សហភាពអឺរ៉ុបបានចេញទណ្ឌកម្មជាលក្ខណៈបុគ្គល មានជាអាទិ៍ ការបង្កកទ្រព្យសម្បត្តិ និង​ការហាមឃាត់មិនឲ្យចូលជាន់ដីអឺរ៉ុប ដាក់ទៅលើមនុស្ស​ចំនួន​១៦៦នាក់ ដែលក្នុងនោះមាន​លោក​ ប្រធានាធិបតីបេឡារុស លូកាឆិនកូផ្ទាល់ និង​កូន​ប្រុស២នាក់។ តែកាលពីល្ងាចថ្ងៃពុធ លោកស្រីប្រធានគណកម្មការអឺរ៉ុប បានបញ្ជាក់ថា អឺរ៉ុបនឹងបន្ថែមទណ្ឌកម្មសេដ្ឋកិច្ច ទៅលើ​ប្រទេសបេឡារុស នៅដើមសប្តាហ៍ក្រោយ។

យោងតាមការលើកឡើង របស់​លោករដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ គឺអឺរ៉ុប អាចវាយ​ឲ្យចំ​ចំណូលសេដ្ឋកិច្ចរបស់​បេឡារុស តួយ៉ាងដូចជាក្នុងវិស័យ ផលិតសារធាតុប៉ូតាស្យូម យកធ្វើជីកសិកម្ម ដែល​បេឡារុស គឺជា​ប្រទេសនាំចេញសារធាតុនេះ ធំជាងគេទី២ក្នុងលោក។ ក្រៅពីនេះ អឺរ៉ុបអាចនឹងចាត់វិធានការ ដាក់ពិន័យក្រុមហ៊ុនអាកាសចរណ៍ស៊ីវីល Belavia ដែលជារបស់រដ្ឋបេឡារុស និងក្រុមហ៊ុន​​ភ្នាក់ងារ​ទេសចរណ៍​បេឡារុស ជាច្រើនទៀត ដែលអឺរ៉ុបចោទថា ជាអ្នករៀបចំដំណើរមកដល់ របស់​ជនអន្តោប្រវេសន៍។ ជាការឆ្លើយតបវិញ បេឡារុស អះអាងថា គេនឹងបិទខ្ទប់បំពង់បង្ហូរឧស្ម័នរបស់រុស្ស៊ី​ ដែលឆ្លងកាត់ប្រទេសគេ ឲ្យ​អឺរ៉ុបគ្មានឧស្ម័ន​ប្រើ។

សូមបញ្ជាក់ថា យោងតាមអាជ្ញាធរប៉ូឡូញ គិត​ពី​ខែសីហាមក គឺមានករណី​ជនអន្តោប្រវេសន៍ខុសច្បាប់ ប៉ុនប៉ងឆ្លងពីបេឡារុស ចូលទៅប៉ូឡូញ ចំនួន៣២០០០នាក់ ដោយក្នុងនោះក្នុងខែ​តុលា មានចំនួន ជាង​១៧០០០នាក់។ កាសែតប៉ូឡូញ ​Gazeta Wyborcza បានចុះផ្សាយ​ថាមានជនអន្តោប្រវេសន៍យ៉ាងហោច១០នាក់ បានស្លាប់នៅព្រំដែន។ រដ្ឋាភិបាលប៉ូឡូញ បានបញ្ជូនទាហានទៅបន្ថែម ចំនួន១៥០០០នាក់ ដើម្បីយាម​ការពារព្រំដែន ខណៈជនអន្តោប្រវេសន៍ ជាង​២០០០នាក់ កំពុងរងចាំនៅក្នុងព្រៃ ខាងព្រំដែន​បេឡារុស ក្នុងសីតុណ្ហភាពត្រជាក់ ប្រមាណ​ជា​០°c។

ស្របពេលដែលភាគីអឺរ៉ុប និង​ បេឡារុស បន្តគំរាមគ្នានេះ លោកស្រីអង់ហ្កេឡា មែរគិល បានអំពាវនាវ ឲ្យរុស្ស៊ី ដែលមាន​ឥទ្ធិពលខ្លាំងលើ​បេឡារុស ត្រូវចូលរួម​ជួយធ្វើអន្តរាគមន៍ ដើម្បីឲ្យ​លោក​ប្រធានាធិបតី លូកាឈិនកូ​ ឈប់យកជនអន្តោប្រវេសន៍ ធ្វើជាចំណាប់ខ្មាំងបែបនេះ។ តែយ៉ាងណា គិតមកត្រឹមពេលនេះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បាន​អះអាងថា គឺភាគីអឺរ៉ុបទេ ដែលកំពុងចោទ សម្អុយកេរ្តិ៍ឈ្មោះ របស់​បេឡារុស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ